អ្នកជំនាញ​សាទរ​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​តំបន់​មេគង្គ​ជាមួយ​សហរដ្ឋ​អាមេរិក ថា​ជា​ឱកាស​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន

0:00 / 0:00

អ្នកជំនាញ​សាទរ​លទ្ធផល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​តំបន់​មេគង្គ​ជាមួយ​សហរដ្ឋ​អាមេរិក ថា​ជា​ឱកាស​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ជុំវិញ​បញ្ហា​វិបត្តិ​ទឹក​ទន្លេមេគង្គ ដែល​ទើប​បិទ​បញ្ចប់​ទៅ​កាលពី​ល្ងាច​ថ្ងៃទី១១ កញ្ញា។ ការសាទរ​នេះ កើតមាន​ឡើង​ស្របពេល​ដែល​សហរដ្ឋ​អាមេរិក ប្រកាស​ផ្តល់​មូលនិធិ​ដល់​ប្រទេស​តំបន់​មេគង្គ​នូវ​ទឹកប្រាក់​ជាង​១៥០លាន​ដុល្លារ ដើម្បី​ពង្រឹង​គម្រោង​ចែក​រំលែក​ទិន្នន័យ​ធនធាន​ទឹក គ្រោះមហន្តរាយ និង​ការបង្ការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

អ្នកជំនាញ​អភិបាលកិច្ច​ទឹក លោក ហែម ឧត្តម ថា តាមរយៈ​យន្តការ​ថ្មីនេះ ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ រួមទាំង​កម្ពុជា​ផង អាច​ទាញ​យក​នូវ​ឱកាស​ជាច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​តុល្យភាព​ទប់ទល់​នឹង​ឥទ្ធិពល​ចិន ដែល​គ្រប់គ្រង​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ​តាមរយៈ​ទំនប់​វារីអគ្គិសនី​ដ៏សម្បើម​របស់​ខ្លួន៖ « បើសិន​ជា​យើង​មើល​ពី​រូបភាព​នយោបាយ​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​ ជាពិសេស​កម្ពុជា ខ្ញុំ​គិតថា វា​ជា​ ឱកាស​ល្អទៅវិញ បើ​សិន​ជា​យើង​ចេះ​ច្នៃ មានន័យ​ថា ចេះ​រក្សា​តុល្យភាព​រវាង​ភាគី​ពាក់ព័ន្ធ​ផ្នែក​ការទូត​ជាមួយ​នឹង​មហា​អំណាច​ទាំង​ពីរនេះ … ហើយ​ទាក់ទង​ជាមួយនឹង​ជំនួយ ជាមួយ​នឹង​អីហ្នុង​ក៏​វា​មក​តាម​ហ្នុង​ដែរ ហើយ​ឥឡូវ​មាន​អាមេរិក​ទៀត។ បាន​ន័យ​ថា យើង​មាន​ឱកាស ទាំង​កម្ពុជា ទាំង​ប្រទេស​ផ្សេងៗ​ហ្នុង ប៉ុន្តែ​ វា​អាស្រ័យ​ដែរ »

ការលើកឡើង​របស់​អ្នកជំនាញ​រូបនេះ កើតមាន​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ការបរទេស​តំបន់​មេគង្គ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទើប​នឹង​បិទ​បញ្ចប់​កិច្ចប្រជុំ​ភាពជាដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋ​អាមេរិក​ជាលើក​ទីមួយ ដែល​បាន​ប្រព្រឹត្តិ​ទៅ​តាមប្រព័ន្ធ​វីដេអូ កាលពី​ល្ងាច​ថ្ងៃទី១១ កញ្ញា។ គិត​មកទល់​ម៉ោង​ផ្សាយ​នេះ ក្រសួង​ការបរទេស​កម្ពុជា នៅ​មិនទាន់​ប្រកាស​លទ្ធផល​អំពី​កិច្ចប្រជុំ​នេះ​នៅឡើយ​ទេ។ រីឯ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ក៏​មិន​ទាន់​ឆ្លើយតប​សំណួរ​របស់​អាស៊ីសេរី តាម​បណ្តាញ​សង្គម​តេឡេក្រាម (Telegram) នៅឡើយ​ដែរ ជុំវិញ​បញ្ហា​នេះ។

ក៏ប៉ុន្តែ ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) របស់​អង់គ្លេស រាយការណ៍​ឲ្យ​ដឹង ដោយ​ផ្អែក​តាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​វៀតណាម VTV ថា សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់​ទឹកប្រាក់​យ៉ាង​ហោចណាស់ ១៥៣ លាន​ដុល្លារ ដល់​គម្រោង​កិច្ចសហប្រតិបត្តិការ​នានា​នៅ​ក្នុង​តំបន់​មេគង្គ។ គម្រោង​កិច្ច​សហប្រតិបត្តិការ​ទាំងនោះ រួមមាន​​គម្រោង​ធ្វើឲ្យ​ប្រសើរឡើង​ដល់​ការចែករំលែក​ទិន្នន័យ​ធនធាន​ទឹក គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គម្រោង​បង្ការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សម្រាប់​ប្រទេស​ក្នុង​តំបន់​មេគង្គ។

កិច្ចប្រជុំ​ភាព​ជា​ដៃគូ​តំបន់​មេគង្គ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​នៅ​មិន​ដល់​ពីរសប្តាហ៍​ផង ក្រោយពី​ប្រទេស​ក្នុងតំបន់​មេគង្គ​ទើប​នឹង​បិទបញ្ចប់​កិច្ចប្រជុំ​មេគង្គ-ឡាងឆាង​លើកទី៣ ជាមួយ​ចិន កាលពី​ចុងខែ​សីហា ក្នុង​គ្រា​ដែល​បញ្ហា​វិបត្តិ​ទឹក​ទន្លេមេគង្គ​កំពុង​ឡើង​កំដៅ​ខ្លាំង​ក្រោយ​ពី​មាន​ការរកឃើញ​ថា ប្រទេស​ចិន​ទំនង​ជាអាច​បិទ ឬ​រាំងខ្ទប់​ទឹក​នៅ​ខ្សែ​ទឹក​ខាងលើ​ទន្លេមេគង្គ​តាម​រយៈ​ទំនប់​​វារីអគ្គិសនី​ដ៏សម្បើម​របស់ខ្លួន។ បញ្ហា​ទំនប់​វារីអគ្គិសនី​របស់​ចិន ជាមួយ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​តាម​ខ្សែ​ទឹក​ខាងក្រោម​ទន្លេមេគង្គ ជាក់ស្តែង​បឹង​ទន្លេសាប​របស់​ប្រទេសកម្ពុជា​ជួប​ប្រទះ​នូវ​គ្រោះរីងស្ងួត និង​រាំង​ស្ងួត​មិនធ្លាប់​មាន​ពីមុនមក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជានេសាទ និង​ការធ្លាក់​ចុះ​ទិន្នផល​ត្រី​យ៉ាង​ខ្លាំង។

Great meeting with my counterparts from across this week to discuss building upon our five years of strategic partnership. We continue to support ASEAN centrality, sovereignty, and rule of law in the region. A united ASEAN is in the region's interest.

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) បាន​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) ផ្លូវការ​របស់​លោក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បិទបញ្ចប់​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​បន្តបន្ទាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​ផ្តល់​កិច្ចគាំទ្រ​ដល់​ការផ្តោត​លើ​ភាពជា​ចំណុច​ស្នូល​របស់​អាស៊ាន អធិបតេយ្យ និង​នីតិរដ្ឋ​នៅក្នុង​តំបន់​នេះ។ លោក​គូស​បញ្ជាក់​ថា តំបន់​អាស៊ាន​មួយ​ដែល​មាន​ការឯកភាព​គ្នា គឺជា​អត្ថប្រយោជន៍​រួម​របស់​តំបន់​នេះ។

លោក ហែម ឧត្តម ថា យន្តការ​កិច្ចសហប្រតិបត្តិការ​ថ្មី​ជាមួយ​អាមេរិក​នេះ នឹង​ក្លាយ​ជា​ឱកាស នៃ​ការរក្សា​តុល្យភាព​កុំ​ឲ្យ​ប្រទេស​ក្នុង​តំបន់​រងឥទ្ធិពល​ខ្លាំងពេក​ពី​ប្រទេស​ចិន៖ « បើ​សិន​ជា​យើង​ចេះ​កែច្នៃ​វា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ទទួល​បាន​នូវ​កិច្ចសហប្រតិបត្តិការ​មួយ​ដែល​ស្មោះត្រង់ ហើយ​ដែល​អាច​បម្រើ​ទៅ​ទាំង​បរិស្ថាន និង​ការអភិវឌ្ឍន៍​ដែល​ស្អាតស្អំ ឬ​មួយ​ការអភិវឌ្ឍន៍​ដែល​មាន​និរន្តរភាព​យូរ​អង្វែង​នោះ នោះ​កម្ពុជា ឬ​ប្រទេស​ទាំង​ប៉ុន្មាន​ជាពិសេស​ក្នុង​តំបន់​ទន្លេមេគង្គ​គួរ​ជ្រើសរើស​អាទិភាព ជាពិសេស​ទាក់ទង​នឹង​នីតិវិធី​អន្តរជាតិ ឬ​ក៏​ច្បាប់​ទាក់ទង​នឹង​បញ្ហា​ទឹក​ឆ្លងដែន »

នៅ​មុន​កិច្ចប្រជុំ​នេះ ក្រសួងការបរទេស​អាមេរិក ធ្លាប់​ប្រកាស​ថា ភាពជាដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​មេគង្គ​នេះ នឹង​ពង្រីក​បន្ថែម​ទៅលើ​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ចាប់ផ្តើម​ឡើង​តាំងពីឆ្នាំ២០០៩មក ក្រោម​គំនិត​ផ្ដួចផ្ដើម​តំបន់​មេគង្គ​ក្រោម ដោយ​ពង្រឹង​ស្វ័យភាព ឯករាជ្យ​វិស័យ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​របស់​ប្រទេស​នៅ​តំបន់​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។