សហគមន៍​ខេត្ត​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ករណី​បាត់​ឈើ​ប្រណិត​ដែល​រឹប​អូស​បាន

ដោយ ម៉ែន សុធីរ
2015.08.11
ឈើ​ប្រណិត ស្ទឹងត្រែង ៦២០ ឈើ​លេខ​មួយ​ប្រភេទ​សុក្រំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឈ្មួញ និង​រក្សា​ទុក​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
រូបភាព​សហគមន៍

សហគមន៍​ឃុំ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ក្បាលរមាស កំពុង​ដំណើរ​ការ​យ៉ាង​អនាធិបតេយ្យ​ពុំ​មាន​ការ​ទប់ស្កាត់។ ការ​បារម្ភ​នេះ គឺ​នៅ​បន្ទាប់​ពី​ឈើ​ប្រណិត​ជាង ១​ម៉ែត្រ​គូប ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្ក្រាប​ពី​ក្រុម​ឈ្មួញ​យក​មក​ផ្ញើ​ទុក​នៅ​វត្ត​ក្បាលរមាស កំពុង​បាត់បង់​ជា​បណ្ដើរៗ​ដោយ​មិន​ដឹង​មូលហេតុ។

សហគមន៍​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១០ សីហា អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បាត់បង់​ឈើ​ប្រណិត​ជាច្រើន​ម៉ែត្រ​គូប ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​កាល​ពី​ខែ​ឧសភា ហើយ​យក​មក​ផ្ញើ​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស បន្ទាប់​ពី​ការ​បង្ក្រាប​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។

សហគមន៍​ចាត់​ទុក​ហេតុផល​នៃ​ការ​បាត់​ឈើ​ប្រណិត​នេះ ជា​ចេតនា​ឃុបឃិត​របស់​ឈ្មួញ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ រហូត​ដល់​មាន​រោង​សិប្បកម្ម​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ភូមិ​ក្បាលរមាស ដែល​កំពុង​ដំណើរ​ការ​សព្វថ្ងៃ។

សមាជិក​សហគមន៍​ឃុំ​ក្បាលរមាស លោក ស្រ៊ុន ស្រៀន បារម្ភ​ថា ការ​បង្កើត​ឲ្យ​មាន​សិប្បកម្ម​ឈើ​ប្រណិត​នៅ​មូលដ្ឋាន គឺ​ជា​ឧបសគ្គ​ចម្បង​បង្ក​ឲ្យ​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​នៅ​សេសសល់​ចុង​ក្រោយ​ជាង ៦​ពាន់​ហិកតារ នៅ​ឃុំ​ក្បាលរមាស នឹង​ត្រូវ​បាត់បង់។ លោក​បន្ត​ថា បច្ចុប្បន្ន​ឈើ​ប្រណិត​ដែល​មន្ត្រី​ជំនាញ​បង្ក្រាប​ពី​ក្រុម​ឈ្មួញ​កាល​ពី​ខែ​ឧសភា ប្រហែល​ជាង ១០០​ម៉ែត្រ​គូប រក្សា​ទុក​នៅ​ក្នុង​បរិវេណ​វត្ត​ក្បាលរមាស កំពុង​បាត់បង់​ជា​បណ្ដើរ ហើយ​ឈើ​ទាំង​នោះ​ក៏​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​រឹប​អូស​យក​ទៅ​ទុក​ក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ​ឡើយ។ អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ថា ឈើ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​បាន​ទាំង​នោះ អាច​ក្រុម​ឈ្មួញ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​វិញ៖ «ចាប់​ឈើ ហើយ​យក​មក​ដាក់​ចោល​នៅ​វត្ត បើក​ឈ្មោះ​អ្នក​ប្ដឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឈ្លោះ​គ្នា​នៅ​ក្នុង​ភូមិ។ ឥឡូវ​ហ្នឹង​បង្កើត​សិប្បកម្ម​ធ្វើ​ដោយ​ខ្លួន​ឯង​កាប់​ឈើ​អស់​អា​រលីង នៅ​ក្នុង​ភូមិ​កាន់​តែ​កាប់​បន្ថែម​ទៀត ព្រៃ​សហគមន៍​ដែល​គេ​ទុក​ជា​ព្រៃ​ជំនឿ ព្រៃ​អភិរក្ស គឺ​អត់​មាន ពួក​វា​លួច​កាប់​បណ្ដើរៗ​ថែម​ទៀត​ឥឡូវ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ក្បាលរមាស លោក ទិត វី មិន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ទេ​នៅ​ថ្ងៃ​ទី​១០ សីហា ដោយ​លោក​ថា​កំពុង​ជាប់​រវល់។

មេ​ឃុំ​ក្បាលរមាស លោក មឿន សម្បត្តិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ សីហា ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន និង​សេចក្តី​រាយការណ៍​ពី​ការ​បាត់បង់​ឈើ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​បាន និង​ករណី​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​នៅ​មូលដ្ឋាន​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា កន្លង​មក​ការ​បង្កើត​ឲ្យ​មាន​សិប្បកម្ម​តាម​មូលដ្ឋាន អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ ព្រោះ​ការ​បង្កើត​ឲ្យ​មាន​សិប្បកម្ម គឺ​អាច​រក​ចំណូល​ដល់​អ្នក​ភូមិ ត្បិត​នៅ​តំបន់​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ឈើ​ដែល​យក​មក​ពី​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​នៅ​តំបន់​ព្រៃ​គ្រោង​នឹង​លិច​ទឹក ប្រសិន​ទំនប់​បើក​ឲ្យ​ដំណើរ​ការ៖ «យើង​យោគយល់​ដែរ​ថា ភូមិ​ហ្នឹង​ទឹក​លិច​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ស្បៀង​ក៏​គាត់​មិន​សូវ​បាន​គ្រប់គ្រាន់​ដែរ ឲ្យ​តែ​គាត់​ចេះ​ធ្វើ​ម៉េច​ដោះស្រាយ​ឲ្យ​តែ​បាន​សុខ កុំ​ឲ្យ​មាន​បញ្ហា»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ សហគមន៍​ឃុំ​ក្បាលរមាស ជាង ៣០​នាក់ បាន​ផ្ដិត​មេដៃ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង ទាក់ទិន​ការ​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃ​ឈើ ពី​ឈ្មួញ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ក្នុង​ភូមិ​ក្បាលរមាស។ ដោយឡែក​មន្ត្រី​អាដហុក ក៏​ធ្លាប់​អន្តរាគមន៍​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ស៊ើប​អង្កេត​ពី​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​គំរាម​សម្លាប់​នេះ តែ​រហូត​មក​ដល់​បច្ចុប្បន្ន ករណី​គំរាម​សម្លាប់​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ប្រព្រឹត្តិ​បាន​នៅ​ឡើយ​ទេ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​រឹប​អូស​ឈើ​ប្រណិត​រាប់​រយ​ម៉ែត្រ​គូប ហើយ​បណ្តោយ​ឲ្យ​ឈើ​ទាំង​នោះ​ត្រូវ​បាត់បង់ លោក​សង្ស័យ​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ទំនង​ជា​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​ពី​កាតព្វកិច្ច​អនុវត្ត​ការងារ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​តាម​មូលដ្ឋាន ដែល​កំពុង​រង​ការ​រិះគន់​ថា មិន​មាន​ឆន្ទៈ​អភិរក្ស​ព្រៃ​ឈើ៖ «មិន​មែន​ទុក​នៅ​ទី​វត្ត​ឲ្យ​គេ​លួច​ទៅ​វិញ​នោះ​ទេ អា​ហ្នឹង​មាន​ន័យ​ថា ដូចជា​ធ្វេសប្រហែសៗ​ឲ្យ​តែ​គ្រប់​កិច្ច ហើយ​ចុង​ក្រោយ គេ​លួច​ឈើ​ហ្នឹង​អស់​ដដែល»

សហគមន៍​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ បាន​បង្ក្រាប​ឈើ​លេខ​១ ប្រភេទ​សុក្រំ ប្រហែល ៧៧០​សន្លឹក មាន​មុខ​កាត់ ៣​តឹក​ដល់ ៥​តឹក ប្រវែង ១​ម៉ែត្រ ២​តឹក និង​យក​មក​ទុក​បណ្ដោះអាសន្ន​នៅ​ក្នុង​ឃុំ​ក្បាលរមាស រហូត​មក​ដល់​បច្ចុប្បន្ន ឈើ​ទាំង​នោះ​បាន​បាត់បង់​បណ្ដើរៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។