រោងចក្រចិនផលិតឱសថដែលធ្វើឱ្យលេចធ្លាយសារធាតុពុលចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពី ខែសីហា នៅតែបន្តសកម្មភាពដំណើរការផលិតកម្មរបស់ខ្លួននៅទីតាំងដដែល និងមិនទាន់ស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រ តាមការបង្គាប់បញ្ជានិងកាលបរិច្ឆេទដែលក្រសួងបរិស្ថានបានកំណត់នោះ
ឡើយ។ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលបារម្ភថា ក្រុមហ៊ុនអាចនឹងប្រើលេស ដើម្បីសុំពន្យារពេលប្ដូរទីតាំង ដែលករណីនេះនឹងបង្កផលប៉ះពាល់ដដែលៗ ទៅដល់ពលរដ្ឋ។
បើទោះបីឱសានវាទឱ្យស្ដារបរិស្ថាននៅជុំវិញរោងចក្រ និងផ្លាស់ប្ដូរទីតាំងរោងចក្រផលិតថ្នាំពេទ្យមួយកន្លែង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឈ្មោះ ហូណាន អឺរ កាង បៃអូស្តាច (HUNAN ER KANG BIOSTARCH) បានកន្លងហួសទៅជិតមួយសប្ដាហ៍ទៅហើយក្ដី ក៏ប៉ុន្តែរោងចក្ររបស់ចិនមួយនេះ បន្តដំណើរការផលិតកម្ម និងរើសកម្មករបន្ថែមជាធម្មតាដោយមិនបានអនុវត្តតាមការកំណត់ឡើយ។
ពលរដ្ឋនៅឃុំត្រែង ស្រុករតនមណ្ឌល សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីបញ្ហាសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី តាមរយៈប្រព័ន្ធទំនាក់ទំនង សិកណល(Signal) នៅថ្ងៃទី២៥ វិច្ឆិកា ថា រោងចក្រចិន ផលិតថ្នាំពេទ្យ ឈ្មោះ ហូណាន អឺរ កាង បៃអូស្តាចដែលមានទីតាំងនៅជិតទំនប់ពហុបំណង សេកសក នៅតែដំណើរការដដែល។ ពលរដ្ឋរូបនេះបញ្ជាក់ថា នៅក្នុងបរិវេណរោងចក្រ មានសកម្មភាពលុបអាងស្តុកកាកសំណល់ចាស់ និងកាយអាងស្តុកថ្មី ក្នុងនោះក្រុមហ៊ុន បានធ្វើរបងសំណាញ់ព័ទ្ធជុំវិញរោងចក្រ ក៏ប៉ុន្តែ សារធាតុទឹកពណ៌ខ្មៅ ដែលបង្ហូរចេញពីរោងចក្រនោះ នៅតែជ្រាបចេញចូលទៅតាមប្រឡាយ ដែលភ្ជាប់ទៅនឹងស្ទឹងដដែល។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានផាកពិន័យក្រុមហ៊ុន ហ្វីនិក អ៊ីនដាស់ស្ត្រៀល (Phonix Industrial) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រោងចក្រចិន ផលិតថ្នាំពេទ្យ ឈ្មោះ ហូណាន អឺរ កាង បៃអូស្តាច ចំនួនជិត ៥០ម៉ឺនដុល្លារ (៤៦៥.០០០ ដុល្លារ) និងចេញលិខិតបញ្ជាឱ្យក្រុមហ៊ុនផ្លាស់ប្ដូរទីតាំងរោងចក្រផលិតថ្នាំពេទ្យ ឈ្មោះ ហូណាន អឺរ កាង បៃអូស្តាច (ទៅកន្លែងឆ្ងាយពីប្រភពទឹកស្ទឹងសង្កែចម្ងាយ ១០គីឡូម៉ែត្រ បន្ទាប់ពីរោងចក្រនេះបានធ្វើឱ្យលេចធ្លាយកាកសំណល់ដែលមានសារធាតុពុលចូលទឹកស្ទឹងសង្កែ ជាច្រើនលើក។ ក្រសួងបានបញ្ជាក់ក្នុងលិខិតនោះថា ក្រុមហ៊ុនត្រូវស្ដារបរិស្ថាននៅជុំវិញរោងចក្រឡើងវិញឱ្យបានមុនថ្ងៃទី២០ ខែវិច្ឆិកា ជាកំហិត បើពុំនោះទេ នឹងមានការចាត់វិធានការទៅតាមនីតិវិធីច្បាប់។
តែមកទល់នឹងថ្ងៃទី២៥ ខែវិច្ឆិកា នេះ រោងចក្រនៅតែបន្តដំណើរការធម្មតា ហើយទឹកពណ៌ខ្មៅដែលមានសារធាតុពុលនោះ នៅតែជ្រាបចេញ និងហូរចូលក្នុងប្រឡាយ និងស្ទឹងដដែល តែមានបរិមាណតិចជាងកាលរដូវវស្សា។ ដោយឡែក នៅក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្លូវការ របស់រោងចក្រ ហូណាន អឺរ កាង បៃអូស្តាច បានប្រកាសជ្រើសរើសកម្មករផ្នែកសំណង់ បញ្ជាទិញ ជំនាញពិសោធន៍ និងបកប្រែភាសាចិន ជាធម្មតា។
អភិបាលស្រុករតនៈមណ្ឌល លោក គុយ វណ្ណូ ប្រាប់វិទ្យុអាស៊ីសេរី ថា កាលពីពាក់កណ្ដាលខែវិច្ឆិកា ក្រសួងបរិស្ថាន បានចុះទៅត្រួតពិនិត្យទីតាំងរោងចក្រ ហូណាន អឺរ កាង បៃអូស្តាច នេះ ម្ដងរួចមកហើយ ប៉ុន្តែចំពោះការសម្រេចរបស់ក្រសួង ទៅលើរោងចក្រ យ៉ាងណានោះ លោកមិនបានដឹងនោះទេ។
លោក គុយ វណ្ណូ៖ «រឿងហ្នឹងទាល់តែថ្នាក់លើ ខ្ញុំក្ដាប់អត់បានដែររឿងហ្នឹង ខ្ញុំថ្នាក់ក្រោមជាតិ។ ដំណើរការ ឬមិនដំណើរការ យើងមិនអាចក្ដាប់បាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន និងប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ វិច្ឆិកា ដោយទូរស័ព្ទហៅចូល តែត្រូវចុចបិទ។ ចំណែកតំណាងក្រុមហ៊ុន ហ្វីនិក អ៊ីនដាស់ស្ត្រៀល ក៏មិនអាចទាក់ទងបានដូចគ្នា។
កាលពីដើមខែសីហា ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងសង្កែ ខេត្តបាត់ដំបង បានភ្ញាក់ផ្អើលនឹងសារធាតុពណ៌ខ្មៅម្យ៉ាង ដែលគេថតបានកំពុងហូរចូលស្ទឹងនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល។ ទីតាំងដែលគេឃើញសារធាតុខ្មៅនោះហូរចេញមក គឺជារោងចក្រផលិតថ្នាំពេទ្យ ឈ្មោះ ហូណាន អឺរ កាង បៃអូស្ដាច ដែលមានម្ចាស់ជាជនជាតិចិន។ ក្រោយពេលវីដេអូនោះបានបង្ហោះលើបណ្ដាញសង្គមបានមួយថ្ងៃ ពលរដ្ឋនៅខេត្តបាត់ដំបង ក៏បាននាំគ្នាចែកចាយពីរូបភាពត្រីងាប់យ៉ាងច្រើននៅក្នុងស្ទឹងសង្កែ ខណៈអ្នកដែលបានប្រើប្រាស់ទឹកស្ទឹងសម្រាប់ ងូត និងដាំស្លអះអាងថា ពួកគេមានអាការៈរមាស់ស្បែក និងក្អករ៉ាំរ៉ៃ។
ទាក់ទិនរឿងនេះ មន្ត្រីអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ជំរុញឱ្យអាជ្ញាធរ ចុះត្រួតពិនិត្យ និងបង្ហាញពីការអនុវត្តវិធានការចំពោះក្រុម ឱ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ ព្រោះរោងចក្រនេះ ធ្លាប់ធ្វើឱ្យលេចធ្លាយសារធាតុជាច្រើនដងមកហើយ។ ទន្ទឹមគ្នានេះ លោក អ៊ិន គង់ជិត យល់ឃើញថា ករណីនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយ នៃការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ទៅលើក្រុមហ៊ុនរោងចក្រ ដែលបានប្រព្រឹត្តខុសច្បាប់។
លោក អ៊ិន គង់ជិត៖ «ពេលវេលាបានរំកិលផុតតាមការកំណត់ ហើយបើក្រុមហ៊ុននៅតែមិនព្រមអនុវត្តតាមទេ រដ្ឋបាលខេត្ត ឬក៏អាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងបរិស្ថានគួរមានវិធានការបន្តទៅទៀត ដោយផ្អាកសកម្មភាព នៃដំណើរការរបស់ក្រុមហ៊ុន ឱ្យបំពេញអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួនតាមគោលការណ៍ វិធីណែនាំរបស់ក្រសួងបរិស្ថាន»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាល និងមន្ត្រីជំនាញ មានចំណាត់ការតឹងរ៉ឹងទៅលើក្រុមហ៊ុនរោងចក្រចិននេះ ឱ្យពន្លឿនការស្ដារបរិស្ថាននៅក្នុង និងជុំវិញទីតាំងរោងចក្រឡើងវិញ ហើយផ្លាស់ប្ដូរទីតាំង ឆ្ងាយពីប្រភពទឹកឱ្យបានឆាប់រហ័ស ព្រោះប្រសិនបើនៅតែពន្យារពេលទៀត សារធាតុពុលទាំងនេះ នឹងលេចធ្លាយចូលទៅក្នុងស្ទឹងសង្កែ ដូចពីមុនជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។