អាជ្ញាធរខេត្តព្រះវិហារ និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានបន្តរារាំងក្រុមយុវជន និងព្រះសង្ឃ មិនឱ្យចូលល្បាតដើម្បីទស្សនកិច្ចសិក្សាក្នុងដែនជម្រកសត្វព្រៃព្រះរការ ដោយលើកហេតុផលថា មិនសុំច្បាប់អនុញ្ញាត។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើនេះថា ផ្គើននឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សកម្មភាពរារាំងក្រុមយុវជនព្រះសង្ឃ និងប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃព្រះរការពីសំណាក់ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាននៅតែកើតមានដដែលៗដោយគ្មានយន្តការកែប្រែនៅឡើយទេជាង៣ឆ្នាំកន្លងទៅនេះ បើទោះបីជាទង្វើនេះផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាលក្តី។
យុវជនមកពីខេត្តបាត់ដំបងកញ្ញា ឆឹង ស្រីទូច ប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីបរិស្ថានតម្រូវឱ្យក្រុមយុវជនសុំច្បាប់អនុញ្ញាតពីប្រធានមន្ទីរបរិស្ថានជាមុនសិន ទើបអាចចូលព្រៃព្រះរការបាន។ កញ្ញាចាត់ទុកទង្វើនេះថា បង្កភាពស្មុគស្មាញដល់ក្រុមយុវជន ដែលមានបំណងស្វែងយល់ពីបច្ចុប្បន្នភាពចុងក្រោយនៃតំបន់ព្រៃព្រះរការ ថា តើមានការកាប់បំផ្លាញព្រៃឈើកម្រិតណា?
កញ្ញា ឆឹង ស្រីទូច៖ «ក្នុងគោលដៅខ្ញុំមកនេះខ្ញុំចង់ល្បាតព្រៃដល់ពេលអាជ្ញាធរអត់ឱ្យខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងដោយសារតែគោលបំណងចង់ចូលមកហើយត្រូវបានរារាំង»។
កាលពីព្រឹកថ្ងៃទី១៤ កក្កដា មន្ត្រីបរិស្ថាន និងសមត្ថកិច្ចជាង១០នាក់ ពាក់ឯកសណ្ឋាននគរបាល បានហាមឃាត់ក្រុមយុវជន និងព្រះសង្ឃជាង ២៣នាក់និងអង្គមិនឱ្យចូលល្បាតព្រៃព្រះរការឋិតក្នុងភូមិបុស្សធំឃុំប្រមេរុ ស្រុកត្បែងមានជ័យ ដោយលើកហេតុផលថា តម្រូវឱ្យពួកគាត់ស្នើសុំការអនុញ្ញាតពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ ជាមុនសិន។
ប្រជាសហគមន៍ការពារព្រៃព្រះរការ បានហៅទង្វើឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានថា ជាចេតនាលាក់បាំងព័ត៌មានពីភាពមិនប្រក្រតីនៃការបំផ្លាញព្រៃឈើឥតឈប់ឈរក្នុងតំបន់អភិរក្សមួយនេះនិងអំពើពុករលួយរបស់មន្ត្រីបរិស្ថានដែលតែងតែទទួលសំណូកពីជនល្មើសជាថ្នូរមិនអនុវត្តច្បាប់។
ប្រជាសហគមន៍ការពារព្រៃព្រះរការលោក ហែត ណៃ បង្ហើបថា ដែនជម្រកសត្វព្រៃព្រះរការមានភាពមិនប្រក្រតីច្រើនទាក់ទិនបទល្មើសព្រៃឈើ និងការទិញលក់ដើមជ័រផលិតជ័រទឹកជាច្រើនពាន់ដើមនិងអំពើពុករលួយឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន។ លោកថា ក្រុមជនល្មើសអាចចូលព្រៃអភិរក្សកាប់ឈើបានដោយងាយដោយគ្មានទោសពៃរ៍ឡើយផ្ទុយពីក្រុមយុវជនដោយគ្រាន់តែទស្សនកិច្ចសិក្សាបែរជាអាជ្ញាធរហាមឃាត់ទៅវិញ។
លោក ហែត ណៃ៖ «បានលក់ឱ្យតម្លៃដើមច្បោះជ័រជាង១០០ដើមលក់ ៤ពាន់ដុល្លារ គេទិញហើយគេបង់ឱ្យមន្ត្រីបានគេរារាំងក្រុមយុវជនមិនឱ្យចុះល្បាតព្រៃ និងទស្សនកិច្ចសិក្សា»។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីនមើលឃើញថា ទង្វើឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានគឺបំពានសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងព្រះមហាក្សត្រនរោត្តម សីហមុនី ដែលអំពាវនាវឱ្យពលរដ្ឋចូលរួមការពារព្រៃឈើ។
លោក អូត ឡាទីន៖ «ការបន្តរឹតត្បិតសកម្មភាពរបស់ពលរដ្ឋ ក្នុងការចូលរួមការពារព្រៃព្រះរការមិនផ្តល់ផលប្រយោជន៍ដល់កម្ពុជា វាមិនមានភាពប្រសើរក្នុងការការពារព្រៃ ធ្វើឱ្យព្រៃឈើមានបញ្ហា។ប្រសិនអាជ្ញាធររឹតត្បិតគួរតែការពារព្រៃឈើកុំឱ្យមានបទល្មើស តែនេះបទល្មើសព្រៃឈើហូរហែអាជ្ញាធរបែរជារឹតត្បិត»។
ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិមាត្រា២៩ចែងថាពលរដ្ឋសិស្សនិស្សិតមន្ត្រីរាជការ និងអាជ្ញាធរមានករណីកិច្ចចូលរួមការពារ និងស្ដារធនធានធម្មជាតិឡើងវិញក្នុងតំបន់ការពារធម្មជាតិ។ រីឯច្បាប់ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចាត់ចែងទ្រព្យសម្បត្តិរដ្ឋមាត្រា៦៩ ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិនិងកាតព្វកិច្ចថែរក្សា និងការពារសម្បត្តិរបស់រដ្ឋ។
ក្រសួងបរិស្ថានដាក់បញ្ចូលព្រៃព្រះរការជាដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ (៩៦.០០០) គ្របដណ្ដប់លើភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្តស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។