សង្គមស៊ីវិល និងសកម្មជនបរិស្ថានថា ជារឿងល្អដែលកម្ពុជាបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនី ដោយដុតធ្យូងថ្ម ហើយងាកមកអនុវត្តគម្រោងផលិតអគ្គិសនីដុតឧស្ម័នធម្មជាតិ (Liquefied Natural Gas- LNG)។ ពួកគេថា គម្រោងថ្មីនេះរួមចំណែកទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ។
មន្ត្រីសង្គមស៊ីវិល និងអ្នកការពារបរិស្ថានសង្កេតឃើញថា ការបញ្ឈប់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម របស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ ដោយសារតែកន្លងទៅការអនុវត្តគម្រោងមួយនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងសង្គម ច្រើនជាង ផលចំណេញ។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាននេះបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបិទការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងកម្មពិធីបិទការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ លើខេត្តកោះកុងថា ការបញ្ឈប់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដើម្បីងាកមកអនុវត្តគម្រោងផលិតអគ្គិសនីដុតឧស្ម័នតាមបែបធម្មជាតិ (LNG) ដែលអាចទប់ស្កាត់ការបំភាយឧស្ម័នកាបូន។
លោក ហ៊ុន ម៉ាណែត៖ «និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់នៅកម្ពុជា»។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់លោក គិត ម៉េង ទទួលបានសិទ្ធិអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មដែលអាចផលិតថាមពលបាន៧០០មេហ្កាវ៉ាត់ នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។ ទំហំវិនិយោគសរុបនៅក្នុងគម្រោងនេះគឺជាង១ ពាន់៣ រយលានដុល្លារអាមេរិក (១.៣៤៤) ក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុនមាន៣០ភាគរយនិងកម្ចីពីធនាគារមាន ៧០ភាគរយ។
ចំណែក ធ្យូងថ្មដែលត្រូវប្រើក្នុងរោងចក្រនៅខេត្តកោះកុងនេះ ត្រូវនាំចូលពីបរទេស ហើយអគ្គិសនីកម្ពុជាធានាទិញថាមពល ចំនួន៨០ភាគរយ ដែលរោងចក្រនេះផលិតបាន ក្នុងមួយឆ្នាំៗ។ រោងចក្រនេះបានត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ និង២០២៤ ហើយដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ មានរយៈពេល៣៥ឆ្នាំ។
ទាក់ទងនឹងការបិទបញ្ចប់ការផលិតអគ្គិសនីដោយដុតធ្យូងថ្មនៅខេត្តកោះកុងនេះ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ខែវិច្ឆិកាថា ការឈប់ផលិតអគ្គិសនីដុតធ្យូងថ្មនេះ គឺជារឿងល្អ ព្រោះថាបើសិនជារដ្ឋាភិបាលបន្តឱ្យមានការផលិតអគ្គិសនីដុតធ្យូងថ្ម វាបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងបរិស្ថាន តាមរយៈការបំពុលឧស្ម័នពុលចេញពីទឹក។
លោក សាន់ ម៉ាឡា៖ «សូមអំពាវនាវឱ្យរដ្ឋាភិបាលមេត្តាប្រកាន់យកនូវទស្សនៈឬក៏ជំហរបែបនេះតទៅ ជាពិសេសប្រសិនបើមានគំនិតផ្ដួចផ្ដើមចង់បង្កើន ឬក៏បង្កើតប្រភពអគ្គិសនីសម្រាប់អភិវឌ្ឍន៍ប្រទេសរដ្ឋាភិបាលគួរតែសិក្សាជាមួយអ្នកជំនាញ ធ្វើម៉េចយើងអាចផលិតប្រភពថាមពលស្អាតដែលមិនបង្កផលជះមកលើបរិស្ថាន ក៏ដូចជាប្រជាជន»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបញ្ឈប់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មនៅខេត្តកោះកុងនេះ ជារឿងប្រសើរ ក៏ប៉ុន្តែរដ្ឋាភិបាលក៏គួរតែបញ្ឈប់គម្រោងបែបនេះនៅទូទាំងប្រទេស។
ក្រៅពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មនៅខេត្តកោះកុង នៅឯខេត្តឧត្តរមានជ័យ រដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ហាន សេង ឃូល ម៉ាញ (HAN SENG COAL MINES Co., LTD) អភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកត្រពាំងប្រាសាទ ក្នុងទំហំ ២៦៥មេហ្កាវ៉ាត់។ ក្រុមហ៊ុននេះ មានទំហំវិនិយោគសរុប ជិត៣រយ(២៩៤) លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុនមាន ៣០ភាគរយ និង ៧០ភាគរយ ទៀត ជាកម្ចីពីធនាគារ។
រោងចក្រនេះ បានដាក់ឱ្យដំណើរការនៅឆ្នាំ២០២១ និង២០២២ ដោយដំណើរការអាជីវកម្មមានរយៈពេល ២៥ឆ្នាំ។ អ្នកឃ្លាំមើលថា រដ្ឋាភិបាលក៏គួរតែបិទរោងចក្រនេះផងដែរ ដើម្បីទប់ស្កាត់ផលប៉ះពាល់សង្គម និងបរិស្ថាន។
ការផលិតអគ្គិសនីដោយដុតធ្យូងថ្ម គេធ្វើឡើងតាមរយៈការជីកយកឧស្ម័នពីបាតដី ខាងក្រោមទឹក ដើម្បីបំភាយឧស្ម័នកាបូន ឱ្យប្រែក្លាយជាថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់។
ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញកាលពីឆ្នាំ២០២០ថា ប្រទេសជឿនលឿនមួយចំនួននៅតំបន់អឺរ៉ុបកំពុងតែធ្វើយុទ្ធនាការ កាត់បន្ថយការសាយភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសដោយផ្លាស់ប្ដូរទៅ ប្រើប្រាស់ថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិ ជំនួសឱ្យការប្រើប្រាស់ថាមពលបានមកពីការដុតធ្យូងថ្ម។ តាមរយៈយុទ្ធនាការនេះ ឧស្ម័នកាបូនិចដែលសាយភាយទៅក្នុងបរិយាកាសក្នុងតំបន់នេះបានធ្លាក់ចុះដល់ទៅ ១២ភាគរយ។
ចំណែកការសាយភាយឧស្ម័នកាបូនិចចេញពីការប្រើធ្យូងថ្មនៅលើពិភពលោកវិញ បានថយចុះប្រមាណ ២០០លានតោន ឬ ១,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ឧស្ម័នកាបូនិចដែលសាយភាយទៅក្នុងបរិយាកាស គឺជាមូលហេតុចម្បងនាំឱ្យភពផែនដីឡើងកម្ដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។