សហគមន៍​ខេត្ត​ក្រចេះ​អំពាវនាវ​ឲ្យ​ក្រសួង​អភិរក្ស​ដើម​គ្រញូង​ជាង​១០០​ដើម​នៅ​ក្បែរ​ផ្ទះ​ពលរដ្ឋ

ដោយ ម៉ែន សុធីរ
2017-04-27
Share
គ្រញូង ក្រចេះ ២០១៧ ១៤៤០ ដើម​គ្រញូង​នៅ​ក្បែរ​លំនៅឋាន​ពលរដ្ឋ​ដែល​ទើប​តាំង​ទីលំនៅ​ថ្មី ក្នុង​តំបន់​ព្រៃ​ឡង់ ឋិត​នៅ​ចំណុច​ភូមិ​ត្រពាំងទា ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Men Sothyr

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន អភិរក្ស​ដើម​គ្រញូង​ជាង ១០០​ដើម​​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ចំណាក​ស្រុក បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ​ច្រើន​គ្រួសារ អាច​ប៉ះពាល់​ដើម​គ្រញូង​ទាំងនោះ។

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ បារម្ភ​ថា ប្រសិន​បើ​ក្រសួង​បរិស្ថាន មិន​រក​មធ្យោបាយ​អភិរក្ស​ដើម​គ្រញូង​ដែល​ជា​ប្រភេទ​ឈើ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ឲ្យ​ទាន់​ពេល​ទេ ឈើ​ប្រភេទ​នោះ​អាច​នឹង​ផុត​ពូជ។ ពួក​គេ​រក​ឃើញ​ថា ឈើ​គ្រញូង​ជាង ១០០​ដើម​ឋិត​នៅ​ក្បែរ​លំនៅឋាន​ពលរដ្ឋ​ដែល​ទើប​តាំង​ទីលំនៅ​ថ្មី នៅ​ចំណុច​ភូមិ​ត្រពាំងទា ក្នុង​តំបន់​ព្រៃ​ឡង់​ខែត្រ​ក្រចេះ កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​នៅ​ឡើយ។

ក្រុម​ស្នូល​សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ថា ដើម​ឈើ​គ្រញូង​ដែល​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​តឹក ដល់​ជាង ៣​តឹក​ចំនួន​ជាង ១០០​ដើម ក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​យាយី​ដោយ​ឈ្មួញ ហើយ​បច្ចុប្បន្ន ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​លើក​ស្លាក​ចំណាំ និង​បោះ​បង្គោល​របង​ព័ន្ធ​ជុំវិញ​នៅ​ឡើយ​ទេ។ លោក​បារម្ភ​ថា ដើម​គ្រញូង​ទាំងនោះ​នឹង​ប្រឈម​ការ​បាត់បង់​បន្ត​ទៀត ប្រសិន​បើ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ព្រងើយ​កន្តើយ។

លោក​ចំណាំ​ថា ឈើ​គ្រញូង​ធំៗ​ត្រូវ​បាន​គេ​លួច​កាប់​ស្ទើរ​ទាំងស្រុង​នៅ​ព្រៃ​ឡង់ និង​តំបន់​ផ្សេង ហើយ​មក​ទល់​ពេល​នេះ នៅ​សល់​តែ​កូន​ដើម​គ្រញូង​ដែល​ទើប​ដុះ​ថ្មី​ប៉ុណ្ណោះ៖ «យើង​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ឈ្មួញ​កាប់​បំផ្លាញ​ដើម​គ្រញូង​ដែល​ដុះ​ក្នុង​តំបន់​នេះ ហើយ​យើង​ចង់​ឲ្យ​ក្រសួង​បរិស្ថាន ទាំងអស់​ធ្វើ​ការ​ថែរក្សា​យ៉ាង​ណា ដើម្បី​ឲ្យ​ជា​ប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ស្គាល់​ដើម​គ្រញូង​នៅ​ទីនោះ»

ប្រភេទ​ឈើ​គ្រញូង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​ឈើ​ប្រណិត​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​បច្ចុប្បន្ន ឈើ​ប្រភេទ​នោះ​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ខណៈ​ដែល​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម បាន​បោះ​ទុន​វិនិយោគ​ទីផ្សារ​ផ្លូវ​ងងឹត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ​ខ្ពស់​ច្រើន​ឆ្នាំ​កន្លង​ទៅ បណ្ដាល​ឲ្យ​ឈើ​ប្រភេទ​នេះ​បាត់បង់​ស្ទើរ​ទាំងស្រុង។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា សហគមន៍​ព្រៃ​ឡង់ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​សាមី កំពុង​សហការ​ជិតស្និទ្ធ​រៀបចំ​ផែនការ​អភិរក្ស និង​ចុះ​ល្បាត​យ៉ាង​ហ្មត់ចត់។ លោក​ថា ក្រសួង​បរិស្ថាន កំពុង​ខិតខំ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការងារ​ចុះ​ល្បាត និង​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន នៅ​តែ​បន្ត​ខិតខំ ធ្វើ​យ៉ាង​ណា​ពង្រឹង​ការងារ​ល្បាត ការពារ និង​អភិរក្ស។ យើង​អត់​មាន​ចង់​ឲ្យ​បាត់​ឈើ​សូម្បី​តែ​មួយ​ដើម​ទេ»

របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ព្រៃ​ឡង់​មាន​សក្ដានុពល​ដុះ​លូតលាស់​នូវ​រុក្ខជាតិ​មាន​តម្លៃ​ច្រើន​ប្រភេទ ដែល​ធ្លាប់​រង​ការ​កាប់​បំផ្លាញ​ឈើ​ធំៗ​ច្រើន​ឆ្នាំ​កន្លង​ទៅ រួម​មាន ឈើ​គ្រញូង បេង ធ្នង់ និង​ឈើ​នាងនួន ជាដើម ដោយសារ​លក្ខណៈ​ជីវសាស្ត្រ​តំបន់​នោះ​មួយ​ផ្នែក​ជា​តំបន់​ដី​សើម និង​សម្បូរ​ដោយ​ព្រៃ​ចាស់​អាច​ជៀស​ផុត​ពី​ភ្លើង​ឆេះ ដែល​មាន​លទ្ធភាព​ដុះ​លូតលាស់​កូន​រុក្ខជាតិ​ទាំងនេះ​ឡើង​វិញ​បាន។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក ស៊ឹង សែនករុណា គាំទ្រ​ការ​អំពាវនាវ​របស់​សហគមន៍​ព្រៃ​ឡង់ ហេតុ​នេះ​ក្រសួង​បរិស្ថាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​រឿង​នេះ ដែល​ធានា​ថា ដើម​ឈើ​គ្រញូង​តំបន់​នោះ​នឹង​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ លោក​ថា ក្រសួង​បរិស្ថាន គួរ​បន្ថែម​ល្បឿន​អភិរក្ស​ដើម​គ្រញូង​ទាំងនោះ​ជា​អាទិភាព ដោយ​បោះ​បង្គោល​របង​ព័ទ្ធ និង​លើក​ស្លាក​សម្គាល់​ផង៖ «ខ្ញុំ​គិត​ថា ក្រសួង​គួរ​តែ​មាន​ការ​កិច្ច​សហការ​ជាមួយ​សហគមន៍ ក៏ដូចជា​ដាក់​កម្លាំង​បន្ថែម​ក្នុង​ការ​មើល ឬ​ថែរក្សា​នៅ​តំបន់​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ»

សហគមន៍​ព្រៃ​ឡង់ រក​ឃើញ​ថា ឈើ​ប្រណិត​មាន​តម្លៃ​ខ្ពស់ ដូចជា​គ្រញូង បេង ធ្នង់ និង​នាងនួន ជាដើម ត្រូវ​បាន​គេ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​ប្រភេទ​គគីរ សុក្រំ និង​កកោះ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច ក៏​កំពុង​យាយី​ពី​ក្រុម​ជន​ល្មើស។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​បម្លែង​ជា​ដី​កសិកម្ម ក៏​កំពុង​កើត​មាន​ពេញ​បន្ទុក​ដែរ​នៅ​តំបន់​ព្រៃ​ឡង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល