សហគមន៍ជនជាតិដើមភាគតិចរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យដឹងថា ក្រុមហ៊ុនចិន រ៉ុង ឆេង កំពុងដំណើរការអាជីវកម្មចម្រាញ់រ៉ែមាស ឡើងវិញ ដោយមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង បើទោះបីជាក្រសួងបានសម្រេចផ្អាកអាជីវកម្មរ៉ែមាសទាំងអស់នៅតំបន់នោះក្តី។ អ្នកភូមិចោទថា ក្រុមហ៊ុននេះគឺនៅពីក្រោយខ្នងនៃការស្លាប់ពលរដ្ឋជាច្រើននាក់កន្លងទៅ និងរាប់រយនាក់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្រាបង្ហូរកាកសំណល់គីមី ឬជាតិហ្សានីតចូលក្នុងទឹកអូរធម្មជាតិ។
សហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា សម្ដែងក្តីបារម្ភជាថ្មីទៀត ពីការកក្រើកឡើងវិញ នៃអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនចិន រ៉ុង ឆេង កំពុងប្រមូលកម្មករជាច្រើន ធ្វើអាជីវកម្មចម្រាស់រ៉ែមាស ក្នុងរណ្ដៅជម្រៅរាប់រយម៉ែត្រ។ ពួកគេរកឃើញថា ក្រុមហ៊ុននេះប្រើប្រាស់ អាជ្ញាប័ណ្ណកសាងហេដ្ឋារចនាសម្ពន្ធជាលេស ដើម្បីចម្រាញ់រ៉ែមាសខុសច្បាប់នៅតំបន់នោះ
អស់រយៈ ៥ ឆ្នាំមកហើយ គ្មានការអនុវត្តច្បាប់ត្រឹមត្រូវ ដោយសារបានទទួលភ្លើងខៀវពីបុគ្គលមានអំណាចកាងអាជីវកម្មខុសច្បាប់ឲ្យខ្លួន។
សហគមន៍រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២០ កញ្ញា ថា ក្រុមហ៊ុនចិន រ៉ុង ឆេង បានបូមទឹកចេញពីអណ្ដូង និងធ្វើសកម្មភាពចម្រាញ់រ៉ែមាស បាន ២សប្តាហ៍មកហើយ ដោយមានសន្តិសុខយាមយ៉ាងប្រុងប្រយ័ត្នបំផុត និងរឹតត្បិតអ្នកខាងក្រៅមិនឲ្យចេញចូលតំបន់នោះ។ លោកបារម្ភថា អាយុជីវិតពលរដ្ឋរស់នៅតំបន់នោះ កំពុងឋិតក្នុងភាពផុយស្រួយ និងហានិភ័យខ្ពស់ ខណៈអាជ្ញាធរពាក់ព័ន្ធ គ្មានសមត្ថភាពអនុវត្តច្បាប់លើក្រុមហ៊ុនចិននោះទេ៖ «ឥឡូវគេបិទរណ្ដៅខ្មែរយើង ឲ្យចិនដំណើរការអាជីវកម្មវិញ ហើយនៅ រ៉ុង ឆេង តែមួយទេ តែមានសាខារណ្ដៅ ៤កន្លែង កន្លែងធំ។ រណ្ដៅបែកជា៣ រណ្ដៅធំមួយប៉ុន្មានរយម៉ែត្រហ្នឹង»។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំស្រែឈូក ស្រុកកែវសីមា លោក ប្រប់ ជីប បារម្ភថា ជនជាតិដើមភាគតិច រងទុក្ខវេទនា មិនអាចប្រើប្រាស់ទឹកអូរធម្មជាតិបានជាច្រើនខែមកហើយ ដោយសារមានជាតិពុល ហើយកន្លងទៅគោ/ក្របីអ្នកភូមិងាប់ជាច្រើនក្បាល។ លោកថា បើអាជ្ញាធរមិនបិទអាជីវកម្មក្រុមហ៊ុនចិននេះទេ នឹងបង្កឲ្យពលរដ្ឋស្លាប់ និងរងគ្រោះឥតឈប់ឈរនៅថ្ងៃខាងមុខ ហើយអាជ្ញាធរពាក់ព័ន្ធ នៅតែរកលេសយករួចខ្លួនមិនទទួលខុសត្រូវដដែលៗ៖ «វានៅតែធ្វើបន្តដូចមុន តែចុចគ្រាប់រំសេវផ្ទុះថ្ម ដោយសំងាត់។ គាត់អត់គិតពីពលរដ្ឋ និងសុខភាពពលរដ្ឋ ឬសត្វអត់មានគិតទេ។ គាត់ចេះតែប្រើឧបាយកលរហូត ឲ្យក្រុមហ៊ុនផ្ទុះពុល ជាបន្តបន្ទាប់អ៊ីចឹង»។
អាស៊ីសេរី ពុំទាន់អាចទាក់ទង ភាគីក្រុមហ៊ុនចិន រ៉ុង ឆេង ដើម្បីបកស្រាយ ជុំវិញការលើកឡើង របស់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា នោះ នៅឡើយទេ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ម៉ឹង សុចាន់ថា បញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នក្រុមហ៊ុនចិន រ៉ុង ឆេង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលគេអនុញ្ញាតឲ្យធ្វើអាជីវកម្មអនុលោមតាមច្បាប់ផ្ដល់សិទ្ធិអោយ។ ចំណែកសហគមន៍ អាជ្ញាធរពាក់ព័ន្ធមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មលក្ខណៈសហគមន៍នោះទេ ដោយសារពួកគេមិនអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជំនាញ៖ «ក្រុមហ៊ុនមាន អាជ្ញាប័ណ្ណត្រឹមត្រូវ យើងឲ្យធ្វើតាមលក្ខខណ្ឌតាមច្បាប់ផ្ដល់សិទ្ធិឲ្យ។ ដោយឡែកសហគមន៍គេអនុញ្ញាតឲ្យ តែគាត់ធ្វើខុសលក្ខខណ្ឌ ឧទាហរណ៍ថា គេអនុញ្ញាតជីករណ្ដៅជម្រៅ មិនលើសពី២០ម៉ែត្រ គាត់ជីកលើស គេមិនអនុញ្ញាតឲ្យប្រើរំសេវ គាត់ប្រើរំសេវផ្ទុះ»។

កាលពីដើមឧសភាកន្លងទៅ ពលរដ្ឋរស់នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជិត ២០នាក់ បានស្លាប់ និងជាង ៤០០នាក់ឈឺ ដោយសារពុលទឹកអូរ និងទឹកព្រែកទេរ ដែលក្រុមហ៊ុនរ៉ែមាសខុសច្បាប់ទាំងនោះ បង្ហូរកាកសំណល់គីមីចូលក្នុងទឹក។ លើសពីនេះ កាលពីអំឡុង ខែកក្កដាកន្លងទៅ ពលរដ្ឋរស់នៅក្បែរតំបន់អាជីវកម្មរ៉ែមាសក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាប់ភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី ២នាក់បានស្លាប់ និង ៤៨នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់សង្ស័យពុលស្រាស។ ក្រោយពីកើតមានបាតុភាពនេះ ក្រសួងសុខាភិបាលបានទម្លាប់កំហុសលើការទទួលទានស្រាសយ៉ាងលឿន ព្រោះខ្លាចក្រែងប៉ះពាល់ក្រុមហ៊ុនចិន។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ( Alejandro Gonzalez Davidson ) អង្កេតឃើញថា ក្រុមហ៊ុនចិន រ៉ុង ឆេង អាចនឹងទទួលភ្លើងខៀវពីអ្នកមានអំណាច ក្នុងរបបលោក ហ៊ុន សែន ដើម្បីបន្តអាជីវកម្មចម្រាញ់រ៉ែមាសឡើងវិញ។ លោកគិតថា ក្រុមហ៊ុននេះ អាចនឹងទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងសាមី បន្ទាប់ពីធ្វើសកម្មភាពចម្រាញ់រ៉ែមាសខុសច្បាប់អស់រយៈពេល ៥ឆ្នាំកន្លងទៅ បង្កប៉ះពាល់បរិស្ថាន និងអាយុជីវិតពលរដ្ឋ៖ «វិស័យរ៉ែ ប៉ុន្មានឆ្នាំកន្លងមក វាធ្លាប់មាន តែមានលក្ខណៈតូចតាច និងមធ្យមទៀតមានវានឹងក្លាយ ជាមួយវិស័យធំ។ ក្រុមហ៊ុនធំមក ធ្វើសកម្មភាពធំ ខណៈពេលដែលយន្តការគ្រប់គ្រង វានៅផុយស្រួយ វាពោលពេញដោយបញ្ហាពុករលួយ និងរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធមិនមានសមត្ថភាពគ្រប់គ្រង។ អាហ្នឹងជាកត្តាមួយ ដែលនឹងបណ្ដាលឲ្យប៉ះពាល់បរិស្ថាន សង្គម និង សេដ្ឋកិច្ចធ្ងន់ធ្ងរមែនទែន»។
ក្រុមហ៊ុនចិន រ៉ុង ឆេង ឬហៅម្យ៉ាងទៀតថា ក្រុមហ៊ុន រង់ ឈីង អ៊ិនដាសស្ទៀល អ៊ិនវេសមេន RONG CENG INDUSTRIAL INVESTMENT ( CAMBODIA ) CO ., LTD គឺជាសាខា របស់ក្រុមហ៊ុន ឡោ យ៉ាង រ៉ុង ឆេង LUO YANG RONG CHENG នៅប្រទេសចិន ដែលមានទីតាំងឋិតនៅក្រុងលូនយ៉ាង ខេត្តហឺណាន នៃសាធារណៈប្រជាមានិតចិន។ ក្រុមហ៊ុននេះ ក៏ជាសាខារបស់ក្រុមហ៊ុន លីងប៉ាវ ហ្គោល LINGBAO GOLD HOLDING COMPANY ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជិកាផ្សារហ៊ុន ក្នុងទីក្រុងហុងកុង ឈលំដាប់លេខទី២ ក្នុងប្រទេសចិន ដែលល្បីខាងអាជីវកម្មរ៉ែមាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។