កម្ពុជា​បញ្ជាក់​ជាថ្មីពីការប្តេជ្ញាចិត្ត​ពង្រឹង​ការគ្រប់គ្រង​ធនធានទឹក និង​អាងទន្លេមេគង្គ​ប្រកបដោយ​ចីរភាព

កម្ពុជា​បញ្ជាក់​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​​សហការ​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ​ក្នុងតំបន់ និង​អន្តរជាតិ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​ធនធានទឹក និង​អាងទន្លេមេគង្គ​ប្រកបដោយ​ចីរភាព។

ការបញ្ជាក់​សាជាថ្មីនេះ ធ្វើឡើង​នៅក្នុង​ពេលដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​​កិច្ចប្រជុំកំពូល​លើកទី៤ ស្តីពី​បញ្ហាទឹក​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ប្រទេស​ជប៉ុន ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃទី២៤ ខែមេសា ម្សិលម៉ិញ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ផ្សាយ​កាលពីថ្ងៃទី២៤ ខែមេសា អំពីលទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ឱ្យដឹងថា លោក ហ៊ុន សែន បាន​បញ្ជាក់​នូវ​ជំនឿថា ឆន្ទៈនយោបាយ​កម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និង​ការធ្វើ​សកម្មភាពរួមគ្នា នឹង​ធានា​ការសម្រេចបាន​នូវ​គោលដៅ​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នេះ។ លោក ហ៊ុន សែន បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ទឹក​ដែល​ជាធនធាន​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​លោក​បាន​ជំរុញ​ឱ្យ​ភាគីពាក់ព័ន្ធ​ធ្វើការរួមគ្នា​ដើម្បី​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត។

ក្រសួងការបរទេស​កម្ពុជា ឱ្យដឹងថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ដែលបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ បាន​ដាក់ចេញ​នូវ «សេចក្តីប្រកាស​ទីក្រុង​ខឹម៉ាមូតុ» ប្តេជ្ញា​ពង្រឹង​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រកបដោយ​គុណភាព​សម្រាប់​វិស័យទឹក ដោយរួម​បញ្ចូលទាំង​ផ្នែករឹង និង​ផ្នែកទន់ រួមទាំង​ការគ្រប់គ្រង​ទិន្នន័យ​ផង។

បញ្ហា​សន្តិសុខ​ទឹក និង​ចែកចាយ​ធនធាន​ទឹក​កំពុង​ក្លាយ​ជា​បញ្ហា​សំខាន់​ដែលកាន់តែ​កើនកម្តៅមួយ​នៅក្នុង​តំបន់មេគង្គ ស្របពេល​ដែល​ប្រទេស​នៅតាម​ខ្សែទឹកខាងលើ​ជាពិសេស​ប្រទេសចិន​បាន​សាងសង់ និង​មាន​គម្រោង​សាងសង់​ទំនប់វារីអគ្គិសនី​ខ្នាតយក្ស​ជាច្រើន​នៅលើ​ផ្ទៃអាង​ទន្លេនេះ​ដើម្បី​ផលិត​ចរន្តអគ្គិសនី និង​ស្តុកធនធាន​ទឹក​សម្រាប់​ទុកប្រើប្រាស់​នៅក្នុង​ប្រទេសខ្លួន។

ការណ៍​នេះ កំពុង​ធ្វើឱ្យ​រំហូរ​ទឹក​តាមបែបធម្មជាតិ​របស់​ទន្លេមេគង្គ​បាន​ប្រែប្រួល​ខុសប្រក្រតី ដែល​ក្រុមអ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា​ អាចបង្កឱ្យ​គ្រោះថ្នាក់​ដល់​ជីវចម្រុះ ជាពិសេស​ធនធាន​ត្រី​នៅតាម​ប្រទេស​ខ្សែទឹកខាងក្រោម ជាពិសេស​តំបន់​បឹងទន្លេសាប​របស់​កម្ពុជា ព្រមទាំង​បង្ក​ការប៉ះពាល់​ដោយ​ផ្ទាល់​និង​ដោយប្រយោល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​រាប់លាននាក់​ដែល​រស់នៅ​ពឹងផ្អែក​លើ​ធនធាន​ពី​ទន្លេមេគង្គនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។