ពលរដ្ឋ​ខេត្ត​បាត់ដំបង​បារម្ភ​បាត់​ចំណូល​បន្ទាប់​ពី​អាជ្ញាធរ​សង់​ទំនប់​ទឹក​ទី​២​នៅ​ស្ទឹង​សង្កែ

ដោយ ហ៊ុំ ចំរើន
2015-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដង​ស្ទឹង​សង្កែ​នៅ​ប៉ែក​ខាង​ក្រោម​ទំនប់​ទឹក ដែល​អាជ្ញាធរ​បម្រុង​សាងសង់​នៅ​វត្ត​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥
ដង​ស្ទឹង​សង្កែ​នៅ​ប៉ែក​ខាង​ក្រោម​ទំនប់​ទឹក ដែល​អាជ្ញាធរ​បម្រុង​សាងសង់​នៅ​វត្ត​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​អម​ដង​ស្ទឹង​សង្កែ​ប៉ែក​ខាង​ក្រោម នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បង្ហាញ​ការ​ព្រួយ​បារម្ភ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​២ ដែល​អាជ្ញាធរ​ត្រៀម​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ អ្នក​ភូមិ​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​សង់​ទំនប់​ទឹក​នេះ​រួច នឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ប្រកប​របរ​នេសាទ​ត្រី ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ពី​របរ​នេះ ដោយសារ​ទឹក​ស្ទឹង​សង្កែ​នៅ​ប៉ែង​ខាង​ក្រោម​មិន​ស្អាត និង​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ត្រី​បន្លាស់​ទី។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ និង​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង និង​អាជ្ញាធរ​ពាក់ព័ន្ធ សិក្សា​ផល​ប៉ះពាល់​ជា​ថ្មី​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ទំនប់​ទឹក​ទី​ពីរ​ក្នុង​ស្ទឹង​សង្កែ​នេះ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ប្រធាន​សហគមន៍​នេសាទ​ត្រី​ភូមិ​ស្ដីក្រោម រហាលសួង នៃ​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ លោក ភី ហឿត ថ្លែង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​គួរ​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​ពីរ​នោះ​ឡើយ ពីព្រោះ​ការ​សាងសង់​ទំនប់​ទឹក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ែក​ខាង​ក្រោម​អម​សង​ខាង​ដង​ស្ទឹង​សង្កែ ជាពិសេស​អ្នក​ប្រកប​របរ​នេសាទ​ប្រចាំ​ថ្ងៃ។ លោក​អះអាង​ថា ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​ទឹក​នេះ ធ្វើ​ឲ្យ​ត្រី​តាម​ដង​ស្ទឹង​សង្កែ​ថយ​ចុះ ដោយសារ​ទឹក​ឡើង​មិន​ទៀង​ទាត់ និង​ឡើង​ខុស​ប្រក្រតី ពោល​គឺ​ទឹក​ស្ទឹង​ឡើង​លឿន និង​ស្រក​លឿន​ពេក នៅ​ពេល​ណា​ដែល​អាជ្ញាធរ​បើក និង​បិទ​ទ្វារ​ទឹក​ម្ដងៗ។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ត្រី​មិន​អាច​ឡើង​តាម​ដង​ស្ទឹង​សង្កែ ហើយ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​នេសាទ​បាន​ដូច​ពេល​មុនៗ​នោះ​ទេ៖ «កាល​ណា​ទឹក​ស្រក​លឿន​ខុស​ពី​ធម្មជាតិ ពី​ការ​បើក​បិទ​ទឹក​របស់​អាជ្ញាធរ នឹង​ធ្វើ​ឲ្យ​ត្រី​បន្លាស់​ទី​ទៅ​បឹង​ទន្លេសាប​វិញ ដែល​បញ្ហា​នេះ​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​អ្នក​ធ្វើ​នេសាទ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​អម​ដង​ស្ទឹង​សង្កែ​ប៉ែក​ខាង​ក្រោម នៃ​ស្រុក​ឯកភ្នំ ថ្លែង​ថា អាជ្ញាធរ​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​ពីរ​នេះ នឹង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​អ្នក​ប្រកប​របរ​ធ្វើ​នេសាទ​ត្រី និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​តាម​ទូក​កាណូត ដោយសារ​ការ​បើក​ទឹក​មិន​ទៀង​ទាត់ ធ្វើ​ឲ្យ​ពុំ​មាន​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​នៅ​រដូវ​ប្រាំង៖ «បាទ! ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​មាន​ការ​សិក្សា​ឡើង​វិញ​ទាក់ទង​ទំនប់​ទឹក​ទី​ពីរ​នេះ។ ម្យ៉ាង​ទៀត អាជ្ញាធរ​សូម​មេត្តា​បើក​ទឹក​ឲ្យ​ពលរដ្ឋ​អ្នក​រស់នៅ​ប៉ែក​ខាង​ក្រោម​ផង បាន​ប្រើប្រាស់​ផង កុំ​ចាំ​តែ​គ្នា​ស្រែក​បាន​បើក​មក​នោះ»

ប្រធាន​សហគមន៍​នេសាទ​ត្រី​ភូមិ​ស្ដីក្រោម រហាលសួង នៃ​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ភី ហឿត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Hum Chamrouen
ប្រធាន​សហគមន៍​នេសាទ​ត្រី​ភូមិ​ស្ដីក្រោម រហាលសួង នៃ​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ភី ហឿត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Hum Chamrouen

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង លោក ឡុង ផលគុណ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង មាន​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​២ នៅ​ស្រុក​ឯកភ្នំ ប្រាកដ​មែន ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា សាងសង់​នៅ​ពេល​ណា ឬ​ដោយ​ក្រុមហ៊ុន​ណា​សាងសង់​ទំនប់​ទឹក​នោះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​លោក​អះអាង​ថា អាជ្ញាធរ​បាន​សិក្សា​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ពី​គម្រោង​សាងសង់​ទំនប់​ទឹក​នេះ​រួច​រាល់​ហើយ៖ «បាទ! យើង​ទំនប់​ទឹក​នេះ ដើម្បី​រក្សា​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផង ហើយ​ដើម្បី​ជួយ​សម្រួល​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​ស្ទឹង​សង្កែ​បាន​គ្រប់​រដូវ​ផង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា អាជ្ញាធរ​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​២ នៅ​ស្រុក​ឯកភ្នំ នឹង​ប៉ះពាល់​ដល់​ការ​បន្លាស់​ទី​របស់​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប។ អ្នកស្រី​ពន្យល់​ថា ប្រសិន​បើ​អាជ្ញាធរ​សង់​ទំនប់​ទឹក​នេះ​រួច ត្រី​នឹង​ថយ​ចុះ​ច្រើន នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ជា​ពុំ​ខាន៖ «ចា៎! បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​នេសាទ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ស្ទឹង​សង្កែ​ជា​ប្រភព​ទឹក​សំខាន់​ដែល​ហូរ​ចូល​នៅ​ក្នុង​បឹង​ទន្លេសាប ហើយ​បើ​សិន​យើង​បើក​ទំនប់​ទឹក​ម្ដងម្កាល​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ខាង​ក្រោម​ខ្វះខាត​ទឹក​ប្រើប្រាស់​ហើយ»

ចំណែក​ឯ​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​ពីរ​នេះ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ចាប់​ផ្ដើម​សាងសង់ ពីព្រោះ​ថា ទំនប់​ទឹក​ទី​មួយ​ដែល​អាជ្ញាធរ​សាងសង់​នៅ​ស្ទឹង​សង្កែ ស្រុក​បាណន់ នោះ បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាង​ក្រោម​ស្ទឹង​សង្កែ​រួច​មក​ហើយ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​សាងសង់​ទំនប់​ទឹក​បន្ថែម​មួយ​ទៀត ដោយ​ពុំ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ទេ នោះ​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាង​ក្រោម​ស្ទឹង នឹង​ជួប​ការ​លំបាក​ខ្លាំង​ពី​ការ​ធ្វើ​ទំនប់​ទឹក​នេះ៖ «បញ្ហា​នេះ អាជ្ញាធរ​ត្រូវ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ អំពី​ការ​អភិវឌ្ឍ​នេះ។ ម្យ៉ាង​ទៀត អាជ្ញាធរ​ត្រូវ​ទទួល​យក​សំណើ​របស់​ប្រជាពលរដ្ឋ ដោះស្រាយ​ដើម្បី​កាត់​បន្ថយ​ពី​ផល​ប៉ះពាល់​របស់​ពួក​គាត់»

យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាង​ក្រោម​ស្ទឹង​សង្កែ ដែល​ពឹង​ផ្អែក​ទៅ​លើ​របរ​នេសាទ​ត្រី​ចំនួន ៥​ឃុំ ឬ​ប្រមាណ ៥​ពាន់​គ្រួសារ ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ប្រឈម​ជីវភាព​ខ្វះខាត ដោយសារ​មិន​អាច​ធ្វើ​នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បាន បន្ទាប់​ពី​អាជ្ញាធរ​សាងសង់​ទំនប់​ទឹក​ទី​១ នៅ​ឃុំ​ចែង ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ​២០០៩ មក​នោះ។ អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​គ្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​សង្កែ​ទី​២ នៅ​ចំណុច​ទំនប់​សាលា​តាអន ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ នៅ​ឆ្នាំ​២០១៦ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល