សមាជិកបណ្តាញក្រុមស្នូលព្រៃឡង់ ដែលសកម្មក្នុងការឃ្លាំមើលបទល្មើសព្រៃឈើ និងការតស៊ូមតិ ដើម្បីការពារធនធានធម្មជាតិ គឺលោក សែន សទ្ធា ហៅលោក យឹម សុភក្ត្រ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើកាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ក្រុមយុវជន ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល បង្ហាញអារម្មណ៍សោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ ដែលក្លាហាន និងលះបង់ធនធានរបស់ខ្លួនដើម្បីការពារ ព្រៃឡង់ ព្រមទាំងហ៊ានរិះគន់ភាពអសកម្ម មិនអនុវត្តច្បាប់ព្រៃឈើរបស់មន្ត្រីរដ្ឋាភិបាល។ តើសកម្មជនព្រៃឡង់រូបនះ មានប្រវត្តិតស៊ូបែបណា?
ជាកូនកំព្រាឪពុកម្ដាយតាំងពីកុមារ ក្រោយពេលបញ្ចប់សង្គ្រាម ប៉ុល ពត ក្នុងឆ្នាំ ១៩៧៩ មានស្រុកកំណើត ក្នុងខេត្តបាត់ដំបង លោក សែន សទ្ធា ត្រូវបាន គ្រួសារកសិករមួយរស់នៅខេត្តបាត់ដំបងរើសមកចិញ្ចឹម ហើយទុកលោកដូចជាកូនបង្កើត។ ឪពុកម្ដាយ និងសាច់ញាតិរបស់លោក ស្លាប់ចោលស្ទើរតែទាំងអស់ នៅសម័យប៉ុល ពត ហើយលោកបានរត់គេចពីសង្គ្រាម រសាត់តែលតោលតែឯង ក្នុងវ័យកុមារ អាយុ ១៣ឆ្នាំ មិនស្គាល់សាច់ញាតិបងប្អូនណាម្នាក់នោះទេ។ នេះបើតាមការលើកឡើងរបស់លោកស្រី អ៊ិន ភឿន ភរិយារបស់លោក។ លោកស្រី អ៊ិន ភឿន វ័យ ៤៧ឆ្នាំ រៀបរាប់ថា លោកស្រីរៀបការជាមួយ លោក សែន សទ្ធា ក្នុងឆ្នាំ ១៩៩៩ ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយបង្កើតបានកូន ២នាក់។ លោកស្រីថា ប្ដីរបស់លោកស្រី មិនសូវមានពេលច្រើនសម្រាប់ក្រុមគ្រួសារទេ គឺគាត់តែងតែឃ្លាំមើលបទល្មើសព្រៃឈើ និងតស៊ូមតិជាមួយអាជ្ញាធរ និង ក្រុមអង្គការសង្គមស៊ីវិល។ លោកស្រីបន្ថែមថា ការបាត់បង់ប្តី នឹងជះឥទ្ធិពលអាក្រក់ លើជីវភាពមួយកម្រិតទៀត ជាពិសេស ការសិក្សារបស់កូនៗ នឹងជួបការលំបាកខ្លាំង៖ « ជូនកាលគាត់ដើរល្បាតព្រៃ ៥យប់ មានការងារផ្សេងគាត់ទៅទៀត អត់សូវបាននៅជាមួយខ្ញុំដិតដល់ប៉ុន្មានទេលោកគ្រូ។ គាត់រវល់ព្រៃឈើច្រើន។ ភូមិនេះគេស្អប់គាត់ច្រើនណាស់ មូលហេតុគេស្អប់ ដោយសារគាត់ដើរការពារព្រៃឈើគេចង់ ព្រោះរកមុខរបបគេកាប់ឈើលក់។ ខ្ញុំព្រួយបារម្ភព្រោះអីកូនខ្ញុំ ចូលរៀនសូត្រ បន្តទៅមុខទៀត ខ្ញុំអត់មានលទ្ធភាព អត់ពីប្ដីទៅ ខ្ញុំគ្មានលទ្ធភាពរកលុយឱ្យកូនទៅរៀនទេ » ។
លោក សែន សទ្ធា ហៅលោក យឹម សុភក្ត្រ វ័យ ៤៦ ឆ្នាំ សំបុលខ្មៅស្រអែម រាងស្គមខ្ពស់ រស់នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូកខេត្តស្ទឹងត្រែង។ លោកមានកូនពីរនាក់ ប្រុសមួយស្រីមួយ។ កូនប្រុសឈ្មោះ ឡៃ មុន្នីរត៍ វ័យ ១៤ឆ្នាំ រៀនថ្នាក់ទី ៩ ឯកូនស្រីឈ្មោះ ឡៃ រច្ចនី អាយុ ១៧ឆ្នាំ រៀនថ្នាក់ទី១១ នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច។
លោកមានផ្ទះតូចទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ សង់ផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងបិទមិនទាន់ជុំ ហើយលោកមានមុខរបបធ្វើស្រែ លើផ្ទៃដីចំនួន ៧០អា (ជិត ១ហិកតារ) និងដងជ័រទឹកលក់ ក្នុងតំបន់ព្រៃឡង់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព។ លោកមានដើមច្បោះជ័រទឹកក្នុងព្រៃឡង់ ជិត ១ពាន់ដើម (៩៥០) ប៉ុន្តែត្រូវគេលួចកាប់អស់ជិត ៥០០ដើម នៅអំឡុងឆ្នាំ ២០១៨ ២០១៩ និងដើមឆ្នាំ២០២០ ហើយបច្ចុប្បន្ននៅសល់ប្រមាណ ៣៥០ដើមប៉ុណ្ណោះ។
កូនស្រីលោក សែន សទ្ធា កញ្ញា ឡៃ រច្ចនី និយាយថា មុនពេលឪពុកស្លាប់ គាត់ផ្ដាំឱ្យខំប្រឹងប្រែងរៀនសូត្រ និងត្រូវធ្វើជាមនុស្សល្អ ធ្វើជាសិស្សល្អ ហើយត្រូវយកចំណេះដឹង ជួយសង្គមជាតិ។ កញ្ញាបន្ថែមថា មុនពេលស្លាប់ឪពុករបស់កញ្ញា តែងតែផ្ដាំឱ្យជួយមើលថែប្អូន និងម្ដាយ ហើយត្រូវចេះអត់ធ្មត់ តស៊ូ ក្នុងការសិក្សា។ កញ្ញាបារម្ភថា ឪពុកស្លាប់ទៅនឹងប្រឈមខ្វះខាត់ សម្រាប់បន្តការសិក្សាថ្នាក់ទី១២ នៅឆ្នាំក្រោយ ព្រោះការសិក្សានៅទីរួមខេត្តត្រូវចំណាយប្រាក់ជាង ២០០ដុល្លារ ក្នុងមួយខែៗ សម្រាប់ថ្លៃបន្ទប់ជួល និងផ្គត់ផ្គង់ការសិក្សាជាដើម។ កញ្ញាស្រមៃថា ក្នុងពេលអនាគត ក៏ចង់ធ្វើជាអ្នកការពារព្រៃឈើ ដូចឪពុកដែរ ព្រោះការងារនេះ លោកពុកតែងតែផ្ដាំជារឿយៗ៖ « កាលប៉ាខ្ញុំនៅរស់នៅ ខ្ញុំចង់បានអីក៏គាត់ទិញឱ្យខ្ញុំដែរ គាត់មិនដែលឱ្យខ្ញុំខ្វះទេ។ កាលគាត់អត់ទាន់ស្លាប់ គាត់និយាយរាល់ថ្ងៃ មកពីធ្វើការវិញ គាត់និយាយថា កូនអើយខំរៀនផង ដើម្បីអនាគតប្រទេសជាតិទៅមុខ។ ប៉ាខ្ញុំគាត់ស្រឡាញ់ព្រៃឈើខ្លាំង និយាយទៅគាត់ស្រឡាញ់ខ្លាំង បើគាត់ស្លាប់ដើម្បីប្រទេសជាតិ គឺគាត់ស្លាប់ទៅបិទភ្នែកជិតដែរ » ។
យុវជន អ្នកស្រឡាញ់បរិស្ថាន ដែលធ្លាប់ធ្វើការងារជាមួយ លោក សែន សទ្ធា គឺលោក សាន ម៉ាឡា សោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់សកម្មជនព្រៃឡង់ ដ៏លេចធ្លោ និង ឈ្លាសវៃជាងគេ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ។ លើសពីនេះទៀត លោក សែន សទ្ធា គឺជាសកម្មជនក្លាហាន តស៊ូមតិយ៉ាងមុតមាំ ប្រឆាំងសកម្មភាពកាប់ឈើខុសច្បាប់ ក្នុងតំបន់ព្រៃការពារធម្មជាតិ។ លោកបន្ថែមថា សកម្មជនព្រៃឡង់រូបនេះ មានជំនាញប្រើប្រាស់បច្ចេកទេស GPS និងតាមដានប្រសិទ្ធភាពការងារ មន្ត្រីរដ្ឋាភិបាលក្នុងការគាំពារធនធានធម្មជាតិ៖ « គាត់ជាមនុស្សសកម្មក្លាហាន ជាពិសេស គាត់ត្រឹមតែជាសហគមន៍ធម្មតា ប៉ុន្តែគាត់ចាប់បាននូវជំនាញបច្ចេកទេស ជាច្រើន ដូចជាការប្រើប្រាស់ GPS ហើយបន្តបន្ទាប់ហ្នឹង ពលរដ្ឋខ្មែរ និងយុវជន នឹងរៀបចំរំឭកវីរភាពរបស់គាត់លះបង់ ដើម្បីការពារព្រៃឈើ ដូចដែលយើងធ្វើចំពោះលោកបណ្ឌិត កែម ឡី ឬលោក ឈុត វុទ្ធី » ។
កាលពីលោក សែន សទ្ធា នៅមានជីវិត លោកធ្លាប់ផ្តល់បទសម្ភាសន៍ប្រាប់អាស៊ីសេរីថា កាលពីឆ្នាំ ២០១៤ លោកបានបង់រំលស់ ម៉ូតូ ១គ្រឿង មានតម្លៃ ១ពាន់ដុល្លារ ដើម្បីចុះល្បាតព្រៃ ហើយទម្រាំតែសងប្រាក់ ធនាគារដាច់ ម៉ូតូរបស់លោកបានខូចខាតអស់ទាំងស្រុង។ លោកបន្ថែមថា ថ្មីៗ នេះ លោកបានលក់ក្របី ២ក្បាល ទិញម៉ូតូ អត់ពន្ធ មួយគ្រឿងទៀត ក្នុងតម្លៃ ៨០០ដុល្លារ ដើម្បីចុះល្បាតព្រៃ និងការពារព្រៃឈើ ក្នុងតំបន់ព្រៃឡង់។ លោក សែន សទ្ធា បន្ថែមថា សកម្មភាពចុះល្បាតព្រៃ និងប្រមូលព័ត៌មានរបស់លោក ឋិតក្នុងភាពតានតឹងជាមួយ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ។ លោកថា មន្ត្រីបរិស្ថាន ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ មិនផ្តល់តម្លៃសកម្មភាពការពារព្រៃឈើរបស់ពលរដ្ឋនោះទេ ហើយពួកគេ តែងតែគំរាមចាប់ខ្លួនលោក ប្រសិនបើលោកចុះល្បាតព្រៃ មិនសុំច្បាប់អនុញ្ញាត៖ « ខ្ញុំមានបញ្ហាជាមួយ ក្រុមហ៊ុន ស៊ីង បាយអូថេក ទាក់ទិនខ្ញុំធ្វើការស៊ើបអង្កេត ការកាប់បំផ្លាញដើមច្បោះជ័រទឹក។ ខ្ញុំត្រូវខកខានមិនបានចូលទៅតំបន់របស់ខ្លួនទៀតទេ ដោយសារតែទាក់ទងសុវត្ថិភាព។ អ៊ីចឹងមានតែប្អូនថ្លៃ និងបងថ្លៃខ្ញុំទេ ដែលគាត់ទទួលថែរក្សាច្បោះហ្នឹងបន្តពីខ្ញុំ » ។
ក្រុមស្នូលព្រៃឡង់ ខេត្តក្រចេះ លោក ឯក សុវណ្ណា សង្កេតឃើញថា លោក សែន សទ្ធា គឺជាមនុស្សឧស្សាហ៍ព្យាយាមខ្ពស់ និង ពូកែ ធ្វើផែនទី កំណត់ទីតាំង ផ្ទៃដីក្នុងតំបន់អភិរក្ស ដែលគេកាប់ទន្ទ្រាន ខុសច្បាប់។ លោកថា សកម្មជនព្រៃឡង់រូបនេះ ឈ្លៀសវៃ ក្នុងការផលិតឯកសារ បង្ហាញពីសកម្មភាព កាប់រានដីព្រៃ និងកាប់ព្រៃឈើខុសច្បាប់ជាដើម។
លើសពីនេះទៀត លោក សែន សទ្ធា តែងតែប្រឆាំងចំពោះ សកម្មភាពកាប់ឈើទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃឡង់ ពីសំណាក់ក្រុមហ៊ុនឯកជនវិនិយោគដីសម្បទានសេដ្ឋកិច្ច ហើយលោកតែងតែរងការគំរាមកំហែងអាយុជីវិតរាប់មិនអស់ ក្នុងពេលស៊ើបអង្កេតបទល្មើសព្រៃឈើ៖ « គាត់តស៊ូខ្លាំងមែនទែន ទី១ ទាក់ទងជាមួយគម្រោងក្រុមហ៊ុន ស៊ីង បាយអូថេក។ គាត់ជាអ្នកស៊ើបអង្កេតធំមែនបំផុត ហើយជាទូទៅយើងឃើញថា គេតែងនិយាយប្រាប់ថា នៅខេត្តស្ទឹងត្រែង គេខ្លាចតែម្នាក់ទេ គឺខ្លាចលោក សែន សទ្ធាហ្នឹង។ ក្រុមហ៊ុន ស៊ីងបាយអូថេក ដូចជាឆ្អឹងទទឹងករបស់គេហ្នឹង » ។
នៅក្នុងពិធីបុណ្យសព លោក សែន សទ្ធា មានមនុស្ស រាប់រយនាក់ចូលរួម ក្នុងនោះមាន មន្ត្រីអង្គការ USAID មន្ត្រីអង្គការសង្គមស៊ីវិល អ្នកកាសែត ក្រុមយុវជន សហគមន៍ព្រៃឡង់ និង ពលរដ្ឋ រស់នៅជិតឆ្ងាយ ចូលរួមជាបន្តបន្ទាប់ ហើយក៏មានពលរដ្ឋរស់នៅក្រៅប្រទេស ផ្ញើប្រាក់ចូលបុណ្យផងដែរ។ លោក សុវណ្ណា បន្ថែមថា លោកមិនអាចទប់ទឹកភ្នែកបាន នៅគ្រាដែលឃើញលំនៅឋានរបស់លោក សែន សទ្ធា ក្រីក្រតោកយ៉ាក រស់នៅជនបទក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកថា ការលះបង់របស់សកម្មជនព្រៃឡង់រូបនេះ ផ្តល់ប្រយោជន៍ ធំធេងណាស់ សម្រាប់បុព្វហេតុព្រៃឡង់ ដែលលោកយកអាយុជីវិតជាទុន ការពារព្រៃអស់រយៈពេល ១៥ឆ្នាំ។ បន្ថែមពីនេះទៀត សកម្មជនព្រៃឡង់រូបនេះ តែងតែលាតត្រដាង ពីអាជីវកម្មឈើខ្នាតធំ និងភាពចន្លោះប្រហោងរបស់អាជ្ញាធរមិនអនុវត្តច្បាប់ព្រៃឈើជាដើម៖ « សកម្មភាពគាត់ធ្វើ លះបង់ស្ទើរតែ ១០០ភាគរយ ប៉ុន្តែងាកទៅ ស្ថានភាពគ្រួសារ មិនសូវធូរធារ ហើយលំបាក។ បណ្ដាញសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត គាត់លេចធ្លោជាងគេ ព្យាយាមធ្វើរឿងហ្នឹង ដូចជា ការផលិតឯកសារ ការកាប់រានដី គាត់ធ្វើច្រើនជាងគេ ទាក់ទងរឿងព្រៃឈើ។ គាត់ជាមនុស្សឧស្សាហ៍ ទាក់ទងការធ្វើ និងផលិត » ។
សពលោក សែន សទ្ធា ត្រូវបានសាច់ញាតិយកទៅបូជា នៅឯភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៧ ខែកក្កដានេះ។ សាច់ញាតិគ្រោងនឹងរៀបចំពិធីបុណ្យ គម្រប់ ៧ថ្ងៃ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ លោកនៅថ្ងៃទី ២១ ខែកក្កដា។ មុនពេលលោកស្លាប់ លោក សែន សទ្ធា បានប្រកាសមិនដកថយភារកិច្ចការពារព្រៃឈើ ដែលច្បាប់ផ្តល់សិទ្ធិឱ្យនោះទេ បើទោះបីជារងការរឹតត្បិត និងគំរាមកំហែងពីសំណាក់មន្ត្រីបរិស្ថានក្ដី។ លោកចាំថា បណ្ដាំរបស់លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី បានដាស់ស្មារតីឱ្យលោក ស្គាល់ពីតម្លៃនៃធនធានធម្មជាតិ ការប្រើសិទ្ធិការពារព្រៃឈើ ក្នុងនាមជាពលរដ្ឋស្របតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។