សហគមន៍​នៅ​ខែត្រ​ក្រចេះ​បារម្ភ​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ

ដោយ អាស៊ីសេរី
2017-10-29
Share
នេសាទ ក្រចេះ ២០១៥ ៦២២ អ្នក​នេសាទ​ត្រី​ដែល​មក​នេសាទ​នៅ​ទន្លេ​មេគង្គ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Brach Chev

អាជ្ញាធរ​ឃុំ និង​សហគមន៍​នេសាទ​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ខែត្រ​ក្រចេះ បារម្ភ​ពី​ការ​ផុត​ពូជ​ត្រី​កម្រ​ក្នុង​តំបន់ និង​ជោគវាសនា​សត្វ​ផ្សោត​នៅ​ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ កំពុង​រង​ការ​គំរាម​កំហែង ដោយ​ក្រុម​ជនល្មើស​នេសាទ ប្រើ​ឧបករណ៍​ខុសច្បាប់។ សហគមន៍​អះអាង​ថា សត្វ​ផ្សោត​ងាប់​កន្លង​ទៅ ដោយសារ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឆក់​ក្ដៅ ឬ​ត្រជាក់ និង​ពង្រាយ​មង​នៅ​តំបន់​សំខាន់ៗ​ដែល​ផ្សោត​ឆ្លងកាត់។

សហគមន៍​នេសាទ​ព្រែកកាំពី រកឃើញ​ជនល្មើស​មុខ​ដដែលៗ នៅ​មូលដ្ឋាន​នៅ​បន្ត​សកម្មភាព​ឆក់​ត្រី​នៅ​ពេល​យប់​ថ្ងៃ នៅ​អន្លង់​អភិរក្ស​ព្រែកកាំពី និង​តំបន់​អភិរក្ស​ផ្សេងទៀត​ដែល​ជា​តំបន់​ឆ្លងកាត់​សំខាន់ៗ របស់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ដែល​ច្រាល​ឡើង។ សហគមន៍​ថា អាជ្ញាធរ​មូលដ្ឋាន និង​ឆ្មាំ​អភិរក្ស​បាន​កំណត់​មុខសញ្ញា​ក្រុម​ជនល្មើស​ជាង​១០​នាក់​រួចហើយ ដែល​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​អន្លង់​អភិរក្ស​ជីវចម្រុះ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ជនសង្ស័យ​នៅតែ​បន្ត​សកម្មភាព​នេសាទ​ខុសច្បាប់​ដដែលៗ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី លោក ឈ្នៀង លន បារម្ភ​ថា ថ្វី​ត្បិត​តំបន់​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ក្ដី តែ​បទល្មើស​នេសាទ​ខុសច្បាប់​បាន​កើតមាន​ពេញបន្ទុក ដែល​នាំ​ឲ្យ​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ផ្សោត និង​ត្រី​មេ​ពូជ។ លោក​កត់សម្គាល់​ថា បទពិសោធន៍​កន្លងទៅ ផ្សោត​ច្រើន​ក្បាល​ងាប់​ដោយសារ​ការ​លួច​នេសាទ​នៅ​អន្លង់​អភិរក្ស ពីព្រោះ​ជនល្មើស​លូច​ឆក់​ត្រី​ទាំង​យប់​ថ្ងៃ ហើយ​កិច្ចសហការ​បង្ក្រាប​របស់​អាជ្ញាធរ និង​ឆ្នាំ​ទន្លេ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន។

លោក​ថា កន្លងទៅ​សហគមន៍​បាន​ផ្ដល់​ដំណឹង​ពី​បទ​ល្មើស​នេសាទ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​ពុំ​មាន​លទ្ធផល។ លើស​ពី​នេះ ឧបករណ៍​ឆក់​ត្រជាក់​ដែល​ក្រុម​ជនល្មើស​ប្រើ នាំចូល​ពី​ប្រទេស​វៀតណាម អាច​មាន​លទ្ធភាព​ចាប់​ត្រី​ម្ដងៗ​ច្រើន​គីឡូក្រាម ដែល​គេ​ឆក់​ឋិត​ក្នុង​អន្លង់​អភិរក្ស​ផ្សោត​ព្រែកកាំពី អាច​ប៉ះពាល់​ការស្វែងរក​ចំណី​ចាប់​ត្រី ជា​អាហារ​របស់​ផ្សោត និង​ត្រី​មេ​ពូជ​ដែល​បង្ក​កំណើត​នៅ​ទីនោះ៖ «អ្នក​ដាក់​មង ក៏​ដាក់​អ្នក​ឆក់​ក៏​ឆក់​គ្រប់​តែ​គ្នា​ពេញ​ទឹក​ពេញ​ដី​ហ្នឹង ឆក់​ធម្មតា​ក៏​មាន អា​ឆក់​ត្រជាក់​ក៏​មាន។ ឆក់​ត្រជាក់​គេ​យក​ត្រី​រំអិល អា​ឆក់​ត្រជាក់​គេ​យក​ត្រី​ស្រកា​ក៏បាន​ស្អី​ក៏បាន»

លោក ឈ្នៀង លន បន្ថែម​ថា ជនល្មើស​នៅ​មូលដ្ឋាន​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​សហគមន៍​ស្គាល់​ច្បាស់​ថា ប្រើ​ឧបករណ៍​ឆក់​ខុសច្បាប់ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​រារែក​មិន​អនុវត្ត​ច្បាប់ បែរជា​បណ្ដោយ​ជនសង្ស័យ​ទាំងនោះ​ឆក់​ត្រី​តាម​អំពើ​ចិត្ត។ បញ្ហា​នេះ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​បន្ថែម​ធ្វើ​យ៉ាងណា​គាំពារ​សត្វ​ផ្សោត​ឲ្យ​គង់វង្ស៖ «កន្លែង​ផ្សោត​ក៏​ប៉ះពាល់​ដែរ ព្រោះ​ខែ​នេះ​ផ្សោត​វា​ទៅលើ​ទៅមក​អ៊ីចឹង ។ ផ្សោត​នៅ​តាម​ជាយៗ អ្នក​ឆក់​នៅ​តាម​ហ្នឹង។ អត់​ឃើញ​មាន​អ្នកណា​អើពើ​ត្រួតពិនិត្យ យួន​ក៏​មាន»

នៅ​ខែត្រ​ក្រចេះ មាន​អន្លង់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ ៦៤​អន្លង់ ក្នុង​នោះ​មាន​អន្លង់ ៥ ដែល​ផ្សោត​រស់នៅ។ អន្លង់​អភិរក្ស​ទាំងនោះ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម ដែល​មាន​រដ្ឋបាល​ជល​ផល និង​ឆ្មាំ​ទន្លេ ជា​ស្ថាប័ន​ស្នូល មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន​អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ អនុលោម​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។

ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ទន្លេ​មេគង្គ​ខែត្រ​ក្រចេះ គិត​ត្រឹម​ក្បាលកោះ​ទ្រង់ ទល់មុខ​ក្រុង​ក្រចេះ រហូតដល់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង ៨៥​គីឡូម៉ែត្រ ត្រូវ​ចាត់ទុកជា​តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេពូជ បែង​ចែក​ជា​ពីរ​តំបន់ គឺ​តំបន់​ស្រទាប់ និង​តំបន់​ស្នូល។ តំបន់​អន្លង់​អភិរក្ស​ព្រែកកាំពីរ ត្រូវ​បាន​គេ​ចាត់ទុកជា​តំបន់​ស្នូល ដែល​ជា​តំបន់​ហាមឃាត់​មិន​ឲ្យ​មានការ​នេសាទ ដោយសារ​តំបន់​នោះ​គឺ​សំបូរ​ដោយ​រុក្ខជាតិ​ដុះ​ចេញពី​ផ្ទៃ​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ផ្សោត​រស់នៅ ក៏ប៉ុន្តែ​សហគមន៍​នៅតែ​ប្រទះឃើញ​ជនល្មើស​លូច​ឆក់​ត្រី និង​ដាក់មង​រាំង​ខ្ទប់​ដំណើរ​របស់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ឡើង​ចុះ។

មេឃុំ​សំបុក ស្រុក​ចិត្របូរី លោក ទុយ វណ្ណ ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​បាន​កើត​មាន​ពេញបន្ទុក ហើយ​លោក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រួចហើយ ដោយ​កំណត់​មុខសញ្ញា​ជនល្មើស ១៧​នាក់ ក្នុង​នោះ ២​នាក់​បាន​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​១៥​នាក់​ទៀត បដិសេធ​មិន​មក​បំភ្លឺ​នោះ​ទេ ដោយសារ​អាងខ្នង​បង្អែក​ដែល​ជា​មាន​អ្នកមាន​ឥទ្ធិពល។ លោក​ថា​ជនសង្ស័យ ១៥​នាក់​នោះ នគរបាល​បាន​ធ្វើ​ពាក្យ​បណ្ដឹង និង​របាយការណ៍​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​ខែត្រ​ក្រចេះ​រួចហើយ៖ «រាល់ថ្ងៃ​យើង​បាន​មាន​សហគមន៍​ហើយ សហគមន៍​បាន​ចុះ​ពង្រឹង​ចុះ​ល្បាត​អី​ដែរ ហើយ​វិសាលភាព​ទន្លេ​ច្រើន។ យើង​បាន​សញ្ញា​អស់ហើយ​យើង​ហៅ​គេ គេ​មិន​មក»

ប្រធាន​ឆ្មាំទន្លេ និង​ជា​អនុប្រធាន​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ធ្លាប់​ឲ្យ​ដឹង​ថា វិសាលភាព​ដែន​អភិរក្ស​ផ្សោត និង​ជីវចម្រុះ​នៅ​ទន្លេ​មេគង្គ​ធំធេង ដែល​មាន​ប្រជុំ​កោះ​ស្មុគស្មាញ បង្ក​ជា​ឧបសគ្គ​ដល់​បេសកកម្ម​អភិរក្ស​សត្វ​ផ្សោត និង​ជីវចម្រុះ នៅ​មិនទាន់​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​ទេ។ ហេតុនេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​នេសាទ​ពលរដ្ឋ និង​អាជ្ញាធរ ត្រូវ​រួមគ្នា​ផ្ដល់​ដំណឹង​ពី​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ​មក​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ។ លោក​ថា ជនល្មើស​ហាក់​មាន​បណ្ដាញ​ដឹង​មុន នៅ​គ្រា​ដែល​ឆ្មាំ​អភិរក្ស​ចុះ​ល្បាត​ក្រុម​ជនសង្ស័យ​តែងតែ​រត់​គេចខ្លួន​បាន។

អ្នក​ឃ្លាំមើល​បរិស្ថាន​ពន្យល់​ថា កិច្ច​គាំពារ​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ​ចាំបាច់​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ពី​សហគមន៍​មូលដ្ឋាន​ខ្លួនឯង ព្រោះ​បទពិសោធន៍​កន្លងទៅ​សត្វ​ផ្សោត​ងាប់ ដោយសារតែ​សកម្មភាព​មនុស្ស។ ហេតុនេះ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​អនុវត្ត​លក្ខន្តិកៈ​របស់​សហគមន៍​នេសាទ​ឲ្យ​បាន​ត្រឹមត្រូវ។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំ​កម្ពុជា លោក សេង ទៀក ធ្លាប់​បញ្ជាក់​ថា វត្តមាន​សត្វ​ផ្សោត​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស្វែងរក​ប្រាក់ចំណូល​វិស័យ​ទេសចរណ៍​ដល់​សហគមន៍ ត្បិត​សក្ដានុពល​ដង​ទន្លេ​មេគង្គ ខែត្រ​ក្រចេះ គឺជា​ជម្រក​សត្វ​ផ្សោត​រស់នៅ និង​ស្វែងរក​ចំណី ក៏ប៉ុន្តែ​លោក​បារម្ភ​ថា ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ដូចជា​ទំនប់​វារីអគ្គិសនី និង​បទល្មើស​នេសាទ​គឺជា​ឧបសគ្គ​ចម្បង​យាយី​ជីវិត​សត្វ​ផ្សោត។

សហគមន៍​រស់នៅ​ឃុំ​សំបុក បាន​នាំគ្នា​អភិវឌ្ឍ​នៅ​តំបន់​ផ្សោត​រស់នៅ ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួមគ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់ចំណូល​ដល់​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល