ពលរដ្ឋនៅខេត្តឧត្តរមានជ័យអះអាងថា កាស៊ីណូរបស់ឧកញ៉ា លី យ៉ុងផាត់ និង លឹម ហេង បង្ហូរទឹកកខ្វក់ចូលអូរ
2024.09.25
ពលរដ្ឋជាច្រើនគ្រួសាររស់នៅ តាមបណ្ដោយអូរទី១ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អះអាងថា ក្រុមហ៊ុនបនល្បែងកាស៊ីណូចំនួនពីររបស់លោកឧកញ៉ា លី យ៉ុងផាត់ និងលោកឧកញ៉ា លឹម ហេង បានបង្ហូរទឹកកខ្វក់ចូលអូរដែលពួកគាត់ប្រើប្រាស់ជាប្រចាំ បង្កឱ្យប៉ះពាល់សុខភាព និងតំបន់ទេសចរណ៍មួយចំនួន។ ពួកគាត់ថា ករណីនេះបានកើតឡើងជាច្រើនឆ្នាំ ហើយតែអាជ្ញាធរពាក់ព័ន្ធហាក់ពុំអើពើដោះស្រាយនោះឡើយ។
នៅតាមជម្រាលភ្នំថ្ម ដែលស្ថិតនៅ ជួភ្នំដងរែក ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង គេឃើញមានអូរជាច្រើន មានសម្រស់ខៀវស្រងាត់ហ៊ុមព័ទ្ធ ដោយធម្មជាតិ ដែលអាចទាក់ទាញ ភ្ញៀវទេសចរជាតិ ជាច្រើនមកលេងកម្សាន្ត ដូចជា រមណីយដ្ឋានទឹកធ្លាក់ ដាចំប៉ី និង ទឹកធ្លាក់រួតចំប៉ីជាដើម ប៉ុន្តែបច្ចុប្បន្នតំបន់នេះ ប្រែជាស្ងាត់ជ្រងំ ពុំសូវមានអ្នកទៅលេងដូចមុន ព្រោះ មានក្លិនស្អុយ ហូរចេញពីកាស៊ីណូ តាមអូរក្បែរនោះ ចំណែកពលរដ្ឋក៏ប្រឈមបញ្ហាសុខភាពផងដែរ។
ជាពិសេសនៅតាមបណ្ដោយ អូរទី១ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ដែលពលរដ្ឋប្រើប្រាស់ទឹកសម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាដាំបាយ ធ្វើម្ហូបចិញ្ចឹមសត្វ និងសម្រាប់ ងូត ជាដើម ពេលនេះ ពួកគាត់ លែងបានប្រើប្រាស់ទឹកអូរទាំងនោះទៀតហើយ ព្រោះ មានក្លិនស្អុយ ហើយជាញឹកញាប់ ក្លិនស្លុយទាំងនោះ បង្កជាជំងឺឆ្លងដល់កុមារ និងមនុស្សវ័យចំណាស់ ដូចជា ជំងឺរមាស និងថប់ដង្ហើមជាដើម។
ពលរដ្ឋរស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ លោក យន់ ពន្លឺ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែកញ្ញាថា ទឹកស្អុយទាំងនេះ បានហូរចេញពីកាស៊ីណូ ចំនួនពីរនៅក្បែរនោះ ហើយកាស៊ីណូ នេះ ពលរដ្ឋស្គាល់តៗគ្នាថា ជាកម្មសិទ្ធិរបស់ឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា លឹម ហេង ដែលពុំមាន អាជ្ញាធរណាចុះត្រួតពិនិត្យ ឬហាមឃាត់សកម្មភាពទាំងនោះ អស់រយៈពេលជាង៥ឆ្នាំមកហើយ។
លោកបន្តថា កន្លងទៅប្រជាពលរដ្ឋតែងតែប្រើប្រាស់ទឹកអូរទី១ ដែលហូរតាមជម្រាលភ្នំថ្មនេះ សម្រាប់ប្រើប្រាស់ ក្នុងជីវភាព ប្រចាំថ្ងៃដូចជាដាំបាយ ចិញ្ចឹមសត្វ និងសម្រាប់ងូត ក៏ប៉ុន្តែ ចាប់តាំងពីមានវត្តមានកាស៊ីណូទាំងនេះ កាលពីដើមឆ្នាំ២០២០ មកបញ្ហាក្លិនស្អុយក៏កើនឡើង បង្កឱ្យកើត មានកមរមាស និងពិបាកដកដង្ហើម សម្រាប់សកុមារ និងមនុស្សវ័យចំណាស់។
លោក យន់ ពន្លឺ៖ «វាស្អុយ រឿងប៉ះពាល់ដឹងតែប៉ះពាល់ហើយ តែ(បើ)រឿងប៉ះពាល់អ្វីខ្លះខ្ញុំអត់ដឹងដែរ តែរឿងស្អុយដឹងតែហើយ ប្រជាពលរដ្ឋតូចតាចអីនឹងប៉ះពាល់ទាំងតែគ្នាហ្នឹង»។
ពលរដ្ឋឱ្យដឹងថា សព្វថ្ងៃមានពលរដ្ឋជាង៣០គ្រួសាររស់នៅតាមបណ្ដោយអូរទី១ ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ដែលត្រូវទ្រាំរស់នៅជាមួយនឹង ក្លិនស្អុយស្ទើររាល់ថ្ងៃ។ ក្រៅពី ប៉ះពាល់ ដល់ពលរដ្ឋ គេក៏សង្កេតឃើញមានតំបន់ទេសចរណ៍ មួយចំនួន ដែលធ្លាប់ពឹងអាស្រ័យ លើលំហូរទឹក និងសម្រស់ធម្មជាតិ ក្បែរៗនោះ ក៏ពុំសូវមានអ្នកមកលេងកម្សាន្ត ដូចមុន ព្រោះ មានក្លិនស្អុយ ហើយទឹកប្រែជាពណ៌ខ្មែរកខ្វក់។
ចំណែក ពលរដ្ឋម្នាក់ទៀត រស់នៅតាមបណ្ដោយអូរទី១ ដែរនោះ លោក ខៀវ យឿន លើកឡើងថា ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាបង្ហូរទឹកស្អុយ ដែលហូរចេញពីកាស៊ីណូនេះ ឱ្យបានឆាប់ ហើយស្ដារប្រព័ន្ធ អូរឡើងវិញ ដើម្បីជាប្រភពទឹកទុកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សម្រាប់ ស្រោចស្រពដំណាំ និង ចិញ្ចឹមជ្រូក មាន់ ទា ជាដើម។ លោកបន្តថា ចាប់តាំងពីមានក្លិនស្អុយ ហើយ ទឹកប្រែខ្មៅកខ្វក់មកអូរទាំងនោះពួកគាត់លែងអាចប្រើប្រាស់ធ្វើឱ្យអូរនេះរាក់។
លោក ខៀវ យឿន ថា កាលពីកាស៊ីណូ បង្ហូរទឹកស្អុយចូលអូរដំបូងៗ ប្រជាពលរដ្ឋ បាននាំគ្នា ស្នើទៅអាជ្ញាធរ ឱ្យដោះស្រាយ បញ្ឈប់ការបង្ហូរ ព្រោះរំខានដល់ការរស់នៅរបស់ពលរដ្ឋ ហើយ កាលនោះ អាជ្ញាធរថា នឹងហៅ តំណាង ក្រុមហ៊ុនដោះស្រាយ ប៉ុន្តែ មកដល់ពេលនេះ ជាង៥ឆ្នាំមកហើយ ករណីបង្ហូរទឹកស្អុយ បានរីករាលដាលកាន់តែធំ បង្កជាក្ដីបារម្ភទាំងបរិស្ថាន និងពលរដ្ឋនៅក្បែរៗនោះ។
លោក ខៀវ យឿន៖ «កាលពីទឹក(ស្អុយ)នឹងបង្ហូរចូល ពួកគាត់(ប្រជាពលរដ្ឋ)ប្រើប្រាស់ទឹកនឹងឯង ហើយមានរមណីយដ្ឋានគេសម្រាប់ទៅលេង ដល់ពេលឥឡូវ ទឹកនឹងមានអីប្រើបាន មាននរណាហ៊ានប្រើ។ វាក្លិនស្អុយ គ្រាន់តែបើកឡានជិតស្អុយ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែកញ្ញា ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯ អភិបាលក្រុងសំរោង លោក ផុន ចាន់និល ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា បញ្ហាបង្ហូរទឹកស្អុយ ចេញពីក្រុមហ៊ុនបនល្បែងកាស៊ីណូនេះ អាជ្ញាធរកំពុងតែដោះស្រាយ ហើយនឹងពុំមានបញ្ហាទៀតទេ។
លោក ផុន ចាន់និល៖ «អាជ្ញាធរកំពុងតែត្រួតពិនិត្យតាមដាន ធ្វើឱ្យវាប្រសើរឡើងហើយ»។
បន្ថែមពីនោះ ចៅសង្កាត់ អូរស្មាច់ លោក អ៊ុក ប៉ុនហេង លើកឡើងថា ចាប់តាំងពីមានការស្នើជាថ្មីរបស់ពលរដ្ឋ កាលពីដើមខែកញ្ញាកន្លងទៅ អាជ្ញាធរក្រុងបានចុះពិនិត្យ និងសន្យាថា នឹងកោះហៅតំណាងក្រុមហ៊ុន ដើម្បីដោះស្រាយ។ ប៉ុន្តែ លោកនៅមិនទាន់ដឹងទេថា តើនឹងដោះស្រាយបែបណាខ្លះ ហើយនៅពេលណា ជាក់លាក់នៅឡើយ។ លោកបន្ថែមថា ករណីបង្ហូរទឹកស្អុយ ចេញពីកាស៊ីណូនេះ គឺជារឿងពិត ហើយកើតមានច្រើនឆ្នាំមកហើយ ប៉ុន្តែ លោកពុំ មានសមត្ថភាពអ្វីដើម្បីដោះស្រាយនោះទេ សូម្បីតែទៅឈប់ក្បែរកាស៊ីណូ មិនទាំងហ៊ានផង។
លោក អ៊ុក ប៉ុនហេង៖ «លើកមុនគាត់ស្រោចស្រពកសិផលរបស់ពួកគាត់បាន ដល់ពេលយូរទៅវាស្រោចស្រពអត់បាន វាស្អុយពេក អ្នកនៅជិតៗហ្នឹងវាស្អុយ។ រដ្ឋាភិបាលក៏ដូចជា ថ្នាក់សង្កាត់ ក៏ខិតខំដោះស្រាយជូនហើយបញ្ហានោះ»។
លោក អ៊ុក ប៉ុនហេង លើកឡើងថា ទឹកកខ្វក់ដែលហូរចេញពីកាស៊ីណូនេះ ពុំមែនប៉ះពាល់តែ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរស្មាច់នោះទេ គឺអាច ប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងសង្កាត់ កូនគ្រៀល ក្រុងសំរោងព្រោះថា ប្រព័ន្ធទឹកអូរទី១ ហូរជាប់ជាមួយនឹងអូរទី២ ទៅទី៣ ចុះទៅខាងក្រោម។
កាស៊ីណូដែលបង្ហូរទឹកកខ្វក់ចូល ទឹកអូរដែលពលរដ្ឋប្រើប្រាស់នោះ មានឈ្មោះថា សាង៉ាំ រីសត និង កាស៊ីណូ (Sangam Resort and Casino) ជាកម្មសិទ្ធិរបស់ឧកញ៉ា លឹម ហេង ហើយកាស៊ីណូនេះ ទើបតែទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូ ពីក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២។ ចំណែក កាស៊ីណូ ឈ្មោះ រ៉ូយ៉ាល ញូនៀន (Royal Union Casino) ជាកម្មសិទ្ធិរបស់ ឧកញ្ញ៉ា លី យ៉ុងផាត់ ក៏ទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូពីក្រសួងពាណិជ្ជកម្ម ជាបណ្ដោះអាសន្ន កាលពីឆ្នាំ២០២២ផងដែរ។ កាស៊ីណូទាំងនេះ ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់វិទ្យុអាស៊ីសេរីថា ករណីបង្ហូរទឹកកខ្វក់ចូលអូរស្ទឹងនេះ គឺជាក្ដីបារម្ភចចម្បងរបស់ពលរដ្ឋ ព្រោះថានេះ ជាប្រភពទឹក ដែលគាត់អាចប្រើប្រាស់ជាប្រចាំ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធគួរតែទទួលខុសត្រូវខ្ពស់ មិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុន អ្នកមានលុយមានអំណាច ធ្វើអ្វីតាមតែអំពើចិត្តបែបនេះទេ ព្រោះនេះនឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពពលរដ្ឋ សត្វចិញ្ចឹម និងបរិស្ថានជាដើម។
លោក អូត ឡាទីន៖ «ប្រសិនបើក្រុមហ៊ុនមួយ ទទួលបានសិទ្ធិអភិវឌ្ឍន៍ ឬក៏បង្កើតរោងចក្រ ដូចករណីកាស៊ីណូ ហើយអត់មានការទទួលខុសត្រូវនោះទេ ប្រាកដណាស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនឹងរងផលប៉ះពាល់មុនគេ។ ផលប៉ះពាល់ដែលប្រជាពលរដ្ឋរងផលប៉ះពាល់នោះវាអាចប៉ះពាល់ទៅដល់អាយុជីវិតរបស់ពួកគាត់។ កន្លែងនេះ មែនទែនទៅ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុនក្នុងការទទួលខុសត្រូវ»។
ប្រជាពលរដ្ឋជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែពិនិត្យវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ ចំពោះអគារ និងតំបន់កាស៊ីណូធំៗ មួយចំនួននៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបង្ហូរទឹកកខ្វក់មិនបានត្រឹមត្រូវ ដើម្បីជៀសវាងបង្កបញ្ហា ដល់ការរស់នៅរបស់ពលរដ្ឋនៅក្បែរនោះ។ បន្ថែមពីនោះ ពួកគាត់ក៏ចង់ឃើញ អាជ្ញាធរពាក់ព័ន្ធ ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះក្រុមហ៊ុនណា មិនគោរពច្បាប់ និងត្រូវហ៊ានពិន័យជាទឹកប្រាក់ ឱ្យស្ដារឡើង វិញនូវបរិស្ថាន និងផលប៉ះពាល់ ដល់ពលរដ្ឋ តាមទំហំជាក់ស្ដែង បើពុំដូច្នោះទេ បញ្ហាបំពុលបរិស្ថាន និងសង្គម នៅតែបន្តកើតមានជាហូរហែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។