លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី៥ ខែមេសា ក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅឯទីក្រុងវៀងចន្ទន៍ (Vientiane) ប្រទេសឡាវ (Lao)។ កិច្ចប្រជុំលើកនេះ គណៈកម្មការទន្លេមេគង្គព្រមានដល់ប្រទេសសមាជិកទន្លេមេគង្គ ចាត់វិធានការជាបន្ទាន់ចំពោះប្រឈមគួរឱ្យព្រួយបារម្ភអំពីការកើនឡើងនៃការបំពុលដោយប្លាស្ទិក ការជ្រៀតចូលនៃជាតិប្រៃ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបិទបើកទ្វារទឹកទំនប់វារីអគ្គិសនីរបស់ចិននៅមុនកាលកំណត់ក៏ជាផ្នែកមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខទឹកតាមដងទន្លេមេគង្គ។
ក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ លោក ហ៊ុន សែន លើកឡើងថា ក្នុងអាងទន្លេមេគង្គមានគ្រាប់មិនទាន់ផ្ទុះច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសនូវការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ។
កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកនេះ គឺផ្ដោតសំខាន់ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងគោលបំណងអភិវឌ្ឍក្នុងអាងទន្លេមេគង្គ និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមអាងទន្លេមេគង្គឱ្យមានប្រសិទ្ធភាព។
ក្នុងសន្ទរកថាប្រចាំឆ្នាំរបស់នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គលើកឡើងនូវបញ្ហាប្រឈមរបស់ទន្លេមេគង្គដែលគួរឱ្យព្រួយបារម្ភលើទិដ្ឋភាពរួមមានរបបរំហូរទឹក កំណកកករ ការជ្រៀតជ្រែកទឹកប្រៃ ការបំពុលដោយប្លាស្ទិក ទឹកជំនាន់ និងគ្រោះរាំងស្ងួតជាដើម។ ប្រភពដដែលបញ្ជាក់ថា កាលពីឆ្នាំមុន នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បណ្ឌិត អានុល័ក គិធិឃួន (Anoulak Kittikhoun) ព្រមានពីគ្រោះហានិភ័យដែលរំហូរទឹកទន្លេមេគង្គស្ថិតក្នុងកម្រិតទាបក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នាដែលជាបញ្ហាប្រឈមដែលមិនធ្លាប់កើតមានសម្រាប់ដងទន្លេ និងប្រជាពលរដ្ឋអ្នកនេសាទ និងប្រជាកសិករដែលពឹងអាស្រ័យផលតាមទន្លេ។
គណៈកម្មការទន្លេមេគង្គឱ្យដឹងថា នារយៈពេលមួយទសវត្សរ៍មកនេះ រំហូតទឹកនារដូវប្រាំងមានកម្រិតខ្ពស់ជាងមុន ប៉ុន្តែកម្រិតទឹកទន្លេស្ថិតក្នុងកម្រិតទាបនៅរដូវវស្សា។
នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គអំពាវនាវដល់បណ្ដាប្រទេសជាប់ដងទន្លេមេគង្គទាំងអស់ឱ្យចាត់វិធានការដោះស្រាយប្រឈមជាបន្ទន់ ជាមួយដៃគូភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមឱ្យសកម្ម។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ប្រាប់វិទ្យុអាស៊ីសេរីថា កត្ដាប្រឈមបញ្ហានានានៅតាមផ្ទៃទន្លេមេគង្គដោយសារតែការបិទបើកទ្វារទឹកពីប្រទេសចិនពុំមានតម្លាភាព និងមិនប្រក្រតី នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា ថ្វីត្បិតគណៈកម្មការទន្លេមេគង្គពុំមានសិទ្ធិអំណាចដាក់កំហិតដល់ភាគីដែលមិនគោរពតាមកិច្ចព្រមព្រៀង ប៉ុន្តែលោកថា ភាគីដែលជាសមាជិក ឬប្រទេសជាប់ទន្លេមេគង្គគួរលើកឡើងនូវបញ្ហាប្រឈមកំពុងកើតឡើងដើម្បីស្វែងរកដំណោះស្រាយ។
លោក លាង ប៊ុនលាភ៖«ហើយកន្លងមកទៀតសោត មានការជជែកគ្នា ភាគីខាងចិនព្រមចែករំលែកព័ត៌មានមក ក៏ប៉ុន្តែ ព័ត៌មាននោះយើងអត់ដឹងថា មកទល់ថ្ងៃនេះវាបានចែករំលែកកម្រិតណា មិនទាន់ឃើញនៅឡើយ។ នេះឯងជាបញ្ហាព្រួយបារម្ភពីព្រោះប្រទេសខាងលើគាត់ពុំបានយកចិត្តទុកដាក់ ប៉ែកខាងក្រោមទេគាត់យកចិត្តទុកដាក់ទៅលើផ្នែកសេដ្ឋកិច្ចរបស់គាត់។ គាត់ធ្វើដើម្បីបានការផលិតភ្លើង ទាក់ទាញវិនិយោគទុន ដើម្បីសេដ្ឋកិច្ចគាត់បានរីកចម្រើនភ្លើងបានច្រើនលក់បានថ្លៃ»។
លោក លាង ប៊ុនលាភ ពន្យល់ថា ការណ៍ដែលភាគីចិនបិទបើកទំនប់វារីអគ្គិសនីមិនប្រក្រតី គឺវាធ្វើឱ្យចរន្តផ្ទៃទឹកទន្លេមេគង្គប្រែប្រួលដែលជាហេតុធ្វើឱ្យធនធានជីវចម្រុះក្នុងផ្ទៃរងការបំផ្លិចបំផ្លាញ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេផងដែរ។
ជាមួយគ្នានេះដែរ មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ផ្ទៃទន្លេមេគង្គនៅតែស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភដោយសារតែមានការពង្រីកការកសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិន ដែលធ្វើឱ្យមានការរីកសាយភាយកាកសំណល់គីមីហូរចូលទឹកទន្លេ។
លោក ហេង គឹមហុង៖ «ជាពិសេសបណ្ដាប្រទេសមួយចំនួនដែលជាប្រទេសរងគ្រោះរួមមានកម្ពុជា ឡាវ និងថៃ ដែលមិនសូវកសាងវារីអគ្គិសនី ហើយជាប្រទេសអាស្រ័យផលហ្នឹងគួរយកចិត្តទុកដាក់ជំរុញប្រទេសផ្សេងៗក្នុងតំបន់ទន្លេមេគង្គពិចារណាបញ្ឈប់សកម្មភាពដែលប៉ះពាល់ និងគំរាមកំហែងធ្ងន់ធ្ងរដល់ទន្លេមេគង្គ រកយន្តការផ្សេងៗក្នុងការទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ ការគ្រប់គ្រងសំណល់ជីវសាស្ត្រ សំណល់គីមី និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវកុំឱ្យមានការបង្ហូរចូលក្នុងទន្លេ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពទន្លេមេគង្គ និងជីវចម្រុះទន្លេមេគង្គ»។
កាលពីឆ្នាំ២០១៨ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គ ដែលបានជជែកបញ្ហានៃការកាប់បំផ្លាញព្រៃឈើ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បញ្ហាថាមពលអគ្គិសនី និងបញ្ហាប្រឈមផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅខេត្តសៀមរាប។ ប៉ុន្តែមកទល់ពេលនេះ លោក ហ៊ុន សែន នៅតែមិនអាចទប់ស្កាត់បញ្ហា ការកាប់បំផ្លាញព្រៃឈើ និងការកសាងទំនប់វារីអគ្គិសនីនៅសេសានក្រោមពីរ ក្នុងខេត្តរតនគិរីដែលប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារ និងជន់លិចដីស្រែចម្ការប្រមាណ ៣ម៉ឺនហិកតារ ដែលរូបភាពទាំងនេះឆ្លុះបញ្ចាំងពីភាពអសកម្មរបស់លោក ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ។
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ប្រសិនបើបណ្ដាប្រទេសនៅជាប់ទន្លេមេគង្គពុំមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើតាមដងទន្លេមេគង្គ និងគ្មានការបង្កើតនូវយន្តការច្បាប់នានានោះទេ ផ្ទៃទន្លេមេគង្គនឹងទទួលរងការគំរាមកំហែងកាន់តែខ្លាំងឡើង តាមរយៈការប្រែប្រួលចរន្តផ្ទៃទឹក និងទទួលរងកាកសំណល់គីមីដែលចេញពីរោងចក្រទំនប់វារីអគ្គិសនី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។