បញ្ហាទំនប់វារីអគ្គិសនីដែលកំពុងសាងសង់ និងសង់រួចនោះ កន្លងមកមានប្រជាពលរដ្ឋតវ៉ាពីសំណងមិនសមរម្យ ហើយអ្នករស់នៅផ្ទាល់ក្នុងទំនប់វារីអគ្គិសនីនោះ មិនទាន់មានអគ្គិសនីប្រើនៅឡើយ ឯផ្លូវគមនាគមន៍និងព្រៃឈើមានការហិនហោចកាន់តែខ្លាំង។
មន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា ហៅកាត់ថា អស៊ីស៊ី (Rivers Coalition in Cambodia=RCC) ចុះពិនិត្យផលប៉ះពាល់ពីទំនប់វារីអគ្គិសនីអាតៃ និងគម្រោងវារីអគ្គិសនីអារ៉ែង ស្ថិតក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់។
ការចុះពិនិត្យផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនេះ បានធ្វើឡើងនៅគ្រាដែលក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមកពីប្រទេសចិនប្រជាមានិត ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិក្នុងការសាងសង់វារីអគ្គិសនីច្រើនកន្លែង។
តំណាងអង្គការសម្ព័ន្ធទន្លេកម្ពុជា លោក ម៉េង ហាក់វិច្ឆ័យ ឲ្យដឹងថា កម្មសិក្សានេះបានធ្វើដំណើររយៈពេល១សប្ដាហ៍ ដោយមានមន្ត្រីអង្គការជាតិ និងអន្តរជាតិចំនួន ១៩នាក់ចូលរួមពិនិត្យស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនចិន សង់វារីអគ្គិសនី។
លោកថា ការចុះសិក្សា គឺនៅស្ទឹងអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលរដ្ឋាភិបាល គ្រោងសង់ទំនប់វារីអគ្គិសនីក្នុងស្ទឹងអារ៉ែង។ មួយកន្លែងទៀតកំពុងសង់ ស្ថិតនៅក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ គឺទំនប់វារីអគ្គិសនីអាតៃ។ លោកថា នៅក្នុងខេត្តពោធិ៍សាត់ ទំនប់អាតៃបានសង់ជិតរួចទៅហើយ ប៉ុន្តែសំណងទៅអ្នកភូមិក្នុងចំណោម ៣៧គ្រួសារ ដែលប៉ះពាល់ពីកម្ពស់ទឹកអាងអាតៃ មានតែ ៤គ្រួសារទេ ដែលទទួលសំណងពេញចិត្ត។ ក្រៅពីនោះមានអ្នកភូមិខ្លះទទួលបានសំណង ៥០ដុល្លារ ខ្លះ ១០០ដុល្លារ គឺជាសំណងតិចតួចដែលមិនសមនឹងទំហំនៃការបំផ្លាញព្រៃដើម្បីសង់អាងដែលមានទំហំដល់ ៥ពាន់ហិកតារនោះទេ។
តំណាងអង្គការសម្ព័ន្ធទន្លេកម្ពុជា លោក ម៉េង ហាក់វិច្ឆ័យ៖ «កម្រិតនីវ៉ូទឹកហ្នឹង កម្រិតត្រឹមនេះទេ ប៉ុន្តែយើងសង្កេតឃើញជាទូទៅ ឃើញកាប់ព្រៃលើសការកម្រិតរបស់ក្រុមហ៊ុននោះទៅទៀត។ មួយទៀត គឺអ្នកមកពីខាងក្រៅ ពេលដែលវារីអគ្គិសនីហ្នឹងចាប់ផ្ដើមដំណើរការ គេចាប់ផ្ដើមមក ដើម្បីទៅកាប់បំផ្លាញព្រៃឈើ ហើយនិងវល្លិល្មៀត»។
តំណាងអង្គការសហប្រតិបត្តិការបរិស្ថាននិងទេសចរណ៍ (CETO) កញ្ញា ចេង ស្រីមុំ ថ្លែងថា ការចុះសាកសួរពលរដ្ឋនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់កំពុងសង់វារីអគ្គិសនី គាត់បានរកឃើញថា មានផលប៉ះពាល់ធំធេងពីទំនប់វារីអគ្គិសនីអាតៃ ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញអាងស្តុកទឹកអាតៃ៖ «ខូចបរិស្ថានធម្មជាតិយ៉ាងធំ ជាពិសេសគឺព្រៃឈើតែម្ដង។ មួយទៀត គឺបាត់បង់ដីស្រែចម្ការរបស់ប្រជាជនមួយចំនួននៅក្នុងតំបន់ហ្នឹង ហើយប្រជាជនមិនសុខចិត្ត និងមិនសប្បាយចិត្ត ភាគច្រើនពីរឿងដែលមានទំនប់ហ្នឹង»។
លោក សឹម សំណាង មកពីអង្គការមាតាធម្មជាតិ (Mother Nature) ថ្លែងថា បទពិសោធន៍ផលប៉ះពាល់ពីទំនប់វារីអគ្គិសនីអាតៃ ក៏ជាគំរូឆ្លុះបញ្ចាំងដល់អ្នករស់នៅតំបន់ស្ទឹងអារ៉ែង ដែលរដ្ឋាភិបាលគ្រោងសង់វារីអគ្គិសនីនៅទីនោះដែរ។ លោកបន្តថា គម្រោងសង់វារីអគ្គិសនីក្នុងតំបន់ស្ទឹងអារ៉ែង នឹងប៉ះពាល់ដល់លំនៅឋានពលរដ្ឋរស់នៅក្នុងឃុំចំនួន៣ គឺឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ។
អ្នករស់នៅក្នុងតំបន់ស្ទឹងអារ៉ែង គឺជាជនជាតិដើមភាគតិចជង។ ពួកគេជាអ្នកស្រឡាញ់ព្រៃឈើ សត្វព្រៃ និងធនធានរ៉ែ ដែលមានដូចជា រ៉ែដែក រ៉ែត្បូង រ៉ែមាស ជាដើម។
មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ឲ្យដឹងថា ទំនប់អាតៃបង្កើតថាមពលអគ្គិសនីបានតែ ២២០ម៉េហ្គាវាត់។ ប៉ុន្តែទំហំនៃការកាប់ព្រៃឈើដល់ទៅ ៥ពាន់ហិកតារ។
រីឯមន្ត្រីបរិស្ថានអន្តរជាតិអះអាងថា ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែងវិញ នឹងបង្កើតបានថាមពលអគ្គិសនីប្រមាណ ១០៨មេហ្គាវ៉ាត់ រីឯទំហំនៃការកាប់ព្រៃ និងបំផ្លាញជម្រកសត្វព្រៃប្រហាក់ប្រហែលគ្នា។
ក្រុមមន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា ក្រោយពីសិក្សាពីតំបន់សង់អគ្គិសនីអាតៃ និងទីតាំងគ្រោងសង់ទំនប់វារីអគ្គិសនីអារ៉ែង នៅក្នុងខេត្តទាំង២នោះរួច អង្គការនោះគ្រោងធ្វើសិក្ខាសាលាមួយដើម្បីតស៊ូមតិទៅរាជរដ្ឋាភិបាលកម្ពុជា សូមឲ្យចុះសិក្សាពីផលប៉ះពាល់បរិស្ថានធំធេងដល់អ្នកភូមិដែលកំពុងរស់នៅក្នុងតំបន់អារ៉ែង គឺទាមទារសូមឲ្យពិភាក្សាលម្អិតរវាងមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋកំពុងរស់នៅផ្ទាល់ក្នុងតំបន់គ្រោងសង់វារីអគ្គិសនីអារ៉ែង ឲ្យមានការយល់ព្រមគ្នាជាមុនសិនអំពីសំណង និងការផ្លាស់ប្ដូរ ព្រមទាំងប្រយោជន៍ដែលពួកគេនឹងទទួលបានពីទំនប់វារីអគ្គិសនីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។