ក្រុមយុវជន និងជនជាតិដើមជង ខេត្តកោះកុង ដាក់ញត្តិឱ្យអាជ្ញាធរខេត្តកោះកុង បង្ហាញព្រំប្រទល់កាត់ឆ្វៀលតំបន់អភិរក្សអារ៉ែង
2022.12.01

ក្រុមយុវជនខ្មែរថាវរៈ និងជនជាតិដើមភាគតិចជងទាមទារឱ្យអាជ្ញាធរខេត្តកោះកុង បង្ហាញព្រំប្រទល់ និងទំហំផ្ទៃដីតំបន់អភិរក្សអារ៉ែង ដែលត្រូវកាត់ឆ្វៀល ប្រគល់ជូនរដ្ឋបាលខេត្តកោះកុងគ្រប់គ្រងជំនួសវិញ។ ពួកគាត់សង្ស័យថា អាជ្ញាធរខេត្តនេះ ព្យាយាមលាក់បាំងព័ត៌មានជុំវិញរឿងនេះ នាំឱ្យសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំកាន់តែរីករាលដាល់ ប៉ះពាល់តំបន់អភិរក្សអារ៉ែង។
ក្រុមយុវជនខ្មែរថាវរៈ និងជនជាតិដើមភាគតិចជង អះអាងថា ពួកគាត់នៅមិនទាន់ទទួលបានព័ត៌មានពិស្តារ ទាក់ទិនទំហំផ្ទៃដីដែលកាត់ឆ្វៀល តំបន់អភិរក្សអារ៉ែង ប្រគល់ជូនរដ្ឋបាលខេត្តកោះកុងគ្រប់គ្រង ស្របតាមអនុក្រឹត្យលេខ ៣០ របស់រដ្ឋាភិបាលនៅឡើយទេ។ រីឯអាជ្ញាធរ
ក៏មិនទាន់បោះបង្គោលកំណត់តំបន់អភិរក្សឱ្យច្បាស់លាស់នោះឡើយ ហើយខ្លឹមសារអនុក្រឹត្យលេខ ៣០ ក៏មិនទាន់ឃើញ អាជ្ញាធរបង្ហាញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយទេ ។
កាលពីចុងសប្តាហ៍មុន (ថ្ងៃទី ២៦ វិច្ឆិកា) ក្រុមយុវជនខ្មែរថាវរៈ តំណាងក្រុមយុវជនករុណា ព្រៃអារ៉ែង និង ជនជាតិដើមភាគតិចជង ១៤នាក់ បានផ្តិតមេដៃ ដាក់ញត្តិទៅមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីស្នើឱ្យបង្ហាញផែនទីព្រំប្រទល់តំបន់អារ៉ែង ដែលកាត់ឆ្វៀល ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តកោះកុងការពារ។ ការដាក់ញត្តិនេះ ក្រោយពីពួកគាត់រកឃើញសកម្មភាពកាប់ទន្ទ្រានព្រៃទ្រង់ទ្រាយធំ តាមបណ្តោយដងស្ទឹងអារ៉ែង ឋិតក្នុងភូមិទ្រាក ឃុំជំនាប់ ស្រុកថ្មបាំង។
តំណាងក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៣០ វិច្ឆិកាថា ការពន្យារពេលមិនបោះបង្គោលកំណត់តំបន់អភិរក្សឱ្យច្បាស់លាស់ ជាឱកាសឱ្យមន្ត្រីខិលខូច និង ក្រុមឈ្មួញ ឃុបឃិតគ្នាលក់ដីតំបន់អភិរក្សទ្រង់ទ្រាយធំអស់រាប់រយហិកតារ ដែលឋិតក្នុងឃុំច្រកឫស្សី និង ឃុំជំនាប់ កាលពីដើមឆ្នាំ២០២២កន្លងទៅ។ លោកបញ្ជាក់ថា ក្រុមឈ្មួញបានលើកហេតុផលថា ព្រៃដែលពួកគេកាប់ទន្ទ្រាន ធ្វើអាជីវកម្មពុំមែនជាតំបន់អភិរក្សនោះឡើយ ៖ដល់ពេលនេះ គឺទំហំប៉ុន្មាន? កាត់ឆ្វៀលកន្លែងណា អនុក្រឹត្យចេះថ្ងៃណា? អត់ដឹងទាំងអស់។ វាជាទង្វើលាក់បាំងពលរដ្ឋមែនទែន មានជនឆ្លៀតឱកាសគាត់កាប់ទន្ទ្រានព្រៃ ដោយលើកហេតុផលថា ព្រៃគាត់កាប់ហ្នឹងពុំមែនជាតំបន់អភិរក្សផង ព្រោះអត់មានបង្គោល។
លោក ហ៊ុន វណ្ណៈ បន្ថែមថា ការមិនកំណត់ព្រំប្រទល់តំបន់អភិរក្ស នឹងបង្កើតឱ្យមានបញ្ហាច្រើន ប៉ះពាល់សិទ្ធិជនជាតិដើមភាគតិចជងរួមមាន ដីស្រែចម្ការដែលពួកគាត់អាស្រ័យផលប្រចាំថ្ងៃ ត្រូវឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានហាមឃាត់។ រីឯព្រៃឈើតាមបណ្តោយស្ទឹងអារ៉ែង ត្រូវគេកាប់បំផ្លាញជាបន្តបន្ទាប់ ហើយការទិញលក់ដីព្រៃអភិរក្សនៅតែកើតមានច្រើន។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បាននៅឡើយទេ នៅថ្ងៃ ៣០ វិច្ឆិកា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ប៉ុន្តែមន្ត្រីរដ្ឋបាលនៃមន្ទីរបរិស្ថានខេត្តកោះកុង លោក គង់ ចន្ថយ ប្រាប់ក្រុមយុវជនខ្មែរថាវរៈថា ញត្តិនេះពួកលោកបាន ដាក់ជូនប្រធានមន្ទីររួចហើយ ដើម្បីពិនិត្យសម្រេច។ លោកបញ្ជាក់ថា ប្រសិនបើប្រធានមន្ទីរសម្រេចបែបណានោះ លោកនឹងឆ្លើយតបត្រឡប់មកវិញ៖លោកប្រធានមិនទាន់មានយោបល់អីទេ។ បើសិនគាត់មានយោបល់អ្វី ខ្ញុំឱ្យខាងរដ្ឋបាលធ្វើលិខិតឆ្លើយតបវិញ។
កាលពីដើមខែតុលាកន្លងទៅ ក្រុមយុវជនខ្មែរថាវរៈរកឃើញ សកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សអារ៉ែងអស់ ៥ ហិកតារ ប៉ះពាល់ជម្រកសត្វព្រៃ និងព្រៃឈើ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ។
ជនជាតិដើមភាគតិចជង សង្កេតឃើញថា សកម្មភាពកាប់បំផ្លាញព្រៃអារ៉ែង កើតមានច្រើន នៅក្នុងឆ្នាំ ២០២១ និង ២០២២ ដោយក្រុមអ្នកមានអំណាច ដើរចង្អុលដីព្រៃអភិរក្សថា ជាដីរបស់ខ្លួន ហើយបានកាប់បំផ្លាញដើមឈើធំៗ ដួលរាយប៉ាយ រួចដុតកម្ទេចចោល ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលបណ្តាលឱ្យព្រៃឈើកាន់តែរេចរឹលធំឡើង ដោយគ្មានការទប់ស្កាត់។
ចំណែកជនជាតិដើមភាគតិចជង រស់នៅតំបន់អារ៉ែង លោក វ៉ែន វ៉ន សង្កេតឃើញថា តំបន់អភិរក្សគ្មានព្រំប្រទល់ច្បាស់លាស់ ធ្វើឱ្យពលរដ្ឋខ្លះ និងឈ្មួញខិលខូចឆក់ឱកាស កាប់ទន្ទ្រានព្រៃ ធ្វើជាកម្មសិទ្ធិកាន់តែរីករាលធំឡើង ហើយសកម្មភាពកាប់ដើមឈើធំៗឱ្យដួល ដើម្បីចាប់សត្វព្រៃលក់ នៅតែកើតមានច្រើន៖ដូចបុគ្គលមួយចំនួនលក់ដីព្រៃ ដោយមានមន្ត្រីអាជ្ញាធរ មួយចំនួនមានសិទ្ធិ អំណាចគេចង្អុល កន្លែងហ្នឹងដីរបស់គេ លក់បាន។ អាហ្នឹងដីព្រៃ ម្ចាស់គេទិញគេឈូសឆាយ ហ្នឹងហើយធ្វើឱ្យរេចរឹលធនធានធម្មជាតិធំទៅៗ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកោះកុង លោក ថោង ច័ន្ទតារា យល់ថា អាជ្ញាធរខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយត្រូវ ពន្លឿនបោះបង្គោលកំណត់ព្រំដីនៅតំបន់អារ៉ែងឱ្យច្បាស់លាស់ ដើម្បីកាត់បន្ថយការរុករានទន្ទ្រានព្រៃខុសច្បាប់៖ ដំណើរការវាស់វែងបោះបង្គោលយឺតយ៉ាវ ព្រោះអនុក្រឹត្យចូលជាង ១ឆ្នាំហើយ។
ក្រុមយុវជនខ្មែរថាវរៈ និងជនជាតិដើមជង ព្រមានថា ប្រសិនបើអាជ្ញាធរខេត្តកោះកុងមិនដោះស្រាយ ញត្តិនេះទេ ពួកគាត់នឹងដាក់ញត្តិបន្តទៀត នៅស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ នៅពេលឆាប់ៗនេះ។ជ្រលងអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុងដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើដ៏ស្រស់ត្រកាល បន្សល់ចុងក្រោយនៅកម្ពុជា។ តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជងជាង ១ ពាន់ ៥រយនាក់ (១.៥០០) កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិស្រស់បំព្រង តាមបណ្តោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅ រួមមាន សត្វក្រពើភ្នំ ត្រីនាគ និងដំរីធំៗជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។