ប្រជាកសិករខេត្តបាត់ដំបង ស្នើឱ្យអភិបាលខេត្តថ្មី គ្រប់គ្រងធនធានទឹកឱ្យបានច្បាស់លាស់ ដើម្បីស្រោចស្រពកសិកម្មរបស់ពួកគាត់ឱ្យទទួលបានទិន្នផលខ្ពស់។ ពួកគាត់មើលឃើញថា អភិបាលខេត្តមុនៗ បានមើលរំលង ក្តីកង្វល់របស់ពលរដ្ឋ ដោយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រមិនបានល្អ ក្នុងទំនប់កំពីងពួយ និងទំនប់សំណង់ធារាសាស្ត្រ «កង្ហត» ធ្វើឱ្យស្រូវរបស់អ្នកស្រុកបាណន់រាប់ម៉ឺនហិកតារ ត្រូវខូចខាតដោយសារជន់លិចនៅរដូវវស្សា និងខ្វះទឹកស្រោចស្រពនៅរដូវប្រាំងជារៀងរាល់ឆ្នាំ។
ពលរដ្ឋខេត្តបាត់ដំបង ថ្នាំងថ្នាក់ចិត្តនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រខ្វះចន្លោះច្រើន និងខ្វះបច្ចេកទេសរបស់អាជ្ញាធរខេត្តនេះ ដែលធ្វើឱ្យស្រូវកសិកម្មរបស់អ្នកស្រុកបាណន់រាប់ម៉ឺនហិកតារ រងការខូចខាត នៅរយៈពេល ៨ឆ្នាំជាប់ៗ គ្នា ទាំងស្រូវប្រាំង និងស្រូវវស្សា ដោយសារការបើកទ្វារបង្ហូរទឹកមិនទៀងទាត់ និងគ្មានការជូនដំណឹងជាមុនឱ្យបានទូលំទូលាយ មុនពេលបើកបង្ហូរទឹក។
ពលរដ្ឋរស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ លោក ជឿន បញ្ហា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ តុលាថា អាជ្ញាធរស្ថាបនាប្រព័ន្ធប្រឡាយទឹក ភ្ជាប់ពីទំនប់កំពីងពួយដោយមានទ្វារទឹកយ៉ាងត្រឹមត្រូវ ប៉ុន្តែការគ្រប់គ្រងធានធានទឹកវិញ គឺគ្មានប្រសិទ្ធភាពនោះទេជាច្រើនឆ្នាំមកហើយ។ លោកថា នៅរដូវប្រាំង គ្មានការបើកបង្ហូរទឹកជាទៀងទាត់ទេ ធ្វើឱ្យស្រូវប្រាំងរបស់ពលរដ្ឋក្នុងឃុំចំនួន ៥ នៃស្រុកបាណន់ប្រឈមការខូចខាតជាច្រើនពាន់ហិកតារ។ រីឯនៅរដូវវស្សាវិញ បែរជាគេបើកបង្ហូរទឹកហូរហៀរ បណ្តាលឱ្យលិចស្រូវកសិកម្មរបស់ពលរដ្ឋក្នុងស្រុកបាណន់រាប់ម៉ឺនហិកតារ៖ «បើសិនជារដូវវស្សាទឹកច្រើន គេបើកហើយ គេបើកចេញពីអាងកំពីងពួយមក លិចណាទៅ គេមិនខ្វល់។ ពេលខ្លះគេត្រូវទឹក រដូវប្រាំងមិញប៉ះពាល់ច្រើនណាស់ទាំងអស់គ្នា យើងភ្ជួរត្រាក់ទ័រ ជួលគេផង ពូជជីក៏ថ្លៃ កម្លាំងពលកម្មផ្សេងៗ គោយន្ត រាស់ ព្រោះ ច្រូតស្រូវគ្មាននរណាបានទេ ខ្លះក៏ចោលទៅ។ ពលរដ្ឋតវ៉ាលើកគ្នាទៅបានគេបើកទឹកឱ្យ»។

ពលរដ្ឋដដែលបន្ថែមថា បញ្ហានេះកើតមានដដែលៗ ជិត ១០ឆ្នាំមកហើយ ដែលអាជ្ញាធរបានមើលរំលង ធ្វើឱ្យពលរដ្ឋថាំចិត្តយ៉ាងខ្លាំង និងចង់ឱ្យអភិបាលខេត្តថ្មីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។ លោកថា ពលរដ្ឋរាប់ពាន់គ្រួសារក្នុងស្រុកបាណន់ នៅខ្សែទឹកខាងក្រោមរបស់អាងកំពីងពួយ ដែលត្រូវការទឹកស្រោចស្រពស្រូវកសិកម្ម បែរជាមិនបានដូចបំណងនោះទេ ដោយសារអាជ្ញាធរមិនបានសហការគ្នាល្អ ក្នុងការបើកបង្ហូរទ្វារទឹកឱ្យបានគ្រប់គ្រាន់ តាមស្តង់ដារបច្ចេកទេសកសិកម្ម។
ពលរដ្ឋម្នាក់ទៀត រស់នៅឃុំកន្ទឺ២ ស្រុកបាណន់ គឺលោក ជូន វុទ្ធី ខកចិត្ត ចំពោះចំណាត់ការរបស់អាជ្ញាធរថា បើត្រូវបើកបង្ហូរទឹក គឺបើករហូតលិចស្រូវរបស់កសិករ ប៉ុន្តែប្រសិនបើបិទទ្វារទឹកវិញ គឺបិទរហូតដល់ដីស្រែរីងស្ងួតហួតហែង ធ្វើស្រូវងាប់ជារៀងរាល់ឆ្នាំ។ លោកសង្កេតឃើញថា ចាប់តាំងពីអាជ្ញាធរ និងក្រុមហ៊ុនចិន ស្ថាបនាប្រឡាយទឹកចាប់ពីឃុំកន្ទឺពីរ ឆ្លងកាត់ភ្នំសំពៅ រហូតដល់ ឃុំតាគ្រាម បណ្តាលឱ្យស្រូវកសិកម្មរបស់ពលរដ្ឋយ៉ាងហោចណាស់ជាង ២ម៉ឺនហិកតារ ត្រូវជន់លិចជារៀងរាល់ឆ្នាំ ប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ។ លោកបញ្ជាក់ទៀតថា មុនពេលមិនទាន់មានប្រឡាយទឹកនៅតំបន់នោះ ស្រូវស្រែរបស់អ្នកភូមិ មិនដែលជន់ លិចដូច្នោះទេ ពោលគឺពួកគាត់ធ្វើកសិកម្មបែបប្រពៃណី ប្រវាស់មេឃទទួលបានទិន្នផលខ្ពស់៖ «ខែវស្សាទឹកស្រែមានស្រេច ហើយបើកបន្ថែមមកលិចអស់រលីង ប៉ុន្មានឆ្នាំមកនេះ ខាតបង់ការងារ អត់មានពឹងពាក់លើស្រែមួយមុខអ៊ីចឹង។ ឥឡូវផ្តោតទៅលើប្រឡាយទឹក ខែប្រាំងគេមិនបើកទឹកឱ្យទេ ព្រោះទឹកគេខ្វះខាត»។
ក្រៅពីបញ្ហាទឹកនេះ ប្រជាកសិករនៅខេត្តបាត់ដំបង ក៏ត្អូញត្អែររឿងផលិតផលកសិកម្មមានដូចជាមានស្រូវ និងដំឡូងជាដើម តែប្រឈមបញ្ហាខ្លះទីផ្សារ ឬលក់បានតម្លៃទាប ដែលធ្វើឲ្យកសិករខាតបង់ប្រាក់ ឬជំពាក់ធនាគារ និងចុងក្រោយសម្រេចចិត្តចំណាក់ស្រុកទៅក្រៅប្រទេស។ បើទោះបីជាប្រជាកសិករ ស្នើសុំបែបនេះ ក៏ពួកគាត់មួយចំនួន ហាក់មិនសូវមានសង្ឃឹមថា ទៅលើអភិបាលខេត្តថ្មីដែរ ព្រោះការផ្លាស់ប្ដូរអភិបាលខេត្ត អាចគ្រាន់តែធ្វើឲ្យល្អមើល និងចែកផលប្រយោជន៍គ្នាប៉ុណ្ណោះ។
ការលើកបញ្ហាទាំងឡើង គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅព្រឹកថ្ងៃទី១១ តុលា បានធ្វើជាអធិបតីប្រកាសមុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបងថ្មី ជំនួសលោក ងួន រតនៈ។
ក្នុងពេលប្រកាសមុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបងថ្មី លោកបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងពង្រីកសេវាសង្គម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សាធារណៈស្រោចស្រពស្រូវកសិកម្ម ស្របតាមការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយសមធម៌ និងចិរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំឱ្យអភិបាលបាត់ដំបង ដែលទើបតែងតាំងថ្មី ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដោយត្រូវទទួលយកសំណូមពរ និងក្តីកង្វល់ទាំងឡាយ របស់ពលរដ្ឋដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់៖ «ប្រជាពលរដ្ឋមានសំណូមពរពិតត្រង់ ដើម្បីឱ្យយើងជួយ ក្នុងឋានៈជាអាជ្ញាធរ ជាមន្ត្រី ធ្វើការជូនជាតិ ជូនពលរដ្ឋ។ យើងត្រូវតែហ៊ាន ប្រឡូកនូវបញ្ហាទាំងអស់នោះ ដើម្បីយកមកដោះស្រាយ»។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា សំណើរបស់ប្រជាកសិករនេះ អភិបាលខេត្តថ្មី និងអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យឡើងវិញ ធ្វើយ៉ាងណារកឱ្យឃើញមូលហេតុពិតប្រាកដ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពយូរអង្វែង។ លោកបន្ថែមថា អាជ្ញាធរត្រូវប្រជុំគ្នាដោះស្រាយរឿងនេះ ដោយដាក់ចេញជាគោលនយោបាយមួយ ឱ្យបានច្បាស់លាស់ រវៀងអាជ្ញាធរខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យជ្រះស្រឡះ ចៀសវាងកុំឱ្យបញ្ហានេះ កើតមានឡើងដដែលៗ៖ «នៅពេលមានការដោះដូរគឺតែងតែមានការប្ដេជ្ញាចិត្តហើយ តែក្រោយមកធ្វើអត់បាន វាជាចំណុចសំខាន់ អ៊ីចឹងខ្ញុំក៏មិនទាន់ហ៊ានវាយតម្លៃ ចំពោះឯកឧត្តមអភិបាលខេត្តថ្មីដែរ។ តែក៏ខ្ញុំហាក់បីដូចជាមានសង្ឃឹមថា ប្រហែលជាមានអ្វីថ្មីទឹកដីខេត្តបាត់ដំបង ក៏ដូចជា កសិករខេត្តបាត់ដំបងដែរ»។
អាងកំពីងពួយ ក្នុងស្រុកបាណន់ បានសាងសង់ដោយកម្លាំងពលរដ្ឋ តាមផែនការរបស់ខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧។ អាងនេះអាចស្តុកទឹកបានជាអតិបរមាបាន ១១០លានម៉ែត្រគូប និងបានស្រោចស្រពដល់ដំណាំកសិកម្មក្នុងខេត្តនេះទាំងរដូវប្រាំង និងរដូវវស្សា។ ប៉ុន្តែនៅរយៈពេលជិត ១០ឆ្នាំ ចុងក្រោយនេះ អាជ្ញាធរ និងក្រុមហ៊ុនឯកជនរបស់ចិន បានកសាងទ្វារទឹក និងប្រព័ន្ធប្រឡាយទឹក គ្រប់គ្រងធនធានទឹកជូនប្រជាកសិករនៅតំបន់នោះ។ រីឯទំនប់ «កង្ហត» បានកសាង នៅសម័យខ្មែរក្រហម ត្រូវបានគេស្ថាបនា ដើម្បីទប់ទឹកដងស្ទឹងសង្កែ នៅចំណុច «កង្ហត» ក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ប៉ុន្តែរដ្ឋាភិបាល និងក្រុមហ៊ុនចិន បានស្ថាបនាប្រព័ន្ធធារាសាស្ត្រនេះជាថ្មីទៀត ដើម្បីទាញយកទឹកសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមួយចំនួនមកប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។