ក្រុមមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី យល់ព្រមបញ្ចប់ជម្លោះចោទប្រកាន់គ្នាក្នុងរឿងបង្ក្រាបបទល្មើសព្រៃឈើ បន្ទាប់ពីភាគីទាំងពីរយល់ស្របគ្នាថា ជាការភ័ន្តច្រឡំ។
ដោយឡែកសហគមន៍ទាមទារពីរចំណុចពីមន្ត្រីអនុរក្ស ទាក់ទិនគម្រោងឈូសឆាយព្រៃនៅតំបន់ត្រួតស៊ីគ្នារវាងដីព្រៃសម្បទានសេដ្ឋកិច្ច និងដីអភិរក្សជាព្រៃបម្រុងទុករបស់សហគមន៍។
សហគមន៍ភូមិប៉ាតត់ ជាង ១០០នាក់ បានឯកភាពគ្នាទាមទារឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជីងហ្យុងរី (Jing Zhong Ri) ផ្អាកការឈូសឆាយនៅតំបន់ព្រៃត្រួតស៊ីគ្នារវាងព្រៃសម្បទាន និងព្រៃអភិរក្សសហគមន៍ និងទាមទារកុំឲ្យមានការរឹតបន្តឹង ករណីសហគមន៍សុំឈើសាងសង់លំនៅឋាន។
ការទាមទារនេះ ធ្វើឡើងនៅក្នុងជំនួបដោះស្រាយបាតុភាពរវាងសហគមន៍ និងមន្ត្រីដែនជម្រកសត្វព្រៃកាលពីថ្ងៃទី២៨ ខែសីហា នៅភូមិប៉ាតត់ និងជាលក្ខខណ្ឌរបស់សហគមន៍ យល់ព្រមប្រគល់រថយន្តដែលសហគមន៍រឹបអូសទៅឲ្យមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ វិញ។
តំណាងសហគមន៍ លោក អិន ខាំបែក បានអនុម័តការសម្រេចចិត្តរបស់សហគមន៍តាមរយៈការទះដៃស្រុះគ្នារបស់សមាជិកសហគមន៍ទាំងប្រុសស្រីក្មេងចាស់ ជាសក្ខីភាពថាការតវ៉ារបស់សហគមន៍ គឺធ្វើឡើងជាលក្ខណៈសមូហភាព ដើម្បីការពារផលប្រយោជន៍សហគមន៍។ លោកថា អ្នកភូមិមានបំណងចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព ហេតុនេះសហគមន៍ត្រូវការឲ្យអាជ្ញាធរពាក់ព័ន្ធ កាត់ចេញព្រៃបម្រុង ទុកព្រៃគោរពបូជាពីព្រៃដែលរដ្ឋបានប្រគល់ទៅឲ្យក្រុមហ៊ុន ដើម្បីអ្នកភូមិប្រើប្រាស់តាមប្រពៃណីជនជាតិដើមភាគតិច៖ «ប្រជាពលរដ្ឋខ្ញុំមិនព្រម ព្រោះប្រជាពលរដ្ឋខ្ញុំមិនមែនកាប់ឈើ ហើយបាញ់ថ្នាំជាអក្សរអា១ បេ២ ទេ។ អត់ចង់ឲ្យចោទប្រកាន់ទម្លាក់កំហុសលើប្រជាពលរដ្ឋ ប្រជាពលរដ្ឋខ្ញុំអត់សុខចិត្តទេ។ គាបសង្កត់ប្រជាពលរដ្ឋខ្ញុំ ថាធ្វើបទល្មើសច្រើនជាងបរិស្ថាន អ៊ីចឹងហើយប្រជាពលរដ្ឋខ្ញុំចាប់ឡានបរិស្ថានដឹកឈើវិញ»។
កាលពីថ្ងៃទី១៩ ខែសីហា ឈើមូល ៩ដើម និងរថយន្តរ៉េវស្ទូចឈើមួយគ្រឿង ត្រូវបានសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិប៉ាតត់ ឡោមព័ន្ធចាប់យកមករក្សាទុកនៅសាលាភូមិរបស់សហគមន៍ ខណៈមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ បីនាក់ រួមជាមួយបុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ជីងហ្យុងរី ព្យាយាមដឹកជញ្ជូនឈើចេញពីព្រៃ។ អ្នកភូមិចោទថា មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃឃុបឃិតជាមួយក្រុមហ៊ុន កាប់ឈើក្នុងព្រៃអភិរក្សចូលទៅការដ្ឋានក្រុមហ៊ុនខុសច្បាប់។ ចំណែកមន្ត្រីដែនជម្រកសត្វព្រៃបដិសេធថា ឈើនោះ គឺមន្ត្រីអនុរក្សរកឃើញនៅក្នុងព្រៃ មិនដឹងអត្តសញ្ញាណអ្នកកាប់ ទើបខ្ចីរថយន្តក្រុមហ៊ុនដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការអនុរក្ស។
ទាក់ទិនសំណូមពរសហគមន៍ នាយករងដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី ថ្លែងបញ្ជាក់ថា តំណាងក្រុមហ៊ុនបានសន្យាថា ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនក្រុមហ៊ុនកាប់ឈើឈរក្នុងតំបន់ព្រៃសម្បទាន និងកាប់ឈើមូលពីក្រៅដីសម្បទាន។ ដោយឡែកចំពោះការទាមទាររបស់សហគមន៍ ឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយព្រៃក្នុងតំបន់ត្រួតស៊ីគ្នានោះ លោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធសម្រេច៖ «ខ្ញុំយល់ព្រមហើយយកព័ត៌មាននេះរាយការណ៍ទៅថ្នាក់ដឹកនាំមន្ទីរ ឲ្យគាត់បានជ្រាប។ រយៈកាលកន្លងទៅនេះ ដោយសារយើងមានការយល់ច្រឡំគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋគាត់អត់យល់ថា ខាងសមត្ថកិច្ចយើងយកទៅទុក អ៊ីចឹងបានគាត់ចាប់។ បើតាមមន្ត្រីឧទ្យានុរក្សខ្ញុំរាយការណ៍មកថា គេដើរល្បាតទៅជួប ហើយខាងក្រុមហ៊ុនគេថាអត់កាប់ដែរ»។

ត្រង់ចំណុចនេះ មន្ត្រីក្រុមការងារថ្នាក់មូលដ្ឋាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ប្រចាំខេត្តរតនគិរី លោក មាស សុភា កត់សម្គាល់ថា បច្ចុប្បន្នជម្លោះរវាងសហគមន៍ និងក្រុមហ៊ុន កើតឡើងដោយសារតែមិនទាន់មានការកំណត់ផ្លូវការពីតំបន់ព្រៃសហគមន៍អភិរក្ស ហេតុនេះក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធ កំពុងជួយរៀបចំធ្វើឯកសារពង្រាងផែនទីព្រៃអភិរក្សសហគមន៍ ដើម្បីសហគមន៍ស្នើសុំទៅស្ថាប័នពាក់ព័ន្ធបោះបង្គោលកំណត់ព្រំកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ជូនសហគមន៍ ចៀសវាងមានការរំលោភឈូសឆាយព្រៃសហគមន៍អភិរក្សបន្តទៀត៖ «គឺគាត់ស្នើថាសុំឲ្យបញ្ឈប់កាប់ព្រៃក្នុងតំបន់ដែលគាត់អះអាងថា ជាតំបន់ព្រៃប្រើប្រាស់របស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ នៅត្រង់ចំណុចនេះ ក៏យើងមិនទាន់ដាច់ស្រេចគ្នាដែរត្រង់ថា តំបន់ដែលប្រជាពលរដ្ឋអះអាងថាជាតំបន់ប្រើប្រាស់របស់ពួកគាត់ ឋិតនៅក្នុងតំបន់ដែនអភិរក្សរបស់ខាងមន្ទីរបរិស្ថាន ឬយ៉ាងម៉េច អាហ្នឹងជាជំហានបន្ទាប់ យើងត្រូវសិក្សា និងស្វែងយល់ជាមួយគ្នាតទៅទៀត»។
ទោះជាយ៉ាងនេះក្តី ជំទប់ទី១ ឃុំសេដា លោក ខាំ ហេង មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានគាំទ្រសំណូមពរប្រជាពលរដ្ឋ ជាពិសេសការកំណត់បង្គោលព្រំតំបន់ព្រៃអភិរក្សសហគមន៍។ លោកបន្តថា អាជ្ញាធរបានចូលរួមសម្របសម្រួលវិវាទរវាងសហគមន៍ និងក្រុមហ៊ុនច្រើនលើក ដើម្បីរក្សាសាមគ្គីភាពរវាងអ្នកវិនិយោគ និងប្រជាពលរដ្ឋនៅមូលដ្ឋាន៖ «សង្កេតមើលសម្របសម្រួលដូចជាត្រឹមត្រូវគ្មានលម្អៀងទៅខាងណា។ អាហ្នឹងតាមសំណើប្រជាពលរដ្ឋដែលត្រឹមត្រូវក្នុងថ្នាក់ដឹកនាំរបស់ខ្ញុំ ដូចជាសមស្របហើយ»។
ក្រុមហ៊ុនជីងហ្យុងរី ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មដីសម្បទានសេដ្ឋកិច្ចជាង ៩ពាន់ហិកតារនៅស្រុកលំផាត់ ក៏ប៉ុន្តែសហគមន៍ភូមិប៉ាតត់ ចាត់ទុកថា រដ្ឋបានប្រគល់ដីសម្បទាននេះប៉ះពាល់ទៅលើព្រៃសហគមន៍អភិរក្សជាព្រៃបម្រុងទុក សម្រាប់ចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។