ជនជាតិដើមភាគតិចទំពួនម្នាក់ រស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលសកម្មលាតត្រដាងពីបទល្មើសព្រៃឈើ ត្រូវបានតំណាងអយ្យការខេត្តនេះកោះហៅឲ្យបំភ្លឺ នៅថ្ងៃទី២៨ វិច្ឆិកាខាងមុខ ក្នុងសំណុំរឿង កាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ។ អ្នកភូមិថា មេភូមិកែងសាន់ លោក ញួង គួត ដែលល្បីខាងលក់ដីព្រៃខុសច្បាប់ជារបបអាជីពចិញ្ចឹមជីវិត គឺជាដើមបណ្តឹងសំណុំរឿងនេះ។
ជនជាតិដើមភាគតិចទំពួន លោក ខាំ និន ភ័យព្រួយពីសុវត្ថិភាពខ្លះៗ ដែរ ក្រោយពីមេភូមិកែងសាន់ ដែលជាមេខ្លោងខាងលក់ដីព្រៃអភិរក្សឲ្យឈ្មួញ បានប្រើអំណាចជាអាជ្ញាធរប្តឹងរូបលោកទៅតុលាការ ក្នុងបំណងការពារផលប្រយោជន៍របស់ខ្លួន។ តែយ៉ាងណា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺការពិតប្រាប់តុលាការ និងសំណូមពរឲ្យតុលាការចុះពិនិត្យពីទិដ្ឋភាពជាក់ស្ដែង នៅគ្រាដែលដែនជម្រកសត្វព្រៃលំផាត់ ដែលជាកន្លែងជនជាតិដើមភាគតិចអាស្រ័យផលច្រើនជាយូរមកហើយបានទទួលរងការកាប់ទន្ទ្រានព្រៃយកដីយ៉ាងខ្លាំងក្លា ដែលមានជាប់ពាក់ព័ន្ធមេភូមិកែងសាន់ លោក ញួង គូត៖ «មេភូមិគាត់ធ្វើ ដើម្បីគំរាមយើង ឲ្យយើងឈប់ប្តឹងគាត់តុលាការ ព្រោះយើងរាំងផ្លូវគាត់ អាជីពគាត់រកស៊ីអាហ្នឹងហើយ។ ជីវិតគាត់រស់នៅកាប់បំផ្លាញធនធានធម្មជាតិទ្រព្យរបស់រដ្ឋ។ គាត់អាងតុលាការ » ។
លោក ខាំ និន បន្ថែម កន្លងទៅតំណាងពលរដ្ឋ ៤នាក់ បានប្តឹងអាជ្ញាធរមូលដ្ឋាន ៧នាក់ រួមទាំងមេភូមិកែងសាន់ផង ពីបទអនុគ្រោះនាំឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ប៉ុន្តែមកទល់ពេលនេះពាក្យបណ្ដឹងរបស់លោកជាង ១ឆ្នាំមកហើយ ពុំឃើញតុលាការមានវិធានការច្បាប់នៅឡើយទេ ក៏ប៉ុន្តែបើអាជ្ញាធរប្តឹងពលរដ្ឋវិញ គឺតុលាការអនុវត្តនីតិវិធីយ៉ាងលឿន។ លោកថា នេះពុំមែនជាលើកទី ១ ទេ ដែលមេភូមិកែងសាន់ ប្តឹងរួបលោក ដោយសារតែលោកបានលាតត្រដាងបទល្មើសព្រៃឈើ ទៅប្រព័ន្ធផ្សព្វផ្សាយ និង វិទ្យុអាស៊ីសេរី ក្នុងបំណងការពារធនធានធម្មជាតិ ដែលនៅសេសសល់តិចតួចចុងក្រោយ៖ « វាបាត់បង់ច្រើនតាំងពីគាត់មកគ្រប់គ្រង។ គាត់ខឹងយើងអត់តាមយើង។ ពលរដ្ឋគេមិនព្រមទេ រឿងលក់ទ្រព្យរបស់រដ្ឋ ដូចសម្លាប់យើងអាណត្តិក្រោយ » ។
កាលពីថ្ងៃទី ១៩ តុលា តំណាងអយ្យការខេត្តរតនគិរី លោក រ៉ាន់ បូរ៉ាន់ឌី បានកោះហៅជនជាតិដើមភាគតិចទំពួនម្នាក់ឈ្មោះ ខាំ មិន ឲ្យចួលបំភ្លឺ នៅថ្ងៃទី២៨ វិច្ឆិកាខាងមុខនេះ ក្នុងសំណុំរឿង កាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ដីកានេះ មិនបានបង្ហាញឈ្មោះដើមចោទនោះទេ។
អ្នកនាំពាក្យតំណាងអយ្យការខេត្តរតនគិរី លោក ហាក់ ហ៊ាន់ បដិសេធមិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីទេនៅថ្ងៃទី ១៩ វិច្ឆិកា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
រីឯមេភូមិកែងសាន់ លោក ញួង គួត បដិសេធថា លោកមិនបានប្ដឹងពលរដ្ឋទៅតុលាការនោះទេ តែលោកអះអាងថា ពលរដ្ឋនៅមូលដ្ឋានមួយចំនួន ប្ដឹងបុរសឈ្មោះ ខាំ និន ទៅតុលាការ រឿងកាប់រានដីព្រៃអភិរក្សខុសច្បាប់។ ទោះ យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណពលរដ្ឋណាម្នាក់ ដែលជាដើមបណ្ដឹងក្នុងសំណុំរឿងនេះទេ៖ ៖ « ឯងធ្វើអី បើគេប្តឹងឯងថា យ៉ាងម៉េចពលរដ្ឋជាអ្នកប្តឹងខ្ញុំអត់ដឹងទេ។ មេភូមិមានសិទ្ធិប្តឹងអីណា។ ចុះអា ខាំ និន ប្តឹងគេរាប់រយដងមិនឈឺក្បាល ទៅឈឺក្បាលគេប្តឹងអា ខាំ និន។ វាមានបញ្ហាបានគេប្តឹង » ។
ជនជាតិដើមភាគតិចទំពួនម្នាក់ទៀត លោក ហាន សាន ហួសចិត្ត នៅគ្រាដែល ពលរដ្ឋសកម្មការពារព្រៃឈើ អាជ្ញាធរមិនលើកទឹកចិត្ត បែរជាប្តឹងទៅតុលាការទៅវិញ។ លោកអះអាងថា លោក ខាំ និន មិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់នោះទេ ផ្ទុយទៅវិញ មេភូមិកែងសាន់ លោក ញួង គួត ទៅវិញទេ ដែលជាមេខ្លោងលក់ដីព្រៃការពារធម្មជាតិឲ្យឈ្មូញ។
លោកថាមេភូមិរូបនេះ តែងចុះហត្ថលេខា ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីឲ្យឈ្មួញទិញលក់ដីព្រៃបំពានច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងកំពុងរកលេសទម្លាក់កំហុសលើពលរដ្ឋ ដើម្បីគេចពី សំណាញ់ច្បាប់៖ «គេកាប់ឃើញគេទន្ទ្រានយកដីហើយ គាត់មិនរាយការណ៍ទៅមន្ទីរបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើទេ។ អានេះគេកាប់រួចគេឲ្យលុយគាត់ ១០ ២០ម៉ឺន ទៅ ៣០ម៉ឺនគេក៏រួចខ្លួន។ គាត់មិនអនុញ្ញាតមិនបោះត្រាឲ្យគេ មិនស៊ីលុយគេ គេក៏មិនហ៊ានចូលកាប់ឈើដែរ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខន្នី សំណូមពរឲ្យតំណាងអយ្យការខេត្តនេះ សើរើឡើងវិញសំណុំរឿងពលរដ្ឋនៅភូមិកែងសាន់ ប្តឹងអាជ្ញាធរមូលដ្ឋានជាងមួយឆ្នាំមកហើយ ពីបទអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តែមកទល់ពេលនេះគឺ គ្មានចំណាត់ការនោះទេ។ ក៏ប៉ុន្តែបើអាជ្ញាធរប្តឹងពលរដ្ឋវិញ តុលាការមានចំណាត់ការយ៉ាងលឿន ៖ «តុលាការមានចំណាត់ការនីតិវិធីនេះបានលឿន ខណៈបណ្តឹងពលរដ្ឋយើងឃើញភស្តុតាងជាក់ស្តែង និងសាក្សីជាក់ស្តែង មិនឃើញដំណើរការជាង ១ឆ្នាំហើយ។ កោះហៅ ក៏មិនកោះហៅ តម្កល់រឿងទុកឥតចាត់ការក៏មិនឃើញតម្កល់ » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា តុលាការខេត្តរតនគិរី មានភាពយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ជូនសហគមន៍ភូមិកែងសាន់ ដែលបានប្តឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ៧ នាក់ កាលពីចុងឆ្នាំ ២០១៧ មកទល់ពេលនេះគ្មានចំណាត់ការនៅឡើយទេ។ លោកថា ក្នុងបណ្តឹងរបស់សហគមន៍បានបញ្ជាក់ពីអាជីវកម្ម ឈើទ្រង់ទ្រាយធំ ដែលឈ្មួញបានកាប់រំលំឈើមូលធំៗចេញពីដែនជម្រកសត្វព្រៃលំផាត់ទៅលក់នៅប្រទេសវៀតណាមមានជាប់ពាក់ព័ន្ធមេភូមិកែងសាន់ មេភូមិសមុទ្រក្រោម និងមេឃុំសេដា៖ «ក្រោយពីយើងប្តឹងហើយ ក៏មានការកាប់ឈើរាប់រយឡាន ចេញពីឃុំសេដារ។ ឃ្លាំងស្តុកឈើនៅក្បែរប៉ុស្តិ៍នគរបាលឃុំសេដារ។ គេដឹកឈើប្រើរូបភាព គោយន្ត បានគេដឹកតាមយីឌុបចេញទៅ»។
សហគមន៍ភូមិកែងសាន់បន្ថែមថា អាជ្ញាធរភូមិ/ឃុំតែងតែព្យាយាមបង្កបញ្ហា គំរាមកំហែងពលរដ្ឋដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។ រីឯជនល្មើសកាប់ឈើ និង ទន្ទ្រានព្រៃយកដីលក់ខុសច្បាប់ មិនត្រូវ បានអាជ្ញាធរស៊ើបអង្កេត និងអនុវត្តច្បាប់នោះទេ បើទោះបីជាពលរដ្ឋបានផ្តល់ដំណឹងនច្រើសារក្តី។
កន្លងទៅមេប៉ុស្តិ៍រដ្ឋបាលឃុំសេដា លោក ធិ ចាន់រិទ្ធិ បានទូរស័ព្ទមកលោក ខាំ និន ដោយគំរាមចាប់លោកដាក់គុក បើលោកនៅតែមានៈ ផ្តល់ដំណឹងទៅប្រព័ន្ធផ្សព្វផ្សាយ និងសមាគមអាដហុកពីបទល្មើសព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។