សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុក ដោយសារគ្មានវត្តមានសត្វផ្សោតនៅអន្លង់អភិរក្សឈើទាល ហើយចំនួនភ្ញៀវទេសចរក៏ធ្លាក់ចុះដែរ។ បញ្ហានេះ ពួកគេបានទម្លាក់កំហុសទៅលើការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) បង្កការរំខានដោយសំឡេងបំផ្ទុះថ្ម និងគ្រឿងចក្រ នាំឲ្យសត្វផ្សោតផ្អើល និងបន្លាស់ទីទៅរស់នៅខ្សែទឹកខាងលើ។ មន្ត្រីសង្គមស៊ីវិលបារម្ភថា សត្វផ្សោតនៅតំបន់នោះ អាចនឹងផុតពូជ បើស្ថាប័នពាក់ព័ន្ធមិនរកមធ្យោបាយអភិរក្សឲ្យមានប្រសិទ្ធភាពទេ។
សហគមន៍អេកូទេសចរណ៍ព្រះរំកិល ទទូចឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយអភិរក្សសត្វផ្សោតនៅអន្លង់អភិរក្សឈើទាលឲ្យគង់វង្ស ដើម្បីធានានិរន្តរភាពវិស័យទេសចរណ៍ក្នុងតំបន់។ ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី៣ កក្កដា ក្រោយពីសត្វផ្សោតនៅអន្លង់ឈើទាល ៣ក្បាលបានបន្លាស់ទីទៅរស់នៅខ្សែទឹកខាងលើនៃតំបន់កោះកាប៉ាស់ក្នុងដែនទឹករបស់ឡាវ ច្រើនខែមកហើយ។
គណៈកម្មការអេកូទេសចរណ៍ឃុំព្រះរំកិល លោក ផយ វណ្ណា កត់សម្គាល់ថា មូលហេតុដែលផ្សោតចំនួន ៣ក្បាលបន្លាស់ទីទៅខ្សែទឹកខាងលើ ដោយសារមានការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីឋិតនៅចម្ងាយ ៥០០ម៉ែត្រពីទីតាំងជ្រករបស់ត្រីផ្សោតអន្លង់ឈើទាល និងការហ៊ុមព័ទ្ធនេសាទនៅក្បែរអន្លង់អភិរក្ស បង្កភាពស្មុគស្មាញ ស្វែងរកចំណីចាប់ត្រីជាអាហាររបស់សត្វផ្សោត។ លោកថា បើក្រុមហ៊ុនមិនបានបំផ្ទុះថ្មទេ សត្វផ្សោតនឹងធ្វើដំណើរត្រឡប់ពីខ្សែទឹកខាងលើមកអន្លង់ឈើទាលវិញ។
លោកបន្ថែមថា សត្វផ្សោតកំពុងប្រឈមគ្រោះថ្នាក់ខ្លាំង ដោយសារតំបន់ឆ្លងកាត់សំខាន់ៗដែលផ្សោតធ្វើដំណើរ សម្បូរទៅដោយអ្នកនេសាទទាំងប្រជាជនឡាវ និងខ្មែរ បានដាក់មង និងឧបករណ៍នេសាទផ្សេងៗ ត្បិតប្រជាជនប្រទេសទាំងពីរមានទម្លាប់នេសាទនៅដងទន្លេខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរនៅតំបន់នោះ៖« ខ្ញុំឃើញផ្សោតចុះមកនៅកន្លែងចាស់វិញនៅរយៈពេលបីថ្ងៃ តែបន្ទាប់ពីបីថ្ងៃមក មានសកម្មភាពគេចាប់ផ្ដើមបំផ្ទុះថ្មទៀត។ ចឹងផ្សោត គឺបង្ខំទៅវិញ ហើយបន្ទាប់ទៀត គឺនៅទំនប់ដនសាហុង ឃើញគេទម្លាក់ទុយោថ្មីៗនេះ គឺគេបូមទឹកចេញពីទំនប់ដនសាហុង គឺធំមែនទែនទុយោហ្នឹង »។
លោក ផយ វណ្ណា ចាត់ទុកវត្តមានសត្វផ្សោតនៅតំបន់នោះថាជាដង្ហើមសេដ្ឋកិច្ចរបស់សហគមន៍អេកូទេសចរណ៍ព្រះរំកិល និងពលរដ្ឋនៅឃុំព្រះរំកិល ព្រោះប្រាក់ចំណូលរបស់ពលរដ្ឋនៅតំបន់នោះមួយផ្នែកបានមកពីវិស័យទេសចរណ៍ ដូចជាការលក់សំបុត្រទស្សនាផ្សោត សេវាដឹកជញ្ជូនភ្ញៀវទេសចរ លក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ ជាដើម។ លោកបន្ថែមថា រយៈពេល ២ឆ្នាំចុងក្រោយនេះ កម្រមានភ្ញៀវទេសចរមកទស្សនាផ្សោតពីប្រទេសឡាវ មកកម្ពុជា ណាស់ គឺឃើញមានតែភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីប្រទេសកម្ពុជា ហើយការលក់សំបុត្រទៀតសោត បានធ្លាក់ចុះខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ។
លោកត្អូញថា បច្ចុប្បន្នសហគមន៍អាចលក់សំបុត្របានចាប់ពី ៦០ម៉ឺនរៀលទៅ ៧០ម៉ឺនរៀលក្នុងមួយខែ ហើយកាលពីមិនទាន់មានការសាងសង់ទំនប់ដនសាហុង សហគមន៍អាចរកប្រាក់ចំណូលបានចាប់ពី ១លាន ៥០ម៉ឺនរៀលទៅ ២លានរៀលក្នុងមួយខែ៖ « ទេសចរដែលមកពីខាងឡាវ ឬក៏មកពីខាងខ្មែរនៅតំបន់អន្លង់យើងហ្នឹង អត់ឃើញទេ គឺគាត់នាំគ្នាគេច ហើយយើងលក់សំបុត្រដូចជាម្នាក់ ២ដុល្លារ គឺបាត់បង់ថវិកាទាំងស្រុង »។
តាមការសង្កេតរបស់សហគមន៍ព្រះរំកិល ឲ្យដឹងថា មុនឆ្នាំ២០១០ សត្វផ្សោតនៅអន្លង់ឈើទាលមាន ៨ក្បាល ក៏ប៉ុន្តែសត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់ផ្សោតធំៗប្រមាណ ៣ក្បាល បន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍ព្រះរំកិល និងឆ្មាំទន្លេ។

អតីតនាយកប្រតិបត្តិនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) លោក ឈិត សំអាត បារម្ភថា មានឧបសគ្គច្រើនបានយាយីដល់ការចិញ្ចឹមជីវិតសត្វផ្សោតនៅតំបន់នោះ ហើយសត្វកម្រទាំងនោះអាចនឹងផុតពូជ នាំឲ្យប៉ះពាល់ជីវភាពរស់នៅពលរដ្ឋនៅតំបន់នោះ ក្រោយពីមានវត្តមានទំនប់វារីអគ្គិសនីដនសាហុង។ លោកថា រហូតមកទល់ពេលនេះ មន្ត្រីជំនាញពុំទាន់សន្និដ្ឋានថា សត្វផ្សោតទាំងបីក្បាលនោះមានឈ្មោល និងញីប៉ុន្មាននោះទេ ខណៈច្រើនឆ្នាំកន្លងទៅ ផ្សោតទាំងនោះមិនទាន់បង្កកំណើត ឬបង្កើតកូននៅឡើយទេ។
លោកផ្តល់មតិថា អាជ្ញាធរជំនាញ និងស្ថាប័នពាក់ព័ន្ធ គួរពិភាក្សាគ្នារកមធ្យោបាយសង្គ្រោះផ្សោតទាំងបីក្បាលនោះ ដោយសារកន្លងទៅពុំទាន់មានស្ថាប័នណាមួយបង្ហាញជំហរច្បាស់លាស់ដោះស្រាយបញ្ហាដែលកំពុងប្រឈមនៅឡើយទេ៖ « ឥទ្ធិពលមកពីទំនប់ដនសាហុងហ្នឹងហើយ ដែលធ្វើឲ្យមានការបន្លាស់ទីរបស់សត្វផ្សោតហ្នឹង ហើយយើងមិនទាន់បានសិក្សាបន្ថែមទៀតថាតើទិន្នផលត្រី ព្រោះផ្សោតវាទៅកន្លែងណាដែលមានត្រី ដែលជាចំណីរបស់វា ផ្លាស់ប្ដូរចរន្តទឹកវាអាចផ្លាស់ប្ដូរចរន្តត្រី ហើយយើងពុំទាន់ដឹងថាប៉ះពាល់ដល់ការរស់រានរបស់ត្រីយ៉ាងណា។ ចឹងគឺទំនប់ដនសាហុងនេះហើយដែលនាំឲ្យមានការផ្លាស់ប្ដូរទីតាំងរបស់សត្វផ្សោត »។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ធ្លាប់អះអាងថា ប្រសិនបើសត្វផ្សោតនៅអន្លង់ឈើទាលផុតពូជមែននោះ វានឹងធ្វើឲ្យសហគមន៍ទេសចរណ៍ព្រះរំកិលបាត់បង់ប្រាក់ចំណូលមានជាអាទិ៍ ការលក់សំបុត្រចូលទស្សនាសត្វផ្សោត ការបម្រើសេវាដឹកជញ្ជូនអ្នកទេសចរ ការលក់ម្ហូបអាហារ និងសម្ភារៈអនុស្សាវរីយ៍ ជាដើម។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ពន្យល់ថា សត្វផ្សោតរស់នៅអន្លង់ខ្សែទឹកខាងលើប្រឈមគ្រោះថ្នាក់ដោយសារអន្លង់នោះតូចចង្អៀត លំបាកស្វែងរកចំណី។ លោកថា កន្លងទៅ អន្លង់សត្វផ្សោតធ្លាប់រស់នៅធំទូលាយ ហើយនៅគ្រាដែលមានវត្តមានការដ្ឋានសាងសង់ទំនប់ដនសាហុង ធ្វើឲ្យសត្វផ្សោតបង្ខំចិត្តទៅរស់នៅកន្លែងផ្សេងប្រឈមឧបសគ្គច្រើនក្នុងការចាប់ត្រីជាអាហារ។ លើសពីនេះ ផ្សោតទៅរស់នៅខ្សែទឹកខាងលើបង្កការលំបាកដល់សហគមន៍អភិរក្សដែរ ព្រោះអន្លង់អភិរក្សដែលផ្សោតជ្រកបច្ចុប្បន្ននោះឋិតក្នុងដែនទឹកដែលឡាវគ្រប់គ្រង និងឆ្ងាយពីអន្លង់ឈើទាល៖ « អន្លង់ឈើទាលហ្នឹង គឺជាអន្លង់អភិរក្សរបស់សហគមន៍ ជាអន្លង់ផ្សោត ដែលអង្គការស៊ីវិល ក៏ដូចជាអង្គការ WWF ខ្លួនឯងគាត់បានរៀបចំអភិរក្សសត្វផ្សោត ប៉ុន្តែបច្ចុប្បន្នហ្នឹងសត្វផ្សោតដែលធ្លាប់រស់នៅក្នុងអន្លង់ឈើទាល វាត្រូវបានជម្លៀសខ្លួនចេញទៅនៅតំបន់មិនមែនជាតំបន់អភិរក្សរបស់សហគមន៍ ហើយម្យ៉ាងវាឋិតនៅតំបន់ព្រំដែនប្រទេសឡាវ ផងតំបន់ហ្នឹង។ ចឹងហានិភ័យសត្វផ្សោតប្រឈមការប្រព្រឹត្តបទល្មើស និងការនេសាទរបស់ប្រជាជនឡាវ »។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុងទាំងយប់ថ្ងៃចាប់ពីខែតុលា ឆ្នាំ២០១៥ រហូតមកទល់ពេលនេះសម្រេចបានប្រហែល ៥០ភាគរយ។ ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនីដនសាហុង មានកម្ពស់ពី ៣០ម៉ែត្រទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ។ ចំណែកលទ្ធភាពផលិតថាមពលអគ្គិសនី គឺមានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ ៣៦០មេហ្គាវ៉ាត់។ ទំនប់នេះមានចម្ងាយ ១គីឡូម៉ែត្រកន្លះពីព្រំដែនខែត្រស្ទឹងត្រែង។

មន្ត្រីសង្គមស៊ីវិលរកឃើញថា ការបន្លាស់ទីសត្វផ្សោតពីអន្លង់ឈើទាល ដោយការរំខានដោយសារសំឡេងបំផ្ទុះថ្មទាំងយប់ថ្ងៃ បង្ហូរកាកសំណល់គីមីចូលទន្លេ និងប្រើប្រាស់ភ្លើងអគ្គិសនីនៅពេលយប់ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសាហុង បង្កឲ្យផ្សោតផ្អើលទៅរស់នៅខ្សែទឹកខាងលើក្នុងដែនទឹករបស់ឡាវ។
តួលេខពីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៥ សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា បានថយចុះពីចំនួន ២០០ក្បាលមកនៅត្រឹមចំនួន ៨០ក្បាល។ អង្គការមួយនេះបានទម្លាក់កំហុសលើគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ ជាពិសេសទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) របស់ប្រទេសឡាវ បានគំរាមកំហែងធ្ងន់ធ្ងរដល់ការរស់នៅរបស់សត្វផ្សោតទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។