អង្គការ​លើក​លែងទោស​អន្តរជាតិ៖ ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​នាំ​ឱ្យ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច

0:00 / 0:00

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ដោយ​រក​ឃើញ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវតែ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​អំពើ​ពុក​រលួយ ដែលកំពុង​កើត​មាន​ឡើង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​បាន​បដិសេធ​របាយការណ៍​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា "ទំនៀមទម្លាប់​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​ត្រូវ​បាន​គេ​បំផ្លាញ ដោយសារ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្ហាញ​ឱ្យ​ឃើញ ពី​ការ​គាប​សង្កត់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ បន្ថែម​ពី​នេះ ការ​រឹតត្បិត​សិទ្ធិ​ការពារ​ព្រៃ​ឈើ​ពី​សំណាក់​រដ្ឋាភិបាល​លើ​សហគមន៍ និង​សកម្មជន បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ រួមមាន ការ​បំបួស​ព្រៃ​ឈើ ឬ​ការ​ចុះ​ល្បាត​ព្រៃ របស់​ជនជាតិ​ដើម​ភាគ​តិច។

របាយការណ៍​ជាង ៤ទំព័រ ចេញផ្សាយនៅថ្ងៃទី២៨ មករា បន្ថែម​ថា ប្រទេស​កម្ពុជា​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុងរយៈពេល ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​បាត់បង់​ព្រៃ​ឈើ​ប្រមាណ ៦៤% នៃ​គម្រប​ដើម​ឈើ ចាប់​តាំង​ពី​ឆ្នាំ២០១១ រហូត​បច្ចុប្បន្ន។

អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​គណនា​ពី​ចម្ងាយ ដោយ​ប្រើ​ប្រព័ន្ធ​ទិន្នន័យ កាល​ពី​ពេល​ថ្មីៗ នេះ ដោយ​រក​ឃើញ​ថា គម្រប​ព្រៃ​ឈើ​ទំហំ ៦.២៧១ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ត្រូវ​បាន​កាប់​បំផ្លាញ នៅ​ក្នុង​ឆ្នាំ២០២១។ លើស​ពី​នេះ​ទៀត មូលហេតុ​ចម្បង​នាំ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ គឺ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

មន្ត្រី​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់​ថា រដ្ឋាភិបាល​គួរ​តែ​យកចិត្តទុកដាក់ ពិនិត្យ​របាយការណ៍​នេះ និង​ដោះស្រាយ​បញ្ហា​ដោយ​វិជ្ជមាន ចៀសវាង​ច្រាន​ចោល​ដដែលៗ ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ​គ្មាន​ច្រក​ចេញ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​បន្ត​បដិសេធ​របាយការណ៍​នេះ នោះ​នឹង​ជំរុញ​ឱ្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ការ​ពិត ដោយ​បើក​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​ទាំង​ឡាយ​ណា ដែល​ធ្វេស​ប្រហែល ឃុបឃិត និង​បើក​ដៃ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ « អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អង្គការ​អន្តរជាតិ​តែងតែ ផ្តល់​ឱ្យ​រដ្ឋាភិបាល​ជារឿយៗ ​តែ​សំខាន់​គឺ​ក្នុង​ឆន្ទៈ​របស់​ពួកគាត់​ថា តើ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ឈប់​ប៉ុណ្ណា ? រៀន​ទទួល​យក​ការ​ពិត​ ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែរ​ឬទេ ? ព្រៃ​ឈើ​វា​ជា​របស់​មាន​តម្លៃ ឈ្មួញ​ខិលខូច អ្នក​មាន​អំណាច ​គេ​ឃុបឃិត​គ្នា ជួញដូរ ដើម្បី​លើក​កម្ពស់​ជីវភាព​ពួក​គេ​ទាំង​នោះ ឱ្យ​កាន់​តែ​មាន​ទៅៗ »

ជា​មួយ​គ្នា​នេះ ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ឃុំ​ប្រមេរ ខេត្តព្រះវិហារ លោកស្រី ទេព ទឹម មានប្រសាសន៍ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ការ​ពិត ព្រោះ​នៅ​រយៈ​ពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឱ្យ​ព្រៃ​ឈើ រលាយ​ហិនហោច​ទាំង​ស្រុង។ លោក​ស្រី​ថា ការ​បាត់បង់​ព្រៃ​ឈើ​ដ៏​ធំធេង​នេះ បាន​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ លំបាក​វេទនា​គ្រប់​បែប​យ៉ាង ដូច​ជា ពលរដ្ឋ​ចំណាក​ស្រុក កុមារ​បោះបង់​ការ​សិក្សា និង បង្កើត​ឱ្យ​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន ជាមួយ​ក្រុមហ៊ុន​ចិន៖ « បាត់បង់​អ្វីៗ គ្រប់​ប្រភេទ ​ព្រោះ​ព្រៃ​ហ្នឹង​ជា​ទីផ្សារ ​របស់​ពួក​ខ្ញុំ ! ជា​ប្រភព​នៃ​ប្រាក់​ចំណូល ​ជា​ប្រភព​នៃ​ស្បៀងអាហារ ​កាល​ណា​វា​បាត់បង់ ​ធនធាន​ទាំង​នោះ ពួក​យើង​នឹង​ លំបាក​ជីវភាព​រស់​នៅ ​ធ្វើឱ្យ​យើង​បាត់​បង់​ប្រាក់​ចំណូល ធ្វើ​ឱ្យ​កូន​ចៅ​បាត់បង់​ការ​សិក្សា »

ទាក់ទង​នឹង​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ចុះ​សម្ភាសន៍ សកម្មជន​បរិស្ថាន និង​ប្រជា​សហគមន៍ ២០នាក់ ដែល​រស់នៅ​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ខណៈ​ដែល​ទី​នោះ ជា​កន្លែង​រស់នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ទំនៀមទម្លាប់ វប្បធម៌ និង​ការ​ធ្វើ​ពិធីបុណ្យ​ផ្សេងៗ ក្នុង​ព្រៃ​ការពារ។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា របាយការណ៍​នេះ មិន​ទាន់​អាច​យក​ជា​មូលដ្ឋាន ដើម្បី​ដោះ​ស្រាយ​នោះ​ឡើយ។ ម្យ៉ាងទៀត លោក​ថា សកម្មជន​បរិស្ថាន​មិន​បាន​ធ្វើ​របាយការណ៍​ពិស្ដារ​ទាក់ទិន​រឿង​នេះ ប្តឹង​មក​អាជ្ញាធរ​ជាតិ និង​តុលាការ ដើម្បី​ចាត់​វិធានការ​នៅ​ឡើយ​ទេ។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ទាក់ទិន​រឿង​នេះ ដោយ​លោក​រុញ​ឱ្យ​វិទ្យុ​អាស៊ី​សេរី សួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​វិញ៖ « នៅ​ក្នុង​សាច់​រឿង​ហ្នឹង ​ដូច​អត់​ឃើញ​អ្វី​ដែល​យើង​អាច យក​មក​ពិចារណា ! ហើយ​ពលរដ្ឋ និង​ប្រជា​សហគមន៍​ខ្លួនឯង​ ដូច​អត់​ទាន់​មាន​ចេញ​របាយការណ៍​ណា​មួយ​ សម្រាប់​ថ្នាក់​ជាតិ​ដឹង វា​អត់​មាន។ ឥឡូវ​នេះ​មាន​តែ​ខាង​ក្រៅ​និយាយ ខ្ញុំ​នៅ​កណ្ដាល​អត់​ដឹង​រឿង។ សាក​ល្បង​ជា​មួយ​ឯកឧត្ដម នេត្រ ភក្ត្រា »

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ និង​ទី២៨ មករា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ប្រធាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ លោក រីឆាដ ភៀសហោស៍ (Richard Pearshouse) បាន​ថ្លែង​ក្នុង​របាយការណ៍​ថា "ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​កម្ពុជា កំពុង​គំរាម​កំហែង​ដល់​ព្រៃ​ឈើ​សំខាន់ៗ បន្សល់​ចុង​ក្រោយ ដែល​ជនជាតិ​ដើម​ភាគ​តិច​ចិញ្ចឹម​ជីវិត។ លោក​ថា ព្រៃ​ឈើ​ជា​ជម្រក​វប្បធម៌ និង​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌ របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​អំពើ​ពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

របាយការណ៍​បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​តិច តែង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ដី​ព្រៃឈើ តាំង​ពី​បុរាណ ដោយ​ចិញ្ចឹម​ជីវិត ប្រតិបត្តិ​ទំនៀម​ទម្លាប់ វប្បធម៌។ ដូច្នេះ ការ​កាប់​ឈើ​ខុស​ច្បាប់​មិន​ត្រឹមតែ​គំរាម​កំហែង​ដល់​ជីវចម្រុះ និង​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​វប្បធម៌ និង​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

កម្ពុជា​មាន​ជន​ជាតិ​ដើម​ភាគ​តិច ២៤អម្បូរ ដែល​ក្នុង​នោះ​ជនជាតិ​ដើម​ភាគ​តិច​កួយ​មាន​ចំនួន​ច្រើន​ជាង​គេ ហើយ​ពួក​គេ​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ។អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​សម្ភាស​ជនជាតិ​ដើម​ភាគ​តិច​កួយ គឺ​ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ពី​ជីវិត និង វប្បធម៌​ប្រឈម​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ធំ​សម្បើម​នេះ ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន សង្កេត​ឃើញ​ថា ការបាត់បង់​ព្រៃ​ឈើ គឺ​បំផ្លាញ​ជីវិត​សត្វព្រៃ​ជា​ច្រើន​ប្រភេទ រួម​ទាំង ទឹកអូរ បឹង និង​ត្រពាំង រីក​ហួតហែង ធ្វើ​ឱ្យ​ប៉ះពាល់​ត្រី​សាច់ ដែល​ជា​ប្រភព​ស្បៀង​អាហារ​យ៉ាង​សំខាន់ របស់​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា ផល​ប៉ះពាល់​ដោយ​ការ​បាត់បង់​ព្រៃឈើ ហាក់​សម្លាប់​ជីវភាព និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​យ៉ាង​ដូច្នេះ​ដែរ៖ « ឈើ​វល្លិ សត្វព្រៃ ដូច​នៅ​ភូមិ​អន្លង់​ក្រមួន តាំង​ពី​ដើម​មក មាន​តាំង​ពី​ទន្សោង ខ្ទីង ដំរី ជ្រូកព្រៃ និង​ឈ្លូស ប្រើស មាន់​ទារ ជ្រូកព្រៃ​មាន​ទាំង​អស់ តែ​ឥលូវ​ដល់​ពេល​បាត់​បង់​ព្រៃ​ឈើ សត្វ​ទាំង​នោះ អត់​ឃើញ​ស្រមោល​ទេ។ ខ្មែរ​យើង​បាត់បង់​អស់​ហើយ​ បើ​បាត់​ព្រៃ​ឈើ​អស់​ហើយ លែង​មាន​អី​រំពឹង​ទៀត​ហើយ ​រឿង​បឹង​បួរ កាន់​តែ​យ៉ាប់​ទៀត ​តាម​អូរ ប្រឡាយ វា​អត់​មាន​ត្រី​សាច់ ដូច​ពី​ដើម​ទេ »

របាយការណ៍​បន្ត​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ជុំវិញ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ភាគ​ច្រើន​ពឹង​ផ្អែក ការ​ប្រើប្រាស់​ព្រៃ​ឈើ​សម្រាប់​ជីវភាព​រស់នៅ ដូច​ជា ដង​ជ័រ​ទឹក ដែល​មិន​ប៉ះពាល់​ដើម​ឈើ ហើយ ជ័រ​ទឹក​នេះ​ត្រូវ​បាន​លក់ និង​ប្រើប្រាស់​ក្នុង​ស្រុក។ រីឯ​ក្រុម​អ្នក​កាប់​ឈើ បាន​កំណត់​គោលដៅ​កាន់​តែ​ខ្លាំង លើ​ដើម​ឈើ​ជ័រ​ផលិត​ជ័រ​ទឹក ដើម្បី​ធ្វើ​អាជីវកម្ម។

ដើម​ឈើ​ផលិត​ជ័រ​ទឹក ចំនួន​ពីរ​ប្រភេទ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ប៉ុន្តែ​បច្ចុប្បន្ន ក្រុម​ឈ្មួញ សម្រុក​កាប់​បំផ្លាញ​វា ដើម្បី​យក​ដើម ផលិត​ជា​គ្រឿង​សង្ហារឹម ដូចជា តុ ទ្វារ កៅអី គ្រែ និង​គ្រឿង​ផ្ទះ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។