ប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានលះបង់ពេលវេលាផ្ទាល់ខ្លួនអស់ជាង ១០ឆ្នាំ ចូលរួមអភិរក្សត្រី និងសត្វស្លាបរហូតទទួលបានជោគជ័យ។ អ្នកភូមិមួយគ្រួសារនេះ នាំគ្នានៅក្នុងព្រៃស្ងាត់ធ្វើការងារ ដើម្បីជាប្រយោជន៍រួមនៅក្នុងសង្គម ដោយមិនគិតពីការនឿយហាត់របស់ខ្លួនឡើយ។ តើមូលហេតុអ្វីបានជាពួកគាត់នាំគ្នាតស៊ូធ្វើការងារបែបនេះ?
ប្រជាពលរដ្ឋរស់នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ស្រី ភ័ក្ត្រ រៀបរាប់ប្រាប់អាស៊ីសេរីថា គ្រួសាររបស់លោកមានសមាជិក ៦នាក់ យាមការពារបឹងអភិរក្សត្រីប្រមាណ ១៥ឆ្នាំហើយ។ បុរសវ័យ ៥៣ឆ្នាំរូបនេះ បន្ថែមថា ដំបូងឡើយតំបន់អភិរក្សមានព្រៃតែ ៥ហិកតារប៉ុណ្ណោះ ប៉ុន្តែក្រោយមកលោកបានការពារព្រៃលិចទឹករហូតពង្រីកបានផ្ទៃដី ២៨ហិកតារ ដោយផ្ទៃដី ៥ហិកតារ ជាផ្ទៃបឹង និងដីព្រៃ ២៣ហិកតារ។ ពលរដ្ឋសម្បុរស្រអែមរូបនេះបន្តថា លោកជាមួយប្រពន្ធ និងកូនរបស់គាត់ទាំង ៦នាក់យាមការពារតំបន់អភិរក្សនោះទាំងយប់ទាំងយប់ថ្ងៃ ដោយមិនបានទៅធ្វើការងារឆ្ងាយអ្វីឡើយ។ លោកប្រាប់ថា មូលហេតុដែលពួកលោកការពារធនធានធម្មជាតិនេះ ដោយសារលោកព្រួយបារម្ភខ្លាចហិនហោចត្រីធម្មជាតិនៅថ្ងៃអនាគត។ លោកឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ មក ត្រី និងសត្វស្លាបបានកើនឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០២១ នេះ លោកប៉ាន់ប្រមាណថា បឹងអភិរក្សរបស់ពួកគាត់អាចនឹងមានត្រីចម្រុះប្រហែល ៧០តោន និងមានសត្វស្លាបរាប់សែនក្បាលទៀតរស់នៅ។ លោកថា សត្វស្លាបទាំងនោះ មានដូចជា មាន់ទឹក មាន់ទោ ក្រសារ កុក ខ្វែក ប្រវឹក ទាព្រៃ និងសត្វទោមជាដើម។ លោកប្រាប់ថា សត្វទាំងនោះបន្តពងកូន និងយំទ្រហឹងពេញព្រៃតំបន់អភិរក្សរបស់គាត់ទាំងរដូវប្រាំង និងរដូវវស្សា ដោយមិនចាកចេញទៅតំបន់ផ្សេងឡើយ៖ «លើកមុនព្រៃមាន ៥ហិកតារ វានៅតែ ៥ហិកតារទេ។ សព្វថ្ងៃ ២៣ហិកតារវានៅពេញ សត្វច្រើនណាស់ ទាំងលើទាំងក្រោមវារាប់មិនអស់ទេ។ ខ្ញុំសប្បាយចិត្តមែនទែនឃើញសត្វច្រើន។ មានខ្ទមមួយដែរ តែទឹកលិចរាល់ឆ្នាំ ពេលខែវស្សាឡើងខំកល់ឱ្យខ្ពស់ ឆ្នាំទៅមិញកល់អត់ទាន់ទឹកឡើងជិតដល់ដំបូលខ្ទម»។
ចំណែកប្រពន្ធរបស់លោក ស្រី ភ័ក្ត្រ គឺ លោកស្រី ឈុំ ហាន វិញថ្លែងថា គ្រួសារលោកស្រីយាមការពារបឹងអភិរក្សនេះ ដោយសារពួកគាត់ស្រឡាញ់ធនធានធម្មជាតិ និងចង់ថែរក្សាធនធានទាំងនោះទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងបានទស្សនាកម្សាន្ត។ ស្ត្រីវ័យ ៥៤ឆ្នាំរូបនេះប្រាប់ថា ពួកគាត់ធ្វើការងារនេះ ដោយពុំមានប្រាក់ខែពីស្ថាប័នរដ្ឋ ឬអង្គការណាមួយឧបត្ថម្ភឡើយ គឺពួកគាត់ធ្វើការងារនេះដោយការស្រលាញ់ធនធានធម្មជាតិ។ លោកស្រីប្រាប់ថា ពួកគាត់ មិនអនុញ្ញាតឱ្យជនល្មើសណាម្នាក់ចាប់យកសត្វ និងធ្វើនេសាទនៅតំបន់នោះឡើយ។ លោកស្រីបន្តថា កន្លងមកនៅពេលដែលមានបទល្មើសម្ដងៗ ដំបូងឡើយពួកគាត់ហាមឃាត់ដោយខ្លួនឯង ប៉ុន្តែប្រសិនបើពួកគេមិនស្ដាប់នោះ លោកស្រីនឹងរាយការណ៍ទៅអាជ្ញាធរឃុំឱ្យមកជួយពួកគាត់ភ្លាមៗ តែម្ដង៖ «ខ្ញុំចង់ថែរក្សាវាឱ្យស្ថិតស្ថេរឱ្យបានដល់ក្មេងជំនាន់ក្រោយ បានឃើញឱ្យកើនជាងនេះកាន់តែច្រើន។ ខ្ញុំចង់បានព្រៃឈើ និងប្រព័ន្ធទឹកឱ្យបានធំជាងនេះទៀត។ ខ្ញុំចង់បានតែអ៊ីចេះឯង ដើម្បីឱ្យប្រទេសយើងបានឃើញទាំងអស់គ្នា។ ខ្ញុំលះបង់ដើម្បីប្រយោជន៍រួម ខ្ញុំលះបង់មែនទែន អត់ដែលហ៊ានដើរចេញទៅណាទេ បើទៅតែមួយយប់ត្រឡប់មកវិញហើយ អត់ទៅបានយូរទេ»។
លោកស្រីឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋទៅកម្សាន្តបឹងអភិរក្សមួយនេះតិចតួច ដោយសារផ្លូវចូលទៅបឹងលំបាកធ្វើដំណើរ ស្របពេលដែលប្រជាពលរដ្ឋភាគច្រើនមិនដឹងថា តំបន់នោះជាកន្លែងទេសចរធម្មជាតិដ៏ស្រស់ស្អាតនោះឡើយ។
តំបន់អភិរក្សមួយនេះឈ្មោះបឹងរហាល មានផ្ទៃដី ២៨ហិកតារ ស្ថិតនៅភូមិឈ្នួរ ឃុំស្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដោយមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីផ្ទះអ្នកភូមិ និងចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីទីរួមស្រុកព្រះនេត្រព្រះ។ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនានៅតំបន់អភិរក្សនេះ នៅរដូវប្រាំង ដោយចេញពីស្រុកព្រះនេត្រព្រះក៏បាន និងចេញទីរួមស្រុកមង្គលបូរីក៏បាន ដែលមានចម្ងាយប្រហាក់ប្រហែលគ្នា។
ទាក់ទងនឹងបញ្ហានេះ មេឃុំឈ្នួរមានជ័យ លោក អ៊ុន ឈឿ ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋមួយគ្រួសារនេះមានជីវភាពក្រីក្រ ដោយបានស្ម័គ្រចិត្តយាមការពារធនធានធម្មជាតិ។ លោកប្រាប់ថា ពលរដ្ឋទាំងនោះធ្វើនេសាទជាលក្ខណៈគ្រួសារតាមដងអូរក្បែរនោះ បានប្រាក់ចំណូលបន្តិចបន្តួចដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកបន្ថែមថា ការថែរក្សាតំបន់អភិរក្សបានជោគជ័យ ដោយសារប្រជាពលរដ្ឋទាំងនោះ បានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើឱ្យទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។ លោកនិយាយថា ពេលមានបទល្មើសកន្លងទៅ លោកតែងតែបញ្ជូនប៉ូលិសចុះទប់ស្កាត់ភ្លាមៗ ធ្វើឱ្យជនល្មើសមានការខ្លាចរអា៖ «រាល់ថ្ងៃការស្មោះត្រង់គាត់គឺមានមែន។ ខ្ញុំហ្នឹងហើយអ្នកគាំទ្រឱ្យគាត់ទៅនៅទីនោះ បើគាត់មានដីនៅ។ ខ្ញុំបានជ្រើសគណៈកម្មការ ៧នាក់ដាក់ឱ្យនៅប្រចាំការ តែដោយសារមនុស្សមួយចំនួនអត់ចេះអុំទូក មានតែគាត់ហ្នឹងឯងចេះអុំទូក។ ការងារបើគាត់នៅទីនោះមែន ក៏គេនៅនេះជាជំនួយការឱ្យគាត់ដែរ បើគាត់ត្រូវការអីគាត់ប្រាប់មកខ្ញុំឱ្យគេទៅ»។
លោកឱ្យដឹងថា លោកមានគម្រោងធ្វើផ្លូវក្រាសគ្រួសក្រហម ១ខ្សែប្រមាណ ៤គីឡូម៉ែត្រចេញពីភូមិឈ្នួរ ទៅតំបន់អភិរក្សមួយនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅលេងកម្សាន្តទីនោះនៅថ្ងៃខាងមុខ។
ទោះយ៉ាងណានាយិកាអង្គការទ្រទ្រង់ភូមិ អ្នកស្រី រស់ ឆវីវ័ន មានប្រសាសន៍ថា ប្រជាពលរដ្ឋធ្វើការងារបែបនេះ ជារឿងល្អកម្ររកបាននៅក្នុងសង្គម ដែលជួយថែរក្សាឱ្យធនធានធម្មជាតិបានគង់វង្សយូរអង្វែង។ អ្នកស្រីកត់សំគាល់ថា ការងារបែបនេះមិនសូវមានប្រជាពលរដ្ឋចូលរួមនោះទេ ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែជួយជ្រោមជ្រែងដល់ពួកគាត់បន្ថែមទៀត ដូចជាការរកមូលនិធិផ្គត់ផ្គង់ពួកគាត់ដើម្បីឱ្យមានប្រាក់ចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។ អ្នកស្រីបន្ថែមថា អាជ្ញាធរក៏គួរតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ដោយបញ្ជូនអាជ្ញាធរដាក់ប្រចាំជាមួយពួកគាត់ដើម្បីឱ្យមានគ្នាច្រើនយាមការពារបឹង។ អ្នកស្រីនិយាយថា ការធ្វើបែបនេះ ដើម្បីឱ្យការងារអភិរក្សរបស់អ្នកភូមិកាន់តែមានប្រសិទ្ធភាព និងអាចជួយកែប្រែតំបន់នោះទៅជាទីកន្លែងទេសចរធម្មជាតិបានយ៉ាងល្អថែមទៀត៖ «ខ្ញុំសុំគាំទ្រនិងលើកទឹកចិត្តដល់ឆន្ទៈកសិករគ្រួសារដែលគាត់អត់ចេះច្បាប់ គាត់ការពាររបស់ហ្នឹងបាន។ សុំឱ្យប្រជាពលរដ្ឋដទៃទៀតធ្វើតាមគាត់ ហើយយើងអាចស្វែងយល់ពីតំបន់ហ្នឹង រកសមាគមមនុស្សចាស់ក៏មាន សមាគមយុវជន ឬក្រុមស្ត្រីបៃតងអីក៏មានដែរឱ្យគាត់សិក្សារក ហើយបើគាត់មិនសិក្សាអាចគាត់ផ្ដាំផ្ញើជាឈ្មោះអីមក មន្ត្រីខ្ញុំនឹងទៅជួបគាត់ហើយអាចពន្យល់ឱ្យគាត់យល់ក្នុងហ្នឹងមិនមែនជាកៀរគរគាត់ឱ្យចូលបក្សណាមួយទេ ពីព្រោះយើងជាអង្គការសង្គមស៊ីវិលគឺធ្វើការដោយមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយទេ ធ្វើយ៉ាងម៉េចឱ្យសង្គមជាតិហ្នឹងរីកចំរើន»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា អាជ្ញាធរពាក់ព័ន្ធគួរតែអភិវឌ្ឍផ្លូវថ្នល់នៅជុំវិញបឹងអភិរក្សមួយនេះឱ្យបានឆាប់ ដើម្បីងាយស្រួលអ្នកទេសចរទៅលេងកម្សាន្ត។ អ្នកស្រី រស់ ឆវីវ័ន ប្រាប់ថា អ្នកស្រីនឹងបញ្ជូនបុគ្គលិកអង្គការរបស់គាត់ចុះសិក្សានៅតំបន់នោះ ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង និងបង្រៀនពលរដ្ឋឱ្យចេះចងក្រងគ្នាជាសហគមន៍ ថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។
ទោះជាយ៉ាងណាពលរដ្ឋមួយគ្រួសារនេះឱ្យដឹងថា ពួកគាត់នឹងធ្វើការងារដើម្បីប្រយោជន៍សង្គមបន្តទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរក្សាធនធានធម្មជាតិទាំងនោះឱ្យកាន់តែមានចំនួនច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។