ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ប្រកាន់​ជំហរ​ឈប់​ចរចា​រឿង​សំណង

0:00 / 0:00

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ មក គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បំផុត​របស់​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស។ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី រួម​មាន ក្រុមហ៊ុន​ចិន ឈ្មោះ ហាយដ្រូ ឡាងឆាន អ៊ិនធឺណេសិនណល អេណឺជី (Hydrolancang International Energy) មាន​ភាគហ៊ុន ៥១% ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់ លោក គិត ម៉េង មាន​ភាគហ៊ុន ៣៩% និង​ក្រុមហ៊ុន​វៀតណាម អ៊ី.វី.អិន (EVN) មាន​ភាគហ៊ុន​១០%។

ការ​មិន​ត្រូវរ៉ូវ​គ្នា​រឿង​ទូទាត់​សំណង​ម្ដង​ហើយ​ម្ដង​ទៀត បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង ៣០% នៃ​សហគមន៍​រង​ផល​ប៉ះពាល់​រាប់​រយ​គ្រួសារ​ក្នុង​ស្រុក​សេសាន ប្រកាន់​ជំហរ​ឈប់​ចរចា​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ត​ទៀត។ ក្នុង​នោះ ពលរដ្ឋ​ជាង ២៥០​គ្រួសារ​ក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​ឡាវ អះអាង​ថា ពួក​គេ​ស៊ូ​ស្លាប់​ដើម្បី​ការពារ​ភូមិ​កំណើត បើ​ទោះ​បី​ជា​ភូមិ​នោះ​ត្រូវ​លិចលង់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ក៏ដោយ។

លោកស្រី សារុំ សុខុម ថ្លែង​ថាបើ​គេ​នៅ​តែ​មិន​បញ្ឈប់​នូវ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ហ្នឹង ពួក​ខ្ញុំ​មិន​ខ្វល់។ ទឹក​លិច​មក ខ្ញុំ​កាប់​ឫស្សី​ធ្វើ​ក្បូន​ទៅ ដាក់​ក្រោម​ផ្ទះ​ទៅ មាន​អី ទិញ​ជ័រ ទិញ​កាន​សាំង​មក​ដាក់​ទៅ បណ្ដែត​ក្បូន​តាម​ហ្នឹង ឲ្យ​ពិភពលោក​មើល​ឃើញ​ថា អូ!អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ​ហ្នឹង ធ្វើ​បាប​ប្រជាជន ធ្វើ​បាប​ប្រជារាស្ត្រ។ ខ្ញុំ​ថា ដូច​វា​ល្អ​ម្យ៉ាង​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​អ៊ីចឹង។

ភូមិ​ស្រែគរ១ និង​ភូមិ​ស្រែគរ២ ស្ថិត​ក្នុង​ឃុំ​ស្រែគរ លាត​សន្ធឹង​តាម​ដង​ទន្លេ​សេសាន ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ប្រមាណ ៩០​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ដី​ក្រហម​អម​សង​ខាង​ដោយ​ដី​ព្រៃ​សឹករិចរិល។

«សំឡេង​ឡាន​បើក​តិចៗ»

បើ​ទោះ​បី​ជា​តំបន់​នេះ​ដាច់​ស្រយាល​មិន​មាន​អគ្គិសនី​ផ្គត់ផ្គង់​ដូច​នៅ​ក្នុង​ក្រុង​ក្ដី ក៏​អ្នក​ភូមិ​ជាង ២៥០​គ្រួសារ មិន​ព្រម​បោះបង់​ភូមិ​នេះ និង​មិន​ទទួល​យក​សំណង​ទៅ​រស់នៅ​ភូមិ​ថ្មី ដែល​នឹង​មាន​បណ្ដាញ​អគ្គិសនី​ប្រើប្រាស់​នោះ​ឡើយ។

សហគមន៍​ឃុំ​ស្រែគរ ធ្លាប់​មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ​រស់នៅ ដែល​ភាគ​ច្រើន​និយាយ​ភាសា​ឡាវ តាំង​ពី​កំណើត។

« សំឡេង​អ្នក​ភូមិ​ជជែក​គ្នា​ជា​ភាសា​ឡាវ »

តែ​ពេល​នេះ ពលរដ្ឋ​ពាក់​កណ្ដាល​នៃ​ឃុំ​ទាំង​មូល បាន​ចាក​ចេញ​ទៅ​តំបន់​ផ្សេង​ជា​បន្តបន្ទាប់ ក្រោយ​ការ​មក​ដល់​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​នឹង​ក្លាយ​ជា​ទំនប់​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ជាង ៨០០​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​អះអាង​ថា ទំនប់​នេះ​អាច​ផលិត​អគ្គិសនី​បាន ៤០០​មេហ្គា​វ៉ាត់ (MW) ប៉ុន្តែ​ការ​សិក្សា​របស់​អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា ទំនប់​នេះ​ទំនង​ជា​ផលិត​អគ្គិសនី​បាន​ត្រឹម ១០០​មេហ្គា​វ៉ាត់​ប៉ុណ្ណោះ​ក្នុង​រដូវ​ប្រាំង។

យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ស្រែគរ ជាង ២៥០​គ្រួសារ​ដែល​មិន​ឯកភាព​នឹង​គោល​នយោបាយ​ទូទាត់​សំណង​របស់​រដ្ឋាភិបាល ហាក់​មិន​រំភើប​នឹង​ការ​អភិវឌ្ឍ​ក្នុង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នេះ​ឡើយ។

ក្នុង​វ័យ ៥៩​ឆ្នាំ លោកស្រី សារុំ សុខុម ជា​អ្នក​ភូមិ​ស្រែគរ មួយ​រូប​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង ២៥០​គ្រួសារ។ លោកស្រី​បាន​សម្រេច​ចិត្ត​ឈប់​ចរចា​រឿង​សំណង​ត​ទៅ​ទៀត​ហើយ ដោយសារ​ក្នុង​ការ​ចរចា​ជាច្រើន​លើក​កន្លង​ទៅ ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ទូទាត់​សំណង​តាម​តម្លៃ​ទីផ្សារ​ដែល​អ្នក​ភូមិ​កំណត់៖ « ឧទាហរណ៍​ដូច​ខ្ញុំ​លក់​ក្របី​អ៊ីចឹង ក្របី​ខ្ញុំ ទ្រព្យ​សម្បត្តិ​ខ្ញុំ ត្រូវ​ខ្ញុំ​កាត់​តម្លៃ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​មិន​ព្រម​ឲ្យ​លោក​ឯង​កាត់​តម្លៃ​ឲ្យ​ខ្ញុំ​ទេ ហើយ​គាត់​ក៏​មិន​បាន​ដោះស្រាយ​អ្វី​ឲ្យ​ពួក​ខ្ញុំ​ទេ ហើយ​រហូត​ដល់​២០១៦ ហ្នឹង គាត់​មក​ថ្ងៃ​២២ អភិបាល​រង​ខេត្ត​គាត់​មក​ប្រជុំ​ថ្ងៃ​មុន​នេះ គាត់​ថា សំណង​គ្មាន​ឡើង​បាន​ទៀត​ទេ តែ​ត្រឹម​ហ្នឹង​ទេ។ ហើយ​គាត់​អត់​និយាយ​រឿង​សំណង​ទៀត និយាយ​តែ​រឿង​ឲ្យ​ពួក​ខ្ញុំ​លះបង់​ចូល​ការ​អភិវឌ្ឍ »

លោកស្រី សារុំ សុខុម មាន​ប្រសាសន៍​បន្ត​ថា សព្វថ្ងៃ គ្រួសារ​លោកស្រី​អាច​រស់​នៅ​បាន​ដោយ​មិន​ចាំបាច់​រំពឹង​លើ​អគ្គិសនី​ផលិត​ពី​ទំនប់​សេសាន​ក្រោម​២ នោះ​ឡើយ បើ​ទោះ​បី​ជា​ទំនប់​នោះ​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ចុះ​ថោក​ក៏ដោយ៖ « ខ្វះ​ក៏ដោយ ខ្វះ​អគ្គិសនី ខ្ញុំ​ក៏​ប្រើ​សូឡា (Solar) ។ ខ្ញុំ​ទិញ​សូឡា​ប្រើ​សព្វថ្ងៃ មិន​ចាំបាច់​អគ្គិសនី​អី ព្រោះ​បច្ចេកទេស​ផ្សេងៗ​មាន​ឲ្យ​យើង​ប្រើ មិន​មែន​មាន​តែ​អគ្គិសនី​ហ្នឹង​ទេ។ មិន​ចាំបាច់​បិទ​ទន្លេ​ក៏​មាន​អគ្គិសនី​ប្រើ​ដែរ។ គេ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​តាម​វិទ្យុ ខ្ញុំ​ទិញ​មក​ប្រើ​ទៅ គុណភាព​គេ​ក៏​ល្អ​ដែរ។ ខ្ញុំ​ប្រើ​បាន​បួន​ប្រាំ​ប្រាំមួយ​ខែ​ហើយ។ ខ្លះ​ក៏​ជិត ១០​ឆ្នាំ​ហើយ គេ​ប្រើ​នោះ។ ទៅ​រក​លុយ​មក​ពី​ណា ដើម្បី​នឹង​មក​បង់​ថ្លៃ​អគ្គិសនី​ហ្នឹង ? គឺ​វា​គ្មាន »

ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ចាប់​ផ្ដើម​បង្ក​កង្វល់​ដល់​ពលរដ្ឋ​នៅ​ឃុំ​ទាំង​៤ ក្នុង​ស្រុក​សេសាន ចាប់​តាំង​ពី​ពេល​ពួក​គាត់​ទទួល​ដំណឹង​ថា ក្រុមហ៊ុន ហាយដ្រូ ផោវវើ ឡូវើ សេសាន ធូ (Hydro Power Lower Sesan II) នឹង​មក​សាងសង់​ទំនប់​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ​លើ​ផ្ទៃដី​សរុប​ជាង ៣​ម៉ឺន​ហិកតារ (៣៣.៥០០​ហិកតារ)។

អ្នក​ភូមិ​ស្រែគរ វ័យ ៦១​ឆ្នាំ​មួយ​រូប ប្រកប​របរ​ជា​អ្នក​នេសាទ​ទាំង​ពិការ​ជើង​ម្ខាង​ផង គឺ​លោក ឌី ភុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា វត្តមាន​នៃ​ទំនប់​វារីអគ្គិសនី​នេះ​កំពុង​គំរាម​កំហែង​ដល់​ជីវភាព​រស់នៅ​របស់​លោក ដោយសារ​បរិមាណ​ត្រី​ថយ​ចុះ​ជា​លំដាប់៖ « វា​ធ្លាក់​ចុះ​ហ្នឹង​ហើយ។ ខ្ញុំ​ថា​នោះ​តាំង​ពី​ការ​សាងសង់​ទំនប់​មក។ ឆ្នាំ​នេះ​អត់​មាន​ទេ​ត្រី​រៀល នៅ​ឃើញ​ឡើង​មក​បាន​ពីរ​សា។ ក្រោយ​ពី​នោះ អត់ ស្ងាត់​រហូត​មក អត់​មាន​ត្រី​ឡើង​មក។ ក្នុង​មួយ​រយ​ភាគរយ ឥឡូវ​ធ្លាក់​មក​ដល់ ៣០​ភាគរយ។ ពី​មុន​នោះ ខ្ញុំ​ធ្លាប់​រក​បាន​ដាក់​មង​ដាក់​អី មួយ​យប់ ២០​គីឡូ ២៥​គីឡូ។ ឆ្នាំ​ទៅ​មួយ​នោះ បាន​ខ្លះ។ ដល់​ឆ្នាំ​នេះ ដាក់​បាន​យ៉ាង​ហោច​ពីរ​បី​គីឡូ។ ដាក់​សន្ទូច​មួយ​យប់​បាន​យ៉ាង​ហោច​មួយ​គីឡូ ពីរ​គីឡូ​ប៉ុណ្ណឹង។ កាល​ពី​មិន​ទាន់​មាន​ទំនប់​នោះ មួយ​ថ្ងៃ​យ៉ាង​តិច​ណាស់​ក៏ ២០​ម៉ឺន ៣០​ម៉ឺន​នោះ​ក៏​បាន។ ឥឡូវ​នេះ បាន​ត្រី​ថ្លៃ​ទៀត បាន​តែ​មួយ​ម៉ឺន​ពីរ​ម៉ឺន »

អ្នក​នេសាទ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា លោក​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ទេ តែ​លោក​ធុញទ្រាន់​ចំពោះ​ការ​ចរចា​ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​ក្រុមហ៊ុន ដែល​មិន​ព្រម​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ​សោះ៖ « ឥឡូវ​ឈប់​យក​ហើយ។ សុខ​ចិត្ត​ថា មិន​បាន​ស្អី​ក៏​បាន​ដែរ។ សុខ​ចិត្ត​ថា លិច​ផ្ទះ​ក៏​ខ្ញុំ​ដើរ​ចេញ​សិន ចាំ​ស្រក​វិញ​ចាំ​មក​វិញ »

ផ្ទុយ​ពី​ជំហរ​របស់​អ្នក​ភូមិ​ទាំង​នេះ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ដែល​បាន​យល់ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​ដែល​លោក​គ្រប់គ្រង​នោះ លះបង់​ភូមិ​កំណើត​ដើម្បី​ការ​អភិវឌ្ឍ​របស់​ជាតិ បើ​ទោះ​បី​ជា​លោក​ដឹង​ថា ការ​សាងសង់​ទំនប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ណា​ក៏ដោយ៖ « គាត់​ចេះ​តែ​គិត​ថា វា​អាយុ​ជីវិត​តាម​ដង​ទន្លេ ធ្វើ​ម៉េច​ឲ្យ​ទឹក​ហូរ​ទៅ​តាម​ធម្មជាតិ​ដូច​ពី​មុន​មក។ ធម្មតា យើង​ទៅ​គិត​មើល​ពី​សកលលោក​ទៅ។ គាត់​មិន​ទាន់​មើល​ប្រទេស​លើ​សកលលោក​ផ្សេងៗ ប្រទេស​ដែល​ធ្វើ​វារីអគ្គិសនី ដូចជា​ប្រទេស​ចិន។ តាម​ពិត ប្រទេស​ចិន វា​អំណាច​ក្រោយ​អាមេរិក ទេ។ ហេតុ​អី​សេដ្ឋកិច្ច​ចិន ជឿនលឿន ? ចិន យក​កត្តា​វារីអគ្គិសនី​នេះ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ ដូច្នេះ យើង​គិត​ថា ស្រុក​ខ្មែរ​យើង​បើ​មាន​វារីអគ្គិសនី​អ៊ីចឹង វា​អាច​រីក​ចម្រើន »

ទន្ទឹម​នឹង​ការ​ជំរុញ​ឲ្យ​អ្នក​ភូមិ​បើក​ផ្លូវ​ចរចា​ឡើង​វិញ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ក៏​បាន​ទម្លាក់​កំហុស​ដល់​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង នៃ​គណបក្ស​កាន់​អំណាច។

មេ​ឃុំ​រូប​នេះ​អះអាង​ថា លោក ឡូយ សុផាត ធ្លាប់​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​ថា នឹង​ជួយ​ទាមទារ​សំណង​ផល​ប៉ះពាល់​ឲ្យ​បាន​សមរម្យ។ តែ​នៅ​ទីបំផុត អតីត​អភិបាល​ខេត្ត​រូប​នេះ មិន​បាន​ធ្វើ​តាម​សម្ដី​របស់​ខ្លួន​ទេ បណ្ដាល​ឲ្យ​អ្នក​ភូមិ​ចងចាំ​មិន​ភ្លេច៖ « អាជ្ញាធរ​ខេត្ត​ក៏​មាន​កំហុស​ដែរ។ កំហុស​រឿង​អី ? ដូចជា​កន្លង​ទៅ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ឯកឧត្ដម ឡូយ សុផាត កាល​ពី​គាត់​នៅ​ធ្វើ​ជា​អភិបាល​ខេត្ត គាត់​បាន​ចុះ​ទៅ​ឃុំ​ស្រែគរ គាត់​ថា បង​ប្អូន​អើយ កាល​ហ្នឹង​អ្នក​ចូលរួម ១២០​គ្រួសារ​ចូលរួម គាត់​ប្ដេជ្ញា​ថា ដី​លំនៅឋាន គាត់​នឹង​ទាមទារ​ឲ្យ​បង​ប្អូន ក្បាល ៥០ បណ្ដោយ ១០០ ចំណែក​ដី​ចម្ការ ៥​ហិកតារ​មួយ​គ្រួសារ អា​ហ្នឹង​បាន​មែន។ យើង​ទទួល​ស្គាល់។ ដល់​ពេល​ចុង​ក្រោយ យើង​ឃើញ​ក្បាល ២០ បណ្ដោយ ៥០។ អ៊ីចឹង​បាន​ថា សម្ដី​របស់​អ្នក​ធំ​មួយ​ម៉ាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ​មិន​ភ្លេច។ អា​ហ្នឹង​ហើយ​ជា​បញ្ហា​ធ្វើ​ឲ្យ​ថ្នាក់​ឃុំ​នេះ​ដោះស្រាយ​បញ្ហា​ទៅ​មិន​រលូន »

ដំណោះស្រាយ​ដែល​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ យល់​ថា អាច​នឹង​បញ្ចប់​ភាព​ចម្រូងចម្រាស​នេះ​បាន គឺ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​វិនិយោគ ទូទាត់​សំណង​ឲ្យ​បាន​សមរម្យ និង​ផ្តល់​ទំហំ​ដី​នៅ​ទីតាំង​ថ្មី​ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ៖ « យើង​គួរ​តែ​គិត​អា​ក្បាល ៥០ បណ្ដោយ ១០០។ វា​មិន​អស់​ប៉ុន្មាន​ទេ ហើយ​មួយ​ជីវិត​គ្នា​បាន​តែ​ប៉ុណ្ណឹង​ហ្នឹង។ សួរ​ថា យើង​អ្នក​ធំ​ហ្នឹង​ដី​រាប់​មិន​អស់​ម្នាក់ៗ ដី​ដប់​ម្ភៃ​ហិកតារ សាមសិប​ហិកតារ​ម្នាក់ អស់​លោក​ធំៗ។ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ ជា​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ផង ជា​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​ផង។ កាល​ណា​ប្រជាពលរដ្ឋ​យល់​ស្រប​ហើយ ត្រឹមត្រូវ​ហើយ អា​ហ្នឹង​វា​ផល​ប្រយោជន៍​ទាំងអស់​គ្នា។ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ មិន​មែន​ថា​ប្រឆាំង​ជាមួយ​ការ​អភិវឌ្ឍ​ទេ ប៉ុន្តែ​យើង​និយាយ​ហេតុផល។ កុំ​យក​អា​ពាក្យ​និយាយ​សន្យា អត់​បាន​ការ សន្យា​ហើយ​អត់​ធ្វើ​ឲ្យ​គាត់។ អា​ហ្នឹង​ហើយ​ជា​បញ្ហា។ ខ្ញុំ​អត់​ទទួល​ខុស​ត្រូវ​ទេ »

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​ទូទាត់​សំណង​នេះ ហើយ​ចៀសវាង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ ដូច​ធ្លាប់​កើត​មាន​ក្នុង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​កន្លង​ទៅ៖ « ខ្ញុំ​សូម​សំណូមពរ​តាម​វិទ្យុ​អាស៊ីសេរី បើ​សិន​ជា​អស់​លោក​តំណាង​រាស្ត្រ បើ​សិន​ជា​រដ្ឋាភិបាល​ដឹង​ឮ ក៏ដូចជា​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដឹង​ឮ គួរ​តែ​ដោះ​គោលការណ៍​ឲ្យ​ប្រជាពលរដ្ឋ។ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ក៏​ខ្ញុំ​សំណូមពរ​ដល់​ថ្នាក់​រដ្ឋាភិបាល​ដែរ ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​សង់​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ យើង​ធ្វើ​យ៉ាង​ម៉េច ដោះស្រាយ​ដោយ​ខំ​ព្យាយាម ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ពលរដ្ឋ។ យើង​ជា​អ្នក​អង្គុយ​កៅអី ២០​ឆ្នាំ ៣០​ឆ្នាំ​ហើយ យើង​ជា​អ្នក​ចេះ​ដឹង។ អ៊ីចឹង​ខំ​ធ្វើ​យ៉ាង​ម៉េច ខំ​អត់ធ្មត់​ដោះស្រាយ​ជូន​ពួក​គាត់​ដោយ​សន្តិវិធី »

ទាក់ទង​នឹង​ក្ដី​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​ហិង្សា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​មិន​ធ្វើ​ដូច​អាជ្ញាធរ​នៅ​តំបន់​ផ្សេង​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ទេ៖ « និយាយ​ជា​រួម គឺ​ខេត្ត​មិន​ប្រើប្រាស់​មធ្យោបាយ​ជម្លៀស​ដោយ​បង្ខំ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ។ យើង​ធ្លាប់​ជួប​ករណី​ជម្លៀស​នេះ​តាំង​ពី​ជំនាន់​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត យើង​ធ្លាប់​ជួប។ អ៊ីចឹង​យើង​ប្រាកដ​ជា​ដឹង​ទាំងអស់​គ្នា​ថា វា​វេទនា​ប៉ុណ្ណា។ អ៊ីចឹង​យើង​មិន​ធ្វើ​បែប​នោះ​ទេ។ សម្រាប់​ខេត្ត​ស្ទឹងត្រែង កុំ​និយាយ​ពី​ខេត្ត​ផ្សេង​មក​ជាមួយ​ខេត្ត​ស្ទឹងត្រែង។ ខេត្ត​ស្ទឹងត្រែង គឺ​គោល​នយោបាយ​របស់​ខេត្ត​ស្ទឹងត្រែង។ សូម​បញ្ជាក់​ប៉ុណ្ណឹង »

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រូប​នេះ​បញ្ជាក់​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត នឹង​បន្ត​ពន្យល់​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​វិល​មក​រក​តុ​ចរចា​ឡើង​វិញ ដោយ​រំពឹង​ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​បញ្ចប់​ទាំង​ស្រុង​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៧។

យ៉ាង​ណា​ក៏ដោយ តំណាង​អ្នក​ភូមិ​ស្រែគរ លោកស្រី សារុំ សុខុម មាន​ប្រសាសន៍​ទាំង​កំហឹង​ថា លោកស្រី​នៅ​តែ​ប្រកាន់​ជំហរ​មិន​វិល​រក​តុ​ចរចា​វិញ​ឡើយ ហើយ​ក៏​ឈប់​ទាមទារ​ឲ្យ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែរ៖ « បើ​គេ​នៅ​តែ​មិន​បញ្ឈប់​នូវ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ហ្នឹង ពួក​ខ្ញុំ​មិន​ខ្វល់។ ទឹក​លិច​មក ខ្ញុំ​កាប់​ឫស្សី​ធ្វើ​ក្បូន​ទៅ ដាក់​ក្រោម​ផ្ទះ​ទៅ មាន​អី ទិញ​ជ័រ ទិញ​កាន​សាំង​មក​ដាក់​ទៅ បណ្ដែត​ក្បូន​តាម​ហ្នឹង ឲ្យ​ពិភពលោក​មើល​ឃើញ​ថា អូ ! អ្នក​ដឹក​នាំ​ប្រទេស​ខ្មែរ​ហ្នឹង ធ្វើ​បាប​ប្រជាជន ធ្វើ​បាប​ប្រជារាស្ត្រ។ ខ្ញុំ​ថា ដូច​វា​ល្អ​ម្យ៉ាង​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​អ៊ីចឹង »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។