សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិល បារម្ភផលប៉ះពាល់ពលរដ្ឋ និងបរិស្ថាន ក្រោយពីរដ្ឋាភិបាល បានកាត់ឆ្វៀលដីឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ខេត្តពោធិ៍សាត់ ឲ្យទៅក្រុមហ៊ុនឯកជន ក្នុងទំហំជាង ៤រយហិកតារ ក្រោមហេតុផលអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ។ ពួកគាត់សង្កេតឃើញថា ការកាត់ឆ្វៀលដីឧទ្យានជាតិនេះ មិនត្រូវបានជជែកសួរដេញដោលជាសាធារណៈពីផលប៉ះពាល់ ជាមួយអ្នកពាក់ព័ន្ធ រួមមានប្រជាសហគមន៍ សង្គមស៊ីវិល និងសកម្មជនបរិស្ថាននោះទេ។
សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា នៅរយៈពេលចុងក្រោយមុនពេលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានផ្ទេរតំណែងឲ្យទៅលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ លោក ហ៊ុន សែន ហាក់ប្រញាប់ប្រញាល់កាត់ឆ្វៀលផ្ទៃដី នៅតំបន់ការពារ ឬតំបន់ឧទ្យានជាតិជាច្រើនកន្លែងជាបន្តបន្ទាប់ ដោយមិនបានសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ។ មួយវិញទៀត អនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់ការពារ ឬតំបន់ឧទ្យានជាតិទាំងនោះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយពីរដ្ឋាភិបាលបានចុះហត្ថលេខាភ្លាមៗនោះទេ ដែលបង្ហាញថា រដ្ឋាភិបាលគ្មានចេតនា បង្ហាញជាសាធារណៈពីការបែងចែកសម្បត្តិសាធារណៈរបស់រដ្ឋ។
មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ វិច្ឆិកា ថា លោកសង្កេតឃើញរដ្ឋាភិបាល បានផ្ដល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនឯកជនក្រោមហេតុផលអភិវឌ្ឍន៍ធម្មជាតិ ដោយធ្វើអនុប្រយោគកាត់ឆ្វៀលផ្ទៃដីតំបន់ការពារ ឬតំបន់ឧទ្យានជាតិ។ លោកបារម្ភថា ការបន្តកាត់ឆ្វៀលផ្ទៃដីក្នុងតំបន់ការពារ ឬតំបន់ឧទ្យានជាតិនេះ នឹងប៉ះពាល់ដល់ការរស់នៅរបស់ជីវចម្រុះនៅក្នុងព្រៃ និងពលរដ្ឋនៅក្នុងតំបន់ ដែលអាស្រ័យផលអនុផលព្រៃឈើ។
លោក វណ្ណ សូផាត៖ «យើងតែងតែលើកពីការព្រួយបារម្ភថា នឹងអស់ធនធានធម្មជាតិ ហើយដីរដ្ឋទាំងអស់នឹងក្លាយជាដីឯកជន ដីរបស់ក្រុមហ៊ុនប៉ះពាល់ដល់បរិស្ថាន មានការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដល់សុវត្ថិភាពសង្គមរបស់យើងទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេស គឺជនជាតិដើមភាគតិច»។
រដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីខែកក្កដា កន្លង ទៅបានចុះហត្ថលេខាលើអនុក្រឹត្យ ស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ឲ្យទៅជាដីឯកជនរបស់រដ្ឋ ទំហំជាង៤រយហិកតារ(៤១៤)នៅតំបន់ជួរភ្នំក្រវាញខាងត្បូង ឃុំអូរសោម ខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ឲ្យក្រុមហ៊ុន សាម៉ានេអា (SAMANEA CO..LTD) ធ្វើការអភិវឌ្ឍធម្មជាតិ និងរុក្ខ-ទេសចរណ៍។
ការកាត់ឆ្វៀលដីតំបន់ការពារ និងតំបន់ឧទ្យានជាតិ ឲ្យទៅក្រុមហ៊ុនឯកជនក្រោមលេសអភិវឌ្ឍន៍ តែងជាមធ្យោបាយសម្រាប់បើកដៃឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ និងធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រៃកប់សព សត្វព្រៃ និងពលរដ្ឋរស់នៅអាស្រ័យលើអនុផលព្រៃឈើ ដូចករណីក្រុមហ៊ុន សម្បទានសេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០១៩ បានអនុវត្តខុសពីគោលការណ៍វិនិយោគ ដោយឈូសឆាយដីបំពានតំបន់ព្រៃសក្ការ ដីព្រៃជម្រកសត្វកម្រ និងធនធានធម្មជាតិ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេនៅថ្ងៃទី ២៦ វិច្ឆិកា ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោកបារម្ភដល់បរិស្ថាន និងធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិ បន្ទាប់ពីរដ្ឋាភិបាលបានកាត់ដីមួយចំនួនទៅឲ្យក្រុមហ៊ុនឯកជន ដោយសារតែក្រុមហ៊ុនឯកជន តែងតែវិនិយោគដើម្បីស្វែងរកផលចំណេញ។ លោកបន្ថែមថា អនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់ការពារ ឬតំបន់ឧទ្យានជាតិទាំងនោះ ខ្វះការផ្សព្វផ្សាយជាសាធារណៈ និងការជជែកដេញដោលរវាងភាគីពាក់ព័ន្ធរវាងរដ្ឋ ឯកជន សហគមន៍ មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានជាដើម។
លោក ថុន រដ្ឋា៖ «យើងមានការព្រួយបារម្ភ ហើយយើងសំណូមពរហើយ សំណូមពរទៀតថា យើងសង្ឃឹមថា នៅក្នុងជំនាន់រជ្ជកាលថ្មី នៃនាយករដ្ឋមន្ត្រីថ្មីហ្នឹងគឺ នឹងមានការពិចារណាហើយ ពិចារណាមែនទែនចំពោះបញ្ហា ដែលកើតមានកន្លងមកនេះ បើសិនជានៅតែបន្តធ្វើដូចនាយករដ្ឋមន្ត្រីពីមុនទេ ខ្ញុំថាសំឡេងឬក៏សន្លឹកឆ្នោតហ្នឹង នឹងពិបាកក្នុងការទទួលបានពីប្រជាជន ព្រោះថាប្រជាជនបច្ចុប្បន្នអ្នកណាៗក៏ខ្វល់ខ្វាយពីបរិស្ថាន»។
អនុក្រឹត្យស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីឆ្នាំ២០១៦ បង្ហាញថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង មានផ្ទៃដីជាង ៤សែនហិកតារ (៤១០.៣៩២) មានភូមិសាស្ត្រជាប់នឹងខេត្តចំនួន៤ រួមមានខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ឧទ្យានជាតិនេះ មានសក្ដានុពលផ្នែកកសិកម្ម និងឧស្សាហកម្មគ្មានផ្សែង គឺវិស័យទេសចរណ៍។ តំបន់នោះ សម្បូរដោយជួរភ្នំដាច់កន្ទុយភ្នែក សមុទ្រឈើពណ៌ខៀវស្រងាត់ និងសត្វព្រៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។