អ្នកជំនាញតំបន់មេគង្គលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន កំពុងមាននូវឱកាសដ៏អស្ចារ្យមួយក្នុងការបង្ហាញឱ្យគេឯងឃើញពីការបំផុសឱ្យប្រទេសនានា ក្នុងតំបន់អាស៊ានងាកមកគិតគូរអំពីបញ្ហាទន្លេមេគង្គ។ អ្នកជំនាញរូបនោះថា បញ្ហាសន្តិសុខស្បៀងក្នុងតំបន់មេគង្គ អាចជាចំណុចផ្សារភ្ជាប់ដ៏ល្អមួយនៃបញ្ហាមេគង្គដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈអាស៊ាន។
នេះជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ ស្ទីមសិន សេនធឺរ (Stimson Center) លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ជុំវិញបញ្ហានេះដូចតទៅ៖

លោក មាន ឫទ្ធិ៖ អរគុណ លោក ប្រាយអ៊ិន ដែលបានចំណាយពេលផ្តល់បទសម្ភាសន៍នេះ។ ខ្ញុំចង់ដឹងថា ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិកបង្កើតឱ្យមាននូវភាពជាដៃគូអាមេរិក - មេគង្គ ចាប់តាំងពីឆ្នាំ២០២០ មក តើលោកកត់សម្គាល់ឃើញមានការប្រែប្រួល ឬការវិវត្តន៍ជាវិជ្ជមានបែបណាខ្លះ នៅក្នុងតំបន់មេគង្គ បាទ ?
លោក ប្រាយអ៊ិន អាយល័រ៖ បាទ! ដូចដែលអ្នកដឹងហើយថា តំបន់មេគង្គបានឆ្លងកាត់នូវស្ថានភាពបិទខ្ទប់ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ ទើបតែនៅពេលថ្មីៗ នេះទេ ដែលតំបន់នេះបានងើបចេញពីស្ថានភាពបែបនេះ។ នេះមានន័យថា ផែនការ និងមហិច្ឆតាជាច្រើនរបស់ដៃគូអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា ជប៉ុន និងអូស្ត្រាលី ជាដើម ត្រូវបានផ្អាក ហើយមិនអាចអនុវត្តបាន ដែលជាការគួរឱ្យសោកស្ដាយ។ ឥឡូវនេះ កម្មវិធីថ្មីៗ ជាច្រើនទៀត ទើបតែត្រូវបានចាប់ផ្ដើមដាក់ចេញមកវិញ ពីខាងភាគីសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ដៃទៀត។ ដូច្នេះ ខ្ញុំគិតថា នៅឆ្នាំបន្ទាប់ គឺជាឆ្នាំដែលយើងត្រូវរង់ចាំមើល ដើម្បីឱ្យដឹងថា តើនឹងមានឥទ្ធិពលអ្វីខ្លះ ដែលសហរដ្ឋអាមេរិកអាចសម្រេចបាន។
ក៏ប៉ុន្តែ តាមរយៈភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់មេគង្គ មានការផ្ដោតសាជាថ្មីឡើងវិញ ទៅលើបញ្ហាប្រែប្រួលអាកាសធាតុ ដូចជា ការស្វែងរកដំណោះស្រាយទប់ទល់នឹងហានិភ័យអាកាសធាតុ ការកែលម្អផលប៉ះពាល់ និងភាពធន់ស៊ាំនឹងផលប៉ះពាល់បណ្ដាលមកពីការប្រែប្រួលអាកាសធាតុជាដើម។ មានការផ្ដោតសាជាថ្មីទៅលើបញ្ហាសន្តិសុខមិនប្រពៃណី ដូចជា អំពើជួញដូរមនុស្ស ដែលជាបញ្ហាដ៏សំខាន់មួយដែលកម្ពុជាកំពុងដោះស្រាយ ព្រមទាំងបញ្ហាជួញដូរសត្វព្រៃ ឬអំពើជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។ បញ្ហាអស់ទាំងនេះ គឺបន្ថែមទៅលើកិច្ចពិគ្រោះយោបល់លើវិស័យជាប្រពៃណីនានា ដូចជា វិស័យសុខាភិបាល អប់រំ និងសន្តិសុខទឹក ជាពិសេស។
ដូច្នេះ ការប្រែប្រួលមួយក្នុងចំណោមការប្រែប្រួលនានា ដែលភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់មេគង្គ នាំមក ហើយដែលខុសប្លែកគ្នាពីគម្រោងគំនិតផ្ដួចផ្ដើមតំបន់មេគង្គខាងក្រោម គឺថា ការផ្ដោតទៅលើការកសាងភាពជាដៃគូពិតប្រាកដ។ ជារួមទៅ វាគឺជាកិច្ចគាំទ្រមួយពីសហរដ្ឋអាមេរិក ពោលគឺ ពីក្រសួងការបរទេសអាមេរិក ដែលអាចពាក់ព័ន្ធនឹងដៃគូជាច្រើនមកពីវិស័យផ្សេងៗ គ្នា ដូចជា ដៃគូមិនមែនរដ្ឋាភិបាល ដៃគូប្រព័ន្ធផ្សព្វផ្សាយ សកម្មជនបរិស្ថានតាមមូលដ្ឋាន បន្ថែមទៅលើកិច្ចគាំទ្រទ្វេភាគីជាលក្ខណៈប្រពៃណីទៅដល់រដ្ឋាភិបាលក្នុងតំបន់មេគង្គដើម្បីកែលម្អវិស័យអភិបាលកិច្ចបរិស្ថាន សុខាភិបាល អប់រំ និងបញ្ហានានា ដែលខ្ញុំបានលើកឡើងពីខាងដើម។
លោក មាន ឫទ្ធិ៖ ចុះចំពោះការលើកកម្ពស់ឱ្យមានការយល់ដឹងពីបញ្ហាតំបន់មេគង្គ ក្នុងចំណោមសមាគមអាស៊ានវិញ យើងដឹងហើយថាកម្ពុជាកំពុងដឹកនាំធ្វើជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំនេះ តើមានការលើកកម្ពស់ឱ្យមានការយល់ដឹងអំពីបញ្ហាតំបន់មេគង្គ ទៅក្នុងរបៀបវារៈរបស់អាស៊ានបែបណាខ្លះដែរ ?
លោក ប្រាយអ៊ិន អាយល័រ៖ បាទ! ខ្ញុំគិតថា ជាការសំខាន់ដែលនេះគឺជាការទទួលខុសត្រូវរបស់អាស៊ាន ឬជាការទទួលខុសត្រូវរបស់ប្រទេសនានាក្នុងតំបន់អាស៊ាន ក្នុងការលើកកម្ពស់ឱ្យមាននូវកិច្ចពិភាក្សាអំពីបញ្ហាមេគង្គនេះឡើង។ ពីព្រោះថា ប្រសិនបើកិច្ចពិភាក្សានេះកើតចេញពីក្នុងតំបន់ នោះខ្ញុំគិតថា វានឹងត្រូវបានគេគិតថា ពិតជាមាននូវតម្រូវការពិតប្រាកដមែន ជាជាងការណ៍ដែលដៃគូអភិវឌ្ឍន៍ជាអ្នកនិយាយចេញមកថាជាការសំខាន់ ដែលត្រូវដាក់បញ្ចូលបញ្ហាមេគង្គទៅក្នុងរបៀបវារៈរបស់អាស៊ាន។
យើងដឹងហើយថា វៀតណាមបានព្យាយាមដាក់បញ្ចូលបញ្ហាមេគង្គនេះទៅក្នុងរបៀបវារៈរបស់អាស៊ានក្នុងពេលដែលប្រទេសនេះធ្វើជាប្រធានអាស៊ានកាលពីពេលកន្លងទៅ។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ប្រទេសនេះបានខកខានមិនបានធ្វើទៅវិញដោយសារតែវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ ហើយនឹងការជាប់រវល់ក្នុងការដោះស្រាយបញ្ហានេះ។ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅតំបន់នេះកាលពីពេលថ្មីៗ នេះ ទាំងនៅកម្ពុជា និងទាំងនៅវៀតណាម ខ្ញុំបានផ្ដោតការយកចិត្តទុកដាក់ចំពោះការបន្លឺសំឡេងជុំវិញបញ្ហាមេគង្គ និងផលប្រយោជន៍នានា ដែលភាគីពាក់ព័ន្ធបានលើកឡើង ដើម្បីដាក់បញ្ហាមេគង្គចូលទៅក្នុងរបៀបវារៈរបស់អាស៊ាន។

ខ្ញុំពិតជាបានឮប្រទេសទាំងពីរនេះ ផ្ដោតលើបញ្ហាសន្តិសុខស្បៀង។ វាជាការគួរឱ្យចាប់អារម្មណ៍មែនទែន ដែលកម្ពុជា និងវៀតណាមសុទ្ធតែផ្ដោតលើសារសំខាន់នៃបញ្ហាសន្តិសុខស្បៀងសម្រាប់ប្រទេសរបស់ពួកគេរៀងៗ ខ្លួន និងទំនាក់ទំនងរវាងការធ្លាក់ចុះគុណភាពទន្លេមេគង្គ និងសន្តិសុខស្បៀង។ ដូច្នេះ ខ្ញុំគិតថា នេះជាចំណុចតភ្ជាប់គ្នា ហើយខ្ញុំជឿជាក់ថា វាអាចទៅរួច ដែលប្រទេសថៃអាចនឹងធ្វើតាម ហើយថា ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន អាចនឹងលើកយកបញ្ហាសន្តិសុខស្បៀងនេះធ្វើជាប្រធានបទនៃកិច្ចពិភាក្សា ដោយសារតែប្រទេសទាំងនោះសុទ្ធតែមានតម្រូវការស្បៀងពីតំបន់មេគង្គដូចគ្នា។ កម្ពុជា និងវៀតណាម គឺជាប្រទេសនាំចេញស្បៀងនៅក្នុងតំបន់មេគង្គដល់ប្រទេសជាប់សមុទ្រដទៃទៀតនៅក្នុងតំបន់អាស៊ាន ដែលជាទូទៅប្រទេសទាំងនោះមិនបានផ្ដោតអាទិភាពលើបញ្ហារបស់តំបន់មេគង្គឡើយ។ ដូច្នេះ ខ្ញុំគិតថា មានឱកាសដែលត្រូវចាប់យកនូវទិដ្ឋភាពមួយក្នុងចំណោមបញ្ហាជាច្រើនទៀតក្នុងតំបន់មេគង្គ ហើយនោះគឺបញ្ហាសន្តិសុខស្បៀង។ ពោលគឺ ត្រូវលើកកម្ពស់បញ្ហានេះទៅក្នុងរបៀបវារៈអាស៊ាន ហើយនឹងតាមដានមើលថា តើបញ្ហានេះអាចនាំឱ្យមានឡើងនូវកិច្ចខិតខំប្រឹងប្រែង និងចំណាប់អារម្មណ៍ច្រើនជាងនេះទៅលើបញ្ហាមេគង្គដែរ ឬយ៉ាងណានោះ។
លោក មាន ឫទ្ធិ៖ តើលោកវាយតម្លៃយ៉ាងម៉េចដែរ ចំពោះភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងការលើកយកបញ្ហាមេគង្គធ្វើជារបៀបវារៈរបស់អាស៊ាន ? ដូចដែលយើងដឹងហើយថា កម្ពុជាបានធ្វើជាប្រធានអាស៊ានជាងកន្លះឆ្នាំមកហើយ ហើយនៅដើមខែវិច្ឆិកាខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ានដែលនឹងមានដៃគូអភិវឌ្ឍន៍ និងក្រុមមេដឹកនាំពិភពលោកជាច្រើនដូចជាសហរដ្ឋអាមេរិកមកចូលរួមផង។
លោក ប្រាយអ៊ិន អាយល័យ៖ ខ្ញុំគិតថា កម្ពុជាមាននូវឱកាសដ៏អស្ចារ្យមួយ ដើម្បីបង្ហាញឱ្យគេឯងឃើញពីការជំរុញទឹកចិត្តផ្នែកនយោបាយរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានានា របស់តំបន់មេគង្គ ហើយបំប្លែងការជំរុញទឹកចិត្តនោះ ឱ្យក្លាយទៅជាតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន ដោយដាក់បញ្ចូលវាទៅក្នុងរបៀបវារៈអាស៊ាន។ ខ្ញុំដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងតែបង្កើនការប្ដេជ្ញាចិត្តរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ច្រើនជាងពេលណាៗ ទាំងអស់ ក្នុងការអភិរក្សធនធានទន្លេមេគង្គ។ វាជាការសង្កេតដ៏កម្រមួយ ដែលយើងឃើញមានការប្ដេជ្ញាចិត្តខ្ពស់បែបនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសម្របសម្រួលរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ។
ស្រដៀងគ្នានឹងការនិយាយប្រដូចទៅនឹងការឆ្លើយតប ចំពោះបញ្ហាជំងឺរាតត្បាតសាកលកូវីដ១៩ អ៊ីចឹងដែរ ដែលថា ការឆ្លើយតបដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើឡើង ហើយកាន់តែគួរឱ្យចាប់អារម្មណ៍មែនទែននោះគឺថា សម្រាប់តំបន់មេគង្គ មានការបន្ស៊ីគ្នារវាងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ទៅនឹងចំណាប់អារម្មណ៍ និងការជំរុញទឹកចិត្តរបស់តួអង្គមិនមែនរដ្ឋាភិបាលនៅក្នុងរឿងនេះ។ ដូច្នេះ ខ្ញុំអាចមើលឃើញពីរង្វង់នៃសកម្មភាពនានា ដែលកើតមានឡើងជាមួយគ្នានៅកម្ពុជា ជុំវិញការការពារទន្លេមេគង្គកាន់តែខ្លាំងឡើងៗ។ សកម្មភាពទាំងនោះ គឺពាក់ព័ន្ធនឹងទន្លេសាប ការមិនសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារតំបន់លិចទឹក។ មានការឆ្លើយតបដ៏ទូលំទូលាយមួយ ដែលរដ្ឋាភិបាលកំពុងដោះស្រាយ ហើយក៏មានការចូលរួមពីតួអង្គមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពទាំងអស់នេះ ប្រហែលជាគួរឱ្យចាប់អារម្មណ៍ច្រើនជាងនៅប្រទេសដទៃទៀតនៅក្នុងតំបន់នេះ នាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ខ្ញុំគិតថា កម្ពុជាកំពុងមាននូវឱកាសក្នុងការបំប្លែងសកម្មភាពទាំងនោះ ដើម្បីបង្ហាញដល់តំបន់អាស៊ានថា នេះគឺជាមូលហេតុ ដែលយើងត្រូវតែគិតគូរអំពីទន្លេសាប និងថា នេះគឺជាមូលហេតុ ដែលយើងត្រូវតែគិតគូរអំពីបញ្ហាជលផល ឬក៏ថា នេះគឺជាមូលហេតុ ដែលយើងត្រូវតែគិតគូរអំពីទន្លេមេគង្គ។ ក៏ប៉ុន្តែ យើងពុំអាចការពារប្រព័ន្ធទន្លេមេគង្គបានទេ ប្រសិនបើគ្មានវិធានការណាមួយពីថ្នាក់តំបន់ទាំងមូលនោះ។ ដូច្នេះហើយ អាស៊ានមានតួនាទីមួយនៅក្នុងបញ្ហានេះ។ នេះគឺជាសារ ដែលចាំបាច់ត្រូវបញ្ជូនចេញ។ ខ្ញុំនៅមិនទាន់ឃើញការបញ្ចេញសារដូច្នេះនៅឡើយទេ។ នេះគឺជាឱកាសមួយ ដែលខ្ញុំគិតថា វាគឺជាអ្វីមួយ ដែលអាចនឹងកើតមានឡើងបាន។ ខ្ញុំលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធនៅថ្នាក់រដ្ឋាភិបាល និងថ្នាក់មិនមែនរដ្ឋាភិបាល ឱ្យចាប់ផ្ដើមអនុវត្តនូវវិធានការដូច្នេះ៕
បាទ! អរគុណ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។