អ្នកអភិរក្សព្រៃឈើខេត្តរតនគិរីបារម្ភពីការកាប់ឈើអនាធិបតេយ្យធ្វើជន្លង់ម្រេច

បន្ទាប់ពីដំណាំកៅស៊ូដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅខេត្តរតនគិរី ដំណាំម្រេចបានក្លាយទៅជាទីផ្សារសំខាន់ដូចគ្នា ដែលកសិករនៅខេត្តភាគឦសានមួយនេះកំពុងយកចិត្តទុកដាក់ដាំកាន់តែច្រើនឡើង។
សេចក្ដីរាយការណ៍របស់មន្ត្រីកសិកម្មខេត្តរតនគិរី ឲ្យដឹងថា ដំណាំម្រេចបានកើនឡើងយ៉ាងឆាប់រហ័សពីជាង ១០ហិកតារ កាលពីឆ្នាំ២០០៨ កើនដល់ជាង ១២០ហិករតា នាពេលបច្ចុប្បន្ន។ ដំណាំនេះគេសង្កេតឃើញមានដាំច្រើននៅស្រុកអូរយ៉ាដាវ បរកែវ អូរជុំ តាវែង និងក្រុងបានលុង។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមសហគមន៍អ្នកអភិរក្សព្រៃឈើបានចាប់អារម្មណ៍ថា ការរីកចម្រើននៃដំណាំម្រេចបានបង្កផលប៉ះពាល់ទៅលើព្រៃឈើ ដោយសារតម្រូវការឈើធ្វើជន្លង់ម្រេច។
តំណាងសហគមន៍ការពារព្រៃឈើភូមិឡំ លោក រម៉ាស់ ស្វាត់ ធ្វើការកត់សម្គាល់ថា សកម្មភាពកាប់ឈើអនាធិបតេយ្យកើតមានឡើងដោយសារតម្រូវការឈើធ្វើជន្លង់ម្រេច។ លោកអះអាងថា ឈើមូលទាំងតូចធំរាប់ពាន់រាប់ម៉ឺនដើម ត្រូវគេកាប់អនាធិបតេយ្យលក់ទៅឲ្យឈ្មួញ ឬកសិករធ្វើជន្លង់ដាំម្រេច៖ «គេកាប់ច្រើនប៉ះពាល់ដែរដូចជា បំផ្លាញព្រៃឈើដែរ។ គេកាប់ខ្លះមួយពាន់ដើម មួយពាន់ជន្លង់ ពីរពាន់ជន្លង់ ខ្លះបីពាន់ជន្លង់ បើមិនប៉ះពាល់ គេកាប់រំលំៗទាំងអស់តែម្ដង តូចគេកាប់ធំក៏គេកាប់ដែរ។ ធំមុខ ៦០មុខ ៥០សង់ទីម៉ែត្រ គេច្រៀកដូចជាមួយដើមឈើហ្នឹងខ្លះ ៦ដើម គេផែគេច្រៀក ៦ដើមទៀត។ តូចៗមុខ ២០សង់ទីម៉ែត្រគេច្រៀកតែពីរ»។
សេចក្ដីរាយការណ៍ជាច្រើនពីសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ក៏បានបញ្ជាក់ដូចគ្នាថា គេសង្កេតឃើញសកម្មភាពចរាចរណ៍ឈើជន្លង់ម្រេច ត្រូវបានឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋកាប់ឈើអនាធិបតេយ្យក្នុងព្រៃនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តំណាងសហគមន៍ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ស៊ុត ខឿន រៀបរាប់ថា ដើមឈើក្នុងព្រៃសហគមន៍រាប់ពាន់ដើម ទាំងតូច និងធំ ត្រូវឈ្មួញចលនាឲ្យអ្នកភូមិកាប់ពីព្រៃ ឬអារច្រៀកជាឈើជន្លង់ម្រេច ហើយពួកគេប្រមូលទិញដើម្បីលក់ទៅឲ្យកសិករដាំម្រេច។ លោកចាត់ទុកថា នេះគឺជាសកម្មភាពបំផ្លាញព្រៃឈើមួយផ្នែកទៀត ទាក់ទិនការអភិវឌ្ឍដំណាំម្រេចនៅក្នុងខេត្តនេះ៖ «កាប់ហ្នឹងហើយកាប់ឈើធ្វើជន្លង់ម្រេចហ្នឹង គេកាប់ៗហើយយកអាឈើធំៗអារជាដុំ។ កាប់ក្នុងព្រៃសហគមន៍ច្រើនណាស់ ហើយអត់មានអ្នកណាទប់ស្កាត់ទេ ព្រោះថាសហគមន៍ព្រៃឈើគាត់ចូលទៅបង្ក្រាបម្ដង។ ខ្ញុំមិនដឹងគិតថាដូចម្ដេចទេ ខ្ញុំក៏បានត្រឹមនិយាយតាមវិទ្យុផ្សេងៗមិនដឹងរកវិធានការទប់ស្កាត់ដែរ ព្រោះថា ខ្ញុំក៏ទាល់គំនិតដែរ»។
ឈើជន្លង់ម្រេចមួយដើមមានតម្លៃប្រមាណ ១ម៉ឺន ៦ពាន់រៀល ឬ ៤ដុល្លារអាមេរិក។ ក្នុងនោះ ដីដាំម្រេចមួយហិកតារគេត្រូវការដើមជន្លង់ម្រេច ពីរពាន់ ទៅ ៣ពាន់ដើម។
កសិករដាំម្រេចនៅភូមិរាជានុកូល ខេត្តស្ទឹងត្រែង លោក រតនៈ មានប្រសាសន៍ទទួលស្គាល់ថា ដំណាំម្រេចពិតជាត្រូវការឈើក្នុងព្រៃមែន។ លោកអះអាងថា ដំណាំម្រេចក៏បានផ្ដល់ផលល្អសម្រាប់កសិករ និងការនាំចេញទៅទីផ្សារអន្តរជាតិ ហេតុនេះលោកសំណូមពរចំពោះអាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈងាយស្រួលក្នុងការរកប្រភពផ្គត់ផ្គង់ឈើសម្រាប់ដំណាំម្រេចនេះបានងាយស្រួល៖ «វាប៉ះពាល់ដែរ ប៉ុន្តែបើគិតទៅនេះ គឺជាផលកសិកម្មរបស់ប្រជាពលរដ្ឋ។ សូមឲ្យរាជរដ្ឋាភិបាល ឬក៏អាជ្ញាធរដែនដីហ្នឹងជួយផង។ សម្រាប់ផលិតផលកសិកម្មសុំឲ្យជួយសម្រួលឲ្យផងខាងជន្លង់។ ខាងអាជ្ញាធរគាត់មានវិធានការសម្រាប់តែឈើប្រណីតបាន ហើយសុំឲ្យអាឈើកសិកម្ម អ៊ីចឹងសុំឲ្យគាត់អធ្យាស្រ័យខ្លះទៅ ព្រោះប្រជាពលរដ្ឋដាំដំណាំហ្នឹងប្រើចំណូលធំ»។
ឆ្លើយតបចំពោះសេចក្ដីអំពាវនាវនេះ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា ទទួលស្គាល់ថា ដំណាំម្រេចពិតជាកំពុងមានទីផ្សារល្អ ហើយកសិករកំពុងអភិវឌ្ឍដំណាំនេះច្រើននៅខេត្តភាគឦសាន ជាពិសេសខេត្តរតនគិរី។ លោកផ្ដល់យោបល់ថា កសិករដាំម្រេចគួរសហការជាមួយមន្ត្រីជំនាញព្រៃឈើក្នុងការស្វែងរកប្រភពផ្ដល់ឈើសម្រាប់ធ្វើជន្លង់៖ «អាហ្នឹងវាទាក់ទិននឹងជំនាញរដ្ឋបាលព្រៃឈើ ចង់និយាយថា គេមានលទ្ធភាពគេចង់ទិញគេចង់ដោះដូរយ៉ាងម៉េចរឿងជន្លង់ហ្នឹងណា! និយាយក្នុងខេត្តយើង បើសម្រាប់ប្រើប្រាស់ក្នុងខេត្តដូចជាមិនមានបញ្ហាអ្វីទេ សំខាន់ឲ្យគេមានច្បាប់ទម្លាប់ការកាប់ឈើហ្នឹងណា»។
ចំណែកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក ផាន់ ភីន ក៏បានទទួលស្គាល់ដែរថា កន្លងទៅនេះ មុខសញ្ញាកាប់ឈើអនាធិបតេយ្យសម្រាប់ធ្វើជន្លង់ម្រេច ត្រូវបានមន្ត្រីព្រៃឈើបង្ក្រាប និងមានវិធានការទប់ស្កាត់មិនឲ្យបញ្ហានេះកើតឡើងតទៅទៀត។ លោកបញ្ជាក់ថា ប្រភពឈើធ្វើជន្លង់ម្រេចមានច្រើននៅក្នុងតំបន់ព្រៃសម្បទានសេដ្ឋកិច្ច។ ហេតុនេះ កសិករត្រូវទាក់ទងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬមន្ត្រីព្រៃឈើ ប្រសិនកសិករត្រូវការឈើធ្វើជន្លង់ម្រេច ចៀសវាងកាប់ ឬទិញឈើដែលបានពីការកាប់ព្រៃឈើខុសច្បាប់។
លោក ផាន់ ភីន៖ «ពួកខ្ញុំកំពុងតាមប្រមាញ់ដែរហ្នឹងអារឿងដែលវាខុសហ្នឹង មិនមែនចេះតែបណ្ដែតបណ្ដោយទេ។ ព្រៃដែលរក្សាទុកហ្នឹង គឺមិនឲ្យចូលកាប់ទេ។ ខ្ញុំបានអំពាវនាវ ហើយអំពាវនាវដល់ប្រជាជនអាជ្ញាធរហ្នឹង ធ្វើម៉េចឲ្យគោរព និងផ្សព្វផ្សាយបទបញ្ជាកុំឲ្យចេះតែធ្វើៗ។ សុំពីដីសម្បទានសុំទិញពីដីសម្បទាន។ ដីសម្បទានយើងឈូសកន្លងមក គឺយកអាហ្នឹងមកប្រើ»។
ដំណាំម្រេចក្នុងផ្ទៃដីមួយហិកតារ គេអាចប្រមូលផលបាន ២ ទៅ ៣តោន។ បច្ចុប្បន្ននេះ ទីផ្សារម្រេចកម្ពុជា មាននៅប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក សហរដ្ឋអាមេរិក ជាដើម និងមានតម្លៃជាមធ្យម ៦ដុល្លារក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងនេះក៏ដោយ សហគមន៍ការពារព្រៃឈើសម្ដែងក្ដីបារម្ភថា ប្រសិនអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការត្រួតពិនិត្យសកម្មភាពកាប់ឈើជន្លង់ម្រេចបានត្រឹមត្រូវទេ ការអភិវឌ្ឍដំណាំម្រេច នឹងបង្កផលប៉ះពាល់ដល់ធនធានព្រៃឈើកាន់តែច្រើនឡើង៕