មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​លំផាត់​ខេត្ត​រតនគិរី​ទទួល​យក​សំណើ​២​ចំណុច​របស់​សហគមន៍

ដោយ រដ្ឋា វិសាល
2015-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន តំណាង​ក្រុមហ៊ុន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដោះស្រាយ​ប្រគល់​រថយន្ត​ស្ទូច​ឈើ​ដែល​សហគមន៍​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន តំណាង​ក្រុមហ៊ុន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដោះស្រាយ​ប្រគល់​រថយន្ត​ស្ទូច​ឈើ​ដែល​សហគមន៍​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Ratha Visal

ក្រុម​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី យល់​ព្រម​បញ្ចប់​ជម្លោះ​ចោទ​ប្រកាន់​គ្នា​ក្នុង​រឿង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​យល់​ស្រប​គ្នា​ថា ជា​ការ​ភ័ន្ត​ច្រឡំ។

ដោយឡែក​សហគមន៍​ទាមទារ​ពីរ​ចំណុច​ពី​មន្ត្រី​អនុរក្ស ទាក់ទិន​គម្រោង​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច និង​ដី​អភិរក្ស​ជា​ព្រៃ​បម្រុង​ទុក​របស់​សហគមន៍។

សហគមន៍​ភូមិ​ប៉ាតត់ ជាង ១០០​នាក់ បាន​ឯកភាព​គ្នា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជីងហ្យុងរី (Jing Zhong Ri) ផ្អាក​ការ​ឈូស​ឆាយ​នៅ​តំបន់​ព្រៃ​ត្រួត​ស៊ី​គ្នា​រវាង​ព្រៃ​សម្បទាន និង​ព្រៃ​អភិរក្ស​សហគមន៍ និង​ទាមទារ​កុំ​ឲ្យ​មាន​ការ​រឹត​បន្តឹង ករណី​សហគមន៍​សុំ​ឈើ​សាងសង់​លំនៅឋាន។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ដោះស្រាយ​បាតុភាព​រវាង​សហគមន៍ និង​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា នៅ​ភូមិ​ប៉ាតត់ និង​ជា​លក្ខខណ្ឌ​របស់​សហគមន៍ យល់​ព្រម​ប្រគល់​រថយន្ត​ដែល​សហគមន៍​រឹប​អូស​ទៅ​ឲ្យ​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ វិញ។

តំណាង​សហគមន៍ លោក អិន ខាំបែក បាន​អនុម័ត​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​តាម​រយៈ​ការ​ទះ​ដៃ​ស្រុះ​គ្នា​របស់​សមាជិក​សហគមន៍​ទាំង​ប្រុស​ស្រី​ក្មេង​ចាស់ ជា​សក្ខី​ភាព​ថា​ការ​តវ៉ា​របស់​សហគមន៍ គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​សមូហភាព ដើម្បី​ការពារ​ផល​ប្រយោជន៍​សហគមន៍។ លោក​ថា អ្នក​ភូមិ​មាន​បំណង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ហេតុ​នេះ​សហគមន៍​ត្រូវ​ការ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កាត់​ចេញ​ព្រៃ​បម្រុង ទុក​ព្រៃ​គោរព​បូជា​ពី​ព្រៃ​ដែល​រដ្ឋ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ដើម្បី​អ្នក​ភូមិ​ប្រើប្រាស់​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច៖ «ប្រជាពលរដ្ឋ​ខ្ញុំ​មិន​ព្រម ព្រោះ​ប្រជាពលរដ្ឋ​ខ្ញុំ​មិន​មែន​កាប់​ឈើ ហើយ​បាញ់​ថ្នាំ​ជា​អក្សរ​អា​១ បេ​២ ទេ។ អត់​ចង់​ឲ្យ​ចោទ​ប្រកាន់​ទម្លាក់​កំហុស​លើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ។ គាប​សង្កត់​ប្រជាពលរដ្ឋ​ខ្ញុំ ថា​ធ្វើ​បទល្មើស​ច្រើន​ជាង​បរិស្ថាន អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​ខ្ញុំ​ចាប់​ឡាន​បរិស្ថាន​ដឹក​ឈើ​វិញ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឈើ​មូល ៩​ដើម និង​រថយន្ត​រ៉េវ​ស្ទូច​ឈើ​មួយ​គ្រឿង ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឡោម​ព័ន្ធ​ចាប់​យក​មក​រក្សា​ទុក​នៅ​សាលា​ភូមិ​របស់​សហគមន៍ ខណៈ​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ បី​នាក់ រួម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ជីងហ្យុងរី ព្យាយាម​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ។ អ្នក​ភូមិ​ចោទ​ថា មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​ខុស​ច្បាប់។ ចំណែក​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​បដិសេធ​ថា ឈើ​នោះ គឺ​មន្ត្រី​អនុរក្ស​រក​ឃើញ​នៅ​ក្នុង​ព្រៃ មិន​ដឹង​អត្តសញ្ញាណ​អ្នក​កាប់ ទើប​ខ្ចី​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ស្នាក់ការ​អនុរក្ស។

ទាក់ទិន​សំណូមពរ​សហគមន៍ នាយក​រង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សាន សានី ថ្លែង​បញ្ជាក់​ថា តំណាង​ក្រុមហ៊ុន​បាន​សន្យា​ថា ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​ក្រុមហ៊ុន​កាប់​ឈើ​ឈរ​ក្នុង​តំបន់​ព្រៃ​សម្បទាន និង​កាប់​ឈើ​មូល​ពី​ក្រៅ​ដី​សម្បទាន។ ដោយឡែក​ចំពោះ​ការ​ទាមទារ​របស់​សហគមន៍ ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​នោះ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រេច៖ «ខ្ញុំ​យល់​ព្រម​ហើយ​យក​ព័ត៌មាន​នេះ​រាយការណ៍​ទៅ​ថ្នាក់​ដឹក​នាំ​មន្ទីរ ឲ្យ​គាត់​បាន​ជ្រាប។ រយៈ​កាល​កន្លង​ទៅ​នេះ ដោយសារ​យើង​មាន​ការ​យល់​ច្រឡំ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រជាពលរដ្ឋ​គាត់​អត់​យល់​ថា ខាង​សមត្ថកិច្ច​យើង​យក​ទៅ​ទុក អ៊ីចឹង​បាន​គាត់​ចាប់។ បើ​តាម​មន្ត្រី​ឧទ្យានុរក្ស​ខ្ញុំ​រាយការណ៍​មក​ថា គេ​ដើរ​ល្បាត​ទៅ​ជួប ហើយ​ខាង​ក្រុមហ៊ុន​គេ​ថា​អត់​កាប់​ដែរ»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន តំណាង​ក្រុមហ៊ុន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដោះស្រាយ​ប្រគល់​រថយន្ត​ស្ទូច​ឈើ​ដែល​សហគមន៍​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Ratha Visal
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន តំណាង​ក្រុមហ៊ុន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ដោះស្រាយ​ប្រគល់​រថយន្ត​ស្ទូច​ឈើ​ដែល​សហគមន៍​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Ratha Visal

 

ត្រង់​ចំណុច​នេះ មន្ត្រី​ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ប្រចាំ​ខេត្ត​រតនគិរី លោក មាស សុភា កត់​សម្គាល់​ថា បច្ចុប្បន្ន​ជម្លោះ​រវាង​សហគមន៍ និង​ក្រុមហ៊ុន កើត​ឡើង​ដោយសារ​តែ​មិន​ទាន់​មាន​ការ​កំណត់​ផ្លូវ​ការ​ពី​តំបន់​ព្រៃ​សហគមន៍​អភិរក្ស ហេតុ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ កំពុង​ជួយ​រៀបចំ​ធ្វើ​ឯកសារ​ពង្រាង​ផែនទី​ព្រៃ​អភិរក្ស​សហគមន៍ ដើម្បី​សហគមន៍​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បោះ​បង្គោល​កំណត់​ព្រំ​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ជូន​សហគមន៍ ចៀសវាង​មាន​ការ​រំលោភ​ឈូស​ឆាយ​ព្រៃ​សហគមន៍​អភិរក្ស​បន្ត​ទៀត៖ «គឺ​គាត់​ស្នើ​ថា​សុំ​ឲ្យ​បញ្ឈប់​កាប់​ព្រៃ​ក្នុង​តំបន់​ដែល​គាត់​អះអាង​ថា ជា​តំបន់​ព្រៃ​ប្រើប្រាស់​របស់​ពួក​គាត់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ត្រង់​ចំណុច​នេះ ក៏​យើង​មិន​ទាន់​ដាច់​ស្រេច​គ្នា​ដែរ​ត្រង់​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា​ជា​តំបន់​ប្រើប្រាស់​របស់​ពួក​គាត់ ឋិត​នៅ​ក្នុង​តំបន់​ដែន​អភិរក្ស​របស់​ខាង​មន្ទីរ​បរិស្ថាន ឬ​យ៉ាង​ម៉េច អា​ហ្នឹង​ជា​ជំហាន​បន្ទាប់ យើង​ត្រូវ​សិក្សា និង​ស្វែង​យល់​ជាមួយ​គ្នា​ត​ទៅ​ទៀត»

ទោះ​ជា​យ៉ាង​នេះ​ក្តី ជំទប់​ទី​១ ឃុំ​សេដា លោក ខាំ ហេង មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​គាំទ្រ​សំណូមពរ​ប្រជាពលរដ្ឋ ជាពិសេស​ការ​កំណត់​បង្គោល​ព្រំ​តំបន់​ព្រៃ​អភិរក្ស​សហគមន៍។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ចូលរួម​សម្រប​សម្រួល​វិវាទ​រវាង​សហគមន៍ និង​ក្រុមហ៊ុន​ច្រើន​លើក ដើម្បី​រក្សា​សាមគ្គី​ភាព​រវាង​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន៖ «សង្កេត​មើល​សម្រប​សម្រួល​ដូចជា​ត្រឹមត្រូវ​គ្មាន​លម្អៀង​ទៅ​ខាង​ណា។ អា​ហ្នឹង​តាម​សំណើ​ប្រជាពលរដ្ឋ​ដែល​ត្រឹមត្រូវ​ក្នុង​ថ្នាក់​ដឹក​នាំ​របស់​ខ្ញុំ ដូចជា​សមស្រប​ហើយ»

ក្រុមហ៊ុន​ជីងហ្យុងរី ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​លំផាត់ ក៏ប៉ុន្តែ​សហគមន៍​ភូមិ​ប៉ាតត់ ចាត់​ទុក​ថា រដ្ឋ​បាន​ប្រគល់​ដី​សម្បទាន​នេះ​ប៉ះពាល់​ទៅ​លើ​ព្រៃ​សហគមន៍​អភិរក្ស​ជា​ព្រៃ​បម្រុង​ទុក សម្រាប់​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល