ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងអះអាងថា ការតាំងលក់សាច់សត្វព្រៃខុសច្បាប់ ក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង កើតមានជាច្រើនឆ្នាំមកហើយ ពុំទាន់ឃើញស្ថាប័នណាមួយលុបបំបាត់នៅឡើយទេ។ ពួកគេសង្កេតឃើញថា សមត្ថកិច្ចពាក់ព័ន្ធខេត្តនេះ អនុវត្តច្បាប់បានតែម្តងម្កាលប៉ុណ្ណោះ ហើយមួយរយៈខ្លីក្រោយមក ឈ្មួញនៅតែដាក់តាំងលក់សត្វព្រៃក្នុងផ្សារដដែលៗ។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង បង្ហាញអារម្មណ៍សោកស្ដាយដោយសារតែឈ្មួញបន្តជួញដូរ សត្វព្រៃកម្រ ដូចជា ឈ្លូស ប្រើស ទន្សោង ត្រកួត ជ្រូកព្រៃ និងស្វាព្រៃជាដើម ក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង។ ពលរដ្ឋបង្ហើបថា សត្វព្រៃកម្រទាំងនេះ ក្រុមឈ្មួញបានតាំងលក់ពីរកន្លែងផ្សេងគ្នា និងមានសត្វព្រៃខ្លះគេបន្លំជាសាច់សត្វស្រុក។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង លោក ឡេង ពៅ ឱ្យដឹងនៅថ្ងៃទី១៧ មិថុនាថា សត្វព្រៃកម្រទាំងនេះ មានប្រភពមកពីព្រៃអភិរក្ស ក្នុងស្រុកសៀមប៉ាង ព្រៃឡង់ និងព្រៃសហគមន៍ផ្សេងទៀតក្នុងខេត្តស្ទឹងត្រែង។ លោកថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះ មិនយកចិត្តទុកដាក់បង្ក្រាប និងលុបបំបាត់ការជួញដូរសត្វព្រៃទាំងនេះទេជាច្រើនឆ្នាំមកហើយ៖ «លក់មានត្រកួត ជ្រូកព្រៃ ឈ្លូស និងសត្វខ្យងជើងតូចៗ គេលក់ពីរកន្លែង វាសំបូរដោយថ្ងៃ។ លក់យូរឆ្នាំមកហើយ តាំងពីអត់ទាន់មានផ្សារថ្មីមក នៅតែផ្សារចាស់ គឺលក់ហូរហែរហូតរាប់ឆ្នាំ » ។
បុរសដដែលបន្ថែមថា ការបណ្ដោយឱ្យឈ្មួញលក់សត្វព្រៃក្នុងផ្សារ ជាការលើកទឹកចិត្តឱ្យព្រានព្រៃ បន្តសកម្មភាពបរបាញ់សត្វព្រៃដោយខុសច្បាប់ ដែលជាហេតុធ្វើឱ្យសត្វព្រៃកម្រច្រើនប្រភេទ ងាយនឹងផុតពូជ។ លោកសង្កេតឃើញថា ក្រុមអ្នកបរបាញ់សត្វព្រៃភាគច្រើន មានកាំភ្លើងច្នៃ តែងតែបាញ់សត្វព្រៃ និងដាក់អន្ទាក់ក្នុងព្រៃអភិរក្ស ហើយសមត្ថកិច្ចកម្រនឹងបង្ក្រាបណាស់៖ «និយាយទៅការបង្ក្រាបរបស់អាជ្ញាធរ គឺមានម្ដងម្កាល មិនសូវតឹងរ៉ឹងទេ។ បង្ក្រាបថ្ងៃនេះ ពីរទៅបីថ្ងៃក្រោយលក់វិញទៀត។ គេបង្ក្រាបខ្សោយណាស់ បង្ក្រាបរបៀបម៉េច ? បានឈ្មួញចេះតែបន្តទៅរហូត » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អធិការក្រុងស្ទឹងត្រែង លោក ឈួក កុម៉ល ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានទេ នៅថ្ងៃទី១៧ មិថុនា។
ចំណែកមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បដិសេធមិនឆ្លើយសំណួរអាស៊ីសេរីទេ ដោយលោករុញឱ្យអ្នកសារព័ត៌មានទៅសួរ អ្នកនាំពាក្យកងរាជអាវុធហត្ថវិញ៖ «សូមអញ្ជើញសួរទៅអ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សុំទោសអធ្យាស្រ័យ » ។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានទេ នៅថ្ងៃដដែលនេះ។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសប្ដេជ្ញាអនុវត្តន៍នូវវិធានការចាំបាច់ ដើម្បីទប់ស្កាត់ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់គ្រប់រូបភាព។ លោកថា កម្ពុជាមិនអនុញ្ញាតឱ្យមានការជួញដូរសត្វព្រៃ និងប្រើប្រាស់សត្វព្រៃសម្រាប់តម្រូវការប្រចាំថ្ងៃនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កត់ធ្ងន់ថា អាជ្ញាធរបណ្តោយឱ្យលក់សាច់ព្រៃខុសច្បាប់ដដែលៗ ជាការរួមចំណែកបំផ្លាញសត្វព្រៃ សល់ចុងក្រោយនៅកម្ពុជា។ លោកថា សមត្ថកិច្ចចម្រុះស្ទើរគ្រប់ស្ថាប័ន បានពង្រាយច្រើនស្អេកស្កះ ក្នុងក្រុងស្ទឹងត្រែង បែរជាមិនអើពើទប់ស្កាត់ និងលុបបំបាត់ការជួញដូរសត្វព្រៃខុសច្បាប់ទៅវិញ៖ «លក់សត្វព្រៃ លក់ត្រកួតលក់អី យើងឃើញ យើងសួរគាត់ទិញមកពីខាងណា គាត់អត់ប្រាប់យើងទេ។ ភាគច្រើនមិនមានចាត់វិធានការផ្លូវច្បាប់ អ្នកលក់ចាប់ធ្វើកិច្ចសន្យា ពីរទៅ បីដង បន្ទាប់មកគាត់លក់ដដែល។ យើងឃើញថា បើចាប់ពីរ បីដងគាត់មិនរាងចាល គួរអនុវត្តច្បាប់ទៅ។ ចំពោះអ្នកប្រើប្រាស់អាវុធកែច្នៃ បើនិយាយពីច្បាប់ គឺប្រើអាវុធខុសច្បាប់ហើយ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធខេត្តនេះ ខ្វះចន្លោះច្រើន ក្នុងការអនុវត្តច្បាប់ចំពោះការជួញដូរសត្វព្រៃ និងរឹបអូសកាំភ្លើងច្នៃពីក្រុមពលរដ្ឋមួយចំនួននៅមូលដ្ឋាន។ លោកសង្កេតឃើញថា ពលរដ្ឋរស់នៅជនបទខ្លះមានកាំភ្លើងច្នៃ តែងលួចបរបាញ់ដាក់អន្ទាក់ និងប្រើថ្នាំពុលនៅទីតាំងជ្រកសត្វព្រៃរស់នៅ ដោយមិនខ្លាចច្បាប់នោះទេ ហើយនគរបាលមូលដ្ឋាន និងអាជ្ញាធរឃុំ តែងតែចាត់ទុកថា ទង្វើនេះជារឿងតូចតាចដោយមិនអើពើអនុវត្តច្បាប់។
ច្បាប់ស្ដីពីព្រៃឈើឆ្នាំ ២០០២ មាត្រា ៤៩ ចែងថា ហាមឃាត់ដាក់ខាត់រាល់សកម្មភាពបរបាញ់យាយីបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។