មន្ត្រីឃុំស្រែគរ ស្រុកសេសាន បានច្រានចោលគោលនយោបាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ថាមិនបានបំពេញតាមការស្នើសុំរបស់ពលរដ្ឋនៅឡើយ។
មេឃុំស្រែគរ លោក សៀក មេគង្គ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តគោលនយោបាយផ្តល់សំណងដែលបានផ្សព្វផ្សាយកន្លងទៅ មានលក្ខណៈទូលាយមិនច្បាស់លាស់ និងចំណុចខ្លះទៀត តម្លៃសំណងមិនសមស្របតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋឯកភាព។ លោកព្រមានថា នឹងមិនចូលរួមក្នុងអនុគណៈកម្មការប្ដូរទីលំនៅថ្មីសម្រាប់ការជម្លៀសប្រជាពលរដ្ឋនោះឡើយ៖ «ក្នុងនាមខ្ញុំគណៈកម្មការមួយ ខ្ញុំក៏មិនទៅវាស់វែងដែរ ពីព្រោះបើក្រុមហ៊ុនមិនដោះស្រាយបញ្ហារឿងគោលការណ៍សងសំណងឲ្យជាក់លាក់»។
យោងឯកសារគោលនយោបាយសំណងរបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ចែងថា សំណងផលប៉ះពាល់ប្រជាពលរដ្ឋត្រូវទទួលបានលើស ឬស្មើ។ ចំណែកក្រុមហ៊ុនមានកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី។
តំណាងសហគមន៍ លោក សុត ឃឿន ចាប់អារម្មណ៍ថា ប្រជាពលរដ្ឋចង់បានពិគ្រោះយោបល់រវាងសមត្ថកិច្ចពាក់ព័ន្ធក្រុមហ៊ុន និងប្រជាពលរដ្ឋ ស្ដីពីសំណងតម្លៃដី តម្លៃផ្ទះសម្បែង និងតម្លៃផលដំណាំជាក់លាក់។ លោកបន្តថា អ្នកភូមិនឹងមិនបោះបង់ភូមិដ្ឋានផ្ទះសម្បែង ដីធ្លីស្រែចម្ការចាស់របស់ពួកគាត់ទៅរស់នៅកន្លែងថ្មីនោះទេ ប្រសិនអ្នកភូមិមិនបានទទួលព័ត៌មានជាក់លាក់ និងសមស្របពីតម្លៃសំណងមានការឯកភាពពីពលរដ្ឋ៖ «មិនដឹងសំណងគេសងម៉េច ហើយគេមិនបានចុះមកសួរប្រជាពលរដ្ឋ ទាមទារចង់ឲ្យមានស្អីៗគ្រប់យ៉ាងហ្នឹង ហើយសំណងសងឲ្យដូចទីផ្សារ»។
កាលពីដើមសប្ដាហ៍ អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនចិន ឡាន ឆាន (Lan chang) សាងសង់ទំនប់វារីអគ្គិសនី មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលការណ៍សំណងផលប៉ះពាល់ពលរដ្ឋ ប៉ុន្តែសហគមន៍មិនត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញទន្លេបី លោក មៀច មាន ផ្តល់យោបល់ថា ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ជាប្រការចាំបាច់ ដើម្បីចែករំលែកព័ត៌មានជាក់លាក់ស្ដីពីបញ្ហាសំណងនេះ។ លោកបន្តថា ក្រុមហ៊ុន និងរាជរដ្ឋាភិបាល គួរពិចារណាទៅលើតម្លៃទីផ្សារបច្ចុប្បន្ន និងការឯកភាពរបស់ពលរដ្ឋទាក់ទិនសំណងនេះ៖ «មានទីផ្សារសេរី ហើយតម្លៃដី តម្លៃសម្ភារៈ តម្លៃស្អីៗហ្នឹង មានគ្រប់បែបយ៉ាងទាំងអស់។អ៊ីចឹង យើងស្នើសុំឲ្យខាងក្រុមហ៊ុន ក៏ដូចរាជរដ្ឋាភិបាល គឺបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរ»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ លោក យ៊ូ បាសិទ្ធ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តយកចិត្តទុកដាក់ខ្ពស់បំផុត ទាក់ទិនសំណងប្រជាពលរដ្ឋនេះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនបានឯកភាពជាមួយអាជ្ញាធរខេត្ត ឲ្យអនុគណៈកម្មការចុះសិក្សាផ្ទាល់ជាមួយពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ទាក់ទិនផលប៉ះពាល់ជាក់ស្តែងដែលនឹងត្រូវទទួលបានសំណងត្រឹមត្រូវបំផុត៖ «គាត់ឯកភាព ហើយកំណត់ថ្ងៃគ្នាចុះ។ ខ្ញុំសង្ឃឹមថា ប្រហែលចូលឆ្នាំថ្មីហើយយើងនឹងនាំគ្នាចុះ។ ជំហរ គឺអត់ទាន់មានអ្វីប្លែកទេ គឺនៅតែការពារបងប្អូនប្រជាពលរដ្ឋ»។
របាយការណ៍ពិសេសស្ដីពីសំណង និងនយោបាយកែតម្រូវនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០១១ បង្ហាញថា ភូមិចំនួន៧ ក្នុងឃុំចំនួន៤ រងផលប៉ះពាល់។ ក្នុងនោះ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៥០០ផ្ទះ នេះមិនទាន់រាប់បញ្ចូលផ្ទះប្រជាពលរដ្ឋ ៤៨ផ្ទះទៀតនៅភូមិក្របីជ្រំ និងភូមិខ្សាច់ថ្មី ដែលអាចនឹងរងផលប៉ះពាល់ដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។