សហគមន៍​បារម្ភ​ឆ្លង​ជំងឺ​ពី​សត្វព្រៃ ទៅ​សត្វស្រុក ក្រោយ​សត្វ​ស្លាប​ងាប់​កាន់តែ​ច្រើន​នៅ​ព្រៃវែង

0:00 / 0:00

ពលរដ្ឋ​ក្នុង​សហគមន៍​ទួល​ព័ន្ធតាឡី​បឹងស្នេហ៍ នៅ​ខេត្តព្រៃវែង ព្រួយបារម្ភ​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី អេច.ប្រាំ.អិន.មួយ (H5N1) ពី​សត្វព្រៃ ទៅ​សត្វស្រុក នៅ​តំបន់​អភិរក្ស បន្ទាប់​ពី​សត្វ​ស្លាប​កម្រ​បន្ត​ងាប់​ ១២១ក្បាល​ទៀត នៅ​ថ្ងៃទី​២៦ មីនា។ អាជ្ញាធរ​ជំនាញ​កំពុង​ជួយសង្គ្រោះ​សត្វ​ស្លាប​កម្រ​ផ្សេង​ទៀត និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​នេះ។

សត្វ​ស្លាប​កម្រ ដែល​ងាប់ នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធតាឡី កើន​ដល់​ប្រមាណ ៨០០​ក្បាល​ហើយ​។ ប្រធាន​សហគមន៍​ទួល​ព័ន្ធ​តាឡី​បឹងស្នេហ៍ លោក ពុទ្ធ បូរ ឱ្យ​ដឹង​ថា សត្វ​ស្លាប​កម្រ ដែល​ងាប់​ច្រើន​ជាង​គេ គឺ​សត្វ​ចង្កៀលខ្យង។ លោក​បារម្ភ​ថា សត្វ​នេះ អាច​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ពី​មួយ​កន្លែង ទៅ​មួយ​កន្លែង​ទៀត ព្រោះ​សត្វ​កម្រ​ប្រភេទ​នេះ ហើរ​បាន​ឆ្ងាយ។

លោក​បន្ត​ថា ខែប្រាំង សត្វ​ខ្វះ​ចំណី និង​ទឹក​ផឹក ដូច្នេះ​សត្វ​ស្លាប តែងតែ​ហើរ​ពី​តំបន់​អភិរក្ស​មួយ ទៅ​តំបន់​ផ្សេងទៀត ឬ​ហើរ​ពី​កន្លែង​ផ្សេង មក​តំបន់​អភិរក្ស ឬ​តំបន់​ព្រៃ និង​សម្បូរ​ទឹក​។ លោក​បញ្ជាក់​ថា អាជ្ញាធរ នៅ​មិនទាន់​រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី ឬ​ H5N1 នៅឡើយ​ទេ៖ «ខ្ញុំ​សន្និដ្ឋាន ជាមួយ​សហគមន៍​ថា ទី​១ បញ្ហា ដោយសារ​ក្ដៅ​ពេក។ ទី​២ គឺ​បែប​ថា ចំណី​មិន​អាច​ផ្គត់ផ្គង់​កូនចៅ​វា​បាន វា​ក្ដៅ​ហួតហែង​អ៊ីចឹង វា​ដើររក​ចំណី​ស៊ី​មិនបាន ហើយ​ទី​៣ បើកាលណា វា​នៅ​ហ្នឹង​ច្រើនពេក​ទៅ វា​ដូច​ថា ច្របូកច្របល់ អាចម៍​នោម អ្វី​អ៊ីចឹង​ទៅ​។ សូម្បី​តែ​មាន់ ទា យើង​ចិញ្ចឹម​រាល់ថ្ងៃ វា​នៅតែ​ធំ​ក្លិន ចុះ​ទម្រាំ​ព្រៃ ហើយ​វា​នៅ ថា រាប់​លាន​ក្បាល»។

សត្វ​ចង្កៀលខ្យង និង​សត្វ​ស្លាប​កម្រ​ផ្សេងទៀត ក្នុង​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ទួល​ព័ន្ធ​តាឡី​បឹងស្នេហ៍ បាន​ងាប់ ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃទី​១៧ មីនា។ កាល​ពី​ដំបូង សត្វ​នេះ ងាប់​ប្រមាណ​ ២០​ក្បាល ហើយ​ពលរដ្ឋ ក្នុង​សហគមន៍ គិតថា ជា​ការ​ងាប់​តាម​ធម្មតា ព្រោះ រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ខែប្រាំង សត្វ​ចង្កៀលខ្យង តែងតែ​ងាប់ ដោយសារ អាកាសធាតុ​ក្ដៅ និង​ការ​ខ្វះ​ចំណី ជាដើម។ប៉ុន្តែ ចំនួន​សត្វ​ងាប់ ចេះតែ​ងាប់​កើនឡើង​ច្រើន​ទៅៗ ទើប​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សហគមន៍​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ជំនាញ​។ មន្ត្រី​ក្រសួង​កសិកម្ម បាន​ពិនិត្យ​សំណាក​សត្វ​ស្លាប ដែល​ងាប់​ទាំងនោះ ហើយ​រក​ឃើញ​ថា បក្សី​ទាំងនោះ​ងាប់​ដោយសារ មេរោគ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​បង្ក​ដោយ​អនុ​ក្រុម​ម្យ៉ាង (​ប្រភេទ A/H5N1)។

ក្រសួង​កសិកម្ម បាន​ចេញ​លិខិត​ណែនាំ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ ជាបន្ទាន់ ដោយ​ត្រូវ​ដុត​បំផ្លាញ​ចោល ចំពោះ​សត្វ​ដែល​សង្ស័យ​ថា មាន​ជំងឺ ខ្មោចសត្វ​ស្លាប និង​បំផ្លាញ​ចោល​ផលិតផល​បក្សី នៅក្នុង​តំបន់​ផ្ទុះ​ជំងឺ​នេះ តាម​វិធានការ​បច្ចេកទេស​ពេទ្យ ជា​ដាច់ខាត​។ ក្រសួង​ក៏​ស្នើ​ឱ្យ​ផ្អាក ពលរដ្ឋ​ចេញចូល ឬ​ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​នេះ បណ្ដោះអាសន្ន ហើយ​ត្រូវ​ដាក់​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តាឡីបឹងស្នេហ៍ ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន។ ក្រសួង​ក៏​កំពុង​សិក្សា​ស្រាវជ្រាវ រក​ប្រភព​ជំងឺ​ផ្ដាសាយ​បក្សី ក្នុង​រយៈពេល ៣០​ថ្ងៃ និង​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ។

ជុំវិញ​ការ​ងាប់​សត្វ​ស្លាប​កម្រ ក្នុង​តំបន់​អភិរក្ស​នេះ អាជ្ញាធរ​ខេត្តព្រៃវែង បាន​ចេញ​លិខិត ជូនដំណឹង ប្រាប់ ពលរដ្ឋ កុំឱ្យ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ទាំងនោះ ជា​ដាច់ខាត ព្រោះ​អាច​ឆ្លង​ជំងឺ​ពី​សត្វ​មក​មនុស្ស​។ បន្ថែម​ពី​នេះ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រៃវែង លោក ចាន់ ថា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ កំពុង​អនុវត្ត​សេចក្ដី​ណែនាំ​របស់​ក្រសួង​ជំនាញ និង​ណែនាំ​ឱ្យ​ពលរដ្ឋ កុំ​បរិភោគ​សត្វ​កម្រ ដែល​ងាប់​នោះ ព្រោះ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ៖ «ឥឡូវនេះ ក្រោយពេល​ក្រសួង​កសិកម្ម គាត់​បាន​ពិនិត្យ​មូលហេតុ​នៃ​ការ​ឆ្លង​ការ​ងាប់​មួយចំនួន​ហ្នឹង​។ ស្ថាប័ន​ហ្នឹង កំពុងតែ​ចាត់ចែង ដើម្បី​រក​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ទៅ​បក្សី​បន្ត​ទៀត​ដែរ​។ មកដល់​ពេល​ហ្នឹង មិន​ទាន់​មាន​ការ​ប៉ះពាល់​អ្វី​ទេ​។ ប៉ះពាល់​តែ​បក្សី​ដែល​នៅ​ទៅនោះ​។ ឯ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​មិនទាន់​មាន​អ្វី​ទេ»។

សត្វ​ស្លាប​កម្រ ដែល​ងាប់​ក្នុង​តំបន់​អភិរក្ស មាន​ច្រើន​ប្រភេទ ដូចជា សត្វ​ចង្កៀលខ្យង សត្វ​ត្រយង​ខ្លួន​រលោង សត្វ​ខ្វែក សត្វ​កុកគ្រោង សត្វ​ក្អែក និង​សត្វ​ប្រភេទ​ផ្សេងទៀត​។ ទោះ​យ៉ាងណា ក្រោយ​ការណែនាំ​របស់​អាជ្ញាធរ​រួចមក ប្រធាន​សហគមន៍ លោក ពុទ្ធ បូរ ឱ្យ​ដឹង​ថា កសិករ​ធ្វើស្រែ និង​នេសាទ ដែល​រស់នៅ​សហគមន៍ បាន​ប្រុងប្រយ័ត្ន និង​មិន​ប៉ះពាល់​សត្វ​ងាប់​ទេ ហើយ​នាំគ្នា​ពាក់​ម៉ាស់ ពេល​ចេញ​ទៅ​នេសាទ​ត្រី។

តំបន់​អភិរក្ស​ទួល​ព័ន្ធ​តាឡីបឹងស្នេហ៍ ត្រូវ​បាន​ក្រសួងបរិស្ថាន កំណត់​ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ​២០២១​។ តំបន់​នេះ មាន​ផ្ទៃ​បឹង និង​ដី ៣.៥៥៧​ហិកតារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង និង​ស្រុក​បាភ្នំ។ ក្នុង​តំបន់​អភិរក្ស​ទាំងមូល មាន​សត្វ​ស្លាប​កម្រ​រស់នៅ ៥៣​ប្រភេទ និង​មាន​ចំនួន​ប្រមាណ​ពីរ​លាន​ក្បាល​។ សត្វ​ចង្កៀលខ្យង រស់នៅ​ច្រើន​ជាងគេ ប្រហែល​ខ្ទង់​រាប់​ម៉ឺន​ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។