សង្គមស៊ីវិលព្រួយបារម្ភអំពីការអភិវឌ្ឍន៍ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង (Lancang) ហើយថា ការអភិវឌ្ឍនេះ អាចនឹងប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្តីបារម្ភនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលលើកឡើងថា កម្ពុជានិងចិនមានគោលការណ៍រួមគ្នាដើម្បីអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់អនុតំបន់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គឹមអេង បានប្រាប់អាស៊ីសេរីនៅថ្ងៃទី២១ ខែកុម្ភ: ថា កម្ពុជាត្រូវតែឈរនៅលើផលប្រយោជន៍បរិស្ថាន និងសង្គមក្នុងការធានាឱ្យបានការអភិវឌ្ឍន៍មួយ ដែលមាននិរន្តរភាព ហើយកម្ពុជាមិនគួរចង់បានការអភិវឌ្ឍន៍ណាមួយដែលធ្វើឱ្យប្រជាពលរដ្ឋ ហូរទឹកភ្នែក យំរហេមរហាម ព្រោះតែការអភិវឌ្ឍនោះទេ។
លោកបារម្ភថា ការវិនិយោគរួមគ្នារវាងកម្ពុជានិងចិន អាចនឹងធ្វើឱ្យប្រជាជនខ្មែរទទួលរងគ្រោះ ព្រោះចិនបានបណ្តាក់ទុនច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកវិនិយោគទុនចិនអាចនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនក្នុងពេលអនាគត៖ «បើសិនជាយើងផ្ដល់សិទ្ធិអំណាចទៅដល់អ្នកវិនិយោគទុនចិនខ្លាំងពេក អាហ្នឹងគឺអាចនឹងធ្វើឱ្យមានការប៉ះពាល់។ អ៊ីចឹងខ្ញុំសង្ឃឹមថា មិនមែនជាការសំខាន់ដែលផ្ដល់សិទ្ធិអំណាចដល់អ្នកវិនិយោគទុនចិនពេកទៅចុះ»។
លោក យង់ គិមអេង បានលើកជាឧទាហរណ៍ចំពោះការអភិវឌ្ឍន៍នេះថា បើការវិនិយោគទៅលើអគ្គិសនី វាអាចប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឬជីវចម្រុះ ហើយបើការអភិវឌ្ឍន៍នៅតាមដីគោក គឺអាចនឹងប៉ះពាល់ទៅដល់លំនៅឋាននិងដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកថាការអភិវឌ្ឍន៍នេះ ក័៏នឹងអាចប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋផងដែរ បើសិនជាមានការសាងសង់រោងចក្រ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងនេះ៖ «អ្វីដែលជាការព្រួយបារម្ភនេះ ថា តើគម្រោងវិនិយោគទាំងអស់ហ្នឹងផ្សាភ្ជាប់ជាមួយនឹងកម្ពុជា ថាតើផលចំណេញហ្នឹងបានមកកម្ពុជាប៉ុន្មាន ហើយប៉ះពាល់ខាងបរិស្ថានវាអាចនឹងប៉ះពាល់យ៉ាងម៉េច»។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៥ ត្រូវបានរៀបចំឡើងនៅទីក្រុងវៀងច័ន្ទប្រទេសឡាវកាលពីថ្ងៃទី២០ ខែកុម្ភៈ។
រដ្ឋមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំរួមមានកម្ពុជា វៀតណាម ឡាវ ចិន មីយ៉ាន់ម៉ា ថៃបានរក្សានូវសន្ទុះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងកាន់តែស៊ីជម្រៅនៅទូទាំងក្រុមប្រឹក្សា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយក្នុងចំណោមប្រទេសទាំង ៦ ពង្រីកផលប្រយោជន៍រួមនិងពង្រឹងភាពជាអ្នកជិតខាងល្អថែមទៀត។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ធ្លាប់បានប្រាប់សារព័ត៌មាន ស៊ីនហួរ (Xinhua) ថា ទំនាក់ទំនងជិតស្និទ្ធនិងឯកសិទ្ធិរវាងកម្ពុជានិងចិនមានសារៈសំខាន់ណាស់ ហើយថា ប្រទេសទាំងពីរមានគោលការណ៍រួមគ្នា ដើម្បីអភិវឌ្ឍន៍សន្តិភាពនិងវិបុលភាព និងលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់អនុតំបន់។ លោកថា ការគោរពអធិបតេយ្យភាពនិងការមិនជ្រៀតជ្រែកគឺជាគោលការណ៍សំខាន់នៃទំនាក់ទំនងអន្តរជាតិ និងគ្រឹះនៃសន្តិភាពនិងស្ថិរភាពអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។