មន្ត្រីសង្គមស៊ីវិលអះអាងថា ការអនុវត្តច្បាប់ផ្អែកតាមតែបទបញ្ជា របស់ប្រមុខរដ្ឋាភិបាលម្តងម្កាល នៅតែជាបញ្ហាប្រឈមដដែល បើទោះបីជាមានការផ្លាស់ប្តូររដ្ឋាភិបាលអាណត្តិថ្មីក៏ដោយ ធ្វើឱ្យវិបត្តិបរិស្ថាននៅតំបន់បឹងទន្លេសាប និងការទន្ទ្រានព្រៃកោងកាង ក្នុងខេត្តជាប់មាត់សមុទ្រនៅតែកើតមានច្រើន។
ជុំវិញរឿងនេះប្រជាសហគមន៍គ្មានជំនឿលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះទេ ដរាបណាអាជ្ញាធរមូលដ្ឋាននៅតែមិនយកច្បាប់មកអនុវត្តជាប្រចាំ។
ប្រជាសហគមន៍នេសាទរស់នៅខេត្តកោះកុង និងមន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា កម្ពុជាមានច្បាប់គ្រប់គ្រាន់ក្នុងការអនុវត្តលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ក៏ប៉ុន្តែអាជ្ញាធរនៅតែធ្វេសប្រហែស មិនពង្រឹងការអនុវត្តច្បាប់ជាច្រើនអាណត្តិមកហើយ។
ប្រការនេះធ្វើឱ្យព្រៃលិចទឹក និងព្រៃកោងកាង ជាច្រើនតំបន់ ក្នុងខេត្តកោះកុង ខេត្តកែប ខេត្តកំពត និងខេត្តចំនួន ០៦ទៀត ជុំវិញបឹងទន្លេសាប រងការកាប់ទន្ទ្រានជាបន្តបន្ទាប់ ភាគច្រើនប្រព្រឹត្តឡើងដោយក្រុមអ្នកមានលុយមានអំណាច។
ពលរដ្ឋរស់នៅស្រុកស្រែអំបិល ខេត្តកោះកុង លោក អ៊ុយ សារុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ធ្នូថា ព្រៃកោងកាងទំហំជិត ១០០ហិកតារ ឋិតនៅភូមិជ្រោយស្វាយខាងលិច ត្រូវបានគេលបកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ហើយពួកលោករកឃើញភស្តុតាង និងឯកសារច្បាស់លាស់រួច ដាក់បណ្តឹងទៅតុលាការ ក៏ប៉ុន្តែតុលាការបែរជាតម្កល់រឿងឥតចាក់ការទៅវិញ។ លោកថា ករណីនេះហើយបណ្តាលឱ្យក្រុមជនល្មើសនៅតែបន្តប្រព្រឹត្តអំពើល្មើសច្បាប់នៅចំពោះមុខអាជ្ញាធរឃុំ និងមន្ត្រីបរិស្ថានដដែល។
ពលរដ្ឋរាប់រយនាក់ទាមទារព្រៃលិចទឹក កុំឱ្យបុគ្គលយកធ្វើជាកម្មសិទ្ធិ យើងដាក់ប្តឹងនៅមិនបានលទ្ធផល។ ខ្ញុំអត់មានសង្ឃឹមអីទេ ខ្ញុំនិយាយពីថ្នាក់លើ មិនមែនមើលងាយថ្នាក់ក្រោមទេ ព្រោះថ្នាក់ក្រោម អត់ដោះស្រាយជូនពលរដ្ឋ។
កាលពីថ្ងៃទី២១ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិគួរតែយកចិត្តទុកដាក់ ការពារព្រៃលិចទឹក និង ព្រៃកោងកាង។ លោកព្រមានមន្ត្រីទាំងនេះថា នឹងមានបញ្ហា ប្រសិនបើមិនអនុវត្តបទបញ្ជានេះ។
លោក ហ៊ុន ម៉ាណែត៖ «ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ត្រូវពង្រឹងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយវិជ្ជាជីវៈ ហើយយកចិត្តទុកដាក់ ការពារព្រៃលិចទឹក ទាំងទឹកសាប និងទឹកប្រៃ ធ្វើយ៉ាងណាការពារឱ្យបានជាសម្បត្តិរបស់យើង ប្រជាជនយើងទាំងអស់គ្នា បើមិនអ៊ីចឹងទេ យើងនឹងមានបញ្ហា»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយបញ្ហានេះពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននៅឡើយទេ នៅថ្ងៃទី២២ ធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ក៏ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ បានថ្លែងក្នុងពិធី បិទសន្និបាតមួយ កាលពីរសៀលថ្ងៃទី២១ ធ្នូ ថា ក្រសួងបរិស្ថាន ក៏បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិដែរ។
លោក អ៊ាង សុផល្លែត៖ «ក្រសួងបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុត បញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជំរុញការអនុវត្តច្បាប់ឱ្យបាន ១០០ ភាគរយ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការជំនាញ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីការពារធនធានធម្មជាតិរបស់យើង»។
ការព្រមានបង្ក្រាបការកាប់ព្រៃលិចទឹកលើកនេះមិនមែនថ្មីនោះទេ កាលពីចុងឆ្នាំ២០២១ អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រី ដែលកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ត្រូវប្រញាប់ប្រគល់ដីជូនរដ្ឋវិញ បើពុំដូច្នោះទេ នឹងត្រូវចាប់ខ្លួន។
លោក ហ៊ុន សែន អះអាងថា អតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈូរ ច័ន្ទឌឿន ក៏ជាប់ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកទំហំ ២ពាន់ (២.០០០) ហិកតារ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មកទល់ពេលនេះ សំណុំរឿងនេះ ហាក់ស្ងាត់ឈឹង ហើយអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន ក៏មិនឃើញតុលាការផ្ដន្ទាទោសតាមច្បាប់ដែរ។
សកម្មជនសង្គម និងបរិស្ថាន លោក ម៉ៅ ឆេន អះអាងថា បទបញ្ជានេះគឺគ្មានប្រសិទ្ធភាពនោះទេ ព្រោះការទន្ទ្រានព្រៃលិចទឹកភាគច្រើន មានជាប់ពាក់ព័ន្ធមន្ត្រីធំៗ និងបក្ខពួកអ្នកមានអំណាច ធ្វើឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ពិបាកនឹងដោះស្រាយ។
លោកបញ្ជាក់ថា មន្ត្រីតូចតាចមិនហ៊ានអនុវត្តច្បាប់ លើបុគ្គលមានលុយមានអំណាចដែលកាប់ទន្ទ្រានព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតារ។
លោក ម៉ៅ ឆេន៖ «នៅតំបន់បឹងទន្លេសាប តែងតែរងការទន្ទ្រាន ពីសំណាក់មន្ត្រីអ្នកមានអំណាច អ្នកមានលុយ និងអ្នកមានខ្សែខ្នង មិនហ៊ានបង្ក្រាបទៀត សម្រាប់មន្ត្រីតូចៗ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន សង្កេតឃើញថា ការដែលមន្ត្រីអនុវត្តតាមតែបទបញ្ជា មិនអនុវត្តច្បាប់ជាប្រចាំ នឹងធ្វើឱ្យរដ្ឋាភិបាលបរាជ័យ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅអាណត្តិថ្មីនេះ ដូចគ្នានឹងរដ្ឋាភិបាលអាណត្តិមុនៗ។
លោក អូត ឡាទីន៖ «ការប្រឹងប្រែងធ្វើការងារតាមតួនាទី អនុវត្តច្បាប់មានស្រាប់ និងគោរពតាមបទបញ្ជា ពាក់ព័ន្ធមួយចំនួន វាជាវិធានការ និងចំណាត់ការល្អ។ បើដាក់វិធានការស្ទើរការអនុវត្តច្បាប់ យើងមិនសង្ឃឹមថា គ្រប់គ្រងតំបន់ឆ្នេរ និងតំបន់បឹងទន្លេសាប បានជោគជ័យនោះទេ»។
ការកាប់បំផ្លាញព្រៃលិចទឹកជាហេតុមួយដែលបណ្តាលឲ្យដី និងល្បាប់មួយភាគធំហូរធ្លាក់ចូលទៅបឹងទន្លេសាប ដែលបណ្តាលឲ្យទន្លេគោករាក់អាចប៉ះពាល់ដល់កន្លែងស្តុកទឹកនៅរដូវវស្សា និងប៉ះពាល់ធនធានព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់របស់ត្រីពងកូន និងជីវចម្រុះ។
កាលពីដើមឆ្នាំ២០២២ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកទំហំ ៦ម៉ឺនហិកតារនៅជុំវិញបឹងទន្លេសាបមកទុកជាសម្បត្តិរបស់រដ្ឋវិញ ក្រោយពីចុះទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមខេត្តទាំង៦ រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។