អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ២០ ស្ថាប័ន បានដាក់ញត្តិរួមគ្នាស្នើ ឲ្យសហគមន៍អឺរ៉ុប EU បញ្ឈប់ការនាំឈើចេញពីកម្ពុជា ដែលពួកគេរកឃើញថា ប្រទេសវៀតណាមសម្រួលឲ្យមានសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ឈើចូលប្រទេសរបស់ខ្លួន ដែលភាគច្រើនជាឈើខុសច្បាប់នាំចេញពីកម្ពុជា។ ក្រុមអង្គការទាំងនោះរកឃើញថា អាជ្ញាធរវៀតណាមនៅតែគាំទ្រ ឲ្យមានឧក្រិដ្ឋកម្មព្រៃឈើខុសច្បាប់ទ្រង់ទ្រាយធំដោយមានការឃុបឃិតជាប្រព័ន្ធរវាងអាជ្ញាធរកម្ពុជា និងវៀតណាម ។ ចំណែកមន្ត្រីរដ្ឋាភិបាលថា កម្ពុជាបានថ្កោលទោសចំពោះការនាំឈើឆ្លងដែនខុសច្បាប់នេះ ហើយក៏បានផ្ញើកំណត់ទូតទៅភាគីវៀតណាមដែរ។
បណ្ដុំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ២០ស្ថាប័ន បានចាត់ទុកប្រទេសវៀតណាម កំពុងកេងចំណេញវិស័យព្រៃឈើខុសច្បាប់របស់កម្ពុជា ដោយមានការឃុបឃិតពីអាជ្ញាធររដ្ឋ ក្នុងការជូញដូរឈើខុសច្បាប់ បានលេចជារូបរាងថ្មីទៀត ក្នុងរយៈពេល ៦ខែ ក្នុងអំឡុងឆ្នាំ ២០១៧ ឈើហោចណាស់ ៣សែនម៉ែត្រគូប (300.000) ត្រូវបានលួចពីខេត្តភាគខាងកើតនៃកម្ពុជា នាំចូលទៅវៀតណាម។ លើសពីនេះ អាជ្ញាធរវៀតណាមមិនត្រឹមតែសម្រួលលិខិតអនុញ្ញាតនាំចូលឈើ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនប៉ុណ្ណោះទេ តែកំណាត់ឈើរាប់ម៉ឺនម៉ែត្រគូប ត្រូវបានស្តុកទុក តាមបន្ទាត់ព្រំដែនក្រោមការគ្រប់គ្រងរបស់យោធាវៀតណាម ដោយគ្មានមន្ត្រីជំនាញណាមួយ ទទួលស្គាល់ការនាំចេញឈើមូលខុសច្បាប់ទាំងនោះទេ។
ប្រធានអង្គការបណ្ដាញយុវជនកម្ពុជា CYN លោក ទឹម ម៉ាឡៃ ដែលចូលរួមដាក់ញត្តិនេះដែរ ឲ្យដឹងនៅថ្ងៃទី១៦ តុលាថា ក្រុមអង្គការសង្គមស៊ីវិល បានផ្ញើញត្តិទៅសហគមន៍ EU រួចហើយ និងកំពុងរង់ចាំការឆ្លើយតប។ លោកបញ្ជាក់ថា ក្រុមការងារលោក នឹងតាមដានពីលទ្ធផលការដាក់ញត្តិនេះ និងត្រៀមឯកសារបន្ថែមដែលពួកគេរកឃើញ ពីភាពមិនប្រក្រតីនៃការនាំឈើទ្រង់ទ្រាយធំចូលប្រទេសវៀតណាមខុសច្បាប់។ លោកថា បណ្ដុំអង្គការសង្គមស៊ីវិល នឹងត្រៀមជួបពិភាក្សាបញ្ហានេះជាមួយតំណាងរដ្ឋាភិបាលវៀតណាម និង កម្ពុជា ផង។ លោកសង្កត់ធ្ងន់ថា ការនាំឈើចេញខុសច្បាប់ គឺមានអំពើពុករលួយជាប្រព័ន្ធ ប្រសិនបើគ្មានការបង់ពន្ធគយត្រឹមត្រូវទេ នឹងខាតប្រយោជន៍ជាតិ និងពលរដ្ឋធ្ងន់ធ្ងរ ហើយអ្នកប្រព្រឹត្តបទល្មើសកាន់តែបំពានច្បាប់កម្ពុជាដដែលៗ៖ «តាមការរកឃើញ គឺបាត់ចំណូលជាតិរាបលានដុល្លារក្នុងមួយឆ្នាំៗដែរ ជាការគេចពន្ធខុសច្បាប់។ ទី២ វិនាសកម្មព្រៃឈើកាន់ តែឆាប់រហ័ស ក្នុងការប្រមូលទិញឈើដែលមានឈើល្អប្រណិតពីប្រទេសកម្ពុជា និងទី៣ បាត់ចំណូលរបស់ប្រជាពលរដ្ឋសម្បត្តិរួម ជាពិសេសជនជាតិដើមភាគតិច និងតម្លៃបរិស្ថានកើតឡើងបម្រែបម្រួលអាកាធាតុ »។
ក្នុងញត្តិ ចំនួនបីទំព័រដែលបានផ្ញើជូនសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១០ តុលាកន្លងទៅ បង្ហាញថា សហគមន៍អឺរ៉ុប បានកំណត់កាលបរិច្ឆេទចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូរស្ម័គ្រចិត្ត ឬហៅថា VPA ជាមួយវៀតណាម ពីវិធានគ្រប់គ្រងព្រៃឈើ និងការអនុវត្តន៍ច្បាប់ និងអាជីវកម្មឈើ របស់សហគមន៍អឺរ៉ុប (The EUTR and FLEG/T) ដែលពួកគេរកឃើញថា កិច្ចព្រៀងព្រៀងនេះ មានបញ្ហាកង្វះខាតច្រើនដូចជា លំហូរឈើខុសច្បាប់ចូលទៅទីផ្សារវៀតណាម ភាគច្រើនមានប្រភពពីកម្ពុជា។ របាយការណ៍បន្ថែមថា ជាច្រើនទសវត្សរ៍មកហើយ ប្រជាជនកម្ពុជាទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ សង្គម និងបរិស្ថាន ដោយសារអាជីវកម្មឈើខុសច្បាប់ទាំងនេះ ដោយមានការរៀបចំ ពីប្រទេសវៀតណាមបានកេងចំណេញ ព្រៃឈើពីកម្ពុជា គ្មានច្បាប់ទម្លាប់។ ឧស្សាហកម្មកែច្នៃឈើខ្នាតធំរបស់វៀតណាមកំពុងកំណត់ទិសដៅ ច្រាមយកធនធានព្រៃឈើដ៏សម្បូរបែបរបស់កម្ពុជា គឺកើតមាន តាំងពីសម័យសង្គ្រាមជាច្រើនទសវត្សរ៍ កន្លងមកហើយ។ លំហូរឈើធំធេងនេះដែលភាគច្រើនបានបំពានច្បាប់ និងបទបញ្ជារបស់កម្ពុជាផង។ ក្រៅពីនេះ ឈ្មួញឈើវៀតណាមនៅតែធ្វើសកម្មភាពបំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជា ដោយសូកប៉ាន់មន្ត្រីរដ្ឋនៅគ្រប់កម្រិតនៅតាមបណ្តាខេត្តនានា ដើម្បីរកស៊ីឈើក្រៅក្របខ័ណ្ឌច្បាប់។ ជារឿយៗ ជនជាតិដើមភាគតិចត្រូវបានបង្ខំ និងធ្វើបាបឱ្យយល់ព្រមលក់ដីព្រៃកេរដូនតារបស់ខ្លួនក្នុងតម្លៃតិចតួច។
សកម្មជនព្រៃឈើ ដែលតែងចុះឃ្លាំមើលពីបទល្មើសព្រៃឈើ លោក ហេង ស្រស់ ឲ្យដឹងថា ក្រោយពីដាក់ញត្តិរួច មន្ត្រី EU បានឆ្លើយតបថា នឹងយកញត្តិនេះទៅពិភាក្សាគ្នាជាមួយសហគមន៍អឺរ៉ុប ឲ្យបានមុន ពេលចុះហត្ថលេខាដៃគូស្ម័គ្រចិត្ត (VPA) ដែលនឹងធ្វើឡើងនៅពេលឆាប់ៗនេះ។ លោកថា ប្រសិនបើសហគមន៍អឺរ៉ុបមិនព្រមបញ្ឈប់កិច្ចព្រមព្រៀងនេះទេ បណ្ដុំអង្គការសង្គមស៊ីវិលនឹងយកញត្តិទាំងនេះ ស្នើសុំទៅបណ្តាប្រទេសមួយចំនួននៅលោកខាងលិចឲ្យជួយអន្តរាគមន៍ ខណៈដែលពួកគេរកឃើញថា EU ជាអ្នកនៅពីក្រោយខ្នងការទិញឈើពីវៀតណាម អំឡុងពេលដែលវៀតណាមលែងមានព្រៃឈើសម្រាប់ធ្វើអាជីវកម្ម។ លោកបន្ថែមថា បណ្ដុំអង្គការសង្គមស៊ីវិល បានធ្វើការរួមគ្នាស៊ើបអង្កេតរយៈពេល ២ឆ្នាំមកហើយ ដោយបានសរសេរញត្តិ ៣ ទំព័រនេះ ក្នុងបំណងឲ្យមានការពង្រឹងប្រព័ន្ធអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព រីឯតំបន់ព្រៃការពារត្រូវអនុវត្តច្បាប់ឲ្យតឹងរ៉ឹង ពុំមែនគ្រាន់តែចេញអនុក្រឹត្យ និងព្រះរាជក្រឹត្យរួច ក៏ ទុកព្រៃឈើចោលឃុបឃិតកាប់បំផ្លាញនោះទេ៖ «និយាយរួមទៅ យើងស៊ើបអង្កេតកន្លងទៅ ២០១៧ ចូល ២០១៨ យើងដឹងថា ឧកញ៉ាមួយចំនួនគឺពាក់ព័ន្ធ ជាប់ដៃជើងក្នុងនាំឈើចេញពីប្រទេសកម្ពុជា ហើយស្ថាប័នរដ្ឋត្រូវតែទប់ស្កាត់ទាំងអស់ហ្នឹង » ។
អ្នកនាំពាក្យនិងរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា មានប្រសាសន៍ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ កាលពីយប់ថ្ងៃទី ១៦ ខែតុលាថា លោកមិនមានការឆ្លើយតបទៅនឹងការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាននោះទេ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ នឹងបន្តសហការជាមួយអាជ្ញាធរវៀតណាម ចាត់វិធានការជុំវិញការជួញដូរឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមនេះ៖ «ក្រសួងបរិស្ថាន មិនធ្វើអត្ថាធិប្បាយក្នុងរឿងនេះទេ ប៉ុន្តែក្រសួងគ្រាន់តែបញ្ជាក់កិច្ចការងាររបស់យើងធ្វើរាល់ថ្ងៃនេះ គឺការអភិរក្សធនធានធម្មជាតិ និងគ្រប់គ្រងជីវៈចម្រុះ។ យើងសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងជួញដូរឈើខុសច្បាប់ជាដើម »។
នេះមិនមែនជាលើកទី១ ទេ ដែលគេឮការសន្យាខ្យល់របស់មន្ត្រីរដ្ឋាភិបាល ដែលមានកាតព្វកិច្ចការពារធនធានធម្មជាតិខ្មែរ។
ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលពីបទល្មើសព្រៃឈើលោក ហេង ស្រស់ បញ្ជាក់ថា បេសកកម្មស្រាវជ្រាវពីបទល្មើសព្រៃឈើ ពួកគេតែងទទួលរងការគំរាមកំហែង និងការប៉ុនប៉ងធ្វើឃាត ពីសមត្ថកិច្ចមូលដ្ឋាន និងមានពេលខ្លះសមត្ថកិច្ចបានបាញ់រះមកលើក្រុមការងាររបស់លោក ក្នុងអំឡុងពេលចុះបំពេញបេសកកម្ម ឃ្លាំមើលពីការកាប់ឈើក្នុងព្រៃអភិរក្សមួយចំនួននៅខេត្តភាគឦសាន៖ «គំរាមចាប់ពួកយើង មានទាំងដេញបាញ់ពួកយើង ឃាត់យើង និងស្ទាក់ចាប់យើងក៏មានដែរ តែយើងនៅតែព្យាយាមដោះខ្លួនការគំរាមកំហែង » ។
របាយការណ៍បន្ថែមថា ឈ្មួញឈើវៀតណាមបានផ្សព្វផ្សាយជាសាធារណៈនូវឈើរបស់កម្ពុជាភាគច្រើននាំចេញពីប្រទេសកម្ពុជាខុសច្បាប់ ដែលមានឈ្មួញឈើមួយចំនួនជាមន្ត្រីរដ្ឋាភិបាលវៀតណាម និងជាសមាជិកនៃទាហានព្រំដែន ថែមទៀតផង។ លើសពីនេះ ការនាំឈើចេញពីកម្ពុជាខុសច្បាប់ វាគឺជាការលួចទ្រព្យសម្បត្តិរបស់រដ្ឋទ្រង់ទ្រាយធំ ដែលមានតម្លៃរាប់រយលានអឺរ៉ូ ជារៀងរាល់ឆ្នាំ។ ក្រៅពីការធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាកាន់តែក្រទៅ ឧទ្យានុរក្សខ្លះ អ្នកអភិរក្ស និងអ្នកកាសែតជាច្រើននាក់ ត្រូវបានគេសម្លាប់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទងទៅនឹងការជួញដូរឈើខុសច្បាប់នេះ។
របាយការណ៍បន្តថា ការប្លន់យកធនធានធម្មជាតិ និងបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាមានរចនាសម្ព័ន្ធដូចជាក្រុមម៉ាហ្វីយ៉ា។ តាមការប៉ាន់ប្រមាណប្រហែល 80% នៃអាជីវកម្មឈើនៅកម្ពុជាត្រូវបានបំផ្លាញដោយការលួចបន្លំ និងការគេចពន្ធ។ សហគមន៍អឺរ៉ុបបានផ្តល់ជំនួយក្នុងការគ្រប់គ្រងតំបន់ការពារមានតម្លៃជាច្រើនលានអឺរ៉ូ។ ព្រៃការពារឧទ្យានជាតិបានទទួលប្រយោជន៍ពីជំនួយនេះ ជាគោលដៅ នៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០១៧ និង២០១៨។ ការផ្គត់ផ្គង់ថវិកានេះ កំពុងជួយជំរុញឧស្សាហកម្មឈើវៀតណាម ដែលបានលួចពីកម្ពុជាបន្ថែមទៀត។សហភាពអឺរ៉ុបមានមោទនភាពក្នុងការលើកកម្ពស់បទដ្ឋានអន្តរជាតិនៅក្នុងការចរចាពាណិជ្ជកម្មរបស់ខ្លួន ក៏ប៉ុន្តែការទទួលយកនូវលំហូរឈើខុសច្បាប់ជាបន្តបន្ទាប់ ពីកម្ពុជាជាការប្ដេជ្ញាចិត្ត និងមហិច្ឆតារបស់រដ្ឋាភិបាលវៀតណាម។ ខ្លឹមសារញត្តិបន្ថែមថា គួរដាក់លក្ខខណ្ឌលើវៀតណាម ត្រូវប្រកាសឲ្យផ្អាកការនាំឈើចេញទាំងអស់ ពីព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា រហូតមានការកំណត់ប្រព័ន្ធធានារ៉ាប់រងឈើស្របច្បាប់ (TLAS) ដែលអាចជឿទុកចិត្តបាន និងត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀង VPA នេះឲ្យច្បាស់លាស់សិន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ តុលាថា រដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតការនាំឈើឆ្លងកាត់ប្រទេសវៀតណាម ដែលកម្ពុជាមានធ្វើកំណត់ទូតតាមរយៈក្រសួងការបរទេសកម្ពុជារួចហើយ។ លោកបញ្ជាក់ថា កំណត់ទូតនោះ ក្រសួងការបរទេសបានជម្រាបទៅវៀតណាម ក្នុងកិច្ចសហការជួញដូរឈើខុសច្បាប់។ លោកបន្ថែមថា មន្ត្រីណា ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលអាជ្ញាធរជំនាញចាប់បាន គឺមន្ត្រីទាំងនោះត្រូវទទួលខុសទោសតាមច្បាប់៖ «រដ្ឋាភិបាលកម្ពុជា គឺប្រឆាំងការនាំចេញឈើកាត់ប្រទេសវៀតណាម ដែលមានកំណត់ទូតតាមរយៈក្រសួងការបរទេសរួចហើយ ដើម្បីប្រឆាំងការជូញដូរឈើខុសច្បាប់នេះឯង នេះជាបំណងរាជរដ្ឋាភិបាល បើមន្ត្រីណាយើងចាប់បាន មន្ត្រីនោះទទួលទោសតាមច្បាប់ » ។
របាយការណ៍ញត្តិបន្តថា ការនាំឈើចេញខុសច្បាប់ត្រូវសម្របសម្រួលដោយមន្ត្រីពុករលួយនៅតាមព្រំដែនទាំងសងខាង ហើយអ្វីដែលគួរឱ្យបារម្ភនោះអាជ្ញាធរវៀតណាមមិនមានឆន្ទៈជួយកម្ពុជាក្នុងការអនុវត្តន៍ច្បាប់ព្រៃឈើ និងបទបញ្ញត្តិនាំចេញនានា នោះឡើយ។ ការនាំចេញឈើខុសច្បាប់ពីប្រទេសកម្ពុជាអាចមានទម្រង់ជាច្រើន និងមានប្រភពខុសច្បាប់ពាក់ព័ន្ធនឹងប្រភេទឈើដែលត្រូវការពារ ឬផលិតផលឈើខុសច្បាប់សម្រាប់ការនាំចេញទៀតផង។ ជារឿយៗ ក៏ជាប់ពាក់ព័ន្ធនឹងការគេចពន្ធព្រមទាំងការប្រើលិខិតអនុញ្ញាតក្លែងក្លាយផងដែរ។
មធ្យោបាយដឹកជញ្ជូននានា រួមមានរថយន្តក្បួនរថយន្តកុងតឺន័រដឹកជញ្ជូន។ ឈើមានតម្លៃខ្ពស់ ជួនកាលត្រូវបានបន្លាស់ទីដោយក្បួនម៉ូតូដឹកឈើហ៊ុបធំៗ ប្រវែងពីរម៉ែត្រដោយមានការរៀបចំដោយក្រុមឧក្រិដ្ឋជន ដែលមានខ្សែទំនាក់ទំនងល្អ ហើយច្រកព្រំដែនផ្លូវការ និងច្រករបៀងនានា ក៏កំពុងត្រូវបានប្រើប្រាស់ ដោយអាជ្ញាធរវៀតណាមឃ្លាំមើល និងសម្របសម្រួលលំហូរឈើទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។