មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំឲ្យដាក់វិធានការអប់រំចំពោះយោធាណាដែលពាក់ព័ន្ធធ្វេសប្រហែសក្នុងការបំពេញការងារក្រោមឥទ្ធិពលករណីបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ខេត្តមណ្ឌលគិរី ជាពិសេសឲ្យរក្សាមុខតំណែងមេបញ្ជាការប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នៅដដែល។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលបញ្ហានេះចាត់ទុកចំណាត់ការនេះថា មានភាពមិនប្រក្រតី។
មន្ត្រីអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីរឿងក្តីកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចនគរបាលការពារព្រំដែនអូរហ៊ុច នៃកងវរសេនាតូចនគរបាលព្រំដែនគោកលេខ៦២១ ឋិតនៅភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងដាក់ទោសទណ្ឌចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះតាមច្បាប់កំណត់។
ការស្នើសុំនេះកើតមានឡើងបន្ទាប់ពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៊ុល សារឿន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានធ្វើលិខិតជម្រាបទៅមេបញ្ជាការកងទ័ពជើងគោក លោក មាស សុភា ឲ្យមានវិធានការអប់រំដល់យោធា និងមេបញ្ជាការយោធាខេត្តមណ្ឌលគិរី លោក ឃិន ម៉េងស្រេង ដែលមានកំហុសធ្វេសប្រហែសក្នុងភារកិច្ចក្រោមឥទ្ធិពលបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច។ លិខិតនេះធ្វើឡើងតាមចំណារសម្រេចរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បញ្ជាក់នៅថ្ងៃទី២ ខែកញ្ញា ថា កត្តាសំខាន់ដែលធ្វើឲ្យមានបទល្មើសព្រៃឈើឆ្លងដែនកើតមានឡើង គឺពលរដ្ឋវៀតណាម ដែលឆ្លងចូលមកកាប់ និងដឹកជញ្ជូនឈើចេញពីដីខ្មែរ និងកត្តាពុករលួយរបស់មន្ត្រីនៅតំបន់នោះ។
លោកបន្តថា តុលាការត្រូវតែប្រកាន់ជំហរឯករាជ្យ ស៊ើបអង្កេតរឿងក្ដីនេះចៀសវាងមានបទអន្តរាគមន៍ធ្វើឲ្យប៉ះពាល់ការសម្រេចក្ដីរបស់ស្ថាប័នតុលាការ៖ «ការដាក់ទណ្ឌកម្មទៅអ្នកដែលបើកដៃ អ្នកដែលអនុញ្ញាត ឬអ្នកដែលសម្រេចឲ្យមានការកាប់បំផ្លាញព្រៃឈើ ចាំបាច់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានបង្ក្រាបទីតាំងកាប់ និងដឹកជញ្ជូនឈើមូលឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនអូរហ៊ុច។ ក្នុងនោះសមត្ថកិច្ចចាប់បានជនជាតិវៀតណាម ៧នាក់ និងរថយន្តដឹកជញ្ជូនឈើនៅទីតាំងជាក់ស្ដែង។
អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា ទទួលស្គាល់ថា រឿងក្ដីនេះចៅក្រមសាលាដំបូងខេត្តសម្រេចឃុំខ្លួនជនជាតិវៀតណាម ៧នាក់ នៅពន្ធនាគារខេត្តពីបទដឹកជញ្ជូន និងប្រមូលផលអនុផលព្រៃឈើគ្មានការអនុញ្ញាត។ លោកបន្តថា ក្រសួងយុត្តិធម៌ កាលពីខែកក្កដា បានបញ្ជាឲ្យបង្វែរសមត្ថកិច្ចរឿងក្ដីនេះទៅសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចាត់ការបន្ត ខណៈអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី កំពុងស៊ើបអង្កេតករណីជនពាក់ព័ន្ធឃុបឃិតក្នុងបទល្មើសព្រៃឈើនេះ៖ «សំណុំរឿងហ្នឹងបញ្ជូនមកហើយយើងចាត់ការយើងឃុំមនុស្ស ហើយកំពុងស៊ើបសួរបន្ត ប៉ុន្តែត្រូវបានផ្ទេរសមត្ថកិច្ច»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២ ខែកញ្ញា។
របាយការណ៍របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិឲ្យដឹងថា លទ្ធផលបង្ក្រាប និងស្រាវជ្រាវបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច អ្នកដែលមានកំហុសធ្វេសប្រហែសក្នុងការបំពេញភារកិច្ចមានគ្នាចំនួន ១៣នាក់ និងអ្នកមានកំហុសឋិតក្រោមឥទ្ធិពល ១៩នាក់ផ្សេងទៀត។ អ្នកមានកំហុសទាំង ២២នាក់ ឋិតក្នុងអង្គភាពយោធា កងរាជអាវុធហត្ថ នគរបាល មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអយ្យការសាលាដំបូងខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។