សកម្មជនបរិស្ថានជនជាតិអាមេរិកកាំង ដែលថែរក្សាព្រៃអោយខ្មែរ សច្ចាថា និងខិតខំប្រឹងធ្វើការងារបន្តទៀត ក្រោយពីព្រះមហាក្សត្របានផ្តល់សញ្ជាតិអោយលោក និងក្រុមគ្រួសារ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការផ្ដល់សញ្ជាតិនេះជារឿងត្រឹមត្រូវដើម្បីលើកទឹកចិត្ត ដល់ជនបរទេសដទៃទៀត អាចខិតខំធ្វើការងារជួយដល់ កម្ពុជា។
សកម្មជនបរិស្ថាន ជនជាតិអាមេរិកកាំង លោក បេន ដាវីស ត្រូវបានព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទព្រះនរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរជូន លោក និងក្រុមគ្រួសារ ដែលមានសមាជិក ៤នាក់ ។ ព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថាការផ្ដល់សញ្ជាតិដល់គ្រួសាររបស់សកម្មជនបរិស្ថានរូបនេះដើម្បីជាការតបស្នងការដែល លោក បែន ដាវីស និងគ្រួសារបានលះបង់កម្លាំងកាយនិងកម្លាំងចិត្តចូលរួមការពារ ធនធានធម្មជាតិឱ្យកម្ពុជា អស់រយៈជាង២០ឆ្នាំ។
សកម្មជនបរិស្ថានជនជាតិអាមេរិកកាំង ដែលថែរក្សាព្រៃនៅខេត្តព្រះវិហារ លោក បេន ដាវីស (Davis Ben) ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៨ ខែឧសភា ថា លោកសប្បាយចិត្តនៅពេលដែលព្រះមហាក្សត្រខ្មែរផ្តល់សញ្ជាតិដល់ គ្រួសារលោក ហើយលោកបានសច្ចាថា និងខិតខំប្រឹង ការពារ ព្រៃឈើ និងសត្វព្រៃ ឱ្យបានកាន់តែល្អបន្ថែមទៀត។ « យើងមានកម្មវិធីទេសចរណ៍ធម្មជាតិ អ៊ីកូទេសចរណ៍ ហើយហ្នឹងការពារព្រៃ ភ្នំត្នោត ភ្នំពក វាប្រហែលជាង៤ម៉ឺនហិតារ ( ៤២ , ០៩៧ ) យើងសហការជាមួយបរិស្ថាន មន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ហើយយើងល្បាតព្រៃ ការពារព្រៃ វាបានតែប៉ុណ្ណឹង ហើយពេលយើងចូលសញ្ជាតិ វានៅដដែល » ។

លោក បេន ដាវីស បន្តថា លោកអគុណចំពោះព្រះមហាក្សត្រខ្មែរ ដែលផ្ដល់តម្លៃដល់គ្រួសារលោក ដើម្បីបន្តការងារព្រៃឈើខ្មែរបន្តទៅទៀត។ ទាក់ទងនឹងបញ្ហានេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងកម្មវិធីប្រគល់ព្រះរាជក្រឹត្យផ្តល់សញ្ជាតិជូនគ្រួសារលោក បេន ថ្ងៃទី១៤ ខែឧសភា ថាកម្ពុជាបានក្លាយជាផ្ទះរបស់ បេន និងក្រុមគ្រួសារ ហើយថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាលសម្រាប់ លោក បេន និងក្រុមគ្រួសារ ។ លោកបន្តថា លោក បេន និងក្រុមគ្រួសារស្ថិតក្នុងចំណោមមនុស្សជាច្រើន ដែលបានមកបំពេញការងារនៅកម្ពុជាជាច្រើនឆ្នាំ ដែលបានទទួលការលើកទឹកចិត្ត។ លោក បេន និងគ្រួសារបានលះបង់កម្លាំងកាយ កម្លាំងចិត្តជាមួយនឹងមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏ដូចជាបានចូល ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិខេត្តព្រះវិហារកាន់តែមានភាពល្អប្រសើរ ។
ជុំវិញការផ្តល់សញ្ជាតិនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ឃើញថា លោក បេន ដាវីស និងគ្រួសារសាកសម និងទទួលសញ្ជាតិនេះ ព្រោះសកម្មជនបរិស្ថានមួយគ្រួសារនេះ បានលះបង់កម្លាំងកាយចិត្តស្នាក់នៅក្នុងព្រៃ ដើម្បី ថែរក្សាព្រៃឈើ និងសត្វអោយកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។ «គាត់គឺជាមនុស្សម្នាក់ដែលជាជនជាតិគេសោះ ជនជាតិបរទេសសោះ បែរជាមកខំការពារ ធនធានធម្មជាតិ ព្រៃឈើ ដីធ្លីនៅខ្មែរយើងទៅវិញ នៅកម្ពុជាយើងទៅវិញ ដូច្នេះការផ្តល់សញ្ជាតិជូនគាត់ ដើម្បីជាការលើកទឹកចិត្តផង ក៏វាជាមោទនភាពរបស់គាត់ ដែលគាត់មានសញ្ជាតិគេ ទទួលបានសញ្ជាតិខ្មែរមួយទៀត » ។
លោក ឡោ ចាន់ បន្ថែមថា រដ្ឋាភិបាលគួរស្នើដល់ព្រះមហាក្សត្រផ្តល់សញ្ជាតិដល់ជនបរទេសដទៃទៀត ដែលធ្វើប្រយោជន៍ដល់កម្ពុជាជាច្រើនទៀត។ សកម្មជនបរិស្ថាន លោក បេន ដាវីស ជាជនជាតិអាមេរិក និងភរិយាកូន២នាក់ជាជនជាតិអូស្ត្រាលី ហើយបានមករស់នៅប្រទេសកម្ពុជាតាំងពី ឆ្នាំ១៩៩២ រហូតមកបច្ចុប្បន្ន។ លោក បេន បានមកបំពេញការងារការពារព្រៃឈើនៅខេត្តព្រះវិហាររយៈពេលជាង ២០ ឆ្នាំហើយ ពោលគឺគ្រួសារលោកបានរស់នៅក្នុងព្រៃធម្មជាតិមួយក្នុងតំបន់នោះតាំងពី ឆ្នាំ២០០២ មក។

អំឡុងពេលស្នាក់នៅខេត្តព្រះវិហារនោះ លោកបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ និងបានបង្រៀនពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ធនធានធម្មជាតិ ដោយចូលរួម ការពារ និងអភិរក្ស ព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រក សត្វព្រៃភ្នំត្នោតភ្នំពក ក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន នៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀមរាប។ លោក បេន ដាវីស ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា (៧,០០០) ដែលមានសក្ដានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុបជាង ៤ម៉ឺន ២ពាន់ហិកតារ (៤២,០៩៧)។ ក្រសួងបរិស្ថាន ផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រី (Be Treed) របស់លោក បេន ដេវីស ជនជាតិអាមេរិក និងបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។