សហគមន៍​ជ្រាវ​អំពាវនាវ​រដ្ឋាភិបាល​ជួយ​អភិវឌ្ឍ​វាល​ព្រៃ​លិច​ទឹក​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍

ដោយ ហង្ស សាវយុត
2016.08.22
Share on WhatsApp
Share on WhatsApp
ទេសចរ​សង្កាត់​ជ្រាវ សៀមរាប ២០១៦ ៨៥៥ ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ឆ្លុះ​កែវយឹត​មើល​ហ្វូង​សត្វ​ស្លាប​ដែល​កំពុង​ចុះ​រក​ចំណី​នៅ​តាម​វាល​ស្រែ​នៃ​តំបន់​ព្រៃ​លិច​ទឹក ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

សង្កាត់​ជ្រាវ គឺ​ជា​តំបន់​មួយ​របស់​ក្រុង​សៀមរាប ដែល​មាន​ទីតាំង​ជាប់​នឹង​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប ហើយ​មាន​អំណោយ​ផល​ទៅ​លើ​វិស័យ​កសិកម្ម​ផង ទេសភាព​ស្រស់​ស្អាត​ផង ព្រម​ទាំង​មាន​សត្វ​ស្លាប​ទាំង​ហ្វូងៗ​ចុះ​រក​ចំណី​ពាសពេញ​វាល​ស្រែ ដែល​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ​ខ្លះ​ឲ្យ​ចង់​មក​គយគន់​ផង។

បច្ចុប្បន្ន ដោយសារ​តែ​អ្នក​ទេសចរ​បរទេស​ខ្លះ​ចាប់​អារម្មណ៍​នឹង​ដំណាំ​សរីរាង្គ ព្រម​ទាំង​ចង់​មើល​ទេសភាព​វាល​ស្រែ និង​សត្វ​ស្លាប គឺ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​សង្កាត់​ជ្រាវ ក៏​ខិតខំ​ច្នៃ​ប្រឌិត​បង្កើត​ជា​សេវាកម្ម​រទេះ​គោ​ដឹក​ភ្ញៀវ​ទេសចរ និង​ការ​ឆ្លុះ​មើល​សត្វ​ស្លាប​ខ្លះ​ទៀត ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវ​កាន់​តែ​ចាប់​អារម្មណ៍​ចង់​មក​មើល​សហគមន៍​របស់​ពួក​គេ។

អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​សង្កាត់​ជ្រាវ អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍន៍ ជួយ​ជំរុញ​ឲ្យ​សហគមន៍​របស់​ពួក​គេ​មាន​ផ្លូវ​ល្អ​ស្អាត ចុះ​ទៅ​កាន់​តំបន់​ព្រៃ​លិច​ទឹក និង​កន្លែង​អភិរក្ស​ពូជ​ត្រី​បឹង​ពារាំង ប្រយោជន៍​ឲ្យ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​មើល​ជីវចម្រុះ ព្រម​ទាំង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​បាន​នៅ​ពេល​ខាង​មុខ។

ការ​អំពាវនាវ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ក្នុង​សង្កាត់​ជ្រាវ បាន​រក​ឃើញ​ប្រភព​ធនធាន​ជាច្រើន ដូចជា​ទេសភាព​វាល​ស្រែ​ដ៏​ស្រស់​ស្អាត តំបន់​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប ព្រម​ទាំង​មាន​តំបន់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​តែង​ចុះ​រក​ស៊ី​ចំណី អាច​ឲ្យ​កែច្នៃ​ធនធាន​ទាំងនោះ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​យ៉ាង​ល្អ​សម្រាប់​អនាគត។

ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​សង្កាត់​ជ្រាវ គឺ​លោក គង់ មង្គល។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ម៉ឺន​នាក់​បាន​មក​ទស្សនា​អង្គរ​ក្នុង​ខេត្ត​សៀមរាប ក្នុង​មួយ​ខែៗ។ លោក​យល់​ថា សង្កាត់​ជ្រាវ របស់​លោក​ដែល​នៅ​ជាប់​នឹង​តំបន់​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប ព្រម​ទាំង​មាន​ទេសភាព​វាល​ស្មៅ​វាល​ស្រែ​ដ៏​ស្រស់​ស្អាត ថែម​ទាំង​ជីវចម្រុះ​បឹង​ទន្លេសាប​ជាច្រើន​ទៀត​នោះ គឺ​ប្រាកដ​ជា​មាន​សក្ដានុពល​ខាង​ធម្មជាតិ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​ឲ្យ​មក​ទស្សនា​បាន នៅ​ពេល​ដែល​ពួក​គេ​ទៅ​មើល​អង្គរវត្ត​រួច​ហើយ​នោះ។

សត្វ​ស្លាប​ប្រភេទ​រនាល​ខ្យង និង​ក្រសារ ចុះ​រក​ចំណី​នៅ​តាម​វាល​ស្រែ​នៃ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth
សត្វ​ស្លាប​ប្រភេទ​រនាល​ខ្យង និង​ក្រសារ ចុះ​រក​ចំណី​នៅ​តាម​វាល​ស្រែ​នៃ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ទោះ​បី​ជា​យ៉ាង​ណា សហគមន៍​ជ្រាវ នៅ​មាន​បញ្ហា​លំបាក​ខ្លះ​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​ទាន់​ចង់​ទៅ​កម្សាន្ត​នៅ​ឡើយ ដោយសារ​តែ​គ្មាន​ផ្លូវ​ល្អ​ស្អាត​សម្រាប់​ធ្វើ​ដំណើរ​ចុះ​ទៅ​តំបន់​ព្រៃ​លិច​ទឹក និង​មិន​ទាន់​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​ផ្លូវ​ទឹក​ទៅ​ដល់​បឹង​ពារាំង ដើម្បី​មើល​ជីវចម្រុះ និង​សត្វ​ស្លាប​នៅ​ឡើយ។

លោក គង់ មង្គល បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហគមន៍​របស់​លោក​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការពារ​ព្រៃ​លិច​ទឹក ទប់ស្កាត់​ការ​នេសាទ​ត្រី​ខុស​ច្បាប់ ព្រម​ទាំង​ពូជ​សត្វ​ស្លាប​ជាច្រើន​ឲ្យ​គង់វង្ស ប្រយោជន៍​ឲ្យ​ធនធាន​ទាំងនោះ​អាច​ក្លាយ​ទៅ​ជា​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ បច្ចុប្បន្ន​គេ​បាន​រៀបចំ​គម្រោង​មួយ​ចំនួន សម្រាប់​ទុក​ជា​តំបន់​អេកូ​ទេសចរណ៍​រួច​ហើយ ក៏ប៉ុន្តែ​បញ្ហា​ធំៗ​មួយ​ចំនួន​ដូចជា​មិន​ទាន់​មាន​ផ្លូវ​ស្អាត និង​សេវាកម្ម​មិន​ទាន់​ប្រសើរ​នៅ​ឡើយ ទើប​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន៖ «បើ​សិន​ជា​គ្មាន​ផ្លូវ​ទេ គ្មាន​ទេសចរ​ទៅ​ទេ សហគមន៍​អត់​មាន​កម្លាំង​គ្រប់គ្រង​ដើម្បី​ការពារ​អភិរក្ស​ទេ គឺ​ការ​អភិរក្ស​បាត់បង់​ហើយ»

នៅ​សង្កាត់​ជ្រាវ បច្ចុប្បន្ន​គឺ​មាន​សក្ដានុពល​មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ចាប់​អារម្មណ៍​ជា​បណ្ដើរៗ ដូចជា​ការ​បម្រើ​សេវាកម្ម​រទេះ​គោ​ដឹក​ភ្ញៀវ​ដើរ​កម្សាន្ត កន្លែង​ដាំ​ដំណាំ​សរីរាង្គ ព្រម​ទាំង​មើល​សត្វ​ស្លាប​ដែល​ចុះ​រក​ចំណី​នៅ​តាម​ទីវាល​ជាដើម។

ស្ត្រី​អ្នក​ទេសចរ​បរទេស​ម្នាក់ បាន​នាំ​គ្រួសារ​របស់​គាត់​មក​ទស្សនា​ដំណាំ​របស់​កសិករ​នៅ​សង្កាត់​ជ្រាវ ដែល​ដាំ​ដោយ​មិន​ប្រើ​ជី​គីមី។ ស្ត្រី​ទេសចរ​បរទេស​រូប​នោះ បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​រីករាយ​ផង នៅ​ពេល​ដែល​នាង​ឃើញ​កសិករ​ចេះ​ដាំ​បន្លែ​ប្រើ​ជី​សរីរាង្គ។ នាង​មាន​ប្រសាសន៍​ថា វា​ពិត​វិសេស​ខ្លាំង​ណាស់​ចំពោះ​អ្នក​ភូមិ​ដែល​បាន​ដាំ​ដុះ​បន្លែ​ដោយ​ប្រើ​ជី​សរីរាង្គ​ដូច​នេះ៖ «បន្លែ ឬ​ផ្លែ​ឈើ​ទាំងអស់​ដែល​ធម្មជាតិ​សុទ្ធសាធ គឺ​បាន​ដុះ​លូតលាស់​តាម​របៀប​ជី​សរីរាង្គ​ដូច​នេះ​ឯង។ បន្លែ ឬ​ផ្លែ​ឈើ​ធម្មជាតិ​នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា​ទៅ គឺ​មាន​សុខភាព​ល្អ ចំណែក​ឯ​បន្លែ​គីមី ពេល​ទទួល​ទាន​រួច​ហើយ នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ»

មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​គាំទ្រ​ចំពោះ​សហគមន៍​ជ្រាវ ដែល​មាន​បំណង​បង្កើន​តំបន់​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ (Eco-tuorism) សម្រាប់​អនាគត​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​ធ្លាប់​ទៅ​ពិនិត្យ​មើល​តំបន់​នោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជ្រាវ បង្កើត​ជា​សហគមន៍​ទេសចរណ៍​មួយ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ធ្វើ​ទំនាក់ទំនង​ទៅ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ចំនួន​៥ ដូចជា​ក្រសួង​កសិកម្ម ក្រសួង​ធនធាន​ទឹក ក្រសួង​បរិស្ថាន ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​ទេសចរណ៍ ជាដើម ដើម្បី​ឲ្យ​ក្រសួង​ទាំងនោះ​ជួយ​អភិវឌ្ឍ​ទៅ​តាម​ផ្នែកៗ​របស់​គេ៖ «អា​ហ្នឹង​សំខាន់​ណាស់ ខ្ញុំ​ក្នុង​នាម​ក្រសួង​មួយ​ក្នុង​ចំណោម​ក្រសួង​ទាំង​៥ ហ្នឹង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​គិត​ថា​ក្រសួង​ទាំងអស់ នឹង​គាំទ្រ​បង្កើត​សហគមន៍​នេះ​ឲ្យ​ក្លាយ​ទៅ​តំបន់​ជា​អេកូ​ទេសចរណ៍»

សង្កាត់​ជ្រាវ ក្រុង​សៀមរាប បច្ចុប្បន្ន​មាន​វិសាលភាព​ផ្ទៃដី​ធំ​ទូលាយ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង ២.៦០០​គ្រួសារ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ចំនួន ៨០% ជា​អ្នក​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត។

ចៅ​សង្កាត់​ជ្រាវ លោក ក្អោប រ៉ន មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ផ្ទៃដី​របស់​សង្កាត់​ជ្រាវ ប្រហែល​ជាង ៦​ពាន់​ហិកតារ​នៅ​តំបន់​បឹង​ពារាំង និង​រាំង​ស្រោង អាច​នឹង​កែច្នៃ​ធ្វើ​ជា​តំបន់​អេកូ​ទេសចរណ៍​បាន​សម្រាប់​អនាគត។ លោក ក្អោប រ៉ន មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​បង្កើត​តំបន់​អេកូ​ទេសចរណ៍​នៅ​ក្នុង​ភូមិសាស្ត្រ​ជ្រាវ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​ថា ប្រសិន​បើ​សង្កាត់​ជ្រាវ មាន​តំបន់​អេកូ​ទេសចរណ៍​មែន គឺ​វា​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ទទួល​បាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បន្ថែម​ពី​លើ​មុខ​របរ​ដែល​ធ្វើ​ស្រែ​ចម្ការ​បច្ចុប្បន្ន​ខ្លះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។