ប្រជា​សហគមន៍​ខេត្តកំពង់ស្ពឺ​សោកស្ដាយ ដែល​អាជ្ញាធរ​មិន​ទប់ស្កាត់​ជន​ល្មើស​កាប់​ទន្ទ្រាន​ព្រៃ​បន្ត​កើត​មាន

0:00 / 0:00

ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ជា​មួយ​ជន​ល្មើស​កាប់​ទន្ទ្រាន​ព្រៃ​សហគមន៍​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ព្រៃ​តំបន់​នោះ​អាច​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ឆាប់​ទប់ស្កាត់​ទាន់​ពេល​ទេ​នោះ។

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​ស្ថិត​នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ឃុន សារិទ្ធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ មករា​ថា ពួក​លោក​ចុះ​ល្បាត​នៅ​ថ្ងៃ​ទី១០ ខែមករា ស្ថិត​នៅ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ រក​ឃើញ​ព្រៃ​ជាង ១០ហិកតារ ត្រូវ​បាន​ជន​ល្មើស​កាប់​ទន្ទ្រាន។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បារម្ភ ខ្លាច​បាត់បង់​ព្រៃ​សហគមន៍​មួយ​នេះ ទ្រង់ទ្រាយ​ធំ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចាត់​វិធានការ​នោះ​ទេ។

លោក​លើក​ឡើង​ថា សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​នេះ បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ទុក​ជា​កន្លែង​ផ្គត់ផ្គង់​ស្មៅ​ឱ្យ​គោ​ស៊ី រួម​នឹង​ផល​ប្រយោជន៍​ផ្សេងៗ ដែល​ពលរដ្ឋ​បាន​ពឹង​អាស្រ័យ​ផល។ លោក​សោក​ស្ដាយ​បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​មិន​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ « បើ​សិន​ជា​នៅ​តែ​កាប់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន ទី១ វា​អស់​ព្រៃ​ធំៗ ហ្នឹង​អស់​ហើយ ហើយទី២ . ប្រជាពលរដ្ឋ​គាត់​លំបាក​ក្នុង​ការ​ការពារ​មក​ដេក​យាម​ដេក​អ៊ីចឹង មិន​បាន​ទៅ​រកស៊ី​រក​អី​ណា​ទេ គាត់​ចេះ​តែ​មក​ការពារ ជួន​ក៏​ទាន់​ទៅ ជួន​ក៏​អត់​ទៅ ហើយ​គាត់​ក៏​នៅ​តែ​ការពារ​អ៊ីចឹង »

លោក​បន្ត​ថា តំបន់​ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ សហការ​ជាមួយ​ទាហាន​ចុះ​ឈូស​ឆាយ​ម្ដង​ហើយ ដោយ​ជួល​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ជា​អ្នក​ចូល​កាប់។ លោក​បញ្ជាក់​ថា ការ​កាប់​ព្រៃ​សហគមន៍​នេះ ក្នុង​លេស​យក​ដី​ផ្ដល់​ដល់​គ្រួសារ​យោធា​ក្រីក្រ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ជាក់ស្ដែង​អាច​មាន​ពាក់ព័ន្ធ​លក់​ឱ្យ​ក្រុមហ៊ុន ដើម្បី​បូម​ខ្សាច់។ លោក​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​គួរ​តែ​ដោះ​ស្រាយ​ជូន​ពួក​គេ ដើម្បី​អភិរក្ស​ព្រៃ​សហគមន៍​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៖ « ខ្ញុំ​សូម​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ ទៅ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ មេត្តា​ជួយ​រក​ដំណោះស្រាយ ឬ​ក៏​ទុក​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​សម្រាប់​មើល​គោ​មើល​ក្របី​អាស្រ័យផល​នៅ​ក្នុង​ហ្នឹង​ផង គ្រាន់​ទុក​សម្រាប់​ជម្រក​សត្វព្រៃ ព្រោះ​អី​ឥឡូវ​នេះ​អស់​ហើយ មិន​មាន​កន្លែង​មើល​គោ​មើល​ក្របី​ទេ »

ពលរដ្ឋ​លើក​ឡើង​ថា ព្រៃ​សហគមន៍​នេះ​មាន​ប្រភេទ​ដើម​ត្បែង ធ្នង និង​ជា​តំបន់​ដើម​ឈើ​ស្រោង​ជា​ដែន​ជម្រក​សត្វព្រៃ ដូច​ជា សត្វ​ក្ងោក ទោច និង​សត្វ​ស្វា​ជា​ដើម។

ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជា​សហគមន៍​គួរតែ​ដាក់​របាយការណ៍​មក​ខាង​លោក​ដើម្បី​ចាត់​វិធានការ។ លោក​បន្ត​ថា កន្លង​មក​ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ដោះ​ស្រាយ​ទាំង​ជន​អនាថា និង​ជន​អនាធិបតេយ្យ មិន​មាន​បទ​ល្មើស​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​លើក​ឡើង​ប្រជា​សហគមន៍​នោះ​ជា​រឿង​មិន​ពិត​នោះ​ទេ៖ « ហើយ​អា​ដី​គេ​អត់​ជាប់​ពាក់ព័ន្ធ​រឿង​សហគមន៍​ផង ឆ្លើយ​ថា ដី​សហគមន៍។ គេ​បាន​ហៅ​ប្រធាន​សហគមន៍​មក​សួរ​ហើយ សុទ្ធតែ​បាន​ចុះ ស . . ណ របស់​រាជ​រដ្ឋាភិបាល ហើយ​នាំ​គ្នា​មករ​រញ៉េរញ៉ៃ​សម្បើម​ដល់​ហើយ ខ្ញុំ​ឆ្ងល់​ដល់​ហើយ »

ជុំវិញ​រឿង​នេះ សកម្មជន​បរិស្ថាន​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា CYN លោក សាន់ ម៉ាឡា បាន​លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​សាធារណជន​មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ទៅ​លើ​ជន​ល្មើស​គ្មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា លោក​គ្មាន​ជំនឿ​លើ​អាជ្ញាធរ ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​ជន​ល្មើស​តាម​ច្បាប់​នោះ​ទេ៖ « ខ្ញុំ​មិន​សង្ឃឹម​ទេ​ថា ស្ថានភាព​អាច​ល្អ​ប្រសើរ មន្ត្រី​មាន​ការ​ភ្ញាក់​រលឹក និង​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន។ ដូច្នេះ​ខ្ញុំ​មាន​តែ​អំពាវនាវ​ឱ្យ​មហាជន​សាធារណជន និង​យុវជន​ធ្វើ​យ៉ាង​ម៉េច​ចូលរួម​ពួត​ដៃ​គ្នា​កាន់​តែ​សកម្ម​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ ក៏​ដូច​ជា បក​អាក្រាត​អំពី​ស្ថានភាព​ពិត​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង »

ពលរដ្ឋ សហគមន៍ ព្រៃ​មេត្តា​ធម្មជាតិ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ទំហំ​ជាង ២ពាន់ ៨រយហិកតារ (២.៨០០ហិកតា) ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យោធិន​បញ្ជា​ការដ្ឋាន​រថក្រោះ កងទ័ព​ជើងគោក ង-៧០ ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ដី​ប្រហែល​ជាង ៨៨០ហិកតា​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។