ការ​វិនិយោគ​រ៉ែ​មាស​នៅ​កម្ពុជា (ភាគ​១)

ដោយ សាន សែល
2017.03.29
ការដ្ឋាន​រ៉ែ ក្រុមហ៊ុន  មេស្កូ ហ្គោល រតនគិរី ៨៥៥ ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) នៅ​ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

វិស័យ​រ៉ែ​មាស មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា។ វិស័យ​នេះ​នឹង​បើក​ផ្លូវ​ផ្ដល់​ឱកាស​ដល់​ការ​ហូរ​ចូល​វិនិយោគ​បរទេស។ រ៉ែ​មាស តាំង​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​តាម​តំបន់​ភ្នំ​ដាច់ស្រយាល​ដែល​ពិបាកធ្វើ​ដំណើរ​ដល់។ គម្រោង​ផ្លូវ​ថ្នល់ ការ​កសាង​សាលារៀន មន្ទីរពេទ្យ និង​ការ​បង្កើត​ការងារ ជា​អ្វី​ដែល​ក្រុមហ៊ុន​វិនិយោគ​វិស័យ​រ៉ែ រំពឹង​ថា នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ ដែល​រស់​នៅ​តំបន់​មាន​រ៉ែ​មាស។

តើ​រ៉ែ​មាស​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា និង​ជីវិត​របស់​ប្រជាជន​មូលដ្ឋាន​ចាំង​ចែង ឬ​ស្រអាប់?

ចាប់​ពី​ឆ្នាំ​២០១៨ ទៅ ក្រុមហ៊ុន​មេស្កូ ហ្គោល (Mesco Gold) នឹង​បូម​យក​រ៉ែ​មាស​ពី​ជម្រៅ ១០០​ម៉ែត្រ​ក្រោម​ដី លើ​ផ្ទៃដី​ទំហំ ១២​គីឡូម៉ែត្រ​ការ៉េ ក្នុង​ខេត្ត​រតនគិរី។

ក្រុមហ៊ុន​មេស្កូ ហ្គោល រំពឹង​ថា មាស ២​ពាន់​ក្រាម (២​គីឡូក្រាម) នឹង​ត្រូវ​ចម្រាញ់​យក​ពី​រ៉ែ​នេះ ក្នុង​មួយ​ថ្ងៃៗ។ រដ្ឋាភិបាល​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ចូល​ថវិកា​ជាតិ​ប្រមាណ ៤០០​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​នេះ​រំពឹង​ថា នឹង​រក​ប្រាក់​ចំណូល​បាន ៤៥៧​លាន​ដុល្លារ។

យើង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អណ្ដូងមាស ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​បានលុង ទៅ​ជួប​ប្រជាជន​មូលដ្ឋាន និង​មើល​ទីតាំង​រុករក​រ៉ែ​មាស​ដើម្បី​ស្វែង​យល់​ពី​អាជីវកម្ម​នេះ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ទី​នេះ ភាគ​ច្រើន​លើសលប់​ជា​ជន​ជាតិ​ដើម​ភាគតិច​ចារ៉ាយ។ លោក រម៉ាស់ លិវ ចាស់​ព្រឹទ្ធាចារ្យ​នៅ​ភូមិ​ដាលវាលឡែង រៀបរាប់​ថា ដូច​ប្រជាជន​ជនជាតិ​ដើម​ផ្សេង​ទៀត​ដែរ ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ជា​ជីវិត​របស់​អ្នក​ភូមិ៖ «អ្នក​ភូមិ​ទៅ​ព្រៃ បោច​វល្លិ ដង​ជ័រ ធ្វើ​ចម្ការ។ កាល​ពី​មុន​ពេល​ក្រុមហ៊ុន​មក អ្នក​ភូមិ​ក៏​រែង​មាស»

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូបថត​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ចូល​មក​ភូមិ​នេះ​តាម​រយៈ​ដី​សម្បទាន។ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន ចូល​មក​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស។

ឧស្សាហកម្ម​រ៉ែ​មាស មាន​សក្ដានុពល​ខ្លាំង​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ក៏​ប៉ុន្តែ រ៉ែ​មាស​ភាគ​ច្រើន​មិន​ទាន់​ត្រូវ​គេ​ធ្វើ​អាជីវកម្ម​ក្នុង​ទម្រង់​ឧស្សាហកម្ម ប្រើ​សម្ភារៈ​គ្រឿងចក្រ​ធំដុំ​នៅឡើយ។

ការ​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​បែប​បុរាណ មាន​ជា​យូរយារ​ណាស់​មក​ហើយ ពិសេស​នៅ​ក្នុង​ខេត្ត​រតនគិរី នេះ។ ការ​ចូល​មក​ដល់​របស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ធំៗ ដែល​សម្លឹង​ឃើញ​ពី​ផល​ចំណេញ​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ ពិសេស​បាន​សន្យា​ពី​ការ​ជួយ​ប្រជាជន​មូលដ្ឋាន ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច ឲ្យ​រស់​នៅ​បាន​ប្រសើរ។

រ៉ែ​មាស ត្រូវ​គេ​រក​ឃើញ​មាន​កប់​ស្ទើរ​តែ​ពាសពេញ​ភូមិ​ដាលវាលឡែង នេះ រាប់​ពី​ដី​ក្នុង​ភូមិ ដី​ចម្ការ ដី​កប់​សព ក្រោម​ទឹក​ទន្លេ និង​នៅ​ភ្នំ​ខាង​ក្រោយ​ភូមិ។ ទីតាំង​ភ្នំ​នេះ កំពុង​ត្រូវ​ក្រុមហ៊ុន​អង្គរ​ហ្គោល (Angkor Gold) សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ បន្ទាប់ពី​រុករក​ឃើញ​ថា មាន​រ៉ែ​មាស។

យើង​បាន​ទៅ​ដល់​ទីតាំង​ភ្នំ​ងោក ដែល​ជា​ព្រំប្រទល់​ស្រុក​ចំនួន​បី គឺ​ស្រុក​អូរយ៉ាដាវ ស្រុក​បរកែវ និង​ស្រុក​អណ្ដូងមាស។ វា​មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ ពី​ភូមិ​ដាលវាលឡែង។ យើង​ឃើញ​មាន​រណ្ដៅ​មួយ​ដែល​គេ​ជីក​រុករក​រ៉ែ​មាស​ក្នុង​ភ្នំ​នេះ។ ពេល​យើង​មក​ដល់ មាន​តំណាង​ក្រុមហ៊ុន​មក​សួរ​នាំ​យើង​ថា បាន​សុំ​ការ​អនុញ្ញាត​ហើយ ឬ​នៅ?

លោក រម៉ាស់ ស្វែល ជនជាតិភាគតិច​ចារ៉ាយ ដែល​បាន​ទៅ​ភ្នំ​ងោក ជាមួយ​យើង​ថ្លែង​ថា៖ «ខ្ញុំ​បាក់​ទឹក​ចិត្ត។ ដី​របស់​យើង ​ភូមិ​របស់​យើង ពេល​យើង​មក ​គេ​មាន​សួរ មាន​ឃាត់ មាន​ហាម​យើង​ទៀត។ គេ​មាន​សិទ្ធិ យើង​អត់​មាន​សិទ្ធិ។ គេ​មក​ក្រោយ​យើង​សោះ គេ​មាន​សិទ្ធិ​កាន់កាប់ មាន​សិទ្ធិ​គ្រប់គ្រង​នៅ​ភ្នំ​ងោក​នេះ យើង​នៅ​តាំង​ពី​ជីដូន​ជីតា​ហើយ អត់​មាន​សិទ្ធិ​គ្រប់គ្រង»

ខ្ញុំ​បាក់​ទឹក​ចិត្ត។ ដី​របស់​យើង ​ភូមិ​របស់​យើង ពេល​យើង​មក ​គេ​មាន​សួរ មាន​ឃាត់ មាន​ហាម​យើង​ទៀត។ គេ​មាន​សិទ្ធិ យើង​អត់​មាន​សិទ្ធិ។ គេ​មក​ក្រោយ​យើង​សោះ គេ​មាន​សិទ្ធិ​កាន់កាប់ មាន​សិទ្ធិ​គ្រប់គ្រង​នៅ​ភ្នំ​ងោក​នេះ យើង​នៅ​តាំង​ពី​ជីដូន​ជីតា​ហើយ អត់​មាន​សិទ្ធិ​គ្រប់គ្រង

លោក បន្ត​ថា៖ «រាល់​ដង​មក​ភ្នំ​នេះ​រហូត ខែវស្សា​ក៏​មក ខែប្រាំង​ក៏​មក។ ខែវស្សា​យើង​មក​រែង​មាស យក​ឆាង​ម៉ាង យក​ប៉ែល។ យើង​រក​តាម​លក្ខណៈ​គ្រួសារ តាម​ដែល​អាច​ធ្វើ​បាន បាន​ប៉ុណ្ណា យើង​ហូប​ប៉ុណ្ណឹង បាន​ប៉ុណ្ណា ចាយ​ប៉ុណ្ណឹង។ អត់​មាន​អ្នក​ណា​ឃាត់ អ្នក​ណា​ហាម។ ដល់​ឥឡូវ​នឹង​វា​យ៉ាប់»

ប្រជា​សហគមន៍​នៅ​ភូមិ​ដាលវាលឡែង បាន​អះអាង​ថា ក្រុមហ៊ុន​ដែល​មក​វិនិយោគ​រ៉ែ​មាស មិន​បាន​ជជែក​ពិភាក្សា សួរ​មតិ​របស់​ពួកគាត់​ជា​មុន​ទេ មុន​នឹង​វិនិយោគ​នៅ​ក្នុង​តំបន់​នេះ។ ក៏ប៉ុន្តែ​នៅ​ពេល​មក​សាកល្បង​រុករក​ឃើញ​មាន​រ៉ែ​មួយ​ចំនួន​ហើយ ទើប​មក​ជជែក​ជាមួយ​ពួកគាត់។ ពួកគាត់​អះអាង​ថា នឹង​មិន​ទទួល​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​តំបន់​របស់​ពួកគាត់​ទេ។

អ្នក​ភូមិ​ដាលវាលឡែង ម្នាក់​ទៀត លោកស្រី សេវ ផាក់ ប្រាប់​ឲ្យ​ដឹង​ពី​ការ​មក​ជីក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ ដោយ​មិន​ប្រាប់​ឲ្យ​ភូមិ​ដឹង​ជា​មុន៖ «កន្លែង​រែង​មាស​ហ្នឹង គេ​មិន​សហការ​ជាមួយ​អ្នក​ភូមិ​ទេ ទាល់តែ​ធ្វើ​រួច បាន​សហការ។ ទើប​ដឹង​ក្រុមហ៊ុន​ជាង លី នេះ​ទេ។ ដូច​គេ​លួច​តែម្ដង។ ពេល​អ្នក​ភូមិ​ដើរ​ទៅ​ព្រៃ ឃើញ​ប្រហោង។ ប្រហែល​កន្លែង​ហ្នឹង​មាន​ក្រុមហ៊ុន​គេ​ចូល​ហើយ។ សួរ​ភូមិ​បរខាំ ថា ក្រុមហ៊ុន​អី? គេ​ថា​ក្រុមហ៊ុន ៧២ មុន​ដំបូង។ ក្រុមហ៊ុន​អង្គរ ហ្គោល ហ្នឹង​ក្រោយ​គេ។ អ៊ីចឹង​បាន​គេ​ធ្វើ​ប្រហោង​ចេញ​ចូល​បាន ល្មម​យើង​ជិះ​ម៉ូតូ​បាន។ កាល​ហ្នឹង​គេ​អត់​សិក្សា​នឹង​អ្នក​ភូមិ​ទេ។ [...] កន្លែង​មាស​ហ្នឹង​គេ​ថា ទោះ​មិន​ឲ្យ​ក៏​គេ​ចូល។ មាន​ក្រុមហ៊ុន​អង្គរ ហ្គោល (គេ​មាន​ហៅ​ក្រុមហ៊ុន​ទេ គេ​ហៅ​អង្គការ) ថា​ជួយ​បង្គន់​ផង គ្រូបង្រៀន​អង់គ្លេស​ផង។ វគ្គ​ទី​មួយ គេ​ជួយ​មួយ​គ្រួសារ វគ្គ​ទី​២ ១០​គ្រួសារ។ ជួយ​បន្ត​រហូត​ឲ្យ​ធ្វើ​បង្គន់​អី​ហ្នឹង អ្នក​ភូមិ​ថា អត់​ព្រម។ អ្នក​ខ្លាច។ កាល​មុន​អ្នក​ភូមិ​ធ្លាប់​អ៊ីចឹង​ដែរ។ ដូច​ក្រុមហ៊ុន​ជាង​លី គេ​ឈូស​ឆាយ​អស់​ហើយ បាន​មក​ពិភាក្សា។ អ្នក​ភូមិ​កំពុង​ខឹង»

យើង​បាន​ទៅ​ជួប​អ្នក​ភូមិ​ម្នាក់​ទៀត គឺ​លោក ក្លាន ពិន។ លោក​ជា​តំណាង​អ្នក​ភូមិ​ដែល​តែង​ជជែក​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន។ លោក​អះអាង​ថា សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​ច្រើន​ដែល​ចែង​ក្នុង​ច្បាប់​ហាក់​ត្រូវ​បាន​គេ​ដើរ​រំលង៖ «អត់​មាន​ក្រុមហ៊ុន​ប្រសើរ​ជាង។ នៅ​ខែ​នេះ (កាល​ពី​មុន) ស្រីៗ គេ​ទៅ​រក​ត្រី​នៅ​តាម​អូរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ មិន​មាន​អ្នក​ណា​ទៅ ព្រោះ​គេ​ខ្លាច​ក្រុមហ៊ុន។ ធម្មតា​ក្រុមហ៊ុន​គាត់​មិន​ធ្វើ​អី​មែន ប៉ុន្តែ​សម្រាប់​យើង នៅ​តែ​ភ័យ​ខ្លាច ព្រួយ​បារម្ភ​ដដែល»

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី លោកស្រី សេវ ផាក់ ដក​ដំឡូង​ក្នុង​ចម្ការ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ក្នុង​ភូមិ​ដាលវាលឡែង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី លោកស្រី សេវ ផាក់ ដក​ដំឡូង​ក្នុង​ចម្ការ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ភូមិ​ដាលវាលឡែង ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ជា​ទី​តាំង​ដី​ព្រៃ​កប់​សព​របស់​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ។ ទី​តាំង​នេះ ទល់​មុខ​នឹង​កូន​កោះ​មួយ​នៅ​លើ​ទន្លេ​សេសាន ដែល​គេ​ជឿជាក់​ថា មាន​រ៉ែ​មាស ហើយ​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​ចិន បាន​សុំ​ទីតាំង​ដី​ព្រៃ​កប់​សព​នេះ ដើម្បី​វិនិយោគ។ ក៏ប៉ុន្តែ​សហគមន៍​បាន​បដិសេធ​ចំពោះ​សំណើ​នេះ ដោយ​ពួកគាត់​ថា ដី​ព្រៃ​កប់​សព​នេះ គឺ​មិន​អាច​ប៉ះពាល់​បាន​ឡើយ។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ លោក រម៉ាស់ លិវ ថ្លែង​ដូច្នេះ៖ «ព្រៃ​នេះ​មិន​ឲ្យ​ពី​ណា​មក​ប៉ះពាល់​ទេ សម្រាប់​តែ​កប់​ខ្មោច បុណ្យ​ខ្មោច រាំរែក សុទ្ធ​តែ​ចូល​មក​កន្លែង​កប់​សព​នេះ​ទាំង​អស់ ពីព្រោះ​ថា ជនជាតិ​ដើម​ភាគ​តិច​អត់​មាន​បុណ្យ​ច្រើន​ទេ​ណា មាន​តែ​សែនព្រេន​តិចតួច និង​បុណ្យ​ខ្មោច​តែ​ប៉ុណ្ណឹង​ទេ»

យើង​ទៅ​ជួប​តំណាង​ក្រុមហ៊ុន​អង្គរ ហ្គោល ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​មាស​នៅ​សហគមន៍​ដាលវាលឡែង តាំង​ពី​ឆ្នាំ​២០១០។ ក្រុមហ៊ុន​អង្គរ ហ្គោល នេះ កំពុង​រុករក​រ៉ែ​នៅ​ចំនួន ២០​ទីតាំង​ក្នុង​ខេត្ត​មណ្ឌលគិរី និង​រតនគិរី។ ក្រុមហ៊ុន​នេះ​រំពឹង​ថា នឹង​ជួយ​ឲ្យ​វិស័យ​រ៉ែ​នៅ​កម្ពុជា ប្រសើរ​ឡើង។ ក្រុមហ៊ុន​អង្គរ ហ្គោល ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ។

អ្នកស្រី ឌីលែន វីកស៍ (Delaye Weeks) អគ្គនាយក​រង​ទទួល​បន្ទុក​ការងារ​អភិវឌ្ឍន៍​សង្គម​នៃ​ក្រុមហ៊ុន​អង្គរ ហ្គោល អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ហាមឃាត់​អ្នក​ភូមិ​មិន​ឲ្យ​រក​អនុផល​ព្រៃ​ឈើ​នៅ​ទីតាំង​ដែល​រុករក​រ៉ែ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ការពារ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ភូមិ និង​សហការ​ជាមួយ​អាជ្ញាធរ និង​អ្នក​ភូមិ៖ «វា​មាន​បញ្ហា​យល់​ច្រឡំ​ធំ​មួយ។ យើង​រុក​រក យើង​រើស​យក​សំណាក​ថ្ម និង​ដី ហើយ​ក៏​ជីក​យក​សំណាក។ ប៉ុន្តែ​យើង​មិន​បាន​កាប់​ព្រៃ​ឈើ​ទេ។ យើង​មិន​មែន​ជា​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ យើង​មិន​ត្រូវ​ការ​កាប់​ព្រៃ​ឈើ។ ព្រៃ​ឈើ​ប្រាប់​ពួក​យើង​ពី​ព័ត៌មាន​ដែល​យើង​រុក​រក។ ដូច្នេះ​យើង​សិក្សា​ពី​ថ្ម​ដែល​នៅ​ជុំវិញ យើង​មិន​កាប់​ព្រៃឈើ​នោះ​ទេ»

អ្នកស្រី​បន្ថែម​ទៀត​ថា៖ «អ្នក​ភូមិ​កំពុង​រក​ការ​ឈឺ​ចាប់ ដោយសារ​សកម្មភាព​របស់​ក្រុមហ៊ុន​ខ្លះ។ ពួក​គាត់​កំពុង​ឈឺ​ចាប់​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គេ​កាប់​ព្រៃ​ឈើ។ ប៉ុន្តែ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ។ ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន​យើង គឺ​យើង​ប្ដេជ្ញា​ជា​ខ្លាំង ទោះ​ពេល​ណា​ក៏ដោយ យើង​នឹង​មិន​ច្បាម​យក​ដី​របស់​ប្រជាជន​នោះ​ទេ ហើយ​ក៏​មិន​កាប់​ព្រៃ​ឈើ​ដែរ។ យើង​កំពុង​ព្យាយាម​កសាង​របៀប​រក​ស៊ី​មួយ​ដែល​ថែរក្សា​ប្រជាជន ជួយ​ពួក​គាត់ ថែរក្សា​បរិស្ថាន មិន​មែន​ធ្វើ​ឲ្យ​ពួកគាត់​ឈឺ​ចាប់​ដោយ​ការ​រក​ស៊ី​របស់​យើង​ទេ។ អង្គរ ហ្គោល ខុស​ពី​ក្រុមហ៊ុន​ដទៃ»

លោក ម៉ាយ៍ខ វីកស៍ (Mike Weeks) អគ្គនាយក​ក្រុមហ៊ុន​អង្គរ ហ្គោល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​បាន​ជជែក​ជាមួយ​អាជ្ញាធរ និង​សហគមន៍​រួច​រាល់​មុន​នឹង​ចូល​ទៅ​វិនិយោគ៖ «បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​របស់​យើង ខិតខំ​ទាក់ទង​ជាមួយ​ក្រសួង​រ៉ែ រដ្ឋបាល​ថ្នាក់​ស្រុក ឃុំ ភូមិ។ យើង​ក៏​បាន​អញ្ជើញ​អ្នក​ភូមិ​ដែល​មិន​មែន​ជា​អាជ្ញាធរ ដែល​ជំទាស់​នឹង​មេ​ភូមិ។ ម្ដង​ទៀត យើង​ប្ដេជ្ញា​ថា រាល់​ទីតាំង​ពេល​យើង​ចូល​ទៅ​ក្នុង​ភូមិ វា​ជា​ទម្លាប់​របស់​យើង ត្រូវ​និយាយ​ជាមួយ​ចាស់​ទុំ​ក្នុង​ភូមិ អាជ្ញាធរ​មូលដ្ឋាន ហើយ​ពន្យល់​ប្រាប់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ ប្រាប់​ពី​ការ​រុក​រក​របស់​យើង»

ក៏ប៉ុន្តែ​លោក ក្លាន ពិន នៅ​ភូមិ​ដែល​មាន​ក្រុមហ៊ុន​អង្គរ ហ្គោល កំពុង​រុក​រក បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​មក​ជួប​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​នោះ​ទេ៖ «អត់​មក​ទេ។ អត់​មក​ជជែក។ នៅ​ពេល​យើង​ឈ្លោះ​ជាមួយ​គាត់ បាន​គាត់​មក​ក្រោយ​នេះ។ គាត់​មក​បី​លើក តែ​ពួក​ខ្ញុំ​ជំទាស់​អត់​ឲ្យ យើង​អត់​ឲ្យ។ (ទោះ​គាត់) លើក​ហេតុផល ក៏​អត់​ព្រម ព្រោះ​អី​តំបន់​នេះ​សំខាន់​សម្រាប់​អ្នក​អណ្ដូងមាស ព្រោះ​ឫស្សី​ផ្អរ មាន​តែ​នៅ​ហ្នឹង។ យើង​ផ្ដោត​ការ​ចិញ្ចឹម​ជីវិត​នៅ​លើ​ហ្នឹង។ ដូច​កាផា កញ្ច្រែង ចង្អេរ បើ​អស់​នៅ​ហ្នឹង យើង​ទៅ​រក​នៅ​ណា? ហ្នឹង​ជា​តម្រូវ​ការ​សំខាន់»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។