កសិករ​ខេត្ត​បាត់ដំបង​ស្នើ​អភិបាលខេត្ត​ថ្មី​គ្រប់គ្រង​ទឹក​ឱ្យ​បាន​ល្អ​ដើម្បី​ស្រោចស្រព​ស្រូវ​កសិកម្ម

ដោយ សុជីវី
2021-10-12
Share
កសិករ​ខេត្ត​បាត់ដំបង​ស្នើ​អភិបាលខេត្ត​ថ្មី​គ្រប់គ្រង​ទឹក​ឱ្យ​បាន​ល្អ​ដើម្បី​ស្រោចស្រព​ស្រូវ​កសិកម្ម ទិដ្ឋភាព​ទ្វារទឹកអាង​កំពីងពួយ ក្នងស្រុកបាណន់ ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី៣ ខែតុលា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជា​កសិករ​ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អភិបាល​ខេត្ត​ថ្មី គ្រប់គ្រង​ធនធានទឹក​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្រោចស្រព​កសិកម្ម​របស់​ពួកគាត់​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​។ ពួកគាត់​មើលឃើញ​ថា អភិបាលខេត្ត​មុនៗ ​បាន​មើល​រំលង ក្តី​កង្វល់​របស់​ពលរដ្ឋ ដោយ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​មិន​បាន​ល្អ ក្នុង​ទំនប់​កំពីងពួយ និង​ទំនប់​សំណង់​ធារាសាស្ត្រ «កង្ហត» ធ្វើ​ឱ្យ​ស្រូវ​របស់​អ្នកស្រុក​បាណន់​រាប់​ម៉ឺន​ហិកតារ ត្រូវ​ខូចខាត​ដោយសារ​ជន់​លិច​នៅ​រដូវវស្សា និង​ខ្វះ​ទឹក​ស្រោចស្រព​នៅ​រដូវប្រាំង​ជា​រៀងរាល់​ឆ្នាំ។

ពលរដ្ឋ​ខេត្ត​បាត់ដំបង ថ្នាំងថ្នាក់​ចិត្ត​នឹងការគ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​​​ខ្វះ​ចន្លោះ​ច្រើន និង​ខ្វះ​បច្ចេកទេស​របស់​អាជ្ញាធរ​ខេត្ត​នេះ ដែល​ធ្វើ​ឱ្យ​ស្រូវ​កសិកម្ម​របស់​អ្នកស្រុក​បាណន់​រាប់​ម៉ឺន​ហិកតារ រង​ការ​ខូចខាត នៅ​រយៈពេល ៨​ឆ្នាំ​ជាប់ៗ​ គ្នា ទាំង​ស្រូវប្រាំង និង​ស្រូវ​វស្សា ដោយសារ​ការ​បើកទ្វារ​បង្ហូរទឹក​មិន​ទៀងទាត់ និង​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ឱ្យ​បាន​ទូលំទូលាយ មុន​ពេល​បើក​បង្ហូរទឹក។

ពលរដ្ឋ​រស់នៅ​ភូមិ​តាគ្រាម ឃុំ​តាគ្រាម ស្រុក​បាណន់ លោក ជឿន បញ្ហា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១១ តុលា​ថា អាជ្ញាធរ​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ទឹក ភ្ជាប់​ពី​ទំនប់​កំពីងពួយ​ដោយមាន​ទ្វារ​ទឹក​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​ការគ្រប់គ្រង​ធាន​ធាន​ទឹក​វិញ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា នៅ​រដូវប្រាំង គ្មាន​ការ​បើក​បង្ហូរ​ទឹកជា​ទៀងទាត់​ទេ ធ្វើ​ឱ្យ​ស្រូវប្រាំង​​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​បាណន់​ប្រឈម​ការខូចខាតជា​ច្រើន​ពាន់​ហិកតារ។ រីឯ​នៅ​រដូវ​វស្សា​វិញ បែរជា​គេ​បើក​បង្ហូរទឹក​ហូរហៀរ បណ្តាល​ឱ្យ​លិច​ស្រូវ​កសិកម្ម​របស់​ពលរដ្ឋ​​ក្នុងស្រុក​បាណន់​រាប់​ម៉ឺន​ហិកតារ​៖ «បើសិនជា​រដូវវស្សា​ទឹក​ច្រើន គេ​បើក​ហើយ គេ​បើក​ចេញ​ពី​អាង​កំពីងពួយ​មក លិច​ណា​ទៅ គេ​មិន​ខ្វល់​។ ពេលខ្លះ​គេ​ត្រូវ​ទឹក រដូវប្រាំង​មិញ​ប៉ះពាល់​ច្រើនណាស់​ទាំងអស់គ្នា យើង​ភ្ជួរ​ត្រាក់ទ័រ ជួល​គេ​ផង ពូជ​ជី​ក៏​ថ្លៃ កម្លាំង​ពលកម្ម​ផ្សេងៗ គោយន្ត រាស់ ព្រោះ ច្រូតស្រូវ​គ្មាន​នរណា​បាន​ទេ ខ្លះ​ក៏​ចោល​ទៅ​។ ពលរដ្ឋ​តវ៉ា​លើកគ្នា​ទៅ​បាន​គេ​បើកទឹក​ឱ្យ»។

Kamping_Puoy_Reservoir_in_Banon_district_Battambang_province_100321_provided_pic_3.jpg
ទិដ្ឋភាព​អាងទឹក​កំពីងពួយ ក្នងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ២០២១។ រូបថត៖ ពលរដ្ឋផ្តល់ឱ្យ

ពលរដ្ឋ​ដដែល​បន្ថែម​ថា បញ្ហា​នេះ​កើតមាន​ដដែលៗ ជិត​ ១០ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​បាន​មើល​រំលង ធ្វើ​ឱ្យ​ពលរដ្ឋ​ថាំចិត្ត​យ៉ាង​ខ្លាំង និង​ចង់ឱ្យ​អភិបាល​ខេត្ត​ថ្មី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុងស្រុក​បាណន់ នៅ​ខ្សែទឹក​ខាងក្រោម​របស់​អាង​កំពីងពួយ ដែល​ត្រូវការ​ទឹក​ស្រោចស្រព​ស្រូវ​កសិកម្ម បែរជា​មិនបាន​ដូច​បំណង​នោះ​ទេ ដោយសារ​អាជ្ញាធរ​មិនបាន​សហការ​គ្នា​ល្អ ក្នុង​ការ​បើក​បង្ហូរ​ទ្វារ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ​តាម​ស្តង់ដារ​បច្ចេកទេស​កសិកម្ម។

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ឃុំ​កន្ទឺ២ ស្រុក​បាណន់ គឺ​លោក ជូន វុទ្ធី ខកចិត្ត ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ថា បើ​ត្រូវ​បើក​បង្ហូរទឹក គឺ​បើក​រហូត​លិច​ស្រូវ​របស់​កសិករ ប៉ុន្តែ​ប្រសិន​បើ​​បិទទ្វារ​ទឹក​វិញ គឺ​បិទ​រហូត​ដល់​ដីស្រែ​រីងស្ងួត​ហួតហែង ធ្វើ​ស្រូវ​ងាប់​ជា​រៀងរាល់​ឆ្នាំ​។ លោក​សង្កេត​ឃើញ​ថា ចាប់តាំងពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ស្ថាបនា​ប្រឡាយ​ទឹក​ចាប់ពី​ឃុំ​កន្ទឺ​ពីរ ឆ្លងកាត់​ភ្នំ​សំពៅ រហូត​ដល់ ឃុំ​តាគ្រាម បណ្តាល​ឱ្យ​ស្រូវ​កសិកម្ម​របស់​ពលរដ្ឋ​យ៉ាងហោចណាស់​ជាង ២​ម៉ឺន​ហិកតារ ត្រូវ​ជន់​លិច​ជា​រៀងរាល់​ឆ្នាំ ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​បញ្ជាក់​ទៀត​ថា មុន​ពេល​មិន​ទាន់​មាន​ប្រឡាយ​ទឹក​នៅ​តំបន់​នោះ ស្រូវ​ស្រែ​របស់​អ្នក​ភូមិ មិន​ដែល​ជន់ លិច​ដូច្នោះ​ទេ ពោល​គឺ​ពួកគាត់​ធ្វើ​កសិកម្ម​បែប​ប្រពៃណី ប្រវាស់​មេឃ​ទទួល​បាន​ទិន្នផល​ខ្ពស់៖ «ខែវស្សា​ទឹក​ស្រែ​មាន​ស្រេច ហើយ​បើក​បន្ថែម​មក​លិច​អស់​រលីង ប៉ុន្មាន​ឆ្នាំ​មកនេះ ខាតបង់​ការងារ អត់​មាន​ពឹងពាក់​លើ​ស្រែ​មួយ​មុខ​អ៊ីចឹង។ ឥឡូវ​ផ្តោត​ទៅលើ​ប្រឡាយ​ទឹក ខែប្រាំង​គេ​មិន​បើកទឹក​ឱ្យ​ទេ ព្រោះ​ទឹក​គេ​ខ្វះខាត»។

ក្រៅពី​បញ្ហា​ទឹក​នេះ ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង ក៏​ត្អូញត្អែរ​រឿង​ផលិតផល​កសិកម្ម​មាន​ដូច​ជា​មាន​ស្រូវ និង​ដំឡូង​ជាដើម តែ​ប្រឈម​បញ្ហា​ខ្លះ​ទីផ្សារ ឬ​លក់​បាន​តម្លៃ​ទាប ដែល​ធ្វើ​ឲ្យ​កសិករ​ខាតបង់​ប្រាក់ ឬ​ជំពាក់​ធនាគារ និង​ចុងក្រោយ​សម្រេចចិត្ត​ចំណាក់ស្រុក​ទៅ​ក្រៅប្រទេស។ បើទោះបី​ជា​ប្រជាកសិករ ស្នើសុំ​បែបនេះ ក៏​ពួកគាត់​មួយចំនួន ហាក់​មិនសូវ​មាន​សង្ឃឹមថា ទៅ​លើ​អភិបាលខេត្ត​ថ្មី​ដែរ ព្រោះ​ការ​ផ្លាស់ប្ដូរ​អភិបាលខេត្ត អាច​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល និង​ចែក​ផលប្រយោជន៍​គ្នា​ប៉ុណ្ណោះ។

ការ​លើកបញ្ហា​ទាំង​ឡើង គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ព្រឹក​ថ្ងៃទី​១១ តុលា បាន​ធ្វើជា​អធិបតី​ប្រកាស​មុខ​តំណែង លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី ជំនួស​លោក ងួន រតនៈ។

ក្នុង​ពេល​ប្រកាស​មុខតំណែង លោក សុខ លូ ជា​អភិបាលខេត្ត​បាត់ដំបង​ថ្មី លោក​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​ពង្រីក​សេវា​សង្គម កសាង និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ស្រោចស្រព​ស្រូវ​កសិកម្ម ស្របតាម​ការ​អភិវឌ្ឍ​មូលដ្ឋាន ប្រកបដោយ​សមធម៌ និង​ចិរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ឱ្យ​អភិបាល​បាត់ដំបង ដែល​ទើប​តែងតាំង​ថ្មី ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដោយ​ត្រូវ​ទទួល​យក​សំណូមពរ និង​ក្តី​កង្វល់​ទាំងឡាយ របស់​ពលរដ្ឋ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៖ «ប្រជាពលរដ្ឋ​មាន​សំណូមពរ​ពិត​ត្រង់ ដើម្បី​ឱ្យ​យើង​ជួយ ក្នុង​ឋានៈ​ជា​អាជ្ញាធរ ជា​មន្ត្រី ធ្វើ​ការ​ជូន​ជាតិ ជូន​ពលរដ្ឋ​។ យើង​ត្រូវតែ​ហ៊ាន ប្រឡូក​នូវ​បញ្ហា​ទាំងអស់​នោះ ដើម្បី​យក​មក​ដោះស្រាយ»។

Sok_Lu_appointing_ceremony_in_Battambang_101121_BTB_Admin_FB.jpg
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុង​ពិធី​តែងតាំង​លោក សុខ លូ ជា​អភិបាលខេត្ត​បាត់ដំបងថ្មី នៅ​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្តបាត់ដំបង

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់​ថា សំណើ​របស់​ប្រជាកសិករ​នេះ អភិបាល​ខេត្ត​ថ្មី និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ ធ្វើ​យ៉ាងណា​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ ដើម្បី​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរអង្វែង។ លោក​បន្ថែម​ថា អាជ្ញាធរ​ត្រូវ​ប្រជុំ​គ្នា​ដោះស្រាយ​រឿង​នេះ ដោយ​ដាក់ចេញ​ជា​គោលនយោបាយ​មួយ ឱ្យ​បាន​ច្បាស់លាស់ រវៀង​អាជ្ញាធរ​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​ជ្រះស្រឡះ ចៀសវាង​កុំឱ្យ​បញ្ហា​នេះ កើត​មាន​ឡើង​ដដែលៗ​៖ «នៅពេល​មានការ​ដោះដូរ​គឺ​តែងតែមាន​ការ​ប្ដេជ្ញាចិត្ត​ហើយ តែ​ក្រោយមក​ធ្វើ​អត់​បាន វា​ជា​ចំណុច​សំខាន់ អ៊ីចឹង​ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​វាយតម្លៃ ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​ថ្មី​ដែរ។ តែ​ក៏​ខ្ញុំ​ហាក់បីដូចជា​មាន​សង្ឃឹម​ថា ប្រហែល​ជា​មាន​អ្វី​ថ្មី​ទឹកដី​ខេត្ត​បាត់ដំបង ក៏ដូចជា កសិករ​ខេត្ត​បាត់ដំបង​ដែរ»

អាង​កំពីងពួយ ក្នុង​ស្រុក​បាណន់ បាន​សាងសង់​ដោយ​កម្លាំង​ពលរដ្ឋ តាម​ផែនការ​របស់​ខ្មែរក្រហម​នៅ​អំឡុង​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៧។ អាង​នេះ​អាច​ស្តុក​ទឹក​បានជា​អតិបរមា​បាន ១១០​លាន​ម៉ែត្រគូប និង​បាន​ស្រោចស្រព​ដល់​ដំណាំ​កសិកម្ម​ក្នុង​ខេត្ត​នេះ​ទាំង​រដូវប្រាំង និង​រដូវវស្សា។ ប៉ុន្តែ​នៅ​រយៈពេល​ជិត ១០​ឆ្នាំ ចុង​ក្រោយនេះ អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន​របស់​ចិន បាន​កសាង​ទ្វារ​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​ទឹក គ្រប់គ្រង​ធនធានទឹក​ជូន​ប្រជាកសិករ​នៅ​តំបន់​នោះ។ រីឯ​ទំនប់ «កង្ហត» បាន​កសាង នៅ​សម័យខ្មែរក្រហម ត្រូវ​បាន​គេ​ស្ថាបនា ដើម្បី​ទប់ទឹក​ដងស្ទឹង​សង្កែ នៅ​ចំណុច ​«​ក​ង្ហ​ត​» ក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់ ប៉ុន្តែ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន បាន​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ជា​ថ្មី​ទៀត ដើម្បី​ទាញ​យក​ទឹក​សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​មួយចំនួន​មក​ប្រើប្រាស់៕

Kamping_Puoy_Reservoir_in_Banon_district_Battambang_province_100321_provided_pic_1.jpg
ទិដ្ឋភាព​ផ្ទៃទឹកក្នុង​អាង​កំពីងពួយ ក្នងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី៣ ខែតុលា ឆ្នាំ២០២១។ រូបថត៖ ពលរដ្ឋផ្តល់ឱ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល