យុទ្ធនាការជិះកង់ជុំវិញតំបន់ព្រៃឡង់ និងព្រៃព្រះរកា របស់ក្រុមអ្នកស្រឡាញ់បរិស្ថាន បានធ្វើដំណើរដល់ ស្រុកសង្គមថ្មី ខេត្តព្រះវិហារហើយ នៅរសៀលថ្ងៃទី១១ ឧសភា។ ក្រុមយុវជន ២៥នាក់ បានចាប់ផ្ដើមជិះកង់ ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ កាលពីម្សិលមិញរហូត មកទល់ពេលនេះ ធ្វើដំណើរបានប្រវែងជាង ១១៣គីឡូម៉ែត្រហើយ។
ក្រុមយុវជនចូលរួមជិះកង់ គឺ លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងពេលដែលពួកលោក កំពុងជិះកង់តាមផ្លូវ ដល់ចំណុចឃុំរមណី ស្រុករវៀង ប្រទះឃើញសមត្ថកិច្ច និងអាជ្ញាធរ បានថតរូប និងសួរនាំ ប៉ុន្តែសមត្ថកិច្ចទាំងនេះ ពុំបានរារាំងយុទ្ធនាការនេះទេ។ លោកបន្តថា យុទ្ធនាការនេះ មានការស្វាគមន៍ អបអរសាទរពីសិស្សានុសិស្ស ព្រះសង្ឃ និង ប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវដោយពួកគាត់បានទះដៃគាំទ្រជាហូរហែ។
លោកបញ្ជាក់ថា ក្រុមអ្នកជិះកង់ បានកំណត់រយៈចម្ងាយ ចន្លោះពី ៦០គីឡូម៉ែត្រ ដល់ ៧០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ ទើបឈប់សម្រាកនៅពេលយប់ ដោយពុំបានកំណត់ទីកន្លែងស្នាក់នៅនោះទេ ពោលប្រសិនបើធ្វើដំណើរដល់កន្លែងណា មានវត្តអារាម ឬផ្ទះអ្នកស្រុក ពួកលោកនឹងសុំផ្ទះអ្នកភូមិស្នាក់នៅជាបណ្ដោះអាសន្ន៖ « យើងសប្បាយចិត្តឃើញមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ពេលយើងជិះកង់ គាត់ហោ គាត់លើកដៃ ហើយគាត់បង្ហាញស្នាមញញឹមឱ្យយើងសប្បាយចិត្ត ហើយយើងក៏ មានការសប្បាយចិត្តដែរ នៅពេលយើងធ្វើដំណើរបានដោយរលូន ដោយគ្មានការរារាំងពីអាជ្ញាធរ គ្រាន់មានការសួរនាំតិចតួច។ យើងសង្ឃឹមថា នឹងធ្វើដំណើរបានចប់ចុង ចប់ដើម តាមអ្វីដែលយើងគិតទុកជាមុន » ។
ក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនោះមកពីសមាគម អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍មូលដ្ឋានចំនួន ១៥ស្ថាប័ន បានចាប់ផ្ដើមជិះកង់រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែឧសភា ក្រោមប្រធានបទ "លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចិរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ"។
ក្រុមអ្នកជិះកង់ ២៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ បានពាក់ឯកសណ្ឋានអាវយឺតពណ៌ផ្ទៃមេឃភ្ជាប់ពាក្យស្លោកថា លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចិរភាពធនធានធម្មជាតិ អមដោយទង់ជាតិខ្មែរ ដោតជាប់នឹងកង់។ យុទ្ធនាការនេះ ផ្ដោតសំខាន់ទាមទារឱ្យរដ្ឋាភិបាលបើកទូលាយសិទ្ធិសេរីភាពរបស់ប្រជាសហគមន៍ និងក្រុមអង្គការសង្គមស៊ីវិល ចូលរួមល្បាតព្រៃឡើងវិញ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វិទ្យុអាស៊ីសេរី កាលពីម្សិលមិញថា យុទ្ធនាការជិះកង់របស់ក្រុមយុវជន គឺជាសិទ្ធិរបស់ពួកគាត់ តែត្រូវធ្វើឡើងស្របតាមច្បាប់។
ព្រឹត្តិការណ៍នេះ ក្រុមយុវជន បានបែងចែកយុទ្ធនាការ ជា ៣សកម្មភាព ដើម្បីអបអរទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ នេះ គឺទី១ នឹងជិះកង់ចម្ងាយ ៦០០គីឡូម៉ែត្រ រយៈពេល ១០ថ្ងៃ ទី២ យុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយបញ្ហាព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុ និងសកម្មភាពទី៣ រៀបចំសិក្ខាសាលាធំមួយ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់កិច្ចការពារធនធានធម្មជាតិ៕