ក្រុមហ៊ុន ឌីសនី (Disney) របស់សហរដ្ឋអាមេរិក សម្រេចចុះហត្ថលេខាទិញកាបូន រេដបូក (Carbon Redd+) នៅដែនជម្រកសត្វព្រៃកែវសីមា ចំនួន ២,៦លានដុល្លារពីរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ អ្នកធ្វើការងារទាក់ទងបរិស្ថានគាំទ្រចំពោះគម្រោងនេះ។
ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលអាចរកលុយ ២,៦លានដុល្លារក្នុងរយៈពេលពីរឆ្នាំលើផ្ទៃព្រៃជិត ២សែនហិកតារ (១៦៥.០០០) ដោយមិនចាំបាច់កាប់បំផ្លាញព្រៃឈើ ខណៈឈ្មួញមួយចំនួនកំពុងកាក់កបនឹងរបរកាប់ព្រៃឈើលក់។ ដើម្បីការពារបុព្វហេតុនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រកាសដាក់ជីវិតនយោបាយលើគម្រោងនេះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ ឬហៅថា រេដបូក (REDD+) ធ្វើនៅក្រសួងបរិស្ថាន ថ្ងៃទី១១ ខែសីហា មានការពីចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) ដែលបានធ្វើការងារទាក់ទងកិច្ចការពារព្រៃឈើនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ថា គម្រោងនេះ គឺជាគម្រោងសាកល្បងលើកទីមួយ ហើយលោកមានជំនឿថា នឹងមានដៃគូអភិវឌ្ឍន៍ផ្សេងមកចាប់ដៃគូជាមួយរដ្ឋាភិបាលដើម្បីអភិរក្សព្រៃឈើបែបនេះ៖ «ខ្ញុំដាក់ជីវិតនយោបាយ ខ្ញុំលើរឿងហ្នឹងហើយ អ៊ីចឹងទេសុំអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួម នេះជាឱកាសមាស ឱកាសប្រាក់ហើយ»។
ដូចគ្នានេះដែរ តំណាងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា លោក រ៉ូស ស៊ីនក្លែរ (Ross Sinclair) ថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ លោកថា ជាច្រើនឆ្នាំមកហើយ កម្ពុជាបានទុកឲ្យជីវចម្រុះនៅស្ថិតក្នុងភាពឯកាមួយ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មិនទាន់ឲ្យដឹងថា ថវិកាដែលទទួលបាននេះ ផ្តល់ដល់ថ្នាក់មូលដ្ឋាន ឬពលរដ្ឋដែលចូលរួមការពារ និងថែរក្សាព្រៃឈើក្នុងកម្រិតណានោះទេ។ ប៉ុន្តែលោកថា ក្រសួងនឹងផ្ដល់កញ្ចប់ថវិកាទៅពលរដ្ឋក្នុងតំបន់ព្រៃការពារឲ្យពួកគេចេះបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំជាដើម។

មន្ត្រីជំនាញក្រសួងបរិស្ថានទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោក ជា សំអាង បញ្ជាក់ថា ក្រៅពីដែនជម្រកសត្វព្រៃកែវសីមា ធ្វើជាការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ ឬហៅថា រេដបូក ក្រសួងកំពុងរៀបចំយកតំបន់ព្រៃឈើផ្សេងទៀត ឬព្រៃឡង់ ដើម្បីលក់បន្តទៀត។
មន្ត្រីជំនាញក្រសួងបរិស្ថានដដែលបញ្ជាក់ថា ឥណទានកាបូននេះ ត្រូវបានគេដាក់នៅលើទីផ្សារកាបូនស្ម័គ្រចិត្ត ដោយមានការចុះបញ្ជីជាអន្តរជាតិដែលអាចឲ្យក្រុមហ៊ុនឯកជន និងអង្គការធ្វើការបង់ប្រាក់ ខណៈក្រុមអ្នកទាំងនោះធ្វើសកម្មភាពប៉ះពាល់បរិស្ថាន។ លោកថា នៅពេលខាងមុខក្រុមអ្នកទាំងនោះនឹងមានកាតព្វកិច្ចដើម្បីចូលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៖ «ពេលនេះតម្លៃអត់ទៀងទេ ព្រោះឥឡូវជាទីផ្សារស្ម័គ្រចិត្ត ប៉ុន្តែយើងសង្ឃឹមថា ទៅថ្ងៃអនាគតវានឹងក្លាយទៅជាទីផ្សារកាតព្វកិច្ចដែលយើងអាចលក់ថ្លៃខ្ពស់»។
ផ្ទៃដីនៃដែនជម្រកសត្វព្រៃកែវសីមា មានសរុបជិត ៣សែនហិកតារ (២៩២.០០០) ប៉ុន្តែផ្ទៃដីដែលអាចធ្វើកាបូន រេដបូក ដែលមិនទាន់កាប់បំផ្លាញព្រៃឈើ មានចំនួន ១៦៥.០០០ហិកតារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងក្នុងឱកាសនោះដែរថា គម្រោងនេះនឹងដោះស្រាយបានចំពោះការកាប់បំផ្លាញព្រៃឈើ ផ្ដល់ជម្រកសត្វព្រៃ និងរក្សាកម្មសិទ្ធិដីធ្លី។ លោកថា គម្រោងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសហគមន៍អន្តរជាតិ៖ «មានកិច្ចព្រមព្រៀងថ្ងៃនេះ ព្រោះមានការគាំទ្រយ៉ាងច្រើនពីសហភាពអឺរ៉ុប ទីភ្នាក់ងារជប៉ុន ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង...»។
សព្វថ្ងៃដែនជម្រកសត្វព្រៃកែវសីមា មានកាបូន រេដបូក ១២លានតោន ហើយការដែលលក់ពេលនេះ ត្រឹមតែជាផ្នែកខ្លះប៉ុណ្ណោះ។ តំបន់ដែលលក់កាបូនបាន គឺជាតំបន់ដែលធានាថា គ្មានការកាប់បំផ្លាញព្រៃឈើ ហើយស្តុកកាបូននោះមានស្ថិរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។