ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅអមដងស្ទឹងសង្កែប៉ែកខាងក្រោម នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្ហាញការព្រួយបារម្ភផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់ទឹកស្ទឹងសង្កែទី២ ដែលអាជ្ញាធរត្រៀមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកភូមិបញ្ជាក់ថា ប្រសិនបើអាជ្ញាធរសង់ទំនប់ទឹកនេះរួច នឹងប៉ះពាល់ខ្លាំងដល់អ្នកប្រកបរបរនេសាទត្រី ហើយធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃពីរបរនេះ ដោយសារទឹកស្ទឹងសង្កែនៅប៉ែងខាងក្រោមមិនស្អាត និងពុំមានទឹកគ្រប់គ្រាន់សម្រាប់ឲ្យត្រីបន្លាស់ទី។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងអង្គការសង្គមស៊ីវិល ស្នើឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងអាជ្ញាធរពាក់ព័ន្ធ សិក្សាផលប៉ះពាល់ជាថ្មីឲ្យបានច្បាស់លាស់ មុននឹងចាប់ផ្ដើមសាងសង់ទំនប់ទឹកទីពីរក្នុងស្ទឹងសង្កែនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រធានសហគមន៍នេសាទត្រីភូមិស្ដីក្រោម រហាលសួង នៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោក ភី ហឿត ថ្លែងថា អាជ្ញាធរពាក់ព័ន្ធមិនគួរសាងសង់ទំនប់ទឹកស្ទឹងសង្កែទីពីរនោះឡើយ ពីព្រោះការសាងសង់ទំនប់ទឹកនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ែកខាងក្រោមអមសងខាងដងស្ទឹងសង្កែ ជាពិសេសអ្នកប្រកបរបរនេសាទប្រចាំថ្ងៃ។ លោកអះអាងថា ផលលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសង់ទំនប់ទឹកនេះ ធ្វើឲ្យត្រីតាមដងស្ទឹងសង្កែថយចុះ ដោយសារទឹកឡើងមិនទៀងទាត់ និងឡើងខុសប្រក្រតី ពោលគឺទឹកស្ទឹងឡើងលឿន និងស្រកលឿនពេក នៅពេលណាដែលអាជ្ញាធរបើក និងបិទទ្វារទឹកម្ដងៗ។ បញ្ហាទាំងនេះ ធ្វើឲ្យត្រីមិនអាចឡើងតាមដងស្ទឹងសង្កែ ហើយប្រជាពលរដ្ឋមិនអាចធ្វើនេសាទបានដូចពេលមុនៗនោះទេ៖ «កាលណាទឹកស្រកលឿនខុសពីធម្មជាតិ ពីការបើកបិទទឹករបស់អាជ្ញាធរ នឹងធ្វើឲ្យត្រីបន្លាស់ទីទៅបឹងទន្លេសាបវិញ ដែលបញ្ហានេះបានប៉ះពាល់ជាខ្លាំងដល់អ្នកធ្វើនេសាទ»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនរស់នៅអមដងស្ទឹងសង្កែប៉ែកខាងក្រោម នៃស្រុកឯកភ្នំ ថ្លែងថា អាជ្ញាធរសាងសង់ទំនប់ទឹកស្ទឹងសង្កែទីពីរនេះ នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងអ្នកប្រកបរបរធ្វើនេសាទត្រី និងការធ្វើដំណើរទៅមកតាមទូកកាណូត ដោយសារការបើកទឹកមិនទៀងទាត់ ធ្វើឲ្យពុំមានទឹកគ្រប់គ្រាន់ក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវប្រាំង៖ «បាទ! ខ្ញុំសុំឲ្យអាជ្ញាធរមានការសិក្សាឡើងវិញទាក់ទងទំនប់ទឹកទីពីរនេះ។ ម្យ៉ាងទៀត អាជ្ញាធរសូមមេត្តាបើកទឹកឲ្យពលរដ្ឋអ្នករស់នៅប៉ែកខាងក្រោមផង បានប្រើប្រាស់ផង កុំចាំតែគ្នាស្រែកបានបើកមកនោះ»។

ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក ឡុង ផលគុណ មានប្រសាសន៍ទទួលស្គាល់ថា អាជ្ញាធរខេត្តបាត់ដំបង មានគម្រោងសាងសង់ទំនប់ទឹកស្ទឹងសង្កែទី២ នៅស្រុកឯកភ្នំ ប្រាកដមែន ប៉ុន្តែលោកពុំបានបញ្ជាក់ថា សាងសង់នៅពេលណា ឬដោយក្រុមហ៊ុនណាសាងសង់ទំនប់ទឹកនោះនៅឡើយទេ។ ទោះយ៉ាងណាលោកអះអាងថា អាជ្ញាធរបានសិក្សាផលប៉ះពាល់ដល់ប្រជាពលរដ្ឋពីគម្រោងសាងសង់ទំនប់ទឹកនេះរួចរាល់ហើយ៖ «បាទ! យើងទំនប់ទឹកនេះ ដើម្បីរក្សាទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ផង ហើយដើម្បីជួយសម្រួលផ្នែកទេសចរណ៍នៅក្នុងស្ទឹងសង្កែបានគ្រប់រដូវផង»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលខេត្តជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា អាជ្ញាធរសាងសង់ទំនប់ទឹកស្ទឹងសង្កែទី២ នៅស្រុកឯកភ្នំ នឹងប៉ះពាល់ដល់ការបន្លាស់ទីរបស់ត្រីនៅក្នុងបឹងទន្លេសាប។ អ្នកស្រីពន្យល់ថា ប្រសិនបើអាជ្ញាធរសង់ទំនប់ទឹកនេះរួច ត្រីនឹងថយចុះច្រើន នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃជាពុំខាន៖ «ចា៎! បញ្ហានេះបានប៉ះពាល់ដល់ការធ្វើនេសាទរបស់ប្រជាពលរដ្ឋ ពីព្រោះស្ទឹងសង្កែជាប្រភពទឹកសំខាន់ដែលហូរចូលនៅក្នុងបឹងទន្លេសាប ហើយបើសិនយើងបើកទំនប់ទឹកម្ដងម្កាលនោះ នឹងធ្វើឲ្យអ្នករស់នៅខាងក្រោមខ្វះខាតទឹកប្រើប្រាស់ហើយ»។
ចំណែកឯមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរឲ្យមន្ត្រីជំនាញសិក្សាផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់ទឹកស្ទឹងសង្កែទីពីរនេះឲ្យបានច្បាស់លាស់ មុននឹងចាប់ផ្ដើមសាងសង់ ពីព្រោះថា ទំនប់ទឹកទីមួយដែលអាជ្ញាធរសាងសង់នៅស្ទឹងសង្កែ ស្រុកបាណន់ នោះ បានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅប៉ែកខាងក្រោមស្ទឹងសង្កែរួចមកហើយ។ លោកថា ប្រសិនបើអាជ្ញាធរសាងសង់ទំនប់ទឹកបន្ថែមមួយទៀត ដោយពុំមានការសិក្សាឲ្យបានច្បាស់លាស់ទេ នោះប្រជាពលរដ្ឋនៅប៉ែកខាងក្រោមស្ទឹង នឹងជួបការលំបាកខ្លាំងពីការធ្វើទំនប់ទឹកនេះ៖ «បញ្ហានេះ អាជ្ញាធរត្រូវពិភាក្សាជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ឲ្យបានច្បាស់លាស់ អំពីការអភិវឌ្ឍនេះ។ ម្យ៉ាងទៀត អាជ្ញាធរត្រូវទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដោះស្រាយដើម្បីកាត់បន្ថយពីផលប៉ះពាល់របស់ពួកគាត់»។
យ៉ាងណា ប្រជាពលរដ្ឋនៅប៉ែកខាងក្រោមស្ទឹងសង្កែ ដែលពឹងផ្អែកទៅលើរបរនេសាទត្រីចំនួន ៥ឃុំ ឬប្រមាណ ៥ពាន់គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងប្រឈមជីវភាពខ្វះខាត ដោយសារមិនអាចធ្វើនេសាទត្រីរកប្រាក់ចំណូលដោះស្រាយជីវភាពបាន បន្ទាប់ពីអាជ្ញាធរសាងសង់ទំនប់ទឹកទី១ នៅឃុំចែង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីឆ្នាំ២០០៩ មកនោះ។ អ្នកភូមិឲ្យដឹងទៀតថា អាជ្ញាធរគ្រោងសាងសង់ទំនប់ទឹកស្ទឹងសង្កែទី២ នៅចំណុចទំនប់សាលាតាអន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នៅឆ្នាំ២០១៦ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។