សត្វចង្កៀលខ្យង ដែលជាសត្វស្លាបកម្រ និងជិតផុតពូជចំនួនជិត ១៧៩ក្បាល បានងាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ មីនានេះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្រា ប្រាប់អាស៊ីសេរីថា ក្នុងចំណោមសត្វស្លាបដែលងាប់នោះ មានសត្វចង្កៀលខ្យង ចំនួនច្រើនជាងគេ គឺមានរហូតទៅដល់ ១៧៣ក្បាល។ លោកបន្តថា ហេតុការណ៍នេះបានកើតមានឡើងនៅតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យសត្វស្លាបទាំងនោះងាប់ឡើយ។
លោកបន្ថែមថា ប្រសិនបើពលរដ្ឋប្រទះឃើញសត្វស្លាបនៅក្នុងតំបន់នោះងាប់សូមកុំយកទៅចម្អិនបរិភោគ គឺយកសត្វស្លាប ទៅកប់ ឬដុតចោល ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព៖«បច្ចុប្បន្ននេះមន្ត្រីបរិស្ថាន ក៏ដូចជាមន្ត្រីបសុសត្វនៃក្រសួងកសិកម្ម បានយកសត្វស្លាបដែលងាប់នេះ យកមកធ្វើការវិភាគ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថា តើមូលហេតុអ្វីដែលនាំឱ្យសត្វទាំងអស់នេះស្លាប់ ហើយខ្ញុំមិនទាន់មានព័ត៌មានថា តើមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ពីព្រោះមន្ត្រីជំនាញបាននឹងកំពុងធ្វើ»។
សត្វចង្កៀលខ្យងភាគច្រើនរស់នៅក្នុងខេត្តជាប់បឹងទន្លេសាប ខេត្តព្រៃវែង និងខេត្តតាកែវ។ ក្រសួងបរិស្ថានកាលពីខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ទំហំជាង ៨ពាន់ហិកតារ (៨.៣០៥ហិកតារ) ស្ថិតនៅក្នុងខេត្តតាកែវ ដែលមានសត្វចង្កៀលខ្យងរាប់ពាន់ក្បាលកំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។