កម្ពុជា​ប្តេជ្ញា​រក​យុត្តិធម៌​ដល់​មន្ត្រីកសិកម្ម​ដែលអាមេរិក​ចាប់ខ្លួន​រឿងរត់ពន្ធ​សត្វស្វាក្តាម

0:00 / 0:00

កម្ពុជា ប្តេជ្ញា​រកយុត្តិធម៌​ដល់មន្ត្រី​កសិកម្ម​ដែល​សហរដ្ឋអាមេរិក​ចាប់ខ្លួន​ក្នុងពេល​ទៅចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងរឿង​រត់ពន្ធ​សត្វស្វាក្តាម។ អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល យល់ថា ករណីនេះ គឺជា​រឿងរ៉ាវ​អាម៉ាស់​ថ្មីមួយទៀត​របស់​ក្រសួងកសិកម្ម ស្របពេលដែល​រដ្ឋមន្ត្រី​ថ្មី​ទើបនឹង​ឡើងកាន់​តំណែង។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ប្រើឱកាស​នេះ ស៊ើបអង្កេត​ករណីនេះ​ឱ្យបាន​ពិតប្រាកដ​ដើម្បី​កុំឱ្យពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​កាន់តែខ្លាំង​លើ​រដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ចំនួនពីររូប​ត្រូវ​សហរដ្ឋអាមេរិក​ចោទប្រកាន់​ពីបទសមគំនិត​ក្នុងរឿង​នាំចូល​សត្វស្វាក្តាម​ខុសច្បាប់​ចូលទឹកដី​អាមេរិក តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ។ ក្នុងនោះ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក បានប្រកាស​ពីការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​កម្ពុជា​មួយរូប ឈ្មោះ គ្រី ម៉ះផល ដែលជា​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋាភិបាល​ព្រៃឈើ ក្នុងពេលដែល​មន្ត្រី​រូបនោះ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​សហរដ្ឋអាមេរិក​នៅបូរីញូវយ៉ក (New York) នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ ខេននឺឌី (John F. Kennedy International Airport) ដើម្បី​​ទៅចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ប្រទេសប៉ាណាម៉ា (Panama)។

Monky long-tailed macaques by WCS Cambodia on 5 of 2017-1.jpg
រូបថត ស្វាក្ដាម (Long-tailed Macaque) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែល​ថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីថ្ងៃទី ខែឧសភា ឆ្នាំ២០១៧។ (រូបថត WCS Cambodia)

ភ្លាមៗក្រោយ​ការប្រកាស​ចាប់ខ្លួន​មន្ត្រី​កម្ពុជានេះ ក្រសួងកសិកម្ម​កម្ពុជា បានចេញមុខ​ការពារ​មន្ត្រី​របស់ខ្លួន និង​ចាត់ទុក​ករណី​ចាប់ខ្លួន​នេះថាជា «រឿងដ៏គួរឱ្យហួសចិត្ត​ជាទីបំផុត»។ ក្រសួង​ថា ខ្លួន​នឹង «ខិតខំប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព» ដើម្បី​រកយុត្តិធម៌​ដល់​មន្ត្រី​របស់ខ្លួន ជាពិសេស​អ្នកដែល​បំពេញ​កាតព្វកិច្ច​ផ្លូវការ​តំណាងប្រទេស​ស្របតាមអនុសញ្ញា​អន្តរជាតិ។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ថា មន្ត្រីកម្ពុជា​រូបនេះ​ពុំបាន​ប្រព្រឹត្តអ្វី​ខុសច្បាប់​ឡើយ​ដរាបណា​មិនទាន់​កាត់ទោស​ដោយតុលាការ ហើយ​ក្រសួង​នឹងស្វែងរក​មេធាវី​ការពារក្តី​ឱ្យ​មន្ត្រីរបស់​ខ្លួន​នៅឯតុលាការ​អាមេរិក៖

«រហូតមកទល់​ពេលនេះ យើងមាន​តែពីររូប​ដែលខាង​អាមេរិក​ចោទប្រកាន់ ហើយជាថ្មីម្តងទៀត ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ គឺបញ្ជាក់​ម្តងហើយម្តងទៀត​ថា ការងារ​ដែល​យើងធ្វើ​ទាក់ទងទៅនឹង​ការនាំចេញសត្វស្វាក្តាម​នេះ គឺយើងធ្វើ​ស្របទៅតាម​នីតិវិធី ហើយនឹង​បទប្បញ្ញត្តិ​ជាធរមាន​តាមច្បាប់ជាតិ និង​អន្តរជាតិ។ អ៊ីចឹងហើយ អ្វីដែលយើង​នឹង​ធ្វើ​បន្ទាប់ពីនេះ​គឺការតតាំង​តាមផ្លូវច្បាប់​ដើម្បី​ស្វែងរកយុត្តិធម៌​ជូនមន្ត្រី​របស់យើង»។

សត្វស្វាក្តាម គឺជា​ប្រភេទសត្វព្រៃ​ដែលជិតផុតពូជមួយ​នៅលើ​ពិភពលោក ដែលត្រូវបាន​ការពារ​ដោយអនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋអាមេរិក។ អនុសញ្ញា​នេះ មាន​ប្រទេសចំនួន ១៨៤ នៅលើ​ពិភពលោក​ចុះហត្ថលេខា​ទទួលស្គាល់។ កម្ពុជា​ក៏ជា​ភាគីហត្ថលេខីមួយ​នៃ​អនុសញ្ញា​នេះដែរ។

Monky long-tailed macaques by WCS Cambodia on 5 of 2017.jpg
រូបថត ស្វាក្ដាម (Long-tailed Macaque) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែល​ថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីថ្ងៃទី ខែឧសភា ឆ្នាំ២០១៧។ (រូបថត WCS Cambodia)

ក្រសួង​កសិកម្ម អះអាងថា ខ្លួន​ប្រកាន់ខ្ជាប់​នូវគោលការណ៍ និង​ច្បាប់​ដែលមាន​ចែងក្នុង​អនុសញ្ញានេះ។ ក្រសួង​ពន្យល់​ថា សត្វស្វាក្តាម​ជាប្រភេទ​សត្វសម្បូរ និងមាន​នៅទូទាំង​ប្រទេស​កម្ពុជា។ សត្វស្វាក្តាមនេះ ក៏ត្រូវបាន​ចិញ្ចឹម​នៅ​តាម​កសិដ្ឋាន​នានា​នៅកម្ពុជា​តាំងពីឆ្នាំ២០០៥មកម៉្លេះ សម្រាប់​នាំចេញ​ក្នុងគោលដៅ​វេជ្ជសាស្ត្រ ធ្វើពិសោធន៍​ដើម្បី​ផលិតឱសថ វ៉ាក់សាំង ឬ​គ្រឿង​សំអាង។ ក្រសួង​កសិកម្ម​បដិសេធថា សត្វស្វាក្តាម​ទាំងនេះ​មិនមែន​ត្រូវបាន​ចាប់ពី​ក្នុងព្រៃ ហើយ​បញ្ជូន​ទៅក្រៅ​ប្រទេស​ដូចការចោទប្រកាន់​របស់​អាមេរិក​នោះទេ។

អ្នកវិភាគនយោបាយ លោក គឹម សុខ ដែល​បច្ចុប្បន្ន​កំពុងរស់នៅ​ភៀសខ្លួន​នៅប្រទេសហ្វាំងឡង់ (Finland) ដើម្បី​គេចពី​ការធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅករណី​នេះថា​ជារឿងអាម៉ាស់​ថ្មីមួយទៀត​សម្រាប់កម្ពុជា ដែល​មិនដែល​រកឃើញ និង​តែងតែ​បដិសេធ។ លោកថា ករណីនេះ​គឺជា​ឧទាហរណ៍​មួយ​ដែលអាច «បន្លាច» ដល់​មន្ត្រីខិលខូច​របស់​លោក ហ៊ុន សែន៖

«ជាសញ្ញាមួយ​អាចបន្លាច​ទៅ​ដល់​ក្រុមមន្ត្រីជាន់ខ្ពស់​នៃរដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្នដែរ ពីព្រោះ​ខ្ញុំនិយាយថា​ភាគច្រើនលើសលុប​ទៅចុះ​នៃពួកគេ​មានជាប់​បទឧក្រិដ្ឋ បំផ្លាញ​ព្រៃឈើ​ធម្មជាតិ បំផ្លាញ​សត្វព្រៃ ប្លន់ដីធ្លី​ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរំលោភច្បាប់ ឧទាហរណ៍​ គ្រឿងញៀន​ជាដើម ការជួញដូរមនុស្ស លាងលុយកខ្វក់។ ពួកអ្នកទាំងអស់នោះ អាចនឹង​ពិចារណា​ថា មិនដឹងថា​សំណុំរឿង​របស់ពួកគេ នៅក្នុងដៃ​នៃ​តុលាការ​របស់​ប្រទេសណាខ្លះ​នោះទេ។ ឧទាហរណ៍​ថា ប្រទេស​មួយចំនួន​នៅទ្វីបអឺរ៉ុប ឬក៏​សហរដ្ឋអាមេរិក ឬក៏​ប្រទេសអូស្ត្រាលី ជាដើម។ ពួកគេ​អាចបារម្ភ​ហើយ​ថា ក្នុងដំណាក់កាល​នេះ នៅពេល​ដែល​លោក ហ៊ុន សែន ដឹកនាំ​បែប​អំណាច​ទំនើងចិត្ត ស្រាប់តែ​ពួកគេ​ចេញដំណើរ​ទៅធ្វើ​ទេសចរណ៍ក្តី ឬធ្វើបេសកកម្ម​ការទូត​តំណាង​ឱ្យ​ប្រទេសកម្ពុជា​ក្តី អាចមាន​ដីកា​ហុច​មកឱ្យពួកគេ​ដើម្បី​ឃាត់ខ្លួន និង​ចាប់ពួកគេ​តែម្តង»។

ក្រសួងយុត្តិធម៌​អាមេរិក​ឱ្យដឹងថា ក្រៅពីលោក គ្រី ម៉ះផល អាមេរិក​ក៏ចោទប្រកាន់​ទៅលើ​មន្ត្រីជាន់ខ្ពស់​កសិកម្ម​កម្ពុជា​មួយរូបទៀត គឺលោក កែវ អូម៉ាលីស ដែលជា​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​រដ្ឋបាលព្រៃឈើ រួមទាំង​ជនជាតិចិន​ហុងកុង ចំនួន៦នាក់ទៀត ដែលជាប់ពាក់ព័ន្ធ​នឹង​ការរកស៊ី​ជួញដូរ​ទីផ្សារងងឹត​នាំចូល​ ឬរត់ពន្ធ​សត្វស្វាក្តាម​ខុសច្បាប់​ពី​តំបន់អាស៊ីអាគ្នេយ៍ ដោយសហការ​ជាមួយ​មន្ត្រីខិលខូច​ពុករលួយ​នៅកម្ពុជា។ ពួកគេ​ទាំងនេះ​រងនូវ​ការចោទប្រកាន់​ចំនួន​៨បទចោទ ពាក់ព័ន្ធនឹង​ការសមគំនិត​ក្នុងការនាំចូល​ដោយខុសច្បាប់ និង​ការរត់ពន្ធ​សត្វព្រៃ​កម្រ។ ជនទាំងនេះ​អាចប្រឈម​ជាប់គុក​ពី ៥ឆ្នាំ ទៅ ២០ឆ្នាំ ហើយអាច​ពិន័យជាប្រាក់​រហូតដល់ទៅ ២សែន៥ម៉ឺនដុល្លារ (២៥០.០០០​ដុល្លារ) ឬ​ការពិន័យទ្វេដង​នៃ​សាច់ប្រាក់​ដែល​ពួកគេ​រកបាន​ពីអំពើជួញដូរ​សត្វស្វាក្តាម​ខុសច្បាប់នេះ។

Monky long-tailed macaques by Ministry.jpg
សត្វស្វាក្តាម គឺជា​ប្រភេទសត្វព្រៃ​ដែលជិតផុតពូជមួយ​នៅលើ​ពិភពលោក ដែលត្រូវបាន​ការពារ​ដោយអនុសញ្ញា​ស្តីពី​ការហាមប្រាម​ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែលប្រឈម​នឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋអាមេរិក។ (រូប៖ ក្រសួងកសិកម្ម)

ប្រធាន​កម្មវិធី​ផ្នែកស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ជាជាង​ចេញមុខ​បដិសេធ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​គួរគិតគូរ​ឡើងវិញ និង​ស៊ើបអង្កេត​ករណីនេះ​ឱ្យបាន​ពិតប្រាកដ​ដើម្បី​ជៀសវាង​ការបាត់បង់​ទំនុកចិត្តកាន់តែខ្លាំង​ពី​ប្រជាពលរដ្ឋ៖

«ត្រូវគិតគូរឡើងវិញ ត្រូវត្រួតពិនិត្យ​ទៅលើ​មន្ត្រី​របស់ខ្លួន​ឡើងវិញ​ថាតើ​បាន​ពាក់ព័ន្ធ ឬក៏​មានពាក់ព័ន្ធ​ដោយចេតនា ឬដោយ​អចេតនា​ចំពោះ​សកម្មភាព​ខុសច្បាប់​ទាំងអស់​នេះ​ដែរឬទេ ដើម្បី​ធានាបាន​នូវ​មុខមាត់របស់​ខ្លួន។ យើងឃើញ​ហើយ​បើទោះបីជា​យ៉ាងណា​ក៏ដោយ ខ្ញុំជឿថា​ជាឱកាស​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​របស់ខ្លួន​នៅក្នុងការ​បង្កើតឱ្យមាន​ប្រជាប្រិយភាព​សម្រាប់​គាត់​ដែរ។ បើសិនជា​មិនធ្វើកិច្ចការណា​ទាំងអស់ទេ ឬក៏​ដូចជា​រដ្ឋមន្ត្រី​ដដែលៗមុនៗ ប្រហែលជា​ធ្វើឱ្យ​មាន​ការ​សោកស្តាយ ឬក៏បាត់បង់​ជំនឿចិត្ត​ពីពលរដ្ឋ​ដូចរដ្ឋមន្ត្រី​មួយចំនួន​អញ្ចឹង»។

ក្រសួងយុត្តិធម៌​អាមេរិក ឱ្យដឹងថា សត្វស្វាក្តាម​ទាំងនេះ ត្រូវបាន​មន្ត្រីកម្ពុជា​ឃុបឃិតជាមួយ​ក្រុមឧក្រិដ្ឋជន​ជួញដូរ​សត្វព្រៃ​តាមទីផ្សារងងឹត ចាប់ពី​ព្រៃនៅកម្ពុជា រួចបន្លំឯកសារ​ថាជា​សត្វស្វាក្តាម​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដើម្បី​អាចនាំចូល​ទៅសហរដ្ឋអាមេរិក យកទៅលក់​នៅរដ្ឋហ្លរីដា (Florida) និងរដ្ឋតិចសាស់ (Texas)។ យ៉ាងហោចណាស់​មាន​សត្វស្វាក្តាម​សរុបជាង ២ពាន់​៦រយក្បាល​ (២.៦៣៤) ដែល​ត្រូវបាន​គេចាប់ពី​ព្រៃនៅ​កម្ពុជា ក្នុង​តម្លៃប្រកាស​ជាទឹកប្រាក់​ជាង ៩លាន​៣សែនដុល្លារ (៩,៣ លានដុល្លារ) ត្រូវបាន​ក្រុមជនខិលខូច​ទាំងនេះ​នាំចូលដោយ​ខុសច្បាប់​ទៅ​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។