ប្រជានេសាទរស់នៅជាប់តំបន់អភិរក្សបឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា ចំនួនសត្វស្លាបដែលនាំគ្នាមករកចំណីក្នុងបឹងមានការថយចុះនៅឆ្នាំនេះ។ បញ្ហានេះ ពួកគាត់យល់ថា ដោយសារតែព្រៃលិចទឹកមួយចំនួនត្រូវបានឆេះជាបន្តបន្ទាប់ ធ្វើឲ្យសត្វស្លាបទាំងនោះបាត់បង់ជម្រក។ ចំណែកមន្ត្រីជំនាញអះអាងថា សត្វស្លាបនៅតំបន់អភិរក្សមួយនេះគ្មានអ្វីប្រែប្រួលទេ។
សត្វស្លាបជាច្រើនប្រភេទ នាំគ្នាចុះរកចំណីនៅក្នុងបរិវេណបឹងទន្លេឆ្មា ខណៈបឹងមួយនេះរីងរាក់ បង្កភាពងាយស្រួលដល់សត្វស្លាបទាំងនោះ។
បើទោះបីជាមានសត្វស្លាបជាច្រើនមើលទៅដេរដាសនៅផ្នែកខ្លះនៃបឹងក៏ដោយ ប៉ុន្តែប្រជានេសាទរស់នៅឃុំពាមបាង លើកឡើងថា ចំនួនសត្វស្លាបទាំងនោះបានថយចុះស្ទើរពាក់កណ្ដាល បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
ប្រជាពលរដ្ឋមួយរូបរស់នៅភូមិពាមបាង ឃុំពាមបាង លោក ប៉ែន ប៊ុនធឿន មានប្រសាសន៍ថា សត្វស្លាបនៅតំបន់អភិរក្សបឹងទន្លេឆ្មា រួមមាន សត្វត្រដក់ សត្វក្រៀល ទុង កុក ក្អែកទឹក ននៀល ត្រយង់ ខ្យង ជាដើម។ តាមការសង្កេតមើលរបស់លោក ឃើញថា ចំនួនសត្វនៅឆ្នាំនេះមានការធ្លាក់ចុះជាងរាល់ឆ្នាំ ដែលធ្វើឲ្យលោកមានក្តីបារម្ភ។ លោកថា ចំនួនសត្វធ្លាក់ចុះ ដោយសារស្ថានភាពភ្លើងឆេះព្រៃមានច្រើន ធ្វើឲ្យសត្វស្លាបទាំងនោះផ្លាស់ទីទៅកាន់តំបន់ផ្សេងៗទៀត៖ « ខ្ញុំព្រួយបារម្ភខ្លាចបាត់បង់ពូជសត្វទាំងនោះ ខ្លាចក្មេងជំនាន់ក្រោយមិនស្គាល់ប្រភេទសត្វ »។
ប្រជានេសាទរូបនេះមើលឃើញថា សក្ដានុពលសត្វស្លាបទាំងនោះរួមទាំងទិន្នផលត្រីក្នុងបឹងទន្លេឆ្មា គឺជាផ្នែកមួយដើម្បីកែប្រែតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ។ លោកថា សត្វស្លាបអាចជួយទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តតំបន់នោះជាក់ជាមិនខាន បើទោះបីជាតំបន់អភិរក្សបឹងទន្លេឆ្មា ស្ថិតនៅឆ្ងាយដាច់ស្រយាលក៏ដោយ។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មានប្រសាសន៍កាលពីថ្ងៃទី២ ឧសភា ថា អាកាសធាតុក្តៅកន្លងមក ធ្វើឲ្យតំបន់ព្រៃលិចទឹកស្ទើរនៅទូទាំងប្រទេសឆេះ ពោលគឺមិនមែនឆេះតែនៅតំបន់អភិរក្សបឹងទន្លេឆ្មា ប៉ុណ្ណោះទេ។ លោកថា សត្វនៅទីនោះមានច្រើនប្រភេទ រហូតធ្វើឲ្យលោកមិនអាចរៀបរាប់អស់ ប៉ុន្តែលោកអះអាងថា ចំនួនសត្វស្លាបក្នុងតំបន់អភិរក្សមួយនេះ គ្មានអ្វីប្រែប្រួលឡើយ៖ « បើតាមការអង្កេតរបស់ខ្ញុំ សត្វចុះនៅបឹងទន្លេឆ្មា ខ្ញុំគិតថាដូចជាមិនមានការថយចុះអីទេ »។
ព្រៃលិចទឹកតំបន់អភិរក្សបឹងទន្លេឆ្មា ដែលរងការឆាបឆេះចាប់តាំងពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី១៧ មេសា លោក ប៉ែន វណ្ណរិទ្ធ បញ្ជាក់ថា គឺមានទំហំជាង ២០០ហិកតារ ប៉ុន្តែរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន គឺអាចមានទំហំលើសពីនេះ។ ព្រៃទាំងនោះឆេះដោយដុំៗ គឺមានរហូតដល់ទៅជិត ១០ទីតាំងនៅក្នុងតំបន់អភិរក្សបឹងទន្លេឆ្មា ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំង ព្រមទាំងសកម្មភាពធ្វេសប្រហែសពីសំណាក់ពលរដ្ឋរស់នៅតំបន់នោះ។
ជាមួយគ្នានេះ ជំទប់ទី២ ឃុំពាមបាង លោក គុំ ខុម លើកឡើងថា ចំនួនសត្វស្លាបនៅឆ្នាំនេះ គឺធ្លាក់ចុះប្រមាណពាក់កណ្ដាល បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ បញ្ហានេះ លោកស្នើឲ្យមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ករណីភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់អភិរក្សមួយនេះ ពីព្រោះភ្លើងឆេះព្រៃវាបណ្ដាលឲ្យប៉ះពាល់ដល់ជម្រកត្រី ម្យ៉ាងវាធ្វើឲ្យបាត់បង់ជម្រករបស់សត្វស្លាបតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។