មុននឹងចុះចេញពីតំណែងកាលពីខែសីហា កន្លងទៅ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យ ៥ផ្សេងគ្នា កាត់ដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋសរុបជាង ៤រយ៥០ហិកតារ (៤៥១) ទៅឱ្យបុគ្គលឯកជន និងក្រុមហ៊ុនកាន់កាប់។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការកាត់ដីឧទ្យានជាតិ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅឱ្យបុគ្គលឯកជនកាន់កាប់ទាំងនោះ ធ្វើឡើងដោយមិនមានតម្លាភាពនោះទេ និងស្នើឱ្យរដ្ឋាភិបាលគួរវាយតម្លៃអំពីផលប្រយោជន៍ទ្រព្យសម្បត្តិសាធារណៈឱ្យបានត្រឹមត្រូវ មុននឹងសម្រេចផ្ដល់ឱ្យបុគ្គលឯកជនកាន់កាប់។
អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងផ្ទេរតួនាទីទៅឱ្យកូនប្រុសច្បងរបស់លោកនោះ លោកបានកាត់ផ្ទៃដីឧទ្យានជាតិ៣កន្លែងនៅតាមបណ្ដាខេត្ត និងផ្ទៃបឹង២កន្លែងនៅក្នុងរាជធានីភ្នំពេញ ឱ្យទៅក្រុមហ៊ុនឯកជន និងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងលោកកាន់កាប់។
សកម្មជនចលនាមាតាធម្មជាតិ និងជាអ្នកតាមដានស្ថានការណ៍សង្គម លោក លី ចាន់ដារ៉ាវុត យល់ឃើញថា លោក ហ៊ុន សែន បានសម្រុកកាត់ផ្ទៃដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ឱ្យទៅក្រុមហ៊ុន និងបុគ្គលឯកជន ដើម្បីជាថ្នូរទៅនឹងការផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ លោកអះអាងទៀតថា ការកាត់ផ្ទៃដីឧទ្យានជាតិ និងបឹងបួទៅឱ្យបុគ្គលឯកជនគ្រប់គ្រងទាំងនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ទៅដល់ធនធានធម្មជាតិ និងជម្រកសត្វព្រៃ ប៉ុណ្ណោះទេ តែក៏ធ្វើឱ្យប៉ះពាល់ប្រជាសហគមន៍ដែលធ្លាប់អាស្រ័យផលធនធានធម្មជាតិ ដែលបានកាត់ឆ្វៀលទៅឱ្យបុគ្គលឯកជនទាំងនោះ។
លោក លី ចាន់ដារ៉ាវុត៖ «សម្រាប់នាយករដ្ឋមន្ត្រីថ្មី គួរតែរៀនសូត្រពីរដ្ឋាភិបាលចាស់ មើលទៅលើផលប៉ះពាល់នៃការអភិវឌ្ឍ គួរតែបញ្ឈប់ការកាត់ដីចែកឯកជន ជាពិសេសចែកបក្ខពួកគ្នាឯងហ្នឹង ហើយទី២ខ្ញុំយល់ថា គួរតែធ្វើការពិនិត្យទៅលើគម្រោងផ្ដល់ដីសម្បទានកន្លងមក ជាពិសេសទៅលើផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅបុទុមសាគរ នៅលើភ្នំបូកគោជាដើម ដែលធ្វើការឈូសឆាយច្រើនមែនទែន យើងគួរតែដកយកមកវិញ ហើយធ្វើការដាំដុះ(ដើមឈើ)មកវិញ ដើម្បីរក្សាឱ្យបានឧទ្យានជាតិរបស់យើង»។
ព្រះរាជកិច្ចចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែធ្នូ បង្ហាញថា លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ដី ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប្រមាណ ៤៥០ហិកតារ ឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែសីហា។ ផ្ទៃដីដែលបានកាត់ទាំងនោះរួមមាន ឧទ្យានជាតិមុនីវង្ស (បូកគោ) ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ជិត៣រយហិកតារ (២៩១) ត្រូវបានកាត់ទៅឱ្យក្រុមហ៊ុន សុគន្ធ ខេភី ក្លូប៊ល អ៊ិនវេសមិន ខូអិលធីឌី (SOKUN KP GLOBAL INVESTMENT Co.LTD) ធ្វើជាតំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍទេសចរណ៍។
ដីឧទ្យានជាតិកែប ស្ថិតនៅសង្កាត់ព្រៃធំ និងសង្កាត់កែប ក្រុងកែប ប្រមាណ៦០ហិកតារ ឱ្យទៅក្រុមហ៊ុន ផាមឃីន ឌីវេឡុបមិន ឯ.ក (PUMKIN DEVELOPMENT Co.LTD) និងដីជាង ៦០ហិកតារផ្សេងទៀត (៦០,១៧) ឱ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់ ដាយនែមីក ឯ.ក (ROYAL DYNAMIC Co.LTD) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ។
ដីជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅភូមិកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ជាង ១៥ហិកតារ (១៥,៣៩ ហិកតារ) ឱ្យទៅក្រុមហ៊ុនកោះមូល រីសត ឯ.ក (KOK MOUL ECO RESORT Co.LTD)
ដីបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ជិត៦ហិកតារ (៥,៨) ឱ្យទៅលោក លាង ឃុន និងលោក ថៃ ជាហួត ធ្វើជាកម្មសិទ្ធិឯកជន។
ដោយឡែកនៅមុនការតែងតាំងរដ្ឋាភិបាលថ្មីត្រឹមតែ ៥ថ្ងៃ គឺនៅថ្ងៃទី១៧ ខែសីហា លោក ហ៊ុន សែន បានឆ្លៀតកាត់ផ្ទៃដីបឹងតាមោក ជាង ១៦ហិកតារទៀត ឱ្យទៅទីប្រឹក្សាផ្ទាល់របស់លោក គឺលោក ឡាញ់ ភារ៉ា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី២៨ ខែធ្នូ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការផ្ដល់ដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យទៅបុគ្គលឯកជនភាគច្រើន ធ្វើឡើងដោយមិនមានតម្លាភាពនោះឡើយ។ លោកបន្តថា រដ្ឋាភិបាលមិនគួរបន្តផ្ដល់ដីឧទ្យានជាតិ ឬបឹងបួទៅឱ្យបុគ្គលណាម្នាក់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងពេលដីដែលជាទ្រព្យសម្បត្តិរដ្ឋទាំងនោះ នៅតែអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាសហគមន៍ដែលរស់នៅក្បែរតំបន់នោះ។
លោក យង់ គិមអេង៖ «ការធ្វើអនុប្រយោគអីជាហូរហែហ្នឹង ចេះតែធ្វើបាន ប៉ុន្តែត្រូវសួរថា វាអស់ផលប្រយោជន៍សាធារណៈឬនៅ?ហើយជុំវិញបញ្ហាហ្នឹងដែរ ការធ្វើសម្បទានដីហ្នឹង ត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងតំបន់នោះ»។
ក្រោមការដឹកនាំរយៈពេល ៦អាណត្តិ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានកាត់ដីឧទ្យានជាតិព្រៃឈើ ដែនជម្រកសត្វព្រៃ និងបឹងធម្មជាតិ រាប់ម៉ឺនហិកតារទៅឱ្យក្រុមឧកញ៉ា និងអ្នកដែលមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្រួសាររបស់លោក ដោយគ្មានតម្លាភាព។ ជាក់ស្ដែងទីប្រឹក្សាផ្ទាល់របស់លោក គឺលោក ឡាញ់ ភារ៉ា បានទទួលដីបឹងតាមោក សរុប ៣០ហិកតារ ដោយការបង់ពន្ធអាករផ្សេងៗ គឺជាបន្ទុករបស់រដ្ឋ ខណៈប្រជាពលរដ្ឋរស់នៅក្បែរបឹងតាមោកជាង ២រយគ្រួសារ ដែលមានដីសរុបមិនដល់ ៥ហិកតារផងនោះ នៅតែបន្តរងការគំរាមកំហែង ឱ្យដោះដូរដី និងបណ្ដេញចេញពីផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។