ក្រុមហ៊ុន អង្គរផ្លាយវូត (ANGKOR PLYWOOD CO., LTD) របស់លោក ជា ពៅ ដែលមានបងប្រុស ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល គឺជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា ដែលនាំចេញឈើកម្រយកទៅលក់នៅក្រៅប្រទេសដោយខុសច្បាប់ ជាពិសេសនៅប្រទេសចិន និងវៀតណាម ។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតបទល្មើសក្រុមហ៊ុនមួយនេះ ដើម្បីចាត់វិធានការតាមច្បាប់។
ក្រុមហ៊ុនអង្គរផ្លាយវូត របស់លោក ជា ពៅ បានប្រមូលទិញឈើមានតម្លៃ ពីក្រុមហ៊ុនមួយចំនួនដែលមានទីតាំងជាប់នឹងតំបន់ព្រៃអភិរក្សនានានៅក្នុងប្រទេសកម្ពុជា មានដូចជា ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech (Cambodia) CO,Ltd) ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ដែលមានទីតាំងជាប់ដែនជម្រកសត្វព្រៃព្រៃឡង់ និងបច្ចុប្បន្នកំពុងប្រមូលឈើពីក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.ក(T.S.M.W. Co., Ltd ) ដែលក៏កំពុងសម្ងំធ្វើអាជីវកម្មឈើខ្នាតធំជាប់តំបន់ការពារធម្មជាតិស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រុមហ៊ុន អង្គរផ្លាយវូត មានអ្នកគ្រប់គ្រងនិងភាគហ៊ុនចំនួន៣នាក់ ទី១ លោក ជា ពៅ ប្រធានក្រុមហ៊ុន កញ្ញា ជា សាំងធីតា ជាសមាជិកត្រូវជាកូនរបស់លោក ជា វុទ្ធី បច្ចុប្បន្ន លោក ជា វុទ្ធី ជារដ្ឋលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក លូ ឈូឆាង ដែលជាជនជាតិតៃវ៉ាន់។
ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន អង្គរផ្លាយវូត លោក ជា ពៅ បានប្រាប់ទៅសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដោយបានទម្លាក់កំហុសខ្លះទៅលើតម្រូវការរបស់ប្រជាពលរដ្ឋ និងកង្វះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដែលនាំឱ្យការលួចដឹកឈើខុសច្បាប់តាមព្រំដែនគោកកម្ពុជា-វៀតណាម និង តាមផ្លូវសមុទ្រកម្ពុជា-ចិនបន្តកើតមាន។
លោក ជា ពៅ៖ «អំពើរត់ពន្ធតាមព្រំដែនគោកកម្ពុជា-វៀតណាម និងព្រំដែនសមុទ្រកម្ពុជា-ចិន ទាំងអស់នេះនៅតែបន្ត ហើយកិច្ចការងារនេះខ្ញុំមើលឃើញថា ព្រោះនេះជាភាពឆកល្វែងនៃការគ្រប់គ្រង ហើយសមត្ថកិច្ចមិនងាយទប់ស្កាត់ ប៉ុន្តែប្រសិនបើយើងមានឆន្ទៈក្នុងការធ្វើយើងអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយតាមរយៈសហប្រតិបត្តិការ កម្ពុជា-វៀតណាម និងកម្ពុជា-ចិន»។
កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុន អង្គរផ្លាយវូត (ANGKOR PLYWOOD CO., LTD) នាំចេញក្ដារបន្ទះក្ដារកម្រាលការ៉ូ និងផលិតផល កែច្នៃផ្សេងៗទៀត ទៅលក់នៅក្រៅប្រទេស រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ នឹងបានបន្តអនុញ្ញាតឲ្យក្រុមហ៊ុននេះ នាំចេញបន្ថែមទៀត ពោលគឺចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។
បើយោងទៅតាមវិក្កយបត្រលក់ទិញឈើ របស់ក្រុមហ៊ុន អង្គរផ្លាយវូត (ANGKOR PLYWOOD CO., LTD) នៅក្នុងឆ្នាំ២០២៣កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះនាំចេញឈើប្រភេទកម្រជាច្រើន មានដូចជា ស្រឡៅ ផ្ចឹក សុក្រំ ឈ្លីក និងកកោះ ជាដើម។
កាលពីចុងឆ្នាំ២០២៣ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យធនធានធម្មជាតិ ស្នើឲ្យរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត លុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ឲ្យនាំចេញប្រភេទ ឈើក្ដារបន្ទះនិងក្ដារកម្រាលការ៉ូប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុន មួយនេះបានលួចនាំចេញប្រភេទឈើកម្រជាច្រើនប្រភេទ និងដឹកយកទៅលក់នៅក្រៅប្រទេស តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលចាត់វិធានការអ្វីនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា និងប្រធានក្រុមហ៊ុន អង្គរផ្លាយវូត លោក ជា ពៅ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២៤ ខែមករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែមករាថា ព្រៃឈើនៅតំបន់ព្រៃឡង់ ត្រូវបានក្រុមហ៊ុនឯកជននៅជាប់តំបន់នោះ បញ្ជូនកម្មករចូលកាប់យកឈើមានតម្លៃជារៀងរាល់ថ្ងៃ ហើយក្រុមហ៊ុនទាំងអស់នោះ បានប្រមូលឈើយកទៅផ្គត់ផ្គង់ឲ្យក្រុមហ៊ុន អង្គរផ្លាយវូត ជិតមួយអាណត្តិមកហើយ ចំណែកអាជ្ញាធរពាក់ព័ន្ធនៅមិនទាន់រកអ្នកទទួលខុសត្រូវ និងអ្នកជាប់ពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។ លោកបន្តថា ប្រសិនបើមិនមានការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើក្រុមហ៊ុនមួយនេះទេ ព្រៃឈើនៅតាមតំបន់ការពារនឹងបន្តបាត់បង់ថែមទៀតជាក់ជាមិនខាន។
លោក អូត ឡាទីន៖ «សំខាន់ជាងគេនោះគឺមានការអនុញ្ញាតដឹកជញ្ជូនឈើឆ្លងដែន ដើម្បីធ្វើអាជីវកម្មទៅកាន់បរទេសជាដើម ជាពិសេសទៅកាន់ប្រទេសវៀតណាមនិងប្រទេសមួយចំនួនទៀត ពីសំណាក់មេឈ្មួញឈើធំៗ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាណត្តិចាស់ រហូតដល់អាណត្តិថ្មី»។
ស្រដៀងគ្នានេះដែរ សកម្មជនការពារសិទ្ធិមនុស្សនិងបរិស្ថាន លោក ម៉ា ចិត្រា ឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅតំបន់ការពារជាជនរងគ្រោះ ចំណែកអ្នកដែលបំផ្លាញធនធានធម្មជាតិពិតប្រាកដ គឺជាក្រុមហ៊ុនធំៗ និងមន្ត្រីមួយចំនួនគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយឧក្រិដ្ឋជនទាំងនោះ ទើបធ្វើឲ្យបាត់បង់ព្រៃលឿនបែបនេះ។
លោក ម៉ា ចិត្រា៖ «ហើយបើរដ្ឋាភិបាលមានឆន្ទៈក្នុងការកែប្រែអំពើល្មើសច្បាប់អំពីការបំផ្លិចបំផ្លាញនេះមែន រដ្ឋាភិបាលត្រូវតែចាំបាច់ត្រូវតែកម្ចាត់ចោលឲ្យអស់នូវអំពើពុករលួយពាក់ព័ន្ធនឹងវិស័យព្រៃឈើហើយនឹងបើកឱកាសឲ្យទូលំទូលាយឲ្យសហគមន៍មូលដ្ឋានចុះល្បាតព្រៃចុះការពារព្រៃ ឲ្យយុវជនឲ្យព្រះសង្ឃចូលព្រៃដោយសេរី»។
របាយការណ៍របស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Intiative Against Transnational Organized Crime) បានចេញផ្សាយកាលពីឆ្នាំ២០២១ មានចំណងជើងថា «បទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជា៖ «ក្រុមមិនគោរពច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់» រកឃើញថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៥ រួមមានក្រុមហ៊ុន សំអឿន សុវណ្ណា (Sam Oeun Sovann Co. Ltd) ក្រុមហ៊ុន ធី.អិន.ធី (PNT Co., Ltd.) និងក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍( Thy Nga Development Co., Ltd) ជាដើម បានប្រមូលឈើពីតំបន់អភិរក្ស យកទៅលក់ឲ្យក្រុមហ៊ុន អង្គរផ្លាយវូត (ANGKOR PLYWOOD CO., LTD) ដើម្បីយកទៅផ្គត់ផ្គង់ឈើនៅទីផ្សារអន្តរជាតិ ដែលធ្វើការដឹកជញ្ជូនតាមរយៈកំពង់ផែអន្តរជាតិភ្នំពេញ ចេញតាមច្រកព្រំដែនអន្តរជាតិកម្ពុជា -វៀតណាម ក្អមសំណ ខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។