ពលរដ្ឋរស់នៅរាជធានីខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺបន្តរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងបណ្ដាលមកពីកម្ពស់ស្ទឹងព្រែកត្នោតឡើងខ្ពស់។ អាជ្ញាធរពាក់ព័ន្ធកំពុងជួយសង្គ្រោះពលរដ្ឋនិងអំពាវនាវឲ្យពលរដ្ឋមានប្រុងប្រយ័ត្ន។
ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នៅតែបន្តការគំរាមកំហែង ដល់ពលរដ្ឋរស់នៅក្នុងតំបន់ នៃរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺបណ្ដាលពលរដ្ឋយ៉ាងហោច ២ពាន់គ្រួសារកំពុងរងផលប៉ះពាល់។ ទោះយ៉ាងណាជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមិនទាន់បណ្ដាលពលរដ្ឋបាត់បង់ជីវិតនោះឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ឲ្យវិទ្យុអាស៊ីសេរីដឹងថា របាយការណ៍បឋមដែលលោកទទួលបាន ពលរដ្ឋរស់នៅខេត្តកណ្ដាលចំនួនពីរឃុំជាង១.៤០០នាក់ កំពុងរងផលប៉ះពាល់។ ចំណែករាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺលោកមិនទាន់ទទួលបានរបាយការណ៍ពីអាជ្ញាធរនៅឡើយទេ។ ទោះយ៉ាងណាលោកប្រាប់ថា រាជធានីភ្នំពេញដែលត្រៀមប្រកាសអាសន្ន កាលពីថ្ងៃទី២៧ ខែតុលា ពេលនេះ កម្ពស់ទឹកបានស្រកចុះវិញខ្លះហើយ៖ « ទឹកហ្នឹងតំបន់មួយចំនួនហៀចេញពីស្ទឹង ប៉ុន្តែមិនខ្លាំងដូចឆ្នាំទៅទេដែលហៀហូរមកធ្ងន់ធ្ងរទេ ដូចឆ្នាំទៅទេ ប៉ុន្តែនៅរាជធានីភ្នំពេញកំពុងតែត្រៀមចាំហើយថ្ងៃហ្នឹងបើហកឡើងថែមទៀតដឹងតែមានការសង្គ្រោះពលរដ្ឋហើយនឹងជម្លៀសពលរដ្ឋ » ។
លោកឲ្យដឹងទៀតថា ពេលនេះខេត្តជាប់ដងទន្លេ និងខេត្តជាប់មាត់សមុទ្រមិនទាន់មានលិចលង់នោះដែរ លើកលែងតែខេត្តរតនគិរី បានលិចលង់ភូមិឋានរបស់ពលរដ្ឋខ្លះ កាលពីសប្ដាហ៍មុនដោយកម្ពស់ទឹកទន្លេសេសានហក់ឡើងខ្ពស់។
ប៉ុន្មានថ្ងៃនេះ ជំនន់ស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់ រហូតបណ្ដាលឲ្យបាក់ទំនប់ស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២៧ ខែតុលា និងធ្វើឲ្យលិចលង់លំនៅឋានរបស់ពលរដ្ឋ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឲ្យវិទ្យុអាស៊ីសេរីដឹងថា គិតមកមកដល់ថ្ងៃទី២៨ តុលា ទឹកជំនន់នៅខេត្តនេះ ចាប់ផ្ដើមស្រកវិញហើយ។ លោកបញ្ជាក់ថា អាជ្ញាធរមិនបានជម្លៀសពលរដ្ឋចេញពីលំនៅឋាននោះដែរ ព្រោះតំបន់ដែលជនលិច គឺពលរដ្ឋរស់នៅតាមមាត់ស្ទឹង។
ជុំវិញស្ថានភាពទឹកជំនន់ទឹកភ្លៀងនេះ អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យវិទ្យុអាស៊ីសេរីដឹងយ៉ាងខ្លីអាជ្ញាធរបានជួយពលរដ្ឋដែលរងគ្រោះជាង ១ពាន់គ្រួសារ បានរួចរាល់ហើយ អ្វីផ្សេងពីនេះលោកសុំមិននិយាយទេព្រោះថា រវល់ចេញអំណោយឲ្យពលរដ្ឋ៖ « ខ្ញុំបានជួយគាត់ ( ពលរដ្ឋ ) ចប់សព្វគ្រប់ហើយអូន ខ្ញុំជាប់បែងចែកអំណោយយកជូនគាត់បន្តិចអូន » ។
ចំណែកអភិបាលខណ្ឌដង្កោ អ្នកស្រី គឹម ញឹប ប្រាប់សារព័ត៌មានក្នុងស្រុកថា ពលរដ្ឋជាង ២ពាន់គ្រួសារក្នុងខណ្ឌនេះកំពុងរងផលប៉ះពាល់។ លោកស្រីអះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងជួយសង្គ្រោះពលរដ្ឋ និងចែកស្បៀងជូនពលរដ្ឋ។
ពលរដ្ឋរស់នៅភ្នំពេញ លោក ហឿ សំអាត និយាយថា ទោះទឹកស្រកចុះបន្តិចក្ដី ប៉ុន្តែគ្រួសារលោក និងពលរដ្ឋផ្សេងទៀត មិនអាចទាន់វិលទៅផ្ទះវិញនៅឡើយទេ ដោយត្រូវបន្តស្នាក់នៅក្នុងតង់លើខ្នងទំនប់៖ « កម្ពស់ហ្នឹងអត់ទៀតមានកន្លែងទាបខ្ពស់អ៊ីចឹង ប៉ុន្តែចាប់ពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រកន្លះ នៅដដែលទេបង យើងអត់ទាន់អាចទៅរៀបចំផ្ទះបានទេ » ។
ការជន់លិចស្ទឹងព្រែកត្នោតនៅប៉ុន្មានថ្ងៃនេះ ដោយសារមានភ្លៀងធ្លាក់ច្រើននៅខេត្តកំពង់ស្ពឺ និងភ្នំពេញ ហើយបណ្ដាលឲ្យទឹកភ្លៀងត្រូវហូរចាក់ចូលក្នុងស្ទឹងព្រែកត្នោតតែមួយគត់ ខណៈដែលបឹង ប្រឡាយ ដែលជាផ្ទៃស្ដុកទឹកផ្សេងទៀត ត្រូវបានគេលុបដើម្បីអភិវឌ្ឍន៍ស្ទើរគ្មានសល់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍនៅកម្ពុជា លោក យង់ គិមអេង សង្កេតឃើញថា ការលុបបឹង ក៏ជាកត្តាចម្បងមួយធ្វើឲ្យមានលិចលង់លំនៅឋានពលរដ្ឋលឿនបែបនេះ។ លោកថាជំរុញទៅអាជ្ញាធរ ឬរដ្ឋាភិបាលគួររៀបចំផែនការអភិវឌ្ឍន៍ ដោយត្រូវជីកបឹង ដើម្បីជួយរំដោះទឹកមិនមែនលុបបឹង ដើម្បីសាងសង់អាគារនោះទេ៖ « បឹងជាច្រើនដែលយើងលុបអ៊ីចឹងទៅការរំដោះទឹកមិនដឹងទៅណាមានតែទឹកចូលក្រុងហើយស្ថានភាពនៅតំបន់ហ្នឹងទំនាបដែរហើយអញ្ចឹងទៅបឹងជុំវិញក៏អត់មានទៀត អ៊ីចឹងមានតែប៉ះពាល់ធ្ងន់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ » ។
ទោះយ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខា និយាយថា សន្ទុះនៃការលិចលង់លឿន ពេលនេះមិនមែនមកពីការលុបបឹងនោះទេ ប៉ុន្តែបណ្ដាលមកពីក្រុមពលរដ្ឋទៅនាំគ្នាទៅរស់តំបន់មាត់ស្ទឹងហើយ គួបផ្សំដោយបញ្ហាហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវប្រព័ន្ធលូមិនទាន់បានរៀបចំត្រឹមត្រូវនៅឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយដែលមានការលុបបឹងនានា នៅរាជធានីភ្នំពេញ ពេលមានភ្លៀងម្ដងៗ ឬជំនន់ពីទឹកស្ទឹងព្រែកត្នោត បង្កឲ្យមានការជនលិច និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្ទះសម្បែងផលដំណាំ និងសត្វចិញ្ចឹមរបស់ពលរដ្ឋដោយល្បឿនទឹកឡើងលឿនគូរឲ្យព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។