សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​វែកមុខ អ្នក​មាន​អំណាច​ដែល​បំផ្លាញ​ព្រៃឈើ

0:00 / 0:00

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន វែកមុខ អ្នក​មាន​អំណាច​ណាខ្លះ ដែល​លោក​អះអាង​ថា បាន​បំផុស​បំផុល ឱ្យ​ពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រានព្រៃ​យក​ដី ធ្វើជា​កម្មសិទ្ធិ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​អះអាង​ថា រដ្ឋ​នៅតែ​បាត់បង់​ដី​ព្រៃ​ដោយសារ​ការទន្ទ្រាន និង​រំលោភ​កាន់កាប់​ពី​សំណាក់​ពលរដ្ឋ ក្រោម​ការ​បំផុស​បំផុល​ពី​អ្នក​មាន​អំណាច។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ទប់ស្កាត់​លុបបំបាត់ និង​បង្ក្រាប​ការ​កាប់​ដុត ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃ​ឈើ លោក វេង សាខុន បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសបុក​របស់​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី៣ មីនា ថា បញ្ហា​រំលោភ​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​រួមមាន កាប់​រាន​ដី​ព្រៃ​ធ្វើ​កសិកម្ម សង់​លំនៅឋាន ជន​មានអំណាច​បំផុស​ចលនា​ពលរដ្ឋ​ក្រីក្រ​ឱ្យ​កាប់​ទន្ទ្រាញ​ដី​ព្រៃ រួច​ធ្វើ​លិខិត​ទិញ​/​លក់ ផ្ទេរ​កម្មសិទ្ធិ​ដោយ មានការ​បញ្ជាក់​ទទួល​ស្គាល់​ពី​រដ្ឋអំណាច​។ លោក​ថា បញ្ហា​ទាំងអស់​នេះ គឺជា​ចំណោទ​ធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់​ក្រឡា​គ្នា ដែល​ធ្វើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​បារម្ភ​បាត់បង់​ធនធាន​ដី​ព្រៃ​ឈើ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ជឿជាក់​ថា លោក វេង សាខុន និង​មន្ត្រី​របស់​លោក ពិតជា​ដឹង​ថា អ្នកណា​ដែល​ជា​អ្នក​មាន​អំណាច និង​ន​ណាខ្លះ​កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ ធ្វើ​កសិកម្ម​ដោយ​ខុសច្បាប់​។ លោក​យល់ថា សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​អំណាច ឬ​ឧកញ៉ា ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ឡើយ។

លោក​បន្ថែម​ថា កន្លង​ទៅ ពួកគេ​បាន​លាតត្រដាង​របាយការណ៍​ស្រាវជ្រាវ និង​បង្ហាញ​ឈ្មោះ ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន ដែល​ចូលរួម​បំផ្លាញ​ព្រៃឈើ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ មិនទាន់​ឃើញ​ស្ថាប័ន​សាមី​ណាមួយ ចាត់វិធានការ​ទៅលើ​ក្រុម​ឧកញ៉ា​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​នៅ​ឡើយ​ទេ​។ លោក​អះអាង​ថា ក្រសួង​កសិកម្ម ក្រសួងបរិស្ថាន និង គណៈកម្មការ​ជាតិ របស់​មេ​ប៉េអិម លោក សៅ សុខា នៅតែ​ព្រងើយកន្តើយ ក្នុង​ការ​ស៊ើប​អង្កេត​រក​អ្នក​មាន​អំណាច និង​ឧកញ៉ា​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ៖ «គាត់​ជា​អ្នក​មាន​អំណាច ក្នុង​ការ​ទប់ស្កាត់ អនុវត្ត​ច្បាប់​ហ្នឹងហើយ ក៏ប៉ុន្តែ​ដល់ពេល​មាន​អ្នក​មាន​អំណាច លើ​គាត់​ទៀត​អា​ហ្នឹង​យើង​ពិចារណា​ទាំងអស់​គ្នា​ទៅ​ថា នរណា​គេ ដែល​ជា​អ្នក​មាន​អំណាច​លើ​រដ្ឋមន្ត្រី​ថែមទៀត​ ? ហើយ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​មែន​ពលរដ្ឋ​តូចតាច​ទេ ដែល​ជា​អ្នក​បំផ្លាញ គឺ​សុទ្ធ​អ្នក​មាន​អំណាច ក្នុង​ជួរ​រដ្ឋាភិបាល​ទាំងអស់ ជា​អ្នក​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក ហេង ស្រស់ ស្នើ​ឱ្យ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម លោក វេង សាខុន គួរតែ​ចុះ​ចេញពី​តំណែង ដើម្បី​ផ្តល់​ឱកាស ឱ្យ​យុវជន​ជំនាន់​ក្រោយ សង្គ្រោះ​ព្រៃឈើ​វិញ​ម្ដង ព្រោះ​រដ្ឋមន្ត្រី​រូប​នេះ​ដឹង​ថា មាន​បទល្មើស​ព្រៃឈើ​ហើយ តែ​នៅ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ជា​ធរមាន​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន ។ លោក​សង្កត់ធ្ងន់​ថា ធ្វើជា​រដ្ឋមន្ត្រី​ហើយ បែរជា​ខ្លាច​អ្នក​មាន​អំណាច មិន​ហ៊ាន​ចាប់ខ្លួន​ជនល្មើស និង​គ្មាន​ឆន្ទៈ អនុវត្ត​ច្បាប់ ដូច្នេះ​គួរ​ទុក​តួនាទី​នេះ​ឱ្យ​អ្នក​ផ្សេង​វិញ ដើម្បី​កុំ​ឱ្យ​មាន​វប្បដិសារី​ទៅ​ថ្ងៃក្រោយ៖ «ប្រសិនជា​គាត់​មិន​អនុវត្ត​ច្បាប់​ទេ គាត់​មកកាន់​ដំណែង​ហ្នឹង​គ្រាន់តែ​ដើម្បី​ស៊ីលុយ របស់​រដ្ឋាភិបាល និង​ស៊ីលុយ​របស់​ពលរដ្ឋ​ដែល​បង់ពន្ធ​ឱ្យ​គាត់​ស៊ីលុយ​ហ្នឹង ប៉ុន្តែ​ចំពោះ​ចំណាត់​ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ណាមួយ គឺ​អត់​មាន​។ អ៊ីចឹង​ពួកគាត់​ប្រសិនជា​ធ្វើការ មិនកើត​ទេ ពួកគាត់​គួរតែ​ចុះ​ចេញពី​តំណែង​ទៅ​។ ទុក​ឱ្យ​ក្មេងៗ​គេ​មាន​សមត្ថភាព និង​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​ឱ្យ​​គេ​ធ្វើ​វិញ ប្រសិនបើ​គាត់​មិន​ហ៊ាន​ធ្វើ​អ្នក​មាន​អំណាច​ទាំងអស់​ហ្នឹង»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង រដ្ឋមន្ត្រី​ក្រសួង កសិកម្ម លោក វេង សាខុន និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នក​ទទួល។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា សង្កេត​ឃើញ​ថា មាន​ធាតុ​ផ្សំ​ជាច្រើន នាំ​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ ទី​១ អ្នក​មាន​អំណាច​ជួល​ពលរដ្ឋ​កាប់​ព្រៃឈើ និង​ទន្ទ្រាន​ដី​ព្រៃ​លក់​ឱ្យ​ខ្លួន ទី​២ ការ​បណ្ដែតបណ្ដោយ ខ្វះ​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។ លោក​ថា អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ នៅតែ​ជា​បញ្ហា​ប្រឈម​ដដែលៗ​គឺ​គ្មាន​យន្តការ​លុបបំបាត់​ឡើយ​។ រីឯ​ថ្នាក់ដឹកនាំ​កំពូល​ហាក់​គ្មាន​គំនិត​អភិរក្សនិយម​ការពារ​ធនធានធម្មជាតិ​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក​បញ្ជាក់​ថា ភាព​ចន្លោះប្រហោង​មិន​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ណា ដែល​ប្រព្រឹត្ត​អំពើពុករលួយ រឿង​បទល្មើស​ព្រៃឈើ ក៏​ជា​បញ្ហា​ប្រឈម​កើតឡើង​ដដែលៗ គ្មាន​វិធាន​ការ​កែ​លម្អ​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​ឃើញ​អាជ្ញាធរ​មនុស្ស​គាត់ គឺ​មនុស្ស​ពុករលួយ អ៊ីចឹង​មានន័យថា គាត់​ជំរុញ​ឱ្យ​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ឱ្យ​បាន​ចំណូល​របស់​គាត់​អ៊ីចឹង​។ ដោយសារ​ការដឹកនាំ រដ្ឋ​របស់​សម័យ សម្ដេច​តេជោ គាត់​មិន​មាន​វិធានការ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ធនធានធម្មជាតិ គាត់​គ្មាន​គំនិត​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ហ្នឹង​តែម្ដង»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (Adhoc លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា របាយការណ៍​ស្ដីពី​សកម្មភាព​កាប់​រាន​ដី​ព្រៃ កើតមាន​រាប់ពាន់​ករណី នៅ​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើបអង្កេត​រក​ជនល្មើស​ម​ក​អនុវត្ត​ច្បាប់ ដែល​ច្បាប់​បាន​កំណត់​ក្នុង​អាជ្ញាយុកាល នៃ​បណ្តឹង​អាជ្ញា​មាន​រយៈពេល ១៥​ឆ្នាំ​។ លោក​ថា បទល្មើស​ចាស់ៗ ឋិត​ក្នុង​ចន្លោះ​រយៈពេល ១៥ ឆ្នាំ​កន្លងទៅ ពោល​គឺ​នៅ​មិនទាន់​ហួស​ពេល​ទេ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ស៊ើបអង្កេត វែកមុខ​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ទុកជា​ការព្រមាន ទប់ស្កាត់​មិន​ឱ្យ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​កើតឡើង​តទៅទៀត​និង ដើម្បី​រក្សា​ព្រៃឈើ ដែល​នៅ​សេសសល់​នេះ​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។