ប្រជា​ពលរដ្ឋ​ខេត្ត​បាត់ដំបង​ថា រមណីយដ្ឋាន​តំបន់​ភ្នំ​តា​គ្រាម​ ប្រឈម​បាត់​រូបរាង​ដោយសារ​តែ​ក្រុមហ៊ុន​ចិន និង​វៀតណាម​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ

ប្រជាពលរដ្ឋ​ និង​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន​ ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នៅ​តំបន់​ភ្នំ​តាគ្រាម​ ខេត្ត​បាត់ដំបង​។ អ្នកភូមិ​ថា​ ចាប់​តាំង​មាន​វត្តមាន​ក្រុមហ៊ុន​ចូល​ធ្វើ​អាជីវកម្ម​កន្លង​មក​នេះ​ ប្រជា​ពលរដ្ឋ​មូលដ្ឋាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ លើស​ពី​នេះ​ធនធាន​សម្បត្តិ​ធម្មជាតិ​ ព្រៃឈើ​ និង​តំបន់​ភ្នំ​រង​ការ​បំផ្លិចបំផ្លាញ​នឹង​បាត់​រូបរាង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

តំបន់​ភ្នំ​តា​គ្រាម​ខេត្ត​បាត់ដំបង​ដែល​មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ មាន​ព្រៃឈើ​តូច​ធំ​ មាន​ភ្នំ​ជា​ជួរ​ និង​មាន​ទេសភាព​ម្លប់​បៃតង​ដ៏​ស្រស់​ត្រកាល​ អ្នក​ស្រុក​បាណន់​ថា​បាត់​រូបរាង​បណ្តើរៗ ហើយ​ ដោយសារ​តែ​ក្រុមហ៊ុន​ចិន​ និង​វៀតណាម​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ រំលាយ​ភ្នំ​ដើម្បី​យក​ថ្ម​ម៉ាប និង​ថ្ម​កែវ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ភូមិ​ចាត់​ទង្វើ​អាជីវកម្ម​ក្រុមហ៊ុន​ទាំងនេះ​ ថា​កំពុង​បំផ្លាញ​ធនធាន​សម្បត្តិ​ធម្មជាតិ​ នឹង​ធ្វើ​ពួកគេ​បាត់បង់​អត្តសញ្ញាណ​ភូមិ​កំណើត។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ប៉ោយស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ លោក ជា សារឹន ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ក្រុមហ៊ុន​ចិន និង​វៀតណាម​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​នេះ​មាន​ឥទ្ធិពល​ ដោយសារ​តែ​មាន​អាជ្ញាធរ​កាង​ការពារ​ និង​បាន​ទទួល​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​។ លោក​បន្ត​ថា ថា​ចាប់តាំង​ពី​ក្រុមហ៊ុន​ទាំងនេះ​មក​ធ្វើ​អាជីវកម្ម​ជាង ១០ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​ទុក្ខ​លំបាក។ លើស​ពី​នេះ​ បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ បំផ្លាញ​ធនធាន​ព្រៃ​ឈើ​តូច​ធំ និង​រំលាយ​ភ្នំ​ជា​ដើម៖ « ក្នុង​ចិត្ត​ចង្អៀត​ដែរ​តែ​យើង​មិន​ហ៊ាន​ងើប​តវ៉ា យើង​អត់​មាន​បង្អែក​រឹងមាំ​កាល​ណា​យើង​ហ៊ាន​និយាយ​ការ​ពិត​ច្រើន​តែ​ជាប់​គុក​ខ្លាច​អញ្ចឹង​ឯង។ សោក​ស្ដាយ​ដែរ​ ព្រោះ​ភ្នំ​ទាំង​នេះ​មិនមែន​រាប់​ម៉ឺន​ឆ្នាំ​ទេ គឺ​រាប់​លាន​ឆ្នាំ​ហើយ​ព្រោះ​យើង​បើក​ភ្នែក​មក​ឃើញ​តែ​ភ្នំ សម្បត្តិ​អស់​ហ្នឹង​មិន​ងាយ​ធ្វើ​កើត​វិញ​ទេ វា​ត្រូវ​តែ​បាត់បង់​ក្មេង​ក្រោយ​លែង​ស្គាល់​ហើយ »

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ជាង១០​ឆ្នាំ​កន្លង​រួមមាន​ ក្រុមហ៊ុន​ ហេង​ ឆាត​ខនស្រ្តាក់សិន ​(Heng Chat Construction Co., Ltd)​ ក្រុមហ៊ុន លឹម ម៉េង គ្រុប ​(NIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang thailong Co,Ltd) និង​ក្រុមហ៊ុន ធី ឡុង (Thy Long) កំពុង​ធ្វើ​អាជីវកម្ម​វាយ​កម្ទេច​ថ្ម​ស្ទើរ​តែ​រលាយ​ភ្នំ​តាគ្រាម​ទាំងមូល​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្ស័យ​ថា​ក្រុមហ៊ុន​ទាំង​នេះ​មិន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ឡើយ​ ដោយ​ពួកគេ​សម្អាង​ថា​ការ​ធ្វើ​អាជីវកម្ម​កន្លង​មកនេះ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុមហ៊ុន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ និង​មិន​បាន​គិតគូរ​ពី​សុខុមាលភាព​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ជា សារឹន អះអាង​ថា អ្នក​ភូមិ​តែងតែ​ដាក់​ញាតិ​ដើម្បី​ឱ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ថ្ម​ភ្នំ​នេះ​ ប៉ុន្តែ​មន្ទីរ​ពាក់ព័ន្ធ​មិន​បាន​ឆ្លើយតប​នឹង​ចាត់​វិធានការ​ជាក់លាក់​ណា​មួយ​ឡើយ។ លើស​ពី​នេះ​លោក​ថា​កន្លង​មក​ រាល់​សកម្មភាព​ពលរដ្ឋ​ និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​ ចុះ​ផ្ដិត​រូបភាព​នៅ​តំបន់​ភ្នំ​តាគ្រាម​ អាជ្ញាធរ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​តែងតែ​គំរាម​កំហែង​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ចាប់​ដាក់​គុក​ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ភូមិ​តាង៉ែន ឃុំ​តាគ្រាម លោក ឌឿន សាវ៉េត សោក​ស្ដាយ​ធនធាន​សម្បត្តិ​ធម្មជាតិ​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន វៀតណាម​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​អំណាច​ ធ្វើ​អាជីវកម្ម​ថ្ម​ដោយសេរី។ លោក​បន្ត​ថា តំបន់​ភ្នំ​តា​គ្រាម ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​​អាច​រក​ប្រាក់​កម្រៃ​បាន ១លាន​រៀល (១.០០០.០០០) ក្នុង​មួយ​គ្រួសារ​តាម​រយៈ​ការ​ដើរ​ដក​ផ្សិត ជីក​ទំពាំង​ និង​បេះ​ស្លឹក​ព្រិច​លក់​ក្នុង​មួយ​រដូវ ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួក​គាត់។ លើស​ពី​នេះ​ លោក​បារម្ភ​ថា​ តំបន់​ភ្នំ​តា​គ្រាម ​នឹង​បាត់​រូបរាង​ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខ​ ប្រសិន​បើ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ មិន​មាន​វិធានការ​ទប់ស្កាត់​ និង​បញ្ឈប់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម៖ « បើ​និយាយ​រឿង​ខូច​រលាយ​អស់​ហើយ​ដូច​ភ្នំ​ពពូល​ខ្ទេច​អស់​ហើយ​។ ក្ដី​បារម្ភ​ដឹង​ថា​អស់​ធម្មជាតិ​ហើយ​ប្រជាពលរដ្ឋ​បាន​ត្រឹម​សោកស្ដាយ​ឈរ​មើល​។ ស្នើ​ឱ្យ​ទុក​ធម្មជាតិ​ទាំងអស់​ហ្នឹង​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​រឿង​នេះ​ពី​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ និង​តំណាង​ក្រុមហ៊ុន​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា។

ប៉ុន្តែ​អភិបាលរង​ និង​នាំ​ពាក្យ​សាលា​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធិ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ភ្នំ​តា​គ្រាម មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ និង​បាន​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ច្បាស់លាស់។ លោក​ទទួល​ស្គាល់​ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​កន្លង​មក​នេះ​បាន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ និង​ការ​រស់​របស់​ប្រជាពលរដ្ឋ តែ​លោក​អះអាង​ថា​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ឡើយ។ ចំណែក​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា ក្រុមហ៊ុន​នឹង​ស្ដារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ឡើង​វិញ៖ « កន្លង​មក​ធ្លាប់​មាន​អាជ្ញាធរ​ចុះ​សិក្សា​បញ្ហា​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ហ្នឹង​ដែរ ហើយ​យើង​ក៏​បាន​ខិតខំ​ណែនាំ​ដល់​អ្នក​ធ្វើ​អាជីវកម្ម ដែល​មាន​ការ​អនុញ្ញាត។ ការ​អភិវឌ្ឍ​អ្វី​មួយ​តែងតែ​ធ្វើ​ឱ្យ​ប៉ះពាល់​នៅ​តំបន់​មូលដ្ឋាន​នោះ តែ​សំខាន់​ក្រុមហ៊ុន​ត្រូវ​តែ​សិក្សា​ ដើម្បី​ការពារ​បរិស្ថាន ការពារ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ទើប​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​មាន​និរន្តរភាព »

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ផ្នែក​កម្មវិធីសិក្សា​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ថា អាជ្ញាធរ​មូលដ្ឋាន​គួរតែ​មាន​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម ទោះ​បី​ក្រុមហ៊ុន​ទាំងនោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្តី។ លោក​បន្ត​ថា​ ក្រោយ​ការ​បញ្ចប់​អាជីវកម្ម​ថ្ម​ភ្នំ​នេះ ក្រុមហ៊ុន​មិន​អាច​ស្ដារ​ធនធាន​សម្បត្តិ​ធម្មជាតិ​ ព្រៃឈើ​ ឱ្យ​បាន​ស្រស់​ស្អាត​ដូចដើម​វិញ​ឡើយ។ ដូច្នេះ​លោក​ ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួង​ពាក់ព័ន្ធ គួរ​ពិចារណា​លើ​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​ ដើម្បី​ធានា​ឱ្យ​ធនធាន​សម្បត្តិ​ធម្មជាតិ​មិន​ទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ និង​ប្រជាពលរដ្ឋ​មាន​ក្ដី​បារម្ភ៖ « ខ្ញុំ​យល់​ថា​ការ​ធ្វើ​ឱ្យ​ភ្នំ​មួយ​បាត់បង់​ទៅ​ហើយ​ ធ្វើ​ឱ្យ​កើត​ឡើង​វិញ​បាន​ទេ​ ព្រោះ​ភ្នំ​ជា​ធនធាន​កម្រ​ ហើយ​ក៏​មិន​អាច​បណ្ដុះ​បាន​ដូច​ស្ពៃ​ជើង​ទា​ដែរ។ ខ្ញុំ​បារម្ភ​ថា​ តើ​ក្រុមហ៊ុន​ទាំងនោះ​បាន​អនុវត្ត​ត្រូវ​ស្តង់ដារ​បច្ចេកទេស​ដែល​បាន​ព្រមព្រៀង​គ្នា​ឬ​ទេ ? ភាព​ស្រប​ច្បាប់​តែ​ម្យ៉ាង​មិន​អាច​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ដោយ​ឯករាជ្យ​បាន​ទេ​ គឺ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ដែល​បាន​កំណត់​ដោយ​ភាគី​រដ្ឋ »

តំបន់​ភ្នំ​នៅ​ស្រុក​បាណន់​មាន​ភ្នំ​ចំនួន៣១ ជា​តំបន់​មាន​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ ប្រាសាទ​បុរាណ​ និង​ធន​ធាន​ធម្ម​ជាតិ​ដ៏​សម្បូរ​បែប។ ប៉ុន្តែ​តំបន់​ភ្នំ​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន​ដូច​ជា ភ្នំ​គល់​ ត្រូវ​បាន​រលាយ​ដោយ​ក្រុម​ហ៊ុន​ចិន​ធ្វើ​អា​ជីវកម្ម​យក​ថ្ម​ម៉ាប។ រី​ឯ​ តំបន់​ភ្នំ​ទេសចរណ៍​ប្រាសាទ​បុរាណ​ផ្សេង​ទៀត​ និង​ភ្នំ​ដែល​គេ​កំពុង​ជីក​គាស់​កាយ​ស្ទើរ​តែ​បាត់​រូបរាង​រួមមាន​ មាន​ភ្នំ​តា​គ្រាម​ ភ្នំ​ថ្ម​ក្រហម​ ភ្នំ​អន្សែ​ ភ្នំ​ប៉ើយ​ស្វាយ​ ភ្នំ​ពពូល​ ភ្នំ​តា​ត្រងោល​ និង​ភ្នំ​គល់​ជា​ដើម​។ អ្នក​ស្រុក​បាណន់​ចាត់​ទុក​ភ្នំ​ទាំងនេះ​ ជា​និមិត្ត​រូប​ស្រុកកំណើត​របស់​ពួកគាត់​ កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​រូបរាង​ទាំងស្រុង​ស្រប​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​សុទ្ធ​តែ​មាន​ឥទ្ធិពល៕