សកម្មជន​បរិស្ថាន​ជនជាតិ​អាមេរិក​មួយ​គ្រួសារ​ ប្ដេជ្ញា​នឹង​​ការពារ​ព្រៃ​កម្ពុជា​​ឱ្យ​បាន​ល្អ​ជាង​មុន បន្ទាប់​ពី​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ដល់​ពួក​គេ

ដោយ ទីន ហ្សាការីយ៉ា
2022.05.19
Share on WhatsApp
Share on WhatsApp
សកម្មជន​បរិស្ថាន​ជនជាតិ​អាមេរិក​មួយ​គ្រួសារ​ ប្ដេជ្ញា​នឹង​​ការពារ​ព្រៃ​កម្ពុជា​​ឱ្យ​បាន​ល្អ​ជាង​មុន បន្ទាប់​ពី​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ដល់​ពួក​គេ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ​(រាប់ពី​ឆ្វេង​ទី​២)ថ្លែង​ក្នុង​កម្ម​វិធី​ប្រគល់​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ជូន​គ្រួសារ​លោក បេន ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២
រូប៖ ក្រសួងបរិស្ថាន

សកម្មជន​បរិស្ថាន​ជនជាតិ​អាមេរិកកាំង ដែល​ថែរក្សា​ព្រៃ​អោយ​ខ្មែរ សច្ចា​ថា​ និង​ខិតខំ​ប្រឹង​ធ្វើ​ការងារ​បន្ត​ទៀត ក្រោយ​ពី​ព្រះមហាក្សត្រ​បាន​ផ្តល់​សញ្ជាតិ​អោយ​លោក និង​ក្រុម​គ្រួសារ ​ថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២២។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ​ការ​ផ្ដល់​សញ្ជាតិ​នេះ​ជា​រឿង​ត្រឹម​ត្រូវ​ដើម្បី​លើក​ទឹក​ចិត្ត ដល់​ជន​បរទេស​ដទៃ​ទៀត អាច​ខិត​ខំ​ធ្វើ​ការងារ​ជួយ​ដល់ កម្ពុជា។

សកម្មជន​បរិស្ថាន ជនជាតិ​អាមេរិកកាំង​ លោក បេន ដាវីស ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​ករុណា​ព្រះបាទ​ព្រះនរោត្ដម​ សីហ​មុនី ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​ លោក និង​ក្រុម​គ្រួសារ​ ដែល​មាន​សមាជិក ៤នាក់​ ។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា​ការ​ផ្ដល់​សញ្ជាតិ​ដល់​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ដើម្បី​ជា​ការ​តប​ស្នង​ការ​ដែល លោក បែន ដាវីស និង​គ្រួសារ​បាន​លះ​បង់​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ចូល​រួម​ការពារ​ ធនធាន​ធម្មជាតិ​ឱ្យ​កម្ពុជា ​អស់​រយៈ​ជាង​២០​ឆ្នាំ។

សកម្មជន​បរិស្ថាន​ជនជាតិ​អាមេរិកកាំង ដែល​ថែ​រក្សា​ព្រៃ​នៅ​ខេត្ត​ព្រះវិហារ លោក បេន ដាវីស (Davis Ben) ប្រាប់​វិទ្យុអាស៊ីសេរី​ថ្ងៃទី១៨ ខែឧសភា ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​សញ្ជាតិ​ដល់ គ្រួសារ​លោក ហើយ​លោក​បាន​សច្ចា​ថា និង​ខិត​ខំប្រឹង ការពារ ព្រៃឈើ និង​សត្វ​ព្រៃ ឱ្យ​បាន​កាន់​តែ​ល្អ​បន្ថែម​ទៀត។ «យើង​មាន​កម្ម​វិធី​ទេសចរណ៍​ធម្មជាតិ​ អ៊ី​កូ​ទេសចរណ៍ ហើយ​ហ្នឹង​ការពារ​ព្រៃ ភ្នំត្នោត​ ភ្នំពក​ វា​ប្រហែល​ជាង​៤ម៉ឺនហិតារ​(៤២,០៩៧) យើង​សហការ​ជា​មួយ​បរិស្ថាន មន្ទីរ​បរិស្ថាន ក្រសួង​បរិស្ថាន ហើយ​យើង​ល្បាត​ព្រៃ ការពារ​ព្រៃ វា​បាន​តែ​ប៉ុណ្ណឹង ហើយ​ពេល​យើង​ចូល​សញ្ជាតិ វា​នៅ​ដដែល»

ban2.jpg
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ​ថ្លែង​ក្នុង​កម្ម​វិធី​ប្រគល់​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ជូន​គ្រួសារ​លោក បេន ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២

លោក បេន ដាវីស បន្ត​ថា លោក​អគុណ​ចំពោះ​ព្រះ​មហាក្សត្រ​ខ្មែរ ដែល​ផ្ដល់​តម្លៃ​ដល់​គ្រួសារ​លោក ដើម្បី​បន្ត​ការងារ​ព្រៃ​ឈើ​ខ្មែរ​បន្ត​ទៅ​ទៀត។ ទាក់ទង​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ​ថ្លែង​ក្នុង​កម្ម​វិធី​ប្រគល់​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ជូន​គ្រួសារ​លោក បេន ថ្ងៃទី១៤ ខែឧសភា ថា​កម្ពុជា​បាន​ក្លាយ​ជា​ផ្ទះ​របស់​ បេន​ និង​ក្រុម​គ្រួសារ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃមួយ​ដ៏​វិសេសវិសាល​សម្រាប់ លោក បេន និង​ក្រុម​គ្រួសារ​ ។ លោក​បន្ត​ថា ​លោក ​បេន និង​ក្រុម​គ្រួសារ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាច្រើន ដែល​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ ដែល​បាន​ទទួល​ការ​លើក​ទឹកចិត្ត​។ លោក​ បេន និង​គ្រួសារ​បាន​លះបង់​កម្លាំង​កាយ កម្លាំង​ចិត្ត​ជា​មួយ​នឹង​មន្ត្រី​ឧទ្យាន​នុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ក៏​ដូច​ជា​បាន​ចូល ​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ខេត្តព្រះវិហារ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ ។

ជុំ​វិញ​ការ​ផ្តល់​សញ្ជាតិ​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ឃើញ​ថា លោក បេន ដាវីស និង​គ្រួសារ​សាក​សម​ និង​ទទួល​សញ្ជាតិ​នេះ ព្រោះ​សកម្មជន​បរិស្ថាន​មួយ​គ្រួសារ​នេះ បាន​លះ​បង់​កម្លាំងកាយ​ចិត្ត​ស្នាក់​នៅ​ក្នុង​ព្រៃ ដើម្បី​ ថែ​រក្សា​ព្រៃឈើ និង​សត្វ​អោយ​កម្ពុជា​អស់​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​ហើយ ។ «គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជា​ជន​ជាតិ​គេ​សោះ ជន​ជាតិ​បរទេស​សោះ បែរ​ជា​មក​ខំ​ការពារ ​ធនធាន​ធម្មជាតិ ព្រៃឈើ ដី​ធ្លី​នៅ​ខ្មែរ​យើង​ទៅ​វិញ នៅ​កម្ពុជា​យើង​ទៅ​វិញ ដូច្នេះ​ការ​ផ្តល់​សញ្ជាតិ​ជូន​គាត់​ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ផង ក៏​វា​ជា​មោទនភាព​របស់​គាត់​ ដែល​គាត់​មាន​សញ្ជាតិ​គេ ទទួល​បាន​សញ្ជាតិ​ខ្មែរ​មួយ​ទៀត»

លោក ឡោ ចាន់ បន្ថែម​ថា រដ្ឋាភិបាល​គួរ​ស្នើ​ដល់​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ដទៃ​ទៀត ដែល​ធ្វើ​ប្រយោជន៍​ដល់​កម្ពុជា​ជា​ច្រើន​ទៀត។ សកម្មជន​បរិស្ថាន លោក​ បេន ដាវីស ជា​ជនជាតិ​អាមេរិក និង​ភរិយា​កូន​២នាក់ជាជនជាតិ​អូស្ត្រាលី​ ហើយ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​តាំង​ពី ឆ្នាំ១៩៩២ រហូត​មក​បច្ចុប្បន្ន​។ លោក បេន បាន​មក​បំពេញ​ការងារ​ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​រយៈពេល​ជាង ២០ ​ឆ្នាំ​ហើយ ពោល​គឺ​គ្រួសារ​លោក​បាន​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​មួយ​ក្នុង​តំបន់​នោះ​តាំង​ពី ឆ្នាំ២០០២​ មក។​

ban3 .jpg
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ​ថ្លែង​ក្នុង​កម្ម​វិធី​ប្រគល់​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ជូន​គ្រួសារ​លោក បេន ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២

អំឡុង​ពេល​ស្នាក់​នៅ​ខេត្ត​ព្រះវិហារ​នោះ លោក​បាន​ចូល​រួម​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ និង​បាន​បង្រៀន​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រលាញ់​ធនធាន​ធម្មជាតិ ​ដោយ​ចូល​រួម ការពារ​ និង​អភិរក្ស​ ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ជម្រក សត្វ​ព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន ​នៃ​ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង​ខេត្តសៀមរាប។ លោក បេន ដាវីស ទទួល​ការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន គ្រប់គ្រង និង​អភិរក្ស​លើ​ផ្ទៃ​ដី​ជាង ៧ពាន់ហិកតា (,០០០) ដែល​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ច្រើន​ប្រភេទ​ នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត​ ភ្នំពក​ ស្ថិត​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្តសៀមរាប មាន​ទំហំ​ផ្ទៃ​ដី​សរុប​ជាង ៤ម៉ឺន ២ពាន់ហិកតារ (៤២,០៩៧)។ ក្រសួងបរិស្ថាន ​ផ្តល់​កិច្ច​សហការ​អភិរក្ស​ដល់​គម្រោង​ប៊ីទ្រី​ (Be Treed) របស់​លោក បេន ដេវីស ជនជាតិ​អាមេរិក និង​បាន​ធ្វើ​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល